Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​រាជធានី​ភ្នំពេញ មិន​មាន​ការបំពុល​ខ្យល់​ធ្ងន់ធ្ងរ នាំឲ្យ​ប៉ះពាល់​ដល់​ផ្លូវដង្ហើម និង​សុខភាព​របស់​ប្រជាពលរដ្ឋ​

spot_img

​ភ្នំពេញ​៖ ក្រសួង​បរិស្ថាន​បាន​ប្រាប់ថា នៅក្នុង​រាជធានី​ភ្នំពេញ នាពេល​បច្ចុប្បន្ន​នេះ មិន​មាន​ការបំពុល​ខ្យល់​ធ្ងន់ធ្ងរ នាំឲ្យ​ប៉ះពាល់​ដល់​ផ្លូវដង្ហើម និង​សុខភាព​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ​។ ការ​ចេញ​មកពី​បញ្ជាក់​របស់​ក្រសួង​បរិស្ថាន បាន​ធ្វើឡើង បន្ទាប់​ពី​មាន​ការផ្សព្វផ្សាយ​ព័ត៌មាន មួយចំនួន​ថា ខ្យល់​នៅក្នុង​រាជធានី​ភ្នំពេញ កំពុង​ទទួល រង​នូវ​ការបំពុល លើស​កម្រិត​សុវត្ថិភាព​សុខភាព​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃ​ទី​៤​ឧសភា ក្រសួង​បរិស្ថាន មាន​កិត្តិយស​សូម​ជម្រាប​ជូន ដល់​សាធារណជន​ឱ្យបាន​ជ្រាបថា នា​ពេល​ថ្មីៗ​នេះ មាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ថា ស្ថានភាព​គុណភាព​ខ្យល់​នៅក្នុង​រាជធានី​ភ្នំពេញ​បាននិងកំពុង​ទទួលរ​ង​នូវ​ការបំពុល​លើស​ពី​កម្រិត​សុវត្ថិភាព​សុខភាព ដែល​ព័ត៌មាន​នេះ​អាច​បង្ក​ឱ្យ​សាធារណជន​មាន​ការយល់ច្រឡំ និង​ព្រួយបារម្ភ​អំពី​បញ្ហា​សុខភាព ជាពិសេស​អ្នកធ្វើដំណើរ និង​អ្នក​ប្រកប​របរ​នៅតាម​ទីសាធារណៈ​។​

ក្រសួង​បរិស្ថាន សូម​ធ្វើការ​បញ្ជាក់ជូន​សាធារណជន​ឱ្យបាន​ជ្រាបថា ចាប់តាំងពី​ឆ្នាំ​២០០៣ រហូតមកដល់​បច្ចុប្បន្ន ក្រសួង​បាន​ធ្វើ​ការអង្កេត​តាមដាន​គុណភាព​ខ្យល់​នៅតាម​បណ្តា​ទីក្រុង​ធំៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​តាមដាន និង​វាយតម្លៃ​អំពី​ស្ថានភាព​គុណភាព​ខ្យល់​សំដៅ​ធានា​ដល់​សុខភាព​សាធារណៈ​។ នៅ​ឆ្នាំ​២០១៧ ក្រសួង​បរិស្ថាន​បាន​បំពាក់​បន្ថែម​នូវ​ឧបករណ៍​សម្រាប់​តាមដាន​គុណភាព​ខ្យល់​លើ​ភាគល្អិត​និចល PM10 និង PM2.5 ដែល​ជា​ប្រភេទ​ភាគល្អិត​បង្ក​ផលប៉ះពាល់​ដល់​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​។ លទ្ធផល​នៃ​ការអង្កេត​តាមដាន​គុណភាព​ខ្យល់​នៅតាម​ទីក្រុង​ធំៗ និង​នៅក្នុង​រាជធានី​ភ្នំពេញ​បានបង្ហាញ​ថា រាល់​ប៉ារ៉ាម៉ែត្រ​ទាំងអស់​សុទ្ធតែ​ស្ថិតនៅក្រោម​កម្រិត​កំណត់​ស្តង់ដារ​នៅឡើយ ពោល​គឺ​មិនទាន់​មាន​ការបំពុល​ខ្យល់​ធ្ងន់ធ្ងរ ដូច​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​នោះ​ទេ​។ អាស្រ័យហេតុនេះ សូម​សាធារណ​ជន​ជ្រាប​ជា​ព័ត៌មាន និង​កុំ​មាន​ការព្រួយបារម្ភ​អំពី​សុវត្ថិភាព​ក្នុងការ​ធ្វើ​ដំណើរ និង​ប្រកប​មុខរបរ​នៅតាម​ទីសាធារណៈ​។​

ក្រសួង​បរិស្ថាន​នឹង​បន្ត​តាមដាន​ស្ថានភាព​គុណភាព​ខ្យល់​នៅតាម​ទីក្រុង​ធំៗ និង​នៅក្នុង​រាជធានី​ភ្នំពេញ​ឱ្យ​បាន​ជាប់​ជាប្រចាំ និង​ធ្វើ​សេចក្តីជូនដំណឹង​ដល់​សាធារណជន​ឱ្យបាន​ជ្រាប ប្រសិនបើ​មាន​ភាពមិនប្រក្រតី​ណាមួយ​កើតឡើង​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×