Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ឈាង វុន ជម្រាប​សមាជិក​ព្រឹទ្ធសភា​ជប៉ុន​ថា ការបោះឆ្នោត​ខាង​មុខ​អាច​មាន​គណបក្ស​៣០​ចូលរួម​ប្រកួតប្រជែង​

spot_img

​​ភ្នំពេញ ​៖ លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន នៃ​រដ្ឋសភា និង​ជា​ប្រធាន​ក្រុម មិត្តភាព​សភា​កម្ពុជា​-​ជប៉ុន បាន​ទទួល​ជួប​ជាមួយ លោក FUJITA Yukihisa សមាជិក​ព្រឹទ្ធសភា​ប្រទេស​ជប៉ុន នា​រសៀល​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ នៅ​វិមាន​រដ្ឋ​សភា ខណៈ​ដែល​លោក​សមាជិក​ព្រឹទ្ធ​សភា​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។​

​នៅក្នុង​ជំនួប​នោះ លោក ឈាង វុន បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​ជប៉ុន ដែល​តែងតែ​ជួយ​កម្ពុជា​នៅ​គ្រប់​កាលៈទេសៈ ពិសេស​ការស្វែងរក សន្តិភាព​។ លោក​បាន​លើកឡើង​ថា អ្វី​ដែល​កម្ពុជា​មាន​នៅ​ពេល​នេះ គឺ​មិន​អាច​កាត់ផ្តាច់​បាន​ពី​ជំនួយ​របស់​ប្រទេស​ជប៉ុន​នោះ​ទេ​។ កម្ពុជា​បាន​ហែល​ឆ្លង​ទុក្ខ​លំបាក​ជា​ច្រើន ទំ​រាំ​កសាងបាន​នូវ​ប្រទេសជាតិ​មួយ​ដែល​មាន​សុខសន្តិភាព សេរីភាព ប្រជា ធិបតេយ្យ និង​វឌ្ឍនភាព​។​

​លោក​ប្រធាន​គណៈកម្មការ​បាន​ជម្រាប លោក FUJITA Yukihisa ថា ជាមួយ​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស សេដ្ឋកិច្ច​កម្ពុជា​បាន​កើនឡើង​ជា​លំដាប់ ក្នុង​រង្វង់​៧​ភាគរយ នៅ​រៀងរាល់ឆ្នាំ​។ មន្ត្រីរាជការ​កម្ពុជា​មាន​ប្រាក់បៀវត្សរ៍​ជា​មធ្យម​៤០០​ដុល្លារ ភាពក្រីក្រ​បាន​កាត់បន្ថយ​មក​នៅ​សល់​តែ​ត្រឹម​ជាង​១០​ភាគរយ ប៉ុណ្ណោះ​។​

​ដោយឡែក​នៅក្នុង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​វិញ កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​រដ្ឋសភា​នីតិកាល​ទី​៦ នា​ចុងខែ​កក្កដា​ខាងមុខ នេះ​។ លោក ឈាង វុន បាន​គូសបញ្ជាក់ថា នេះ​ជា​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ ជា​ការផ្តល់​សិទ្ធិ​សេរីភាព និង​អំណាច​ជូន​ប្រជាពលរដ្ឋ​ក្នុងការ សម្រេចចិត្ត​ជ្រើសរើស​មេដឹកនាំ​។ នៅក្នុង​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​នេះ ក្នុងពេល​បច្ចុប្បន្ន​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​នឹង កំពុង​ទទួល​ចុះឈ្មោះ​គណបក្ស​នយោបាយ​ចូលរួម​ប្រកួតប្រជែង ហើយ​បើ​តាម​ការប៉ាន់ស្មាន គឺ​នឹង​មាន​គណបក្សនយោបាយ​ជាច្រើន ចូល​រួមការ បោះឆ្នោត ដែល​ក្នុងនោះ​ទំនង​មិន​តិច​ជាង​៣០​គណបក្ស​ឡើយ​។​

​លោក ឈាង វុន ក៏​បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ជប៉ុន ដែល​នៅតែ​បន្ត​ជួយ​គាំទ្រ ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក្នុងការ​ដំណើរ ការរៀបចំ​បោះឆ្នោត​នោះ ។​

​លោក FUJITA Yukihisa ជា​សមាជិក​ព្រឹទ្ធសភា ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ជាច្រើន​លើក​មក​ហើយ​។ លោក​មាន​ភាពស្និទ្ធស្នាល ជាមួយ​សមាជិក​រដ្ឋសភា សមាជិក​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​អដ្ឋិធាតុ​កូនប្រុស​របស់​លោក​មួ​យ​រូប ត្រូវបាន​យក​មក​ដម្កល់ទុក​នៅ​កម្ពុជា​មួយ​ចំណែក​ដែរ​។ លោក​បាន​គូសបញ្ជាក់ថា​” លោក​មាន​មនោសញ្ចេតនា ជាមួយ​ប្រជាជន​កម្ពុជា ដូច្នេះ​លោក​បាន​ប្តេជ្ញា​ហើយ​ថា នឹង​ខិតខំ​ចូលរួមចំណែក ក្នុង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​”​។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ឱកាស​នេះ លោក FUJITA Yukihisa គ្រោង​ជួប​ពិភាក្សា​ការងារ ជាមួយ​មន្ត្រីជាន់ខ្ពស់​រដ្ឋសភា និង​រាជរដ្ឋាភិបាល ជាច្រើន​រូប​ផង​ដែរ​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×