Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ស្នើ​ក្រុមហ៊ុន​ជប៉ុន បន្ត​សហការ ជាមួយ​ប្រជាកសិករ សហគ្រាស និង​សមាគមន៍​កសិកម្ម​

spot_img

​ភ្នំពេញ​៖ ដោយសារតែ​ប្រទេស​កម្ពុ​ជាមាន​សក្តានុពល​លើ​ដំណាំ​ស្រូវ​-​អង្ករ ដំឡូង​មី ម្រេច ពោត កៅស៊ូ ស្វាយ និង​ស្វាយចន្ទី ជាដើម​នោះ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន Idemitsu Saison Microfinance បន្ត​សហការ​ឲ្យ​បាន​ស្អិតល្មួត ជាមួយ​ប្រជាកសិករ សហគ្រាស​ធុន​តូច និង​មធ្យម និងសមាគមន៍​​កសិកម្ម​មួយចំនួន​ថែមទៀត​។​

​កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​៤ ខែឧសភា ឆ្នាំ​២០១៨ លោក​ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានទទួល​ជួប​សំណេះសំណាល​ជាមួយ​ក្រុមហ៊ុន​ជប៉ុន Idemitsu Saison Microfinance ដែល​បានមក​បោះទុន​វិនិយោគ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​

​នៅក្នុង​ឱកាស​នោះ លោក Koichi Watanabe តំណាង​របស់​ក្រុមហ៊ុន Idemitsu Saison Microfinance បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី អំពី​ប្រវត្តិ និង​ចក្ខុវិស័យ​ក្រុមហ៊ុន​របស់លោក ដែល​ផ្តោត​សំខាន់ លើ​ការចូលរួម​ពង្រីក​ឥណទាន សម្រាប់​វិស័យ​កសិកម្ម តាមរយៈ​សេវាកម្ម​ផ្ដល់ប្រាក់​កម្ចី​រយៈពេល​វែង និង​ការប្រាក់​ទាប​ដល់​កសិក​រ​ផ្ទាល់ ឬ​ដល់​សហគមន៍​ណាមួយ ក្រោមរូបភាព​ដាក់​ទ្រព្យ​បញ្ចាំ និង​មិនមាន​ទ្រព្យ​បញ្ចាំ​។​

​ជា​កិច្ច​ឆ្លើយតប លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​លោក Koichi Watanabe ដែល​បានរួម​ចំណែក​ជួយ​ដល់​វិស័យ​កសិកម្ម និង​កសិករ​កម្ពុជា​។ លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ការពង្រីក​ឥណទាន​ក្នុង​វិស័យ​កសិកម្ម គឺជា​កិច្ចការ​អទិភាព​មួយ​របស់​រាជរដ្ឋាភិបាល ហើយ​ការវិនិយោគ​របស់​ក្រុមហ៊ុន Idemitsu Saison នឹង​រួមចំណែក​ដោះស្រាយ​បញ្ហា​ដែល​កសិករ និង​ម្ចាស់​អាជីវកម្ម​ខ្នាតតូច​ភាគច្រើន​បាន​ជួបប្រទះ ដោយសារតែ​ឥណទាន​កសិកម្ម​មាន​សារៈសំខាន់​ដល់​ការពង្រីក​មុខរបរ ក៏ដូចជា​បង្កើន​ផលិតកម្ម​ឲ្យ​ស្របទៅនឹង​តម្រូវការ​នៃ​ទីផ្សារ​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន បន្ត​សហការ​ឲ្យ​បាន​ស្អិតល្មួត​ជាមួយ​ប្រជាកសិករ សហគ្រាស​ធុន​តូច និង​មធ្យម និង​សមាគមន៍​កសិកម្ម​មួយចំនួន​ថែមទៀត​ដូចជា ស្រូវ​-​អង្ករ ដំឡូង​មី ម្រេច ពោត កៅស៊ូ ស្វាយ និង​ស្វាយចន្ទី​។​ល​។ ដោយសារតែរ​ផលិតផល​ទាំងអស់នោះ មាន​សក្ដានុពល​ខ្ពស់​សម្រាប់​អភិវឌ្ឍន៍​ខ្សែសង្វាក់​តម្លៃ ដើម្បី​ធ្វើ​ពិពិធ​កម្ម​ការនាំចេញ​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×