Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីសុខាភិបាល៖ ករណីពុលនៅខេត្តក្រចេះ មន្ទីរពិសោធន៍រកឃើញស្រាទាំងនោះ មានផ្ទុកជាតិ មេតាណុលខ្ពស់ ដែលធ្វើឲ្យពុល ហើយវិភាគសំណាកទឹក ពុំទាន់ទទួលបានលទ្ធផល

spot_img

ក្រចេះ៖ពាក់ព័ន្ធនឹងករណីប្រជាពលរដ្ឋផ្ទុះជំងឺបណ្តាលឲ្យស្លាប់ជាបន្តបន្ទាប់ នៅចំណុចទេចម្លងឧបសម្ព័ន្ធភូមិស្រែនន និងចំណុច​យ៉ែ​ភូមិ​អាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា​លទ្ធផលនៃការពិនិត្យ​របស់មន្ទីរ​​ពិសោធន៍ជាតិ​សុខាភិបាល លើសំណាកស្រាមួយចំនួន ដែលក្រុមការងារបានផ្ញើមកពីភូមិពាក់ព័ន្ធបានបង្ហាញថា ស្រាទាំងនោះ​មានផ្ទុកជាតិ​មេតាណុលខ្ពស់ដែលធ្វើឲ្យពុល ។ ដោយឡែក ការវិភាគសំណាកទឹកដែលផ្ញើមកពីភូមិពាក់ព័ន្ធ ពុំទាន់ទទួល​បាន​លទ្ធផល​នៅ​ឡើយ។

តាមរ​បាយការណ៍របស់ក្រុមការងារជំនាញថ្នាក់កណ្តាល និងមន្ទីរសុខាភិបាលខេត្តក្រចេះ គិតត្រឹមម៉ោង៥និង៣០នាទី​ព្រឹក​ថ្ងៃទី៧​ខែឧសភា ឆ្នាំ២០១៨នេះគឺ មានអ្នកជំងឺសរុបចំនួន១៤៩នាក់ ដែលក្នុងនោះមាននារីចំនួន ៧៣នាក់។ ក្នុងចំណោមនោះ មានអ្នក​ស្លាប់​ចំនួន១១នាក់ គិតចាប់តាំងពីថ្ងៃទី៣ ខែឧសភា មក។ អ្នកស្លាប់ទាំងនោះ មានអាយុចាប់ពី២៤ឆ្នាំដល់៧៣ឆ្នាំ។ រហូត​មក​ដល់​ពេលនេះ នៅមន្ទីរពេទ្យខេត្តក្រចេះ មានអ្នកជំងឺកំពុងសម្រាកចំនួន១៣៤នាក់ ដែលកំពុងទទួលបាន​ការព្យាបាល​ដោយ​យកចិត្តទុកដាក់បំផុត​ពីក្រុមគ្រូពេទ្យជំនាញសង្រ្គោះថ្នាក់ជាតិ និងថ្នាក់ខេត្ត ដែលអ្នកជំងឺភាគច្រើនបានធូរស្រាល​ជាបណ្តើរៗ​ហើយបានបញ្ជូន​អ្នកជំងឺធ្ងន់​សរុបចំនួន១២នាក់ ទៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងនោះមានម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំងមែនទែន។ អ្នកជំងឺដែលបានបញ្ជូនមក​ដល់​មន្ទីរ​ពេទ្យកាល់ម៉ែតទាំងអស់នោះសុទ្ធតែមានរោគសញ្ញាពុលស្រាដែលមានជាតិមេតាណុលខ្ពស់។

ជាមួយគ្នានោះដែរ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋនៅខេត្តក្រចេះ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីចៀសវាងនូវបញ្ហាសុខភាព សូមប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យល្អ រស់នៅស្អាត ជាពិសេសអ្នុគោលការណ៍ការអនាម័យចំណីអាហារស្អាត ដោយបរិភោគទឹកស្អាត និងឆ្អិតល្អ ឧស្សាហ៍​លាងសំអាតដៃ​ដោយ​សាប៊ូ​នៅមុនពេល និងក្រោយពេលចម្អិតម្ហូបអាហារ និងក្រោយពេលបន្ទោបង់សម្អាតបន្លែផ្លែឈើ និងត្រីសាច់ឲ្យបានត្រឹមត្រូវ ទុកដាក់ម្ហូប​អា​ហារ​នៅដាច់​ដោយឡែកពីគ្នាកុំឲ្យច្របូលច្របល់ និងកុំរក្សាម្ហូបទុកយូរនាំឲ្យផ្អូម និងអាចមានមេរោគ។

ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីករណីពុលស្រា និងសង្ស័យពុលទឹកនៅខេត្តក្រចេះ នៅថ្ងៃទី៧ខែឧសភានេះ ៖ វិធានការដែលបានដាក់ចេញរបស់អាជ្ញាធរមូលដ្ឋានរួមមាន ការបញ្ឈប់ការបិត និងលក់ស្រាសក្នុងមូលដ្ឋាន បំរាមប្រជាជន​ក្នុងភូមិ​កុំឲ្យប្រើប្រាស់ទឹកអូរក្នុងតំបន់សង្ស័យ និងជួយដឹកទឹកស្អាតផ្គត់ផ្គង់ដល់អ្នកភូមិ និងអប់រំអនាម័យរស់នៅ និងហូបស្អាត​ដល់​ប្រជាជន​ក្នុងភូមិ៕ ដោយ៖បញ្ញាស័ក្តិ

 

 

spot_img
×