Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ខេត្តមណ្ឌលគិរី សប្បាយរីករាយ ចំពោះ​តម្លៃ​ផលដំណាំ​ប័រ​

spot_img

​​ខេត្ត​មណ្ឌលគិរី​៖ រដូវ​ប្រមូល​ផល​ផ្លែ​ប័រ នៅ​ខេត្ត​មណ្ឌលគិរី បាន​ចូលមក​ដល់​បណ្ដើរៗ​ហើយ នៅ​គ្រា​ដែល​កសិករ អះអាងថា ទិន្នផល​ដំណាំ​ហូប​ផ្លែ​ប្រភេទ​នេះ កំពុង​មាន​ទីផ្សារ​ល្អ​ខ្លាំងណាស់ ដោយ​មាន​ឈ្មួញ​ត្រៀម​ទទួល​ទិញ​អស់ៗ​គ្មាន​សល់​ពី​ចំការ​។ ប្រការនេះ ធ្វើ​ឲ្យ​កសិក​យល់ឃើញថា ដំណាំ​ប័រជាប្រភេទ​ដំណាំ ដែល​ងាយ​ដាំ ហើយ​ផ្លែ​ប័រ ក៏​ងាយ​ក្នុងការ​លក់​ចេញ ចំណែកឯ​តម្លៃ​វិញ​ក៏​ថ្លៃ​ល្មម​ទទួលយកបាន ។​

ម្ចាស់​ចំ​ការប័រ ប្រហែល ៥​ហិកតា នៅ​ភូមិ​ឡៅ​ការ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ឈ្មោះ លោក ចាំ ច​ន បានឲ្យដឹងថា ការ​ដាំ​ដំណាំ​ប័រ គឺ​មិន​លំបាក​ទាល់តែសោះ​សម្រាប់​កសិករ ព្រោះ​ប័រ មិន​ទាមទា​រការ​ស្រោច​ទឹក​ជាប់លាប់​នោះទេ ស្ទើរតែ​មិន​ស្រោច​ទឹក​ក៏បាន សំខាន់ គឺ​ដី​មាន​ជីវជាតិ​ល្អ មាន​អាកាសធាតុ​ត្រជាក់ តួ​យ៉ាង​ដូច​ខេត្តមណ្ឌលគិរី​ជាដើម​។ កសិករ និយាយថា ដំណាំ​នេះ ប្រសិនបើ​ដាំ​នៅ​តំបន់​មាន​អាកាសធាតុ​ក្ដៅ គឺ​មិន​ចេញ​ផ្លែផ្កា​នោះទេ គឺ​ចេញ​តែ​ស្លឹក​ប៉ុណ្ណោះ ជាក់ស្ដែង លោក​ធ្លាប់បាន​ផ្ដល់​កូន​ដំណាំ​ប័រ ទៅ​សាកល្បង​ដាំ​នៅ​ខេត្ត​ព្រះសីហនុ តែ​មិន​ចេញ​ផ្លែ​នោះទេ ធ្វើឲ្យ​លោកគិតថា មាន​តែ​ខេត្ត​មណ្ឌលគិរី​មួយគត់ ដែល​អំណោយផល​ខ្លាំង​បំផុត​សម្រាប់​ការបង្កបង្កើន​ផល​ដំណាំ​ប័រ ។​

លោក ចាំ ច​ន បន្តថា សព្វថ្ងៃនេះ​មាន​ឈ្មួញ​ច្រើនណាស់ ដែល​ចាំ​ទទួល​ទិញ​ទិន្នផល​ប័រ​យកទៅ​លក់​បន្ត ដោយ​ទិន្នផល​ដែល​មាន​នៅ​ចំការ របស់លោក មិន​អាច​ផ្គត់ផ្គង់​ឲ្យ​គ្រប់​តាម​តម្រូវការ​ទីផ្សារ​ទេ ចំណែក​តម្លៃ​វិញ គឺ​លោក​អាច​លក់​បាន​ប្រមាណ ៥​ពាន់​រៀល ក្នុង ១​គីឡូក្រាម ទៅឲ្យ​ឈ្មួញកណ្ដាល ហើយ​គេ​លក់​បន្ត​បាន​ប្រហែល ៧​ពាន់ ឬ​៨​ពាន់ ទៅ ១​ម៉ឺន​រៀល ក្នុង ១​គីឡូក្រាម ។​

កសិករ​ខាងលើ បានបញ្ជាក់​ថា ក្នុង​ផ្ទៃ​ដី​ដាំ​ដុះ​ដំណាំ​ប័រ ៥​ហិកតា របស់លោក បាន​ផល​ទើបតែ ៣​ហិកតា​ប៉ុណ្ណោះ ចំណែក​ទិន្នផល ដែល​លោក​ទទួលបាន ក្នុង​១​ដើម គឺ​អាច​ទទួលបាន​ចន្លោះ​ពី ៣០​ទៅ ៧០​គី​ឡូ អាស្រ័យ​លើ​ដើម​ប័រ ដែល​មាន​អាយុ​តិច ឬ​ច្រើន ដោយ​ដំណាំ​នេះ​ចាប់ផ្ដើម​ហុច​ផល​នៅ​ឆ្នាំ​ទី​៤ ប៉ុន្តែ​នៅ​ឆ្នាំ​ទី​៥ ទី​៦ ទើប​ទទួលបាន​ផល​ច្រើន រី​ឯ​ផ្លែផ្កា​របស់​វា គឺ​ចេញ​មក​ក្នុង ១​ឆ្នាំ​ម្ដង និង​មាន​ម្ដងម្កាល​ចេញមក ២​ដង គេ​ហៅថា​ផ្លែ​ខុសរដូវ ។​

លោក​បញ្ជាក់ទៀតថា ក្នុង​ឆ្នាំ​២០១៨​នេះ ដំណាំ​ប័រ របស់​លោក​ទើប​ហុច​ផល​បាន​ប្រហែល​ជាង ១​តោន​ប៉ុណ្ណោះ ព្រោះ​រដូវ​ប្រមូល​ផល​ពេញលេញ​តែម្ដង​មិន​ទាន់​ចូល​មក​ដល់ ប៉ុន្តែ​បើ​គិត​ចាប់ពី​ឆ្នាំ​២០១៦ គឺ​លោក​ប្រមូល​ផល​បាន ៩​តោន​ហើយ​មក​ដល់​ឆ្នាំ​២០១៧ ប្រមូល​ផល​បាន ១១​តោន ។​

ជាមួយគ្នានេះដែរ កសិករ​ដដែល​ក៏​បាន​សម្ដែង​ក្ដីបារម្ភ​ជុំវិញ​ការ​នាំចូល​ផ្លែ​ប៊័​គី​មីពី​ប្រទេស​វៀតណាម មក​លក់​លើ ទីផ្សារ​យើង​នាពេល​បច្ចុប្បន្ន​នេះ ដោយ​ផ្លែ​ប័រ មក​ពី​វៀតណាម​ត្រូវបាន​គេ​ដាក់​ជីគីមី ឲ្យចេញ​ផ្លែ​រាល់ខែ និង​មាន​រស់ជាតិ​មិន​ឈ្ងុយឆ្ងាញ់​ដូច​ផ្លែ​ប័រ ធម្មជាតិ​ខេត្តមណ្ឌលគិរី​នោះទេ ហើយ​ព្រោះ​តែប័រ​ធម្មជាតិ មណ្ឌលគិរី មិន​អាច​ផ្គត់ផ្គង់​ទីផ្សារ​គ្រប់គ្រាន់ ធ្វើ​ឲ្យ​ឈ្មួញ​ខិលខូច​មួយចំនួន​តូច តែង​យក​ផ្លែ​ប័រវៀត​ត​ណាម​មក​បន្លំ​លាយ​ជាមួយ​ផ្លែ​ប៊័រ​ខេត្តមណ្ឌលគិរី លក់​ចេញ​លើ​ទីផ្សារ​ដែល​នេះ​ជា​ទង្វើ​មួយ​ធ្វើឲ្យ​ខូច​កេរ្តិ៍ឈ្មោះ របស់​ផ្លែ​ប័រ​ធម្មជាតិ​ពិតៗ របស់​ខេត្ត​មណ្ឌលគិរី ។​

​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​មណ្ឌលគិរី លោក សុង ឃាង បានឲ្យ​ដឹង​ដែរថា បច្ចុប្បន្ន​ផ្ទៃ​ដាំ​ដុះ​ដំណាំ​ប័រ នៅ​ខេត្ត​មណ្ឌលគិរី មាន​ប្រហែល ១០០​ហិកតា ក្នុងនោះ​មាន​ដំណាំ​លក្ខណៈ​គ្រួសារ​ខ្លះ និង​ជា​ប្រភេទ​ចំការ​ខ្លះ ចំណែក​ទីផ្សារ​វិញ​លោក​យល់ថា មានតម្លៃ​ល្អ​ខ្លាំងណាស់ ចំពោះ​ដំណាំ​ប័រនេះ ។​

លោក​បញ្ជាក់ថា នៅក្នុង​ប្រទេស​កម្ពុជា មាន​តែ​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​រតនគិរី​ប៉ុណ្ណោះ ដែល​មាន​ផ្ទៃដី និង​អាកាសធាតុ​អំណោយផល​ដល់​ការបង្កបង្កើន​ផល​ដំណាំ​ប័រនេះ​ជាងគេ ៕ ដោយ​: សមុទ្រ​ឈើ​

spot_img
×