Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ​៖ នៅពេល​ផ្លូវជាតិ​លេខ​៣ សាងសង់​រួច បងប្អូន​ប្រជាពលរដ្ឋ ធ្វើដំណើរ នឹង​ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ការចំណាយ​ផ្សេងៗ​

spot_img

​ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​ការដ្ឋាន​ពង្រីក និង​លើក​កម្រិត​គុណភាព​កំណាត់​ផ្លូវជាតិ​លេខ​៣ ប្រវែង​ជាង ១៣៤​គីឡូម៉ែត្រ ដោយ​គ្រោង​ចំណាយ​ថវិកា​ជាង ២០០​លាន​ដុល្លារ​អាមេរិក ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោស​សម្អាត​មីន​និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​។ គម្រោង​ពង្រីក និង​លើក​កម្រិត​កំណាត់​ផ្លូវជាតិ​លេខ​៣ គឺ​ចាប់ពី​រាជធានី​ភ្នំពេញ (​ចោមចៅ​) ដល់​ក្រុង​កំពត ដោយ​ឆ្លងកាត់​រាជធានី​ភ្នំពេញ ប្រវែង ១២​គីឡូម៉ែត្រ ខេត្ត​កណ្តាល ប្រវែង ១១​គីឡូម៉ែត្រ ខេត្ត​កំពង់ស្ពឺ ប្រវែង ៣០​គីឡូម៉ែត្រ ខេត្តតាកែវ ប្រវែង ៣០​គីឡូម៉ែត្រ និង​ខេត្ត​កំពត ប្រវែង ៥១​គីឡូម៉ែត្រ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កាលពី​អំឡុង​ខែ​មករា កន្លង​ទៅ​មក​នេះ នាយករដ្ឋមន្ត្រី​ចិន និង​កម្ពុជា​បាន​ជួប​គ្នា​នៅ​ទីក្រុង​ភ្នំពេញ តាមរយៈ​កិច្ចប្រជុំ​មេគង្គ​ឡាន​ឆាង ហើយក៏​បាន​ចុះហត្ថលេខា ផ្តល់​ហិរញ្ញប្បទាន​សម្បទាន​ប្រមាណ ២០០​លាន​ដុល្លារ​ក្នុង​ការលើក​គុណភាព និង​ពង្រីក​ផ្លូវជាតិ​លេខ​៣​នេះ​។ តាមរយៈ​ផ្លូវជាតិ​លេខ​៣​នេះ គឺជា​ផ្លូវ​តែមួយគត់​ដែល​បាន​រួមចំណែក យ៉ាង​សំខាន់​​ក្នុងការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ការដឹកជញ្ជូន​ទំនិញ​ផលិតផល ពិសេស​ការដឹកជញ្ជូន​អំបិល​ពី​ខេត្ត​កំពត​ទៅកាន់​ខេត្ត​ផ្សេងៗ និង​សម្រាប់​វិស័យ​ទេសចរណ៍​ធ្វើដំណើរ​ទៅកាន់​ភូមិភាគ​ទិស​នារតី​នៃ​តំបន់​សមុទ្រ​កម្ពុជាផ​ង​ដែរ​។​

​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី សម្តេច​តេជោ ហ៊ុន សែន តែងតែ​កៀរគរ​ថវិកា​ពី​បណ្តាល​ប្រទេស​នានា មក​អភិវឌ្ឍន៍​វិស័យ​ផ្សេងៗ ក្នុងប្រទេស​កម្ពុជា ជាពិសេស​ថ្មីៗ​នេះ កម្ពុជា​បាន​សម្រេច​នូវ​សមទ្ធិ​ផល​ស្ពាន និង​ផ្លូវ​ជា​ច្រើន​ខ្សែ ដែល​ជា​ជំនួយ​របស់​មិត្ត​ចិន ក្នុង​ការបម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​។​

​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​បាន​មានប្រសាសន៍ថា កម្ពុជា​បាន​ឆ្លងកាត់​នូវ​សង្គ្រាម​ដ៏​រាំ​រ៉ៃ​ដែល ធ្វើឲ្យ​កម្ពុជា​ទទួលរង​នូវ​ភាព​ខ្ទិចខ្ទាំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ជាតិ​ជា​ច្រើន ប៉ុន្តែ​ក្រោយមកទៀត​តាមរយៈ​មាគ៌ា​ដឹកនាំ​ក៏ដូចជា​គោល​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់ សម្តេច​តេជោ បាន​ធ្វើឲ្យ​ប្រទេស​ជាតិ ទទួលបាន​នូវ​ការបង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ និង​មាន​ការ​អ​ភ​វិ​ឌ្ឍ​រីកចម្រើន​ដល់​សព្វថ្ងៃ​។​

​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា នៅពេល​ដែល​ផ្លូវជាតិ​លេខ​៣​នេះ បាន​សាងសង់​រួចហើយ បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​នឹង​ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ការចំណាយ​ផ្សេងៗ​បាន​ច្រើន​។ តាមរយៈ​ផ្លូវជាតិ​លេខ​៣​នេះ បើ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ចង់​ធ្វើដំណើរ​ទៅ​លេង​កំពង់សោម ក៏​អាច​ធ្វើ ដំណើ​ររ​តាម​ផ្លូវជាតិ​នេះ​ផង​ដែរ ហើយ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ប្រកបមុខរបរ​តាម​ផ្លូវជាតិ​លេខ​៣ ក៏​កាន់តែ​ងាយស្រួល​ផងដែរ​។​

​ក៏​ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​ក្នុង​កំឡុងពេល​សាងសង់ សម្តេច​តេជោ សុំ​មាន​ការយោគយល់​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវ និង​អ្នកធ្វើដំណើរ​ពីព្រោះ​អាច​មាន​ការរំខាន​ដោយ​គ្រឿងចក្រ នឹង​ការកកស្ទះ​ផ្សេងៗ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល​ចិន ដែល​បាន​ចូលរួមចំណែក​ក្នុង​ការងារ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ប្រទេស​កម្ពុជា​៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

  

spot_img
×