Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្ពុជា និង​ក្លឹប​ឆ្នេរ​ស្អាត​ជាង​គេ​លើ​ពិភពលោក ប្ដេជ្ញា​អភិវឌ្ឍន៍​ឆ្នេរសមុទ្រ​កម្ពុជា​ប្រកបដោយ​និរន្តរភាព​

spot_img

​ព្រះសីហនុ​៖ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ក្រសួង​ទេសចរណ៍​កម្ពុជា និង​រដ្ឋបាល​ខេត្ត​ជាប់ឆ្នេរ​ទាំង​៤ ជា​សេនាធិការ រួម​ជាមួយ​ក្លឹប​ឆ្នេរ​ស្អាត​ជាង​គេ​លើ​ពិភពលោក បានប្រកាស​ប្ដេជ្ញា​រួម​គ្នា​អភិវឌ្ឍន៍​ឆ្នេរសមុទ្រ​ក្នុង​ខេត្ត​ទាំង​៤​របស់​កម្ពុជា មាន​ខេត្ត​ព្រះសីហនុ កោះកុង កំពត និង​ខេត្ត​កែប ប្រកបដោយ​និរន្តរភាព ដើម្បី​បង្កើន​ការទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែមទៀត​។​

​ការប្ដេជ្ញា​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ស្តីពី វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​ឆ្នេរសមុទ្រ​កម្ពុជា ក្នុងនាម​ជា​សមាជិក​ក្លឹប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​សកលលោក នា​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ឆ្នេរ​ឯករាជ្យ ខេត្ត​ព្រះសីហនុ ក្រោម​វត្តមាន​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក Bruno Bodard អគ្គនាយក​ក្លឹប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​សកលលោក និង​មាន​ការចូលរួម​ពី​អភិបាល​-​អភិបាលរង​ខេត្ត​ជាប់ឆ្នេរ​ទាំង​៤ រួម​និង​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤​។​

​អង្គសិក្ខាសាលា​បាន​ប្រកាស​ដាក់​ចេញ​យុទ្ធសាស្ត្រ​ចំនួន ៧​ចំណុច​សំខាន់ៗ រួមមាន​៖
​ទី​១៖ វិស័យ​ឯកជន វិនិយោគិន​ទាំងអស់ ដែល​ទទួលបាន​កិច្ចសន្យា​សម្បទាន​ទេសចរណ៍​ពី​រាជរដ្ឋាភិបាល និង​បណ្តា​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់ ត្រូវ​ចូលរួម​ឱ្យ​បាន​សកម្ម​ក្នុង​ចលនា​ប្រឡងប្រណាំង​ឆ្នេរ​ស្អាត ហើយ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​សូចនាករ​ទាំងអស់ ដូច​មានចែង​ក្នុង​ស្តង់ដា «​អេកូ​ឡា​បិល​ឆ្នេរ​» ពិសេស​ការរៀបចំ​ក្រុមការងារ​ទទួលបន្ទុក​គ្រប់គ្រង​ឆ្នេរសមុទ្រ ការគិតគូរ​លើ​ការគ្រប់គ្រង​សំណង់​រឹង និង​រាវ ព្រម​ទាំង​គុណភាព​ទឹកសមុទ្រ ការថែរក្សា​ភាព​ស្អាត ការបំពាក់​ធុងសំរាម និង​ការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​នៅ​តាម​ទីតាំង​អាជីវកម្ម ដើម្បី​ជា​ប្រយោជន៍​ដល់​ការអភិវឌ្ឍ​តំបន់ឆ្នេរ​ប្រកបដោយ​និរន្តរភាព​។​

​ទី​២៖ អាជ្ញាធរ​មូលដ្ឋាន ត្រូវ​សហការ​ជាមួយ​អ្នក​គ្រប់គ្រង​ឆ្នេរ ឬ​ម្ចាស់​ឆ្នេរ​កម្សាន្ត​ក្នុង​ការរក្សា​សន្តិសុខ សុវត្ថិភាព​របស់​ភ្ញៀវ​ទេសចរ​តាម​ឆ្នេរសមុទ្រ ស្រប​តាម​ពាក្យស្លោក “​សុវត្ថិភាព​របស់​ភ្ញៀវទេសចរ គឺជា​ភារកិច្ច​របស់​យើង​”​។ ត្រូវ​យកចិត្តទុកដាក់​លើ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ពិសេស​ទេសចរ​ចិន​នៅ​ខេត្ត​ព្រះសីហនុ ក្រសួង​ទេសចរណ៍ នឹង​សហការ​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ នឹង​ដាក់​ចេញ​នូវ​យុទ្ធនាការ​បដិសណ្ឋារកិច្ច​ល្អ សន្តិសុខ​ល្អ​។​

​ទី​៣៖ ខេត្ត​នីមួយៗ​ត្រូវ​រៀបចំ​ឱ្យបាន​នូវ​ឆ្នេរ​គំរូ​ឱ្យបាន​យ៉ាងហោច​ណាស់​មួយ ក្នុង​មួយ​ខេត្តៗ និង​ស្នើ​ឱ្យ​ក្លឹប​ឆ្នេរសមុទ្រ​កម្ពុជា និង​ក្លឹប​ប្រឹក្សា​យោបល់​ទេសចរណ៍ ផ្តល់​ការគាំទ្រ​បច្ចេកទេស​លើ​ការរៀបចំ​ប្លង់​មេ និង​ផែនការ​គ្រប់គ្រង​ទេសចរណ៍​នេះ​។​

​ទី​៤៖ ក្រសួង​ទេសចរណ៍ សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ រៀបចំ​តំបន់​ទេសចរណ៍​ពិសេស​ក្នុង​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ដើម្បី​ទាក់ទាញ​ទេសចរ ពិសេស​ទេសច​រវ័យ​ចំណាស់ និង​ទេសចរ​លំដាប់​ខ្ពស់​មក​កាន់​តំបន់ឆ្នេរ​។​

​ទី​៥៖ ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើស​ភព​លោក ជួយ​បច្ចេកទេស និង​ជា​ដៃគូ​កម្ពុជា ក្នុង​ការរៀបចំ​បង្កើត​ជា​វេទិកា​រួម ដោយ​ចង​ជា​បណ្តាញ​អ្នកជំនាញ​ទេសចរណ៍ វិនិយោគិន​នៅ​ឆ្នេរសមុទ្រ​កម្ពុជា ប្រមូលផ្តុំ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឈរលើ​គោលការណ៍ 4P (Public-Private-People-Partnership) ដើម្បី​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​រួមគ្នា រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ សំដៅ​ធានា​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ​នៅតាម​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​។​

​ទី​៦៖ ត្រូវ​គិតគូរ​ពី​ការបង្កើត​តំបន់​បៃតង​នៅ​ក្រុង​ជាប់​តំបន់ឆ្នេរ​។ អភិបាលខេត្ត​តំបន់ឆ្នេរ ត្រូវ​សហការ​ជាមួយ​អគ្គលេខាធិការ​នៃ​
​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត រៀបចំ​ឱ្យមាន​សួន​ទេសចរណ៍​ឱ្យ​បាន​មួយ​ក្នុង​មួយ​ខេត្តៗ ដើម្បី​អនុវត្ត​ការងារ​ស្របតាម​ពាក្យស្លោក “​ទេសចរ​ម្នាក់ ដើមឈើ​មួយ​ដើម​”​។​

​ទី​៧៖ គាំទ្រ​ឱ្យមាន​ព្រឹត្តិការណ៍​កីឡា​នៅ​តំបន់ឆ្នេរ​ថែម​ទៀត មាន​គម្រោង​ជិះ​កង់​តំបន់ឆ្នេរ និង​គាំទ្រ​ឱ្យមាន​ការរៀបចំ​កញ្ចប់​ទស្សនកិច្ច​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់​ថា លោក​នឹង​លើកយក​គំនិត​របស់​ក្លឹប​ឆ្នេរសមុទ្រ​កម្ពុជា គោរព​ស្នើសុំ​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ការកសាង “Maison de la Baie” គំរូ​មួយ​ជា​មុន​នៅ​ខេត្ត​ព្រះសីហនុ​។ ក្រសួង​ទេសចរណ៍ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា នឹង​ដាក់​ចេញ​បទដ្ឋាន​គតិយុត្ត និង​វិធានការ​ចាំបាច់ ដើម្បី​អភិវឌ្ឍ​កោះ​គំរូ ដោយ​ចាប់ផ្តើម​ចេញពី​ការអភិវឌ្ឍ​កោះរ៉ុង​ជា​គោលដៅ​អេកូ​ទេសចរណ៍​លំដាប់​ខ្ពស់ និង​ជា​គោលដៅ​ទេសចរណ៍​បៃតង​គ្មាន​ថង់ប្លាស្ទីក ឱ្យបាន​មុន​ឆ្នាំ​២០២០​។​

​លោក​អគ្គនាយក Bruno Bodard បានឲ្យដឹងថា បច្ចុប្បន្ន ក្លឹប​ឆ្នេរសមុទ្រ​ស្អាត​ជាងគេ​លើ​ពិភពលោក​មាន​សមាជិក​ចំនួន ២៦​ប្រទេស ក្នុងនោះ​មាន​ឆ្នេរ​ស្អាត​ជាង​គេ​ចំនួន ៤៣​កន្លែង ហើយ​លោក​បាន​កោតសរសើ​រដល់​ការអភិវឌ្ឍវិ​ស័យទេស​ចរណ៍កម្ពុជា ពិសេស​ទេសចរណ៍​នៅ​តំបន់​ឆ្នេរសមុទ្រ​តែម្ដង​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×