Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​បែងចែក​ឆ្នេរសមុទ្រ​ជា​៥ មាន​ឆ្នេរ​អភិរក្ស​ស្នូល ឆ្នេរ​អេកូ​ទេសចរណ៍ ឆ្នេរ​កម្សាន្ត​ពិសេស ឆ្នេរ​កម្សាន្ត​សាធារណៈ​កម្រិត​ខ្ពស់ និង​កម្រិត​មធ្យម​

spot_img

​ព្រះសីហនុ​ ៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​បែងចែក​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​ជា​៥​ប្រភេទ រួមមាន​៖ ឆ្នេរ​អភិរក្ស​ស្នូល ឆ្នេរ​អេកូ​ទេសចរណ៍ ឆ្នេរ​កម្សាន្ត​ពិសេស ឆ្នេរ​កម្សាន្ត​សាធារណៈ​កម្រិត​ខ្ពស់ និង​ឆ្នេរ​កម្សាន្ត​សាធារណៈ​កម្រិត​មធ្យម​។

​ការ​ថ្លែង​យ៉ាង​ដូច្នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ស្តីពី វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​ឆ្នេរសមុទ្រ​កម្ពុជា ក្នុងនាម​ជា​សមាជិក​ក្លឹប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​សកលលោក នា​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ឆ្នេរ​ឯករាជ្យ ខេត្ត​ព្រះសីហនុ ក្រោម​វត្តមាន​លោក​ថោង ខុន​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក Bruno Bodard អគ្គនាយក​ក្លឹប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​សកលលោក និង​មាន​ការចូលរួម​ពី​អភិបាលខេត្ត​តំបន់ឆ្នេ​រទាំង​៤ រួម​នឹង​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤ មាន​ខេត្ត​ព្រះសីហនុ ខេត្ត​កំពត ខេត្ត​កែប និង​ខេត្ត​កោះកុង​។​

​លោក​រដ្ឋមន្ត្រី​បានលើកឡើង​ពី​ការគ្រប់គ្រង​ឆ្នេរ​ខ្សាច់​កម្សាន្ត​ថា ស្របតាម​អនុសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ស្នើ​ឱ្យ​ក្រសួង​ទេសចរណ៍​រៀបចំ​អេកូ​ឡា​បិល​ឆ្នេរ ដើម្បី​ធានា​ឱ្យ​សកម្មភាព​ទេសចរណ៍​នៅតាម​បណ្តោយ​ឆ្នេរ​សមុទ្រ គោរព​តាម​បទដ្ឋាន​បរិស្ថាន សំដៅ​ធានា​ឲ្យ​ឆ្នេរសមុទ្រ​កម្ពុជា​កាន់តែ​ស្រស់ស្អាត មាន​អនាម័យ និង​សណ្តាប់ធ្នាប់ ប្រកប​ដោយ​ភាព​ទាក់ទាញ ដើម្បី​ឆ្លើយតប​នឹង​ការយកចិត្តទុកដាក់​អំ​ពី​ទស្សនទាន​បៃតង​នៅ​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា បាន​កំណត់​បែងចែករ​មណី​យដ្ឋា​ន​ឆ្នេរសមុទ្រ​កម្ពុជា ៥​ប្រភេទ​៖ ឆ្នេរ​អភិរក្ស​ស្នូល (Conversation Beach), ឆ្នេរ​អេកូ​ទេសចរណ៍ (Eco-Beach), ឆ្នេរ​កម្សាន្ត​ពិសេស (Luxury Beach), ឆ្នេរ​កម្សាន្ត​សាធារណៈ​កម្រិត​ខ្ពស់ (Leisure Popular Beach) និង​ឆ្នេរ​កម្សាន្ត​សាធារណៈ​កម្រិត​មធ្យម (Local Beach)​។​

​សូមជម្រាបថា នៅ​ឆ្នាំ​២០១៧ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ជាង ៥,៦​លាន​នាក់ កើន ១១,៨% និង​នាំ​ប្រាក់​ចំណូល​ប្រមាណ ៣.៤០០​លាន​ដុល្លារ ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ រួមចំណែក​ប្រមាណ ១៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) និង​ផ្តល់​ការងារ​ដោយ​ផ្ទាល់​ជាង ៦២​ម៉ឺន​នាក់ និង​ដោយ​ប្រយោល​រាប់សិប​ម៉ឺន​នាក់​ទៀត​។ ក្នុង​រយៈពេល​២​ខែ ដើមឆ្នាំ​២០១៨ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ ១,១​លាន​នាក់ កើន ១១%​។ តាម​ការព្យាករណ៍ កម្ពុជា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ ៦,១​លាន​នាក់ នៅ​ឆ្នាំ​២០១៨ និង​ប្រមាណ ១០​លាន​នាក់ នៅ​ឆ្នាំ​២០២៥​។​

​នៅ​ឆ្នាំ​២០៣០ កម្ពុជា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ ១៥​លាន​នាក់ ជាមួយនឹង​ការ​ផ្តល់​ចំណូល​ប្រមាណ ១០​ពាន់​លាន​ដុល្លារ ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ និង​ផ្តល់​ឱកាស​ការងារ​ដោយផ្ទាល់​ប្រមាណ ២​លាន​នាក់ និង​ដោយ​ប្រយោល​រាប់លាន​នាក់​បន្ថែមទៀត​។​

​ដោយឡែក ក្នុង​ឆ្នាំ​២០១៧ តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ទទួលបាន​ទេសច​រ​អន្តរជាតិ​ប្រមាណ ៧៤​ម៉ឺន​នាក់ កើន ១៥%​។ ក្នុង​រយៈពេល​៤​ខែ ដើមឆ្នាំ​២០១៨ តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ ២.៣៨៥.៧៥៣​នាក់ ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​មាន ២.០៥២.៣១៧​នាក់ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន ៣៣៣.៤៣៦​នាក់ កើន ១៦,៣៧%​។​

​តាម​ការព្យាករណ៍ តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ទាំងមូល​អាច​ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ២​លាន​នាក់ និង​ភ្ញៀវទេសចរ​ជាតិ​ប្រមាណ ៦​លាន​នាក់ នៅ​ឆ្នាំ​២០២០ និង​នៅ​ឆ្នាំ​២០៣០ អាច​ទទួលបាន​ទេសច​រ​អន្តរជាតិ​ប្រមាណ ៣​លាន​នាក់ និង​ភ្ញៀវទេសចរ​ជាតិ​ប្រមាណ ៨​លាន​នាក់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×