Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រារព្ធ​ទិវា​ពិភពលោក ក្រោម​ប្រធានបទ ភាព​ងាយ​រងគ្រោះ​ផ្នែក​សុខភាព និង​សុវត្ថិភាព​ការងារ របស់​កម្មករ​និយោជិត​វ័យក្មេង​

spot_img

​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រមទាំង​ស្ថាប័ន ពាក់ព័ន្ធ តំណាង​សហជីព តំណាង​និយោជក អង្គការ​អន្តរជាតិ​ខាង​ការងារ គម្រោង រោងចក្រ​កាន់តែ​ប្រសើរ នៅ​កម្ពុជា បងប្អូន​កម្មករ​និយោជិត មកពី​រោងចក្រ សហគ្រាស គ្រឹះស្ថាន​ចំនួន ២០ នៅក្នុង​តំបន់​អភិវឌ្ឍន៍ វិហារ​សួគ៌ 7NG សរុប​ប្រមាណ​ជាង ១.១០០ នាក់ បាន​ចូលរួម​ប្រារព្ធ​ទិវា​ពិភពលោក ដើម្បី​សុខភាព និង​សុវត្ថិភាព​ការងារ ក្រោម​ប្រធានបទ​៖ “​ភាព​ងាយ​រងគ្រោះ​ផ្នែក​សុខភាព និង​សុវត្ថិភាព​ការងារ របស់​កម្មករ​និយោជិត​វ័យក្មេង​” លើក ទី​១៣ ដែល​រៀបចំ​ធ្វើឡើង​នៅក្នុង តំបន់​អភិវឌ្ឍន៍​វិហារ​សួរគ៌ (7NG) ខេត្ត​កណ្តាល ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​។​

​លោក ឡេង តុង ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ បញ្ជាក់ថា ទិវា​ពិភពលោក ដើម្បី​សុខភាព និង​សុវត្ថិភាព​ការងារ រៀបចំឡើង ក្នុង​គោលបំណង​គឺ​ដើម្បី​៖​ផ្សព្វផ្សាយ​ពី​ស្ថានភាព និង​ទំហំ​បញ្ហា​នៃ​គ្រោះថ្នាក់​ការងារ និង​ការបាត់បង់​ជីវិត​របស់​កម្មករ​និយោជិ​ត​ជា​ពិសេស​ផលប៉ះពាល់​ទៅ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ បង្កើន​ការយល់ដឹង និង​កិច្ចសហប្រតិបត្តិការ​ស្តីពី​សុខភាព និង​សុវត្ថិភាព​ការងារ​ដល់​ស្ថាប័ន​រដ្ឋ អង្គការ​ជាតិ អង្គការ​អន្តរជាតិ​ជា​ដៃគូ សមាគម​និយោជក សហជីព និង​កម្មករ​និយោជិត ដើម្បី​លើកកម្ពស់​វប្បធម៌​សុខភាព និង​សុវត្ថិភាព​ការងារ​នៅ​កន្លែងធ្វើការ ជំរុញ​ការលើកកម្ពស់​បន្ថែម​ចលនា​ទាក់ទាញ​ការគាំទ្រ​ផ្នែក​នយោបាយ និង​ថវិកា​ក្នុង​ការបង្ការ និង​កាត់បន្ថយ​ការបាត់បង់​ជីវិត គ្រោះថ្នាក់​ការងារ និង​ជំងឺ​វិជ្ជាជីវៈ​នៅ​ទូទាំង​ពិភពលោក​។​

​លោក ម៉ម សុថា​រិន្ទ តំណាង​សមាគម​និយោជក លើកឡើងថា និយោជក និង​កម្មករ ជា​កម្លាំងចលករ​ដ៏​សំខាន់​ក្នុង​ការជំរុញ​ឲ្យ​ផលិតក​ម្ម​មាន​ការកើនឡើង ហើយ​សហគ្រាស ឬ​ក្រុមហ៊ុន​មួយ ពិតជា​មិន​អាច​ដំណើរការ​ទៅ​បាន​ឡើយ ប្រសិនបើ​គ្មាន​ការចូលរួម​ចំណែក​ពី​បុគ្គលិក​គ្រប់​លំដាប់ថ្នាក់ ដូច្នេះ​ការធានា​ឲ្យបាន​នូវ​សុខភាព សុវត្ថិភាព នៅ​កន្លែង​ការងា​របស់​ពួកគាត់ គឺជា​រឿង​ចាំបាច់​មួយ​ដែល​និយោជក និង​ក្រុមហ៊ុន​មិន​ដែល​មើលរំលង ឬ​ព្រងឿយកន្តើយ​ម្ដងណា​ឡើយ​។​

​លោក ជួន មុំ​ថុល តំណាង​សហជីព​បាន​បង្ហាញ​ក្ដី​រីករាយ​ចំពោះ​បងប្អូន​កម្មករ​និយោជិត ដែល​នឹង​ទទួលបាន​ប្រាក់​ចូល​និវត្ត​ដូច​មន្ត្រីរាជការ នៅ​ឆ្នាំ​២០១៩ ខាងមុខនេះ​។ ដើម្បី​ធានាបាន​និរន្តរភាព ឯកឧត្តម​បាន​សំណូមពរ​ដល់​កម្មករ​និយោជិត ត្រូវ​ចូលរួម​រាយការណ៍​ពី​បញ្ហា​សុខភាព និង​សុត្ថិភាព​នៅ​កន្លែង​ការងារដល់​ក្រុមមន្ត្រី​អធិការការ​ងារ និង​មន្ទីរ​ការងារ ក្នុងករណី​ដែល​មើល​ឃើញថា មិន​មាន​សុខ​សុត្ថិភាព ផា​សុកភាព​ល្អ​។ ត្រូវ​ជួយ​ធ្វើ​ជា​ភ្នែក​ជា​ច្រមុះ​ឲ្យ​ក្រសួង​ការងារ ក្នុង​ការរាយការណ៍​ពី​បញ្ហា​ប្រឈម​នានា និង​ត្រូវ​សហការ​ឲ្យបាន​ជិតស្និ​ទ្ធ​ជាមួយ​ថៅកែ​ក្រុមហ៊ុន សហគ្រាស ក្នុង​ការលើកស្ទួយ​សុខភាព សុវត្ថិភាព​នៅ​កន្លែង​ការងារ​។

​កញ្ញា ហុក ចាន់​វ​ត្ថី ជា​យុវជន​ឆ្នើម ផ្នែក​សុខភាព និង​សុវត្ថិភាព​ការងារ មាន​ចំណាប់​អារ​ម្មរណ៍​ថា បញ្ហា​សុខភាព និង​សុវត្ថិភាព​ការងារ វា​មិនមែន​ជា​កាតព្វកិច្ច​រប​ស់រាជ​រដ្ឋាភិបាល​តែឯង​នោះទេ តែ​វា​ជា​បញ្ហា​រួម​របស់​យើងទាំងអស់គ្នា ដែល​ត្រូវ​ចូលរួម​ដោះស្រាយ ក្នុង​នាម​​យុវជន​ដែល​ជា​សសរ ទ្រូង​របស់​ប្រទេសជាតិ យើង​ក៍​ត្រូវ​ចូលរួម​យ៉ាង​សកម្ម ចំពោះ​បញ្ហា​សុខភាព និង​សុវត្ថិភាព​ការងារ​នេះ​។​

​ចំណែក​លោក​ស្រី តំណាង​អង្គការ​អន្តរជាតិ​ខាង​ការងារ គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​(ILO-BFC) ដែល​គម្រោង​នេះ​បាន​ចុះ​ត្រួតពិនិត្យ​មើល​រោងចក្រ​កាត់ដេរ​ជាង​៥០០ លើកឡើងថា យុវ័ន​ជំនាន់​ថ្មី​ចាំបាច់​ត្រូវ​ចូលរួម​ក្នុង​ការលើកស្ទួយ​បញ្ហា​សុខភាព និង​សុវត្ថិភាព​ការងារ​នេះ​អោយទៅ​ជា​វប្បធ៌ម​ថ្មី​ដែល​ធ្វើអោយ​កន្លែង​ធ្វើការ​ជា​កន្លែង​ប្រកប​ដោយ​សុវត្ថិភាព និង​ផលិតភាព អោយ​អ្នក​គ្រប់គ្រង​យល់​ថា​បញ្ហា​សុខភាព និង​សុវត្ថិភាព​ការងារ មិនមែន​ជា​ជម្រើស​ទេ តែ​ជា​កាតព្វកិច្ច ។​

​លោកស្រី ឃុន ឡ​ង ជា​ស្ត្រី​ដែល​ធ្លាប់​ទទួល​គ្រោះថ្នាក់​ពេល​កំពុង​បំពេញការងារ នា​ឆ្នាំ​២០១៦ បាន​ផ្តែផ្ញើ​ដល់​បងប្អូន​ពេលធ្វើកា​រ​ត្រូវ​អោយមាន​ការប្រុងប្រយ័ត្ន​កុំអោយ​មាន​គ្រោះថ្នាក់​ដូចជា​លោក​ស្រី​អញ្ចឹង វា​ខាត​ពេលវេលា និង​បង់ខាត​លុយកាក់​ថែមទៀត ។ លោកស្រី បាន​ថ្លែងអំណរគុណ​ដល់​សម្តេច​តេជោ ហ៊ុន សែន ដែល​មាន​ចិត្ត​ធ៌ម បាន​បង្កើត​បណ្ណ​(​ប​.​ស​.​ស​)​ជួយ​ដល់​បងប្អូន​កម្មករ​យើង​។ បងប្អូន​ទាំងអស់​គ្នា​ដែល​មាន​បណ្ណ​(​ប​.​ស​.​ស​)​ពេល​ឈឺ​ត្រូវតែ​ទៅ​មន្ទីរពេទ្យ កុំ​ខ្លាច​ខាង​ពេទ្យ​មិន​យកចិត្តទុកដាក់​អោយសោះ ជាពិសេស​ខ្លួន​ខ្ញុំ​ផ្ទាល់​បាន​ជូន​ប្អូនស្រី​ជា​កម្មការិនី​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ពេលនោះ ខាង​ប​.​ស​.​ស​បាន​ចេញ​ថវិកា​អោយ​ទាំងអស់ និង បាន​ផ្តល់​នូវ​ថវិកា​បន្ថែម​ចំនួន​៤០​ម៉ឺន​ថែមទៀត​។​

​ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ការងារ​កន្លែងធ្វើការ ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់ភាគី លោក​រដ្ឋមន្ត្រី​បាន​ផ្តល់​ជា​អនុសា​សាន៍ ដូចខាងក្រោម​៖ ១-​ក្រសួង​បាននិងកំពុង​បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ការងារ តាមរយៈ​ការបង្កើន ប្រសិទ្ធភាព នៃ​ការ ចុះ​អធិការ​កិច្ចការងារ និង​ការបន្ត​ពង្រឹង​យន្តការ​ត្រីភាគី​នៃ​គណៈកម្មាធិការ ជាតិ​សុខភាព និង សុវត្ថិភាព​ការងារ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​លក្ខខណ្ឌ​ការងារ​របស់​កម្មករ​និយោជិត និង​ពង្រឹង​ប្រព័ន្ធ គ្រប់គ្រង សុខភាព និង​សុវត្ថិភាព​ការងារ​នៅ​គ្រប់ កម្រិត​ទាំងអស់ រួម​ទាំង​នៅ​តាម សហគ្រាស គ្រឹះស្ថាន ផង​ដែរ​សំដៅ កាត់បន្ថយ​គ្រោះថ្នាក់​ការងារ និង​ជំងឺ​វិជ្ជាជីវៈ​។​​

បំផុស​ការចូលរួម​ប​​ន្ថែ​មទៀត​ពី​យុវជន​កម្ពុជា​ក្នុង​សកម្មភាព​ការងារ​សុខ​ភាព និង​សុវត្ថិភាព​ការងារ ដែល​ពួកគេ​ជា​ទំពាំង​ស្នង​ឬ​ស្សី ដើម្បី​បន្ត​ការអភិវឌ្ឍ​ប្រទេសជាតិ និង​សម្រេច ឱ្យបាន​នូវ​គោលដៅ​អភិវឌ្ឍ ប្រកបដោយ​ចីរភាព ចំនុច​៨.៨ របស់​អង្គការសហប្រជាជាតិ ដើម្បី​សុវត្ថិភាព​ការងារ និង​ធានា​នូវ​បរិយាការ ការងារ​ល្អ​សម្រាប់​កម្មករ​និយោជិត​ទាំងអស់​នៅក្នុង​ឆ្នាំ​២០៣០​។ ២-​សម្រាប់​ភាគី​អ្នកគ្រប់គ្រង​សហគ្រាស សូម​ស្នើ​ឱ្យ​ម្ចាស់​សហគ្រាស គ្រឹះស្ថាន ត្រូវ​ប្រុងប្រយ័ត្ន អំពី​បរិយាការណ៍​កំដៅ​នៅក្នុង​អគារ​ផលិតកម្ម ខណៈ​ដែល​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង ការប្រើប្រាស់​សារធាតុ​គីមី និង​ការប្រើប្រាស់​ប្រព័ន្ធ​ឡ​ចំហាយ ដោយ​ត្រូវ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​និង​សេចក្តី​ជូន ដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រមទាំង​អនុវត្ត​តាម​ការណែនាំរ​បស់​មន្ត្រី​អធិការកិច្ច ការងារ​សំដៅ​បង្ការ​ឱ្យបាន​នូវ​រាល់​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ជា​យថាហេតុ និង​បញ្ចៀស​បាន​នូវ​ការ​ខាត បង់​ទ្រព្យសម្បត្តិ​របស់​សហគ្រាស គ្រឹះស្ថាន​។ រៀបចំ​ឱ្យមាន​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព​នៅ​កន្លែងធ្វើការ រៀបចំ​របាយការណ៍ អំពី​ហានិភ័យ​ការងារ​ដែល​កើតឡើង​ជា​ញឹកញាប់​នៅ​កន្លែងធ្វើការ ពេលវេលា​ក្នុង​ការចាត់វិធានការណ៍​ការពារ និង​ការគ្រប់គ្រង​ប្រភេទ​គ្រោះថ្នាក់​ចំបងៗ កំណត់​ប្រភេទ​នៃ​គ្រោះថ្នាក់​នីមួយៗ ដើម្បី​ផ្តល់​វិធាន​ឱ្យមាន​ប្រសិទ្ធភាព​ក្នុង​ការបន្ថយ​គ្រោះ ថ្នាក់​នៅ​កន្លែងធ្វើការ បិទ​ផ្សាយ អំពី​ហានិភ័យ និង​គ្រោះថ្នាក់​ដែល​អាច​កើតមាន​នៅ​កន្លែងធ្វើការ ព្រមទាំង​វិធាន ការការពារ​ផ្សេងៗ តាមរយៈ​ការវិភាគ​ទិន្នន័យ​សុខភាព និង​សុវត្ថិភាព​ការងារ​នៅក្នុង សហគ្រាស គ្រឹះស្ថាន រៀបចំ​កម្ម​បណ្តុះបណ្តាល​ស្តីពី​សុខភាព និង​សុវត្ថិភាព​ការងារ​ដល់​កម្មករ​និយោជិត​។​

​លោក​រដ្ឋមន្ត្រី បាន​បន្តថា សម្រាប់​ភាគី​កម្មករ​និយោជិត​៖ យកចិត្តទុកដាក់​ក្នុង​ផ្តល់ព័ត៌មាន​ដល់​អ្នក​គ្រប់គ្រង​អំពី​ហានិភ័យ និង​គ្រោះថ្នាក់​ដែល​អាច កើតមាន​នៅ​កន្លែងធ្វើការ ស្វែងយល់ អំពី​ហានិភ័យ និង​គ្រោះថ្នាក់​ដែល​អាច​កើតមាន​នៅ​កន្លែងធ្វើការ និង​វិធានការ ការពារ​ខ្លួន​ពី​អ្នកគ្រប់គ្រង ឬ​មន្ត្រី​សុវត្ថិភាព​ការងារ បង្កើន​ការយល់ដឹង អំពី​ព័ត៌មាន ស្តីពី​សុខភាព និង​សុវត្ថិភាព​ដែល​បាន​បិទ​ផ្សាយ​នៅក្នុង​សហគ្រាស គ្រឹះស្ថាន​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×