Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សប្បុរសជន បរិច្ចាគ​ថវិកា​ជាង​១៨​លាន​ដុល្លារ ដល់​កាកបាទក្រហមកម្ពុជា​

spot_img

​ភ្នំពេញ​៖​គិត​មក​ដល់​ត្រឹម​វេលា​ម៉ោង ១០:៤០ ព្រឹក​ថ្ងៃ​ទី​៨​ខែ​ឧសភា​នេះ មូលនិធិ​បឋម​ដែល​កាកបាទក្រហម​កម្ពុជា​ទ​ទួលបាន​ពី សប្បុរសជន​ជាតិ និង​អន្តរជាតិ ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី ១៥៥ ទិវា​ពី​ភព​លោក កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម គឺ​មាន​ចំនួន​សរុប ១៨.០២៨.៦៦៨ (១៨​លាន ពីរ​ម៉ឺន ប្រាំបី​ពាន់ ប្រាំមួយរយ ហុកសិប​ប្រាំបី​) ដុល្លារ​អាមេរិក​។​

​សម្ដេច​កិតិ្ដ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា សូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាស​ជ្រៅ ចំពោះ​បណ្តាល​សប្បុរសជន​ជាតិ ម្ចាស់​ក្រុមហ៊ុន និង​អន្តរជាតិ​ទាំងអស់ ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​ចូលរួម​ចំណែក ក្នុង​សកម្មភាព​មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា​។ ការចូលរួមចំណែក របស់​សប្បុរសជន​ទាំងអស់ នឹង​បាន​ចូលរួម​ជួយ ដោះស្រាយ​ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​បំផុត និង​សកម្មភាព​មនុស្សធម៌​ផ្សេងៗ​ទៀត​រួម​ទាំង​គ្រោះធម្មជាតិ​នានា​។​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៨ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​ជា អធិបតី​ប្រារព្ធ​ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨​ឧសភា លើក​ទី​១៥៥ ក្រោម​ប្រធានបទ “​កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា ដោយ​មិន​ទុក​នរណា ម្នាក់​ចោល​” ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្ដាល​កាកបាទក្រហមកម្ពុជា​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​បាន បាន​មានប្រសាសន៍​ថ្លែងអំណរគុណ ចំពោះ​ការចូលរួមចំណែក​ពី​សំណាក់​សប្បុរសជន​ជាតិ អន្តរជាតិ បានធ្វើឱ្យ​កាកបាទក្រហមកម្ពុជា មាន​ធនធាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ ក្នុង​ការដោះស្រាយ​សេចក្តី​ត្រូវការ ជាក់ស្តែង របស់​អ្នករងគ្រោះ និង​អ្នក​ងាយ​រងគ្រោះ​បំផុត​នៅ​តាម​សហគមន៍​។ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៧ មក​ដល់​ខែ​មេសា ឆ្នាំ​២០១៨​នេះ កាកបាទក្រហមកម្ពុជា បាន​និង​កំពុង​បន្ត​អនុវត្តន៍​យុទ្ធសាស្ត្រ ២០១១-២០២០ របស់​ខ្លួន​ផ្តោតលើ​វិស័យ​ស្នូល​ទាំង​៤ គឺ​គ្រប់គ្រង​គ្រោះមហន្តរាយ អប់រំ ថែទាំ​សុខភាព​តាម​សហគមន៍ លើកកម្ពស់​តម្លៃ​មនុស្សធម៌ និង​អភិវឌ្ឍ​ស្ថាប័ន ហើយ​ដែល​សមិទ្ធផល សំខាន់ៗ​សម្រេចបាន​រួមមាន​៖ ប្រជាពលរដ្ឋ​តាម​ជនបទ​ដាច់ស្រយាល​ជាង​១​ម៉ឺន​គ្រួសារ​ទទួលបាន​អណ្តូង​ទឹកស្អាត​៤៣៣ និង​ស្រះ​ទឹក​សហគមន៍ ចំនួន​៧​។ ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត គឺ​ចាស់​ឥត​ទីពឹង កុមារកំព្រា កុមារ​ខ្សោយ​សតិបញ្ញា ស្ត្រី​មេម៉ាយ អ្នក​ពិការ អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ អ្នក​មាន​ជម្ងឺ​រាំ​រ៉ៃ ជាង​១០​ម៉ឺន​គ្រួសារ ទទួលបាន​ការជួយ​ឧបត្ថម្ភ ជា​ស្បៀង សំភារៈ និង​ថវិកា​។ បុគ្គលិក​ក្នុង​វិស័យ​ឯកជន ១០.៣២៩​នាក់ និង​អ្នកស្ម័គ្រចិត្ត ៥១៦​នាក់ ទទួលបាន​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​សង្គ្រោះ​បឋម និង​បាន​ផ្សព្វផ្សាយ​បន្ត ដល់​ប្រជាពលរដ្ឋ រាប់ពាន់នាក់​។ សិស្ស និស្សិត មន្ត្រីរាជការ ប្រជាពលរដ្ឋ​ប្រជាពលរដ្ឋ​ប្រមាណ​៧​ម៉ឺន​នាក់ បានទទួល ចំណេះដឹង ស្តីពី​ច្បាប់​ចរាច​រណ៍ ផ្លូវគោក​។ យុវជន​កាកបាទក្រហម​ជាង​២​ម៉ឺន​នាក់ ទូទាំង​ប្រទេស តែងតែ​ចូលរួម​ក្នុង​សកម្មភាព មិត្ត​អប់រំ​មិត្ត សំអាត​បរិស្ថាន ដាំ​ដើមឈើ និង​បរិច្ចាក​ឈាម ជាដើម​។​

​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ព្រំដែន ជាង​១​ម៉ឺន​គ្រួសារ បាន​ទទួល​សារ​គន្លឹះ​អប់រំ​ពី​គ្រោះថ្នាក់​ដោយសារ គ្រាប់មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ ក្នុងពេល​ដែល​ប្រជាពលរដ្ឋ ២៩៤​គ្រួសារ ទទួលបាន​ប្រាក់​កម្ចី ឥត​ការប្រាក់ ធ្វើ​ជា​ដើមទុន​ប្រកប​មុខ របរ​មាន​ជីវភាព​ប្រសើរឡើង​។ បងប្អូន​ជនជាតិ តែងតែបាន​ទទួល​នូវ​សារ​ថែទាំ​អប់រំ សុខភាព ក្នុងឱកាស​ទិវា​ជាតិ​ដើម្បី​សុខភាព មាតា និង​ទារក ២១​កុម្ភៈ ,​ក្នុងឱកាស​ទិវា​ឆ្មប​ជាតិ ៥​ឧសភា និង​ទិវា​ពិភពលោក​ប្រយុទ្ធ​ជំងឺអេដស៍ ១​ធ្នូ​។ ក្រៅ​ពី​សមិទ្ធផល​សំខាន់ៗ​ខាងលើនេះ កាកបាទក្រហមកម្ពុជា បាន​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ចាប់ពី​ឆ្នាំ ២០១២ មក ដោយ​ក្នុង​មួយឆ្នាំៗ ចំនួន មួយ​លាន​ដុល្លារ​អាមេរិក និង​បាន​ជួយ​សាងសង់ និង​ជួសជុល លំនៅឋាន បាន​រាប់​រយ​ខ្នង ធ្វើ​បង្គន់​អនាម័យ រាប់ពាន់​បន្ទប់ ផ្តល់​ស៊ីទែន​ទឹក និង​ធុង​ចម្រោះ​ទឹក ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​តាម ខេត្ត​នានា និង​បាន​ជួយ​ស្វែងរក គ្រួសារ​ដែល​បែក​គ្នា ជាង​៤០​ឆ្នាំ ឱ្យ​បាន​ជួបគ្នា​ឡើងវិញ បាន​ជួយ​សាងសង់​អគារ សិក្សា អគារ​ស្នាក់នៅ នៅ​តាម​អង្គការ សមាគម និង​មណ្ឌល​កុមារកំព្រា​មួយចំនួន​។​

​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្តែង​នូវ​ក្តីរីករាយ និង​អបអរសាទរ​ចំពោះ​ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម និង​អរគុណ​ដល់​បណ្តា​សប្បុរសជន​ទាំងអស់​ដែល​បាន​ចូលរួម​យ៉ាងច្រើន​កុះករ​នៅពេលនេះ ។ សម្ត​ច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​រំលឹក​ពី​គុណូបការៈ​របស់​សម្តេច​ព្រះបាទ​នរោត្តម សីហនុ និង​សម្តេចម៉ែ ដែល​កន្លងមក​ព្រះអង្គ​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ក្នុង​សកម្មភាព កាកបាទក្រហមកម្ពុជា​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​សកម្មភាព​របស់ កាកបាទក្រហមកម្ពុជា ដែល​បាន​ធ្វើ​សកម្មភាព​មនុស្សធម៌​កន្លងមក ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​ដែល រងគ្រោះ​បំផុត ដែល​សកម្មភាព​ទាំងអស់នេះ គឺ​បាន​ឆ្លើយតប​ទាន់​ពេលវេលា​សម្រាប់​ការជួយ​សង្គ្រោះ ពួកគាត់ ឲ្យទទួល​បាន​ភាពល្អប្រសើ​រ​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ សប្បុរសជន​ជាតិ និង​អន្តរជាតិ​ទាំងអស់​ដែល​បាន​ចំណាយ​នូវ​ថវិកា​ទ្រព្យ​​ធន​ផ្ទាល់ខ្លួន ចូលរួម ចំណែក​ជាមួយ​សកម្មភាព​មនុស្ស​ធម៌ របស់​កាកបាទក្រហម​កម្ពុជា ដើម្បី​បម្រើ​លើ​វិស័​មនុស្សធម៌​។ តាមរយៈ​ប្រធានបទ​ឆ្នាំនេះ “​កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា ដោយ​មិន​ទុក​នរណា ម្នាក់​ចោល​” គឺ​ពិតជា​មាន​ន័យ​គ្រប់គ្រាន់​សម្រាប់​សកម្មភាព​រួម​របស់ កាកបាទក្រហមកម្ពុជា ដែល​បាននិងកំពុង ធ្វើ​សកម្មភាព​រាល់ថ្ងៃនេះ គឺ​កាកបាទក្រហមកម្ពុជា មិន​ទុក​ឲ្យ​នណា​ស្លាប់​នោះ​ទេ​។​

​ក្នុងឱកាស​នៃ​ព្រះរាជា​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះករុណា​ព្រះបាទ​ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ដែល​នឹង​យាង​ចូល​៦៦​ព្រះវស្សា​នៅពេល​ខាងមុខ​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្វាយព្រះពរ​ព្រះអង្គ​មាន​ព្រះរាជសុខភាព​ល្អ បរិបូណ៌ ព្រះ​ជន្មាយុ​យឺនយូរ ព្រះកាយពល​មាំមួន ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​សម្រាប់​ប្រជារាស្ត្រ​ទូទាំង​ប្រទេស​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ថ្វាយព្រះពរ​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត សូម​ព្រះអង្គ​មាន​ព្រះរាជ​សុខភាព​ល្អ​បរិបូរណ៍ និង​ព្រះជន្ម​យឺនយូរ ដើម្បី​គង់​ជា​ម្លប់​ដ៏​ត្រជាក់​ដល់​កូនចៅ និង​ចៅទួត​របស់​ព្រះអង្គ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×