Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរពិសោធន៍​ក្រសួង​ឧស្សាហកម្ម ៖ សារធាតុ​មេ​តា​ណុល​ក្នុង​ស្រាស និង​ទឹក​ក្នុង​ព្រែក​ទេ​រ លើស​កម្រិត​ស្តង់ដារ​ខ្ពស់បំផុត​

spot_img

​ក្រចេះ​ ៖ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ករណី​ពុល​ស្រាស និង​ទឹក​នៅ​តាម​បណ្តោយ និង​ដៃ​ព្រែក​ទេរ ក្នុង​ខេត្ត​ក្រចេះ ដោយ​បាន​បង្ហាញ​ពី​លទ្ធផល នៃ​ការធ្វើ​ពិសោធន៍​រក​ឃើញ សារធាតុ​មេ​តា​ណុល​លើស​កម្រិត​នៅក្នុង​ស្រាស​រហូតដល់​ជាង​១១​ភាគរយ និង​ទឹក​ព្រែក​ទេរ លើស​កម្រតិស្តង់ដារ​ដល់​១៧៣​មីក្រូ​ក្រាម​ក្នុង​ទឹក​មួយ​លីត្រ ដែល​ជា​ហេតុផល នាំឲ្យ​មាន​អ្នកស្លាប់ និង​រងគ្រោះ​ជាង​៣០០​នាក់​។​

​ក្រសួង​ឧស្សាហកម្ម បាន​ប្រើប្រាស់​នូវ​មន្ទីរពិសោធន៍​ចល័ត​របស់​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ចុះ​ពិនិត្យ​និង​ស្រាវជ្រាវ​ផ្ទាល់​នៅ​កន្លែងកើតហេតុ ដើម្បី​រក​មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់ និង​កំពុង​សង្គ្រោះបន្ទាន់ ដោយ​បាន​ប្រមូល​យក​សំណាក​គំរូ ស្រាស និង​ទឹក​ក្នុង​ព្រែក​ទេ​រ នៅ​កន្លែងកើតហេតុ ពិនិត្យ នៅនឹងកន្លែង និង​នៅ​មន្ទីរពិសោធន៍ ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​។ ជា​លទ្ធផល​នៃ​ការធ្វើ​សេត្ត​វិភាគបឋម​នៅនឹងកន្លែ​ង និង​នៅក្នុង​មន្ទីរពិសោធន៍ បានបង្ហាញ​ថា គំរូ​ស្រាស មាន​សារធាតុ មេ​តា​ណុល ១១,២២​ភាគរយ ដែល​កម្រិតស្តង់ដារ អនុញ្ញាត​ឲ្យមាន​ខ្ពស់​បំផុ​តត្រឹម​តែ​០,១៥​ភាគរយ​ប៉ុណ្ណោះ​។ គំរូ​សំណាក​ទឹក​ព្រែក​ទេ​រ មាន​សារធាតុ ក្រូ​ម រហូតដល់​១៧៣​មីក្រូ​ក្រាម​ក្នុង​ទឹក​មួយ​លីត្រ ដែល​កម្រិតស្តង់ដារ​អនុញ្ញាត​ឲ្យមាន​ខ្ពស់​បំផុ​តត្រឹម​តែ​៥០​មីក្រូ​ក្រាម​ក្នុង​ទឹក​មួយ​លីត្រ និង​មាន​សារធាតុ​នី​ទ្រី​ត​រហូតដល់ ៧-២៣​មិល្លីក្រា​ម​ក្នុង​ទឹក​មួយ​លីត្រ ដែល​កម្រិតស្តង់ដារ​អនុញ្ញាត​ឲ្យមាន​ខ្ពស់​បំផុ​តត្រឹម​តែ​៣​មិល្លីក្រា​ម​ក្នុង​ទឹក​មួយ​លីត្រ​។​

​យោង​តាម​ឯកសារ Elements de Toxicologie Analytique សម្រាប់​មនុស្សពេញវ័យ ប្រសិនបើ​ពិសា​មេ​តា​ណុល​សុទ្ធ​ក្នុង​បរិមាន​ពី​២០​ទៅ​៥០​មិ​ល្លី​លីត្រ អាច​បណ្តាលឲ្យ​ជនរងគ្រោះ​ស្លាប់បាន​។ ដូចនេះ​បើ​គាត់​ពិសា​ស្រា​ពុល​ខាងលើ ក្នុង​បរិមាណ​ចាប់ពី​១៨០​មិ​ល្លី​លីត្រ ឡើងទៅ អាច​បណ្តាលឲ្យ​គាត់​ស្លាប់បាន​។ ចំពោះ​ផលប៉ះពាល់​សុខភាព​ដោយ​សារធាតុ​ក្រូម មាន​កន្ទួល​ស្បែក ក្រពះ និង​ដំបៅ​រលាក បញ្ហា​ផ្លូវដង្ហើម ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ ការ​ខូច​តម្រងនោម និង​ថ្លើម ការផ្លាស់ប្តូរ​សម្ភារៈ​ហ្សែ​ន មហារីក​សួត និង​អាច​បណ្តាលឲ្យ​ស្លាប់​។ ចំណែក​ប៉ះពាល់​សុខភាព​ដោយ​សារធាតុ​នី​ទ្រី​ត មាន​ជំងឺ​មហារីកក្រពះ ជំងឺរាក​រួស ក្អូត និង​អាច​បណ្តាលឲ្យ​ស្លាប់​។​

​ដើម្បី​ធានា​សុវត្ថិភាព និង​បង្កា​គ្រោះថ្នាក់​បន្ថែមទៀត ក្រសួង​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​បណ្តោយ​ដង​ព្រែក និង​ដៃ​ព្រែក​ទេ បញ្ឈប់​ការ​ពិសា​ស្រាស និង​អនុវត្ត​តាម​ការណែនាំរ​បស់​រដ្ឋបាល​ខេត្ត​ក្រចេះ ដោយ​បញ្ឈប់​ប្រើប្រាស់​ទឹក​ព្រែក​ទេ និង​ទឹក​តាម​ដៃ​ព្រែក​ទេ ជា​បណ្តោះអាសន្ន​សិន ហើយ​រង់ចាំ​ក្រុម​មន្ត្រី​ជំនាញ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ពិនិត្យ ស្រាវជ្រាវ និង​ដកហូត​ស្រា​ដែលមាន​ជាតិពុល និង​ពិនិត្យឃើញថា ទឹក​ក្នុង​ព្រែក​ទេ ត្រូវបាន​សាប​អស់​ជាតិពុល​សិន បន្ទាប់​មក​ក្រសួង និង​អាជ្ញាធរ​មូលដ្ឋាន​នឹង​ជូនដំណឹង​តាម​ក្រោយ​។​

​ក្នុងករណី​បងប្អូន​ប្រជាពលរដ្ឋ បន្ត​ជួប​គ្រោះអាសន្ន ឬ​ទទួលបាន​ដំណឹង​អំពី​ករណី​ទាំងនេះ សូម​មេត្តា​ផ្តល់​ដំណឹង​ជាបន្ទាន់ ជូន​ភ្នាក់ងារ​មាន​សមត្ថកិច្ច កម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ​ដែល​កំពុង​ឈរជើង នៅ​តំបន់​នោះ​។​

​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ និង​បង្កើន​ការ​ប្រុង ប្រយ័ត្ន​បន្ថែម ព្រមទាំង​ចូល​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី កម្លាំងប្រដាប់អាវុធ និង​សមត្ថកិច្ច​ជំនាញ ក្នុង​ការបង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​អាសន្ន​នេះ ឲ្យមាន​ប្រសិទ្ធភាព​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

    

spot_img
×