Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​មណ្ឌលគិរី អំពាវនាវ​ដល់​ក្រុមហ៊ុន​នានា ឲ្យ​ងាក​មក​វិនិយោគ​លើសិ​ប្បក​ម្ម​កិន​ថ្ម​នា​មូលដ្ឋាន​នេះ​

spot_img

​ខេត្ត​មណ្ឌលគិរី ​៖ អភិបាលខេត្ត​មណ្ឌលគិរី បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​នានា ឲ្យ​ងាក​មក​វិនិយោគ​លើសិ​ប្បក​ម្ម​កិន​ថ្ម ព្រោះថា បច្ចុប្បន្ន​នេះ​ខេត្តមណ្ឌលគិរី ពុំ​មាន​ក្រុមហ៊ុន ឬ​សិប្បកម្ម​កិន​ថ្ម ដើម្បី​បំរើ​ឱ្យ​ការអភិវឌ្ឍន៍​ខេត្ត និង​សំណង់​បាន​គ្រប់គ្រាន់​នោះទេ​។​
​ការលើកឡើង របស់ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បែបនេះ គឺ​នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤៨ របស់​ក្រុមប្រឹក្សា​ខេត្ត កាលពី​ថ្ងៃ​ចន្ទ ៨​រោច ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០១៨​។​

ឯកឧត្តម អភិបាលខេត្ត បាន​បន្ថែមថា នៅក្នុង​ខេត្ត​មណ្ឌលគិរី គឺ​មាន​ការខ្វះខាត​ថ្ម​គ្រប់​ប្រភេទ សម្រាប​គម្រោង​អភិវឌ្ឍន៍​ខេត្ត និង​តម្រូវការ របស់​ពលរដ្ឋ ដោយ​បច្ចុប្បន្ន​រាល់​គំរោង​វិនិយោគ និង​សាងសង់​សំណង់​នានា គឺ​ត្រូវ​ទិញ​ថ្ម​ពី​បណ្តា​ខេត្ត​នានា យកមក​ប្រើប្រាស់ ដែល​ធ្វើឲ្យមាន​ការលំបាក​ក្នុង​ការដឹ​ក​ជញ្ជូន ជាពិសេស​ពលរដ្ឋ ដែល​ត្រូវ​ការទិញ​ថ្ម ក្នុង​ចំនួន​តិចតួច​យក​មក​ប្រើ តែ​ត្រូវ​ចំណាយ​លើ​ការដឹកជញ្ជូន​ឆ្ងាយ និង​ថ្លៃឈ្នួល​ច្រើន​។​

ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី បាន​ណែនាំ​ថា មន្ទីរ​អង្គភាព​ជំនាញ​ត្រូវ​ពិភាក្សាគ្នា ធ្វើយ៉ាងណា​រិះរក​ដៃគូ​វិនិយោគ​បង្កើតឲ្យមាន​សិប្បកម្ម​កិន​ថ្មឡើង ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ផ្ដល់​ភាពងាយស្រួល និង​ឆ្លើយតប​តាម​តម្រូវការ​របស់​ពលរដ្ឋ និង​ក្រុមហ៊ុន​សំណង់​ផ្សេងៗ ដែល​ចាំបាច់​ត្រូវ​ប្រើ​ថ្ម​មក​សាងសង់​រាល់​សំណង់​អ្វី​មួយ​នោះ​។

​លោក ម៉ៅ ធនា​រក្ស ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត បាន​លើកឡើង​ថា កន្លង​មក​មន្ទីរ ក៏​បាន​ដាក់​ពាក្យ​ស្នើសុំ​អាជ្ញាប័ណ្ណ​អាជីវកម្ម​កិន​ថ្ម ទៅ​ក្រសួង​រ៉ែ និង​ថាមពល តាមរយៈ មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ដែរ ប៉ុន្តែ​ពុំ​ទាន់​មាន​ការឆ្លើយតប​នោះ​ទេ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត បាន​បំភ្លឺថា មន្ទីរ​បាន​យក​ពាក្យ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​អាជីវកម្ម​កិន​ថ្ម របស់​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត បញ្ចូនទៅ​ក្រសួង​រ៉ែ និង​ថាមពល​រួចរាល់​ហើយ រង់ចាំ​តែ​ចេញ​សេចក្តីសម្រេច​ពី​ក្រសួង​តែប៉ុណ្ណោះ។​

លោក សុក សេ​រ៉ា នាយករង​រដ្ឋបាល​សាលាខេត្ត បានបញ្ជាក់​ថា កន្លង​មក​រាល់​ដំណើរកា​រលើ​គម្រោង​អភិវឌ្ឍន៍​ខេត្ត និង​មន្ទីរ​ជំនាញ ដូច​ជា​ការស្ថាបនា ផ្លូវ ស្ពាន លូ រួម​ទាំង​សំណង់​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត គឺ​ត្រូវ​ទិញ​ថ្ម​គ្រប់​ប្រភេទ ពី​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ដើម្បី​យកមក​ប្រើប្រាស់​។​

​លោក​បន្ថែមថា បច្ចុប្បន្ន​នៅ​ខេ​ត​មណ្ឌលគិរី មាន​ក្រុមហ៊ុន​មួយ​កំពុង​ស្នើសុំ​អាជ្ញាប័ណ្ឌ និង​ការអនុញ្ញាត បើក​ការដ្ឋាន​កិន​ថ្ម​នេះហើយ ប៉ុន្តែ​ពុំ​ទាន់​បាន​ដំណើរការ​នោះទេ​៕ ដោយ​៖ សមុទ្រ​ឈើ​

 

spot_img
×