Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ពលរដ្ឋ​ស្លាប់​នៅ​ខេត្ត​ក្រចេះ ក្រសួង​ជំនាញ​ចំនួន​២ ចេញ​របាយការណ៍​ខុសគ្នា​

spot_img

​ភ្នំពេញ​៖ ក្រសួង​សុខាភិបាល នៅ​យប់​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ជុំវិញ​លទ្ធផល​ផ្លូវការ នៃ​ការ​ធ្វើ​តេស្ត​ពិសោធន៍​លើទឹក ដោយ​បង្ហាញ​ថា ទឹក​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅ​ភូមិ​ស្រែ​នន និង​ភូមិ​អាល​ច ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​នោះ គឺ​មាន​សារធាតុ​គីមី​សម្លាប់​ស្មៅ និង​សម្លាប់​សត្វល្អិត​កម្រិត​ខ្ពស់ ដែល​សារធាតុ​នេះ​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​យ៉ាងខ្លាំង​។ ចំណែកឯ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ក៏​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ផង​ដែរ​ថា ករណី​ពលរដ្ឋ​ពុល​ស្លាប់​និង​របួស​នោះ ដោយសារ​តែ​ពលរដ្ឋ​បាន​ពិសា​ស្រាស មាន​សារធាតុ​មេ​តា​ណុល​ស្រាស មាន​កម្រិត​ខ្ពស់​បំផុត​។​

​ក្រសួង​សុខាភិបាល​បានបញ្ជាក់​ថា ឆ្លងកាត់​ការពិសោធន៍​រកឃើញថា​៖១៖ នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៨ លទ្ធផល​ទទួលបាន​ពី​ការ​ធ្វើ​តេស្ត​លើ​សំណាក​ទឹក ឃើញថា មាន​ជាតិពុល​ដែល​បណ្តាល​មក​ពី​ថ្នាំ​បាញ់សម្លាប់​ស្មៅ និង​ថ្នាំ​សម្លាប់​សត្វល្អិត​ហូរ​ចូល​ក្នុង​ព្រែក​ទេ និង​អូរ​គគីរ មាន​លើស​ពី​កម្រិតស្តង់ដារ​រហូតដល់​ពី ១២,៣៩ppd ដល់ ២៦.១២ppb (ppb: part per billion= microgram per liter) ដែល​កំហាប់​សរុប​មិន​ត្រូវ​លើសពី ០,៥ppd ឡើង (​ស្តង់ដារ​អឺរ៉ុប​)​។​

២៖ នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៨ លទ្ធផល​ទទួលបាន​ពី​ការ​ធ្វើ​តេស្ត​ពិសោធន៍​លើ​សំណាក​ស្រាស ឃើញថា មាន​ជាតិ​មេ​តា​ណុល​ខ្ពស់ លើស​កម្រិត​រហូតដល់​១៤,៩​ភាគរយ ដែល​ធ្វើឲ្យពុល​ខ្លាំង ដែល​មាន​កម្រិត​មិន​ពុល​នោះ​មិន​ត្រូវ​លើសពី​០,១​ភាគរយ​ឡើយ​។​

​ក្រសួង​សុខាភិបាល​បានបញ្ជាក់ និង​សន្និដ្ឋានថា អ្នក​ដែល​មាន​រោគសញ្ញា​ស្របតាម​និយមន័យ ពុល គឺ​ពុល​ដោយសារ​ពិសារ​ស្រាស ដែល​មាន​ជាតិ​មេ​តា​ណុល​ខ្ពស់​លើក​កម្រិត និង​ពុល​ដោយសារ​ការបរិភោគ​ទឹក​យក​ពី​ព្រៃ​ក​ទេ និង​អូរ​គគី ដែល​មាន​ជាតិគីមី​ពុល​ដោយ​សារ​ថ្នាំ​បាញ់​ស្មៅ និង​សត្វល្អិត ដែល​ហូរ​ចូល​ក្នុង​ព្រែក និង​អូ​នោះ​មាន​កំហាប់​លើស​កម្រិត​។​

​ជាមួយគ្នានេះ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នៅ​រសៀល​ថ្ងៃ​នេះ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ សូម​មេត្តា​បញ្ឈប់​ការប្រើប្រាស់​ទឹក​នោះ​ជាបន្ទាន់​សិន ដើម្បី​ជៀសវាង​បញ្ហា​ដល់​អាយុជីវិត​។ សូម​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ផ្តល់​ទឹកស្អាត​ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​សិន​។​

​លោក​វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ បាន​ថ្លែងថា ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ពុល​ស្រា និង​ពុល​ទឹក នៅ​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី មួយចំនួន​បាន​ធូរស្រាល ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ ត្រឡប់ទៅផ្ទះ​វិញ​ជា​បណ្តើរៗ​ហើយ​។​

​ចំណែក​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​វិញ ក៏​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ករណី​ពុល​ស្រាស និង​ទឹក​នៅ​តាម​បណ្តោយ និង​ដៃ​ព្រែក​ទេរ ក្នុង​ខេត្ត​ក្រចេះ ដោយ​បាន​បង្ហាញ​ពី​លទ្ធផល នៃ​ការធ្វើ​ពិសោធន៍​រក​ឃើញ សារធាតុ​មេ​តា​ណុល​លើស​កម្រិត​នៅក្នុង​ស្រាស​រហូតដល់​ជាង​១១​ភាគរយ និង​ទឹក​ព្រែក​ទេរ លើស​កម្រតិស្តង់ដារ​ដល់​១៧៣​មីក្រូ​ក្រាម​ក្នុង​ទឹក​មួយ​លីត្រ ដែល​ជា​ហេតុផល នាំឲ្យ​មាន​អ្នកស្លាប់ និង​រងគ្រោះ​ជាង​៣០០​នាក់​។​

​ក្រសួង​ឧស្សាហកម្ម បាន​ប្រើប្រាស់​នូវ​មន្ទីរពិសោធន៍​ចល័ត​របស់​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ចុះ​ពិនិត្យ​និង​ស្រាវជ្រាវ​ផ្ទាល់​នៅ​កន្លែងកើតហេតុ ដើម្បី​រក​មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់ និង​កំពុង​សង្គ្រោះបន្ទាន់ ដោយ​បាន​ប្រមូល​យក​សំណាក​គំរូ ស្រាស និង​ទឹក​ក្នុង​ព្រែក​ទេ​រ នៅ​កន្លែងកើតហេតុ ពិនិត្យ នៅនឹងកន្លែង និង​នៅ​មន្ទីរពិសោធន៍ ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​។ ជា​លទ្ធផល​នៃ​ការធ្វើ​សេត្ត​វិភាគបឋម​នៅនឹងកន្លែ​ង និង​នៅក្នុង​មន្ទីរពិសោធន៍ បានបង្ហាញ​ថា គំរូ​ស្រាស មាន​សារធាតុ មេ​តា​ណុល ១១,២២​ភាគរយ ដែល​កម្រិតស្តង់ដារ អនុញ្ញាត​ឲ្យមាន​ខ្ពស់​បំផុ​តត្រឹម​តែ​០,១៥​ភាគរយ​ប៉ុណ្ណោះ​។ គំរូ​សំណាក​ទឹក​ព្រែក​ទេ​រ មាន​សារធាតុ ក្រូ​ម រហូតដល់​១៧៣​មីក្រូ​ក្រាម​ក្នុង​ទឹក​មួយ​លីត្រ ដែល​កម្រិតស្តង់ដារ​អនុញ្ញាត​ឲ្យមាន​ខ្ពស់​បំផុ​តត្រឹម​តែ​៥០​មីក្រូ​ក្រាម​ក្នុង​ទឹក​មួយ​លីត្រ និង​មាន​សារធាតុ​នី​ទ្រី​ត​រហូតដល់ ៧-២៣​មិល្លីក្រា​ម​ក្នុង​ទឹក​មួយ​លីត្រ ដែល​កម្រិតស្តង់ដារ​អនុញ្ញាត​ឲ្យមាន​ខ្ពស់​បំផុ​តត្រឹម​តែ​៣​មិល្លីក្រា​ម​ក្នុង​ទឹក​មួយ​លីត្រ​។​

​យោង​តាម​ឯកសារ Elements de Toxicologie Analytique សម្រាប់​មនុស្សពេញវ័យ ប្រសិនបើ​ពិសា​មេ​តា​ណុល​សុទ្ធ​ក្នុង​បរិមាន​ពី​២០​ទៅ​៥០​មិ​ល្លី​លីត្រ អាច​បណ្តាលឲ្យ​ជនរងគ្រោះ​ស្លាប់បាន​។ ដូចនេះ​បើ​គាត់​ពិសា​ស្រា​ពុល​ខាងលើ ក្នុង​បរិមាណ​ចាប់ពី​១៨០​មិ​ល្លី​លីត្រ ឡើងទៅ អាច​បណ្តាលឲ្យ​គាត់​ស្លាប់បាន​។ ចំពោះ​ផលប៉ះពាល់​សុខភាព​ដោយ​សារធាតុ​ក្រូម មាន​កន្ទួល​ស្បែក ក្រពះ និង​ដំបៅ​រលាក បញ្ហា​ផ្លូវដង្ហើម ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ ការ​ខូច​តម្រងនោម និង​ថ្លើម ការផ្លាស់ប្តូរ​សម្ភារៈ​ហ្សែ​ន មហារីក​សួត និង​អាច​បណ្តាលឲ្យ​ស្លាប់​។ ចំណែក​ប៉ះពាល់​សុខភាព​ដោយ​សារធាតុ​នី​ទ្រី​ត មាន​ជំងឺ​មហារីកក្រពះ ជំងឺរាក​រួស ក្អូត និង​អាច​បណ្តាលឲ្យ​ស្លាប់​។​

​គួរបញ្ជាក់​ថា បើ​តាម​ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​ក្រចេះ បានបញ្ជាក់​ថា ជនរងគ្រោះ​បាន​ស្លាប់​ចំនួន​១៣​នាក់ ក្នុងនោះ​មាន​ស្រី​៨​នាក់ និង​អ្នក​ធ្លាក់ខ្លួន​ឈឺ​មាន​ចំនួន​២៨០​នាក់ ក្នុងនោះ​ស្រី​១៦២​នាក់ និង​កុមារ​៦៩​នាក់​។ សម្រាប់​ជនរងគ្រោះ​ដែល​បាត់បង់​ជីវិត​ទាំង​១៣​នាក់ គឺ​ស្លាប់​នៅ​ផ្ទះ​ចំនួន​៦​នាក់ ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​ម្នាក់ ស្លាប់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​២​នាក់ ស្លាប់​ពេល​បញ្ចូន​ដល់​មន្ទីរពេទ្យ​កាល់ម៉ែ​ត​២​នាក់ និង​ស្លាប់​នៅតាម​ផ្លូវ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត​២​នាក់​។​

​គួរ​រំលឹក​ដែរ​ថា​៖​ហេតុការណ៍​បាន​កើតឡើ​
​ង​នៅ​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ស្រែ​នន និង​ភូមិ​អាល​ច ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ដោយ​ប្រជាពលរដ្ឋ​រងគ្រោះ​មាន​រោគសញ្ញា​៖ ឈឺ​ពោះ ក្អួតចង្អោរ ឈឺ​ក អស់កម្លាំង ទន់ដៃទន់ជើង វិលមុខ និង​ថប់ដង្ហើម រហូត​បណ្តាលឲ្យ​ស្លាប់ និង​ជនរងគ្រោះ​ជាច្រើន​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត និង​មន្ទីរពេទ្យ​កាល់ម៉ែ​ត រាជធានី​ភ្នំពេញ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×