Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជា​ឲ្យ​គ្រប់​កម្លាំង​ពិនិត្យមើល​ទីតាំង​ផ្ញើ កង់ ម៉ូតូ​និង​រថយន្ត បើ​គ្មាន​ច្បាប់​អនុញ្ញាត​បញ្ឈប់​អាជីវកម្ម​

spot_img

ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បានដាក់​បញ្ជា​ឲ្យ​គ្រប់​កម្លាំង​ទាំងអស់ រួមទាំង​អាជ្ញាធរ​និង​កងកម្លាំង​មាន​សមត្ថកិច្ច​ចុះ​ពិនិត្យមើល​ទីតាំង​ផ្ញើ កង់ ម៉ូតូ​និង​រថយន្ត​ឲ្យ​បាន​ម៉ត់ចត់ បើ​ទីតាំង​ផ្ញើ​ណាមួយ​មិនមាន​ច្បាប់​អញ្ញាត​ទេ ត្រូវ​បញ្ឈប់​អាជីវកម្ម​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ហេតុការណ៍​អាក្រក់​កើតឡើង​ផ្តើមចេញពី​ការធ្វេសប្រហែស​របស់​យើង​។​

​លោក​ឃួ​ង ស្រេង​បានដាក់​បទបញ្ជា​បែបនេះ​កាលពី​ព្រឹក​ថ្ងៃទី​២ វិច្ឆិកា​២០១៧ ខណៈ​លោក​ចុះ​ពិនិត្យមើល​កងកម្លាំង​ប៉ូលីស​រាជធានី​ដែល​ដាក់​គោលដៅ​ក្នុង​កិច្ចការពារ​ស​ន្និ​សុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ អកអំបុក​ឆ្នាំនេះ​។​

​លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ក្នុងនាម​ប៉ូលីស​យុត្តិធម៌​ត្រូវ​ប្រកាន់​ភ្ជាប់​វិន័យ សេចក្តីថ្លៃថ្នូរ ដោយ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ អកអំបុក មាន​ប្រជាជន​ចូលរួម​ច្រើន​មកពី​ខេត្ត​នានា មក​កំសាន្ត​នៅ​រាជធានី​ភ្នំពេញ​របស់​យើង​។ លោក​បន្តថា សម្រាប់​កម្លាំង​ប៉ូលីស​រាជធានី​ភ្នំពេញ ប្រមាណ​៦០០០​នាក់ ក្នុង​ម្នាក់ៗ សម្រាប់​១​ថ្ងៃ​២​ម៉ឺន​រៀល សរុប​៣​ថ្ងៃ​៦​ម៉ឺន​រៀល ដើម្បី​ជាការ​លើកទឹកចិត្ត​សម្រាប់​បងប្អូន​យើង​ដែល​មិនបាន​ឈប់សម្រាក​។ ដូច្នេះ​សុំ​កងកម្លាំង​យើង​ទាំងអស់​ការពារ​ឲ្យ​បាន​ជោគជ័យ ក្នង​ព្រះ​ពិធី​នេះ​។​

​ក្រៅពីនេះ​លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា “​កម្លាំង​ទាំងអស់ ចុះ​ពិនិត្យមើល ទីតាំង​ផ្ញើ កង់ ម៉ូតូ​និង​រថយន្ត​ឲ្យ​បាន​ម៉ត់ចត់ បើ​ទីតាំង​ផ្ញើ​ណាមួយ​មិនមាន​ច្បាប់​អញ្ញាត​ត្រឹមត្រូវ​ទេ ត្រូវ​បញ្ឈប់​អាជីវកម្ម​ពួកគាត់​ជាបន្ទាន់ ។ ឧទាហរណ៍ បើ​ម្ចាស់​ទីតាំង​ផ្ញើ កង់ ម៉ូតូ​និង​រថយន្ត​ទាំងនោះ ដឹក​ម៉ូតូ​គេ​១​ឡាន​២ ឡាន​ទៅ​បាត់​តើន​រណា​ទទួលខុសត្រូវ​? អ្នក​ដែល​ទទួលខុសត្រូវ​គឺ​យើង​ហ្នឹងហើយ​។ ដូច្នេះ​ទេ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​កិច្ចការងារ​នេះ ហើយ​ចំពោះ​តម្លៃ​នៃ​ការផ្ញើ​ក៏ត្រូវ​ពិនិត្យមើល​អោយបាន​ច្បាស់លាស់​ដែរ ដើម្បី​កុំអោយ​ពួកគេ​ធ្វើ​អាជីវកម្ម​ស្រេច​តែ​អំពើ​ចិត្ត​ទទួល​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ ខណៈដែល​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​នឹង​កំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ពី​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​នោះ​”​។​

​ជាងនេះទៅទៀត​ក្នុងឱកាស​នោះ​លោក​ឃួ​ង ស្រេង​ក៏បាន​ដាក់​បញ្ជា​អោយ​កងកម្លាំង​នៅតាម​គោលដៅ​នីមួយៗ ត្រូវ​រាយការណ៍​ជាប្រចាំ ពី​តំបន់​ណា​ដែលមាន​មនុស្ស​ច្រើន តំបន់​ណា​មាន​មនុស្ស​តិច ដើម្បី​ងាយស្រួល​គ្រប់គ្រង​និង​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ជៀសវាង​កុំអោយ​ហេតុការណ៍​អាក្រក់​កើតឡើង​ម្តងទៀត​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១​ខែវិច្ឆិកា លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានផ្តល់​បទសម្ភាសន៍​ដល់​ក្រុម​អ្នកសារព័ត៌មាន​ថា អភិបាលខណ្ឌ​ទាំង​១២ ត្រូវ​ពិនិត្យមើល​ឡើងវិញ ចំពោះ​បញ្ហា​ភាស៊ី​ផ្ញើ​ម៉ូតូ​ក្នុងឱកាស​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​ឆ្នាំ​២០១៧ ថា​តើ​ពួកគាត់​ផ្ញើ​របៀបនេះ​ជា​រៀងរាល់ថ្ងៃ​ឬ​យ៉ាងណា ? បើតាម​ធម្មតា​រាល់ថ្ងៃ​ផ្ញើ​ម៉ូតូ​១​គ្រឿង​៥០០​រៀល ឬ​១០០០​រៀល ប៉ុន្តែ​ក្នុង​សៀវភៅ​បន្ទុក​តម្លៃ​ផ្ញើ​ម៉ូតូ​១​គ្រឿង​ចំនួន​៣០០​រៀល​។ ករណី​ថ្លៃ​ផ្ញើ​ម៉ូតូ​យកលុយ​លើស​សៀវភៅ​បន្ទុក អាជ្ញាធរ​ខណ្ឌ ត្រូវមាន​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​បំផុត និង​ដាក់បទបញ្ជា​ទៅ​គណៈបញ្ជាការ​ឯកភាព កងកម្លាំងប្រដាប់អាវុធ ឲ្យ​ត្រួតពិនិត្យ​បញ្ហា​នេះ ដើម្បី​ធ្វើ​យ៉ាង​ឲ្យ​ប្រជាពលរដ្ឋ​ទទួលយកបាន​។ សម្តេច​តេ​ជោ បាន​បញ្ជាក់ថា សូម្បីតែ​អ្នកលក់ដូរ​តាម​កញ្ចែ​ង​កញ្ជើ នៅតាម​ផ្សារ​ក៏​មិន​ឲ្យ​យក​ភាស៊ី និង​អនាម័យ​នោះទេ អីចឹង​តើ​ហេតុផល​អ្វីដែល​ពួកគាត់​យកលុយ​អ្នក​ផ្ញើ​ម៉ូតូ​ដល់​៤០០០ ទៅ​៥០០០​រៀល ។ លោក​បញ្ជាក់ថា បញ្ហា​នេះ​ត្រូវតែ​សម្អាត ហើយ​អ្នក​ដែល​រឹងទទឹង​នឹង​បទបញ្ជា​នេះ ត្រូវតែ​ឃាត់ខ្លួន​យកមក​ធ្វើ​ការអប់រំ ទៅតាម​ច្បាប់​។

​លោក​បញ្ជាក់ថា “​ខ្ញុំ​នឹង​ប្រកាស​បន្ថែមទៀត ទៅដល់​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​បញ្ហា​នេះ ប៉ុន្តែ​ខិតខំ​ប្រឹងប្រែង​តម្រង់ទិស ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​បម្រើ​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង ក្នុងការ​ចូលរួម​កម្សាន្ត​សប្បាយ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក “៕ ដោយ​៖​កូ​ឡាប​

spot_img
×