Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ឃុំ​ចុង​ផ្លាស់ ស្នើ​សុំ​រដ្ឋាភិបាល អនុញ្ញាត​ច្បាប់​ឲ្យ​ពលរ​ដ្ឋ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ជា​លក្ខណៈ​គ្រួសារ​ (មានវីដេអូ)

spot_img

​​ខេត្ត​មណ្ឌល​គី​រី ៖ ប្រជា​សហគមន៍​រ៉ែ​មាស​ចុង​ផ្លាស់ បាន​ជួបជុំគ្នា​មុខ​សាលាឃុំ​ចុង​ផ្លាស់ កាលពី​ល្ងាច​ថ្ងៃទី​៨ ខែ​ឧសភា ២០១៨ ដើម្បី​ស្នើសុំ​ការអន្តរាគមន៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ក្រសួង​រ៉ែ និង​ថាមពល សុំ​ការអនុញ្ញាត​ច្បាប់​ធ្វើ​រ៉ែ​មាស​លក្ខណៈ​គ្រួសារ​លើស​ពី​ជម្រៅ ២០​ម៉ែត្រ ក្រោយ​ពួកគាត់​ប្រឈម​ការបាត់បង់​ប្រាក់ចំណូល​ចិញ្ចឹម​ជីវិត​គ្រួសារ​ប្រចាំថ្ងៃ​។​

លោក លឹម គុន មេឃុំ​ចុង​ផ្លាស់ បានឲ្យដឹងថា មូលដ្ឋាន​នេះ មាន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា មាន​ចំនួន​ជិត ២០០០​គ្រួសារ ដែល​ពឹង​អាស្រ័យ​លើ​អាជីវកម្ម​ជីក​រ៉ែ​មាស​តាម​បែប​ប្រពៃណី​តាំងពី​យូរលង់​ណាស់​មកហើយ​។​

លោក​បន្តថា តំបន់​ដែល​ពួក​គាត់​រស់នៅ​រាល់ថ្ងៃនេះ គឺជា​ប្រភេទ​ដី​ថ្មភ្នំ​សុទ្ឋ គ្មាន​ទឹក គ្មាន​ជីវជាតិ មិន​អាច​បង្កបង្កើនផល​បាន​នោះទេ ពោលគឺ​អាច​រស់រាន​បាន​ដោយ​ជីក​រ៉ែ នឹង​របរ​លក់ដូរ​ប៉ុណ្តោះ​។​

អ្នកភូមិ បាន​និយាយថា ការជួបជុំ​គ្នា​នេះ មិន​មាន​ចេតនា​ណាមួយ​បង្ក​ការលំបាក​ដល់​អាជ្ញាធរ​នោះ​ទេ ពោល​គឺ​គាត់​សុំ​ត្រឹម​ការអនុញ្ញាត​ពី​ក្រសួង​រ៉ែ និង​ថាមពល ឲ្យជួយ​បង្ក​ភាពងាយស្រួល​សម្រា​ប់​ពួកគាត់ អាច​ប្រកប​របរ​ជីក​រ៉ែ តាម​បែប​គ្រួសារ ដោយ​មិន​មាន​ការកំណត់​ជម្រៅ​ត្រឹម ២០​ម៉ែត្រ ដូច​សព្វថ្ងៃ​នោះទេ​។ ព្រោះ​ក្នុង​ជម្រៅ​នេះ ត្រូវបាន​គេ​ជីក​អស់​រយៈពេល ២០ ទៅ ៣០​ឆ្នាំ​មកហើយៗ បើ​នៅ​តែ​កំណត់ ២០​ម៉ែត្រ​ទៀត គាត់​មិន​អាច​ជីក​បាន​ផល​ឡើយ​។​

ក្រុម​អ្នក​ភូមិ ដែល​មាន​ទាំងចាស់​ក្មេង​ប្រុស​ស្រី បាន​ទទូច​ស្នើរ​សុំ​ដល់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មេត្តា​ជួយ​ពិនិត្យ​លទ្ធភាព​ដល់​ប្រជាពលរដ្ឋ ដែល​ជា​កូន​ជា​ចៅ របស់​សម្តេច ដើម្បី​អាច​ប្រកប​របរ​រកស៊ី​ចិញ្ចឹមជីវិត ដោយ​រលូន ព្រោះ​បើ​នៅតែ​មាន​បម្រាម​ទៀត​នោះ អ្នកភូមិ​ទាំងនេះ​នឹង​ជួប​ការខ្វះខាត​ក្នុង​ជីវភាព​ជាខ្លាំង​។​អ្នកភូមិ ដដែល​បាន​លើកឡើង​ថា «​ទីកន្លែង​នេះ​ជា​តំបន់​ដែល​ពួក​ខ្ញុំ​រស់នៅ និង​ប្រកប​មុខរបរ​ធ្វើ​រ៉ែ​មាស តាម​បែប​បុរាណ​លក្ខណៈ​គ្រួសារ​តាំងពី​ឆ្នាំ​១៩៨៨​មក​ម្លេះ រហូតដល់​ឆ្នាំ​២០១៥ ទើប​ក្រសួង​រ៉ែ និង​ថាមពល ផ្តល់​សិទ្ធិ​ស្របច្បាប់​លើ​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​(​ទ្រង់ទ្រាយ​តូច​)​ដល់​សហគមន៍​សិប្បករ​រ៉ែ​ចុង​ផ្លាស់ របស់​យើងខ្ញុំ ដោយ​កំណត់​ជម្រៅ​មិនឲ្យ​លើស​ពី ២០​ម៉ែត្រ​។​ប៉ុន្តែ​រយៈពេល​ពីរ​ឆ្នាំ​ជាង​មកនេះ ក្រោយ​ពី​ពួកយើងខ្ញុំ បាន​អនុវត្តន៍​តាម​ការកំណត់​ជម្រៅ​មិនឲ្យ​លើស​ពី ២០​ម៉ែត្រ គឺ​ពុំ​ទទួល​បាន​ទិន្នផល​រ៉ែ​នោះទេ​»​។​ «​ម្យ៉ាងវិញទៀត​ពួកយើងខ្ញុំ​ជា​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ គឺ​ពឹងផ្អែក​ទាំងស្រុង​លើ​មុខរបរ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ជា​ចម្បង​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ ព្រោះថា ដី​តំបន់​នោះ​ជា​តំបន់​មិន​អាច​ធ្វើ​កសិកម្ម​បាន​ទេ ជាង​នេះ​ក៏ ដើម្បីឲ្យ​មាន​ថវិកា​ចំណូល ចូល​ជាតិ និង​ចំណូល​សម្រាប់​ពលរដ្ឋ​ក្នុង​ខេត្ត​ផង​»​។​

កាលពី​ល្ងាច​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០១៨ តំណាង​ប្រជាពលរដ្ឋ​បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​មួយ​រវាង​អាជ្ញាធរខេត្ត និង​សហគមន៍​រ៉ែ​មាស​ថា «​សូម​អាជ្ញាធរ​ជួយ​ពិនិត្យ​នឹង​ដោះស្រាយ​លើ​ករណី​ក្រុមហ៊ុន​ចិន ដែល​កំពុង​ធ្វើ​កម្ម​ភាព​ជីក​ខួង​រណ្តៅ​រ៉ែ​មាស ចូល​ក្នុង​តំបន់​ដី​ប្រជាពលរដ្ឋ កាន់កាប់​រហូត​មាន​ជម្រៅ​លើសពី ១០០​ម៉ែត្រ ឲ្យ​បញ្ឈប់​សកម្មភាព​ជីក​នោះ ព្រោះ​បាន​ធ្វើឲ្យប៉ះពាល់​ដល់​ការរស់នៅ និង​កន្លែង​ជីក​រ៉ែ របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​»​។​

តំណាង​ដដែល បា​បន្តថា «​ដី​របស់​ក្រុមហ៊ុន​ចិន មាន​រហូតដល់​ទៅ​ជាង ១ ០០០​ហិច​តារ សម្រាប់​ជី​ករក​រ៉ែ​មាស តែ​ពួកគាត់​នៅតែ​ទន្ទ្រាន​ចូល​ក្នុង​ដី​សហគមន៍ ដែល​មាន​មិន​ដល់ ៥០​ហិច​តារ​ផង​នោះ តើ​ឲ្យ​អ្នកភូមិ​ដែល​មាន​ចំនួន​រាប់ពាន់​នាក់​រស់នៅ និង​ប្រកប​របរ​ចិញ្ចឹមជីវិត​ដោយ​របៀប​ណា​»?

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ប្រជា​សហគមន៍ បាន​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ចាត់វិធានការ​លើ​ក្រុមហ៊ុន​ចិន ដែល​បាន​រំលោភ​លើ​អណ្តូង របស់​សហគមន៍​ចំនួន ៤​ទីតាំង កាលពី​ឆ្នាំ​២០១៧​រហូតមក ឲ្យ​បញ្ឈប់​ការជីក​រុករក​ទៀត​។ ជាង​នេះ ក៏​ស្នើ​ឲ្យ​រ​ដ្ខ​បាល​ខេត្ត ជួយ​ពន្លឿន​ការចេញ​អាជ្ញាប័ណ្ណ​ថ្មី​ដល់​សហគមន​ន៍​រ៉ែ​មាស​ចុង​ផ្លាស់​។​

ឆ្លើយតប​ជាមួយ​អ្នកភូមិ គេ​សង្កេតឃើញថា អាជ្ញាធរខេត្ត ដែល​ដឹកនាំ​ដោយ លោក សុក សេ​រ៉ា នាយរង​សាលា​ខេត្តមណ្ឌលគិរី បាន​ត្រឹម​សន្យាថា នឹង​នាំយក​សំណើរ របស់​ប្រជាពលរដ្ឋ ដាក់ជូន​ទៅ​ថ្នាក់ដឹកនាំ​ជា​អ្នកសម្រេច ព្រោះ​អាជ្ញាធរ​គ្មាន​លទ្ធភាព​សម្រេច​លើ​ការអនុញ្ញាត​ច្បាប់ ជូន​ប្រជាពលរដ្ឋ​បាន ឬ​មិន​បាន​នោះទេ​។ ប៉ុន្តែ​អ្វីៗ​គឺ​ត្រូវ​រង់ចាំ​មើល​ការ​ច​ម្រេច​ចិត្ត​របស់​ក្រសួង និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ជាមុនសិន​។​

យ៉ាងនេះក្តី លោក តែ គីម​សាន្ត តំណាង​ឲ្យ​សហគមន៍​រ៉ែ រំពឹងទុក​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នឹង​មិន​ទុកឲ្យ​ប្រជាពលរដ្ឋ របស់​សម្តេច រស់នៅ​ដោយ​ពិបាក​ក្នុង​ការប្រកប​របរ​ចិញ្ចឹមជីវិត​ឡើយ​។ ក្នុងនាម​លោក​តំណាងឲ្យ​ប្រជាពលរដ្ឋ រស់នៅ​ក្នុង​សហគមន៍ បាន​ផ្ញើ​ក្តីសង្ឈឹ​មនឹង​ជោគវាសនា​ទាំងស្រុង របស់​ប្រជាជន​ឃុំ​ចុង​ផ្លាស់ លើ​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ជាពិសេស សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើ​ការ​អនុញ្ញា​ឲ្យ​ប្រជាជន​ក្នុង​មូលដ្ឋាន​អាចជី​ករក​រ៉ែ​មាស ឲ្យបាន​ទូលំទូលាយ​ជាបន្តទៅទៀត​នៅ​ថ្ងៃ​ខាង​មុខ​៕ ដោយ​៖ សមុទ្រ​ឈើ​

spot_img
×