ភ្នំពេញ ៖ នារីដែលគេមិនទាន់ស្គាល់អត្តសញ្ញាណ បានបង្កើតទំព័រ Youtube មួយឈ្មោះ Natural Life TV ហើយបានបង្ហាញសកម្មភាព យកសត្វព្រៃជាច្រើនប្រភេទ មកសម្លាប់ធ្វើជាមួយម្ហូបយ៉ាងស្រស់ៗជាក់តែម្តង ហើយមានសត្វខ្លះ ជាប្រភេទសត្វកម្រថែមទៀត មកបង្ហោះលើទំព័រ Youtube របស់នាង។
ជាមួយករណីនេះ បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូលខំមិនក្នុងផេកយូធូបនោះ ដោយបានសម្តែងការសោកស្តាយជាខ្លាំង និងបាននិយាយរិះគន់ ទៅលើក្មេងស្រីនោះ ។ ប្រភពហ្វេសប៊ុក បានបញ្ជាក់ថា “សែនស្តាយ សត្វត្រយ៉ងដ៏កម្រ និងជាសត្វតំណាងឲ្យកម្ពុជាណាស់ ដែលត្រូវបានសម្លាប់ ។ សត្វកម្រយ៉ាងនេះគួរណាស់ តែជួយគ្នា ថែរក្សា អភិរក្សឲ្យបានគង់វង្ស ទុកជាសម្បត្តិជាតិ។ សូមបង ប្អូនចូលរួមចំណែក ស្រឡាញ់ ថែរក្សា ការពារសម្បត្តិធម្មជាតិរបស់ខ្មែរយើង។ សូមបញ្ជាក់: Admin ក៏មិនបានដឹងពី ប្រភពច្បាស់លាស់ នៃវីដេអូនេះដែរ។ មិនដឹងថានៅស្រុកខ្មែរ ឬប្រទេសគេ តែបើតាមរូបភាពវីដេអូ អាចជាទេសភាព ស្រុកខ្មែរយើងដែរ ដូច្នេះខ្ញុំក៏សម្រេចចិត្ដផុស ដើម្បីបងប្អូនប្រជាពលរដ្ឋបានឃើញ និង ទុកជា ការពិចារណាទាំងអស់គ្នា។ ចំណែកបណ្តាញសង្គមួយទៀង ក៏បានបញ្ចេញមតិផងដែរថា ស្រុកខ្មែរយើងមិចបានជាសំបូរពូជមនុស្សបំផ្លាញជាតិម្ល៉េះ ព្រៃឈើ សត្វព្រៃ បឹង ទន្លេ បំផ្លាញចង់អស់ហើយ ខ្ញុំតាំងពីកើតមក មិនដែលបានស្គាល់សត្វចឹងៗទេ មើលទៅគ្មានវាសនាស្គាល់ទេ ព្រោះគេកំពុងសម្លាប់”។
ទាក់ទងនឹង រូបភាព និងវីដេអូ ដែលនារីម្នាក់ សម្លាប់សត្វព្រៃជាច្រើនប្រភេទ យកធ្វើជាម្ហូប មានទាំងចង្ក្រានកំពុងដុតភ្លើងក្តៅៗ ហើយបង្ហោះតាម Youtube បាននាំឲ្យមានការចាប់អារម្មណ៍ និងរិះគន់យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គម Facebook និងទាមទារឲ្យមានចំណាត់ការទៅលើសកម្មភាពរបស់នារីវ័យក្មេងរូបនេះផងដែរ។
លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងឲ្យដឹងថា ក្រសួងបរិស្ថានបានទទួលព័ត៌មាននេះអស់ហើយ ហើយក៏កំពុងប្រមូលព័ត៌មានបន្ថែមទៀតជុំវិញករណីនេះ។ ករណីនេះ គឺលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាឲ្យចាត់វិធានការបន្ទាន់តែម្តង។
លោក សៅ សុភាព បានបញ្ជាក់ថា “ជាគោលការណ៍មក គឺលោករដ្ឋមន្ត្រី គាត់បានបញ្ជាឲ្យចាត់វិធានការបន្ទាន់ហើយ។ យើងនឹងប្រមូលព័ត៌មាន ហើយយើងនឹងហៅគាត់មកអប់រំណែនាំ ហើយប្រសិនបើរកឃើញថា ការសម្លាប់សត្វនេះមានកម្រិតធ្ងន់ធ្ងរនឹងឈានទៅចាត់ការតាមច្បាប់របស់ក្រសួងថែមទៀតផង”។
លោក សៅ សុភាព ៖ មិនត្រឹមតែចាត់វិធានការចំពោះនារីរូបនេះនោះទេ ក្រសួងបរិស្ថាន ក៏នឹងស្នើទៅខាង Youtube ដើម្បីដកវីដេអូទាំងនេះចេញពី Youtube ថែមទៀតផង។
សូមបញ្ជាក់ថា នារីដែលគេមិនទាន់ស្គាល់អត្តសញ្ញាណរូបនេះ បានបង្កើតទំព័រ Youtube មួយឈ្មោះ Natural Life TV ហើយបានបង្ហាញសកម្មភាពយកសត្វព្រៃជាច្រើនប្រភេទ មានសត្វខ្លះជាប្រភេទសត្វកម្រថែមទៀតមកបង្ហោះលើទំព័រ Youtube របស់នាង។ ការបង្ហោះនេះ គឺមានគោលបំណងស្វែងរកការមើលឲ្យបានច្រើន ដើម្បីទទួលបានថវិកានៃការផ្សព្វផ្សាយពាណិជ្ជកម្មនានាតាមរយៈក្រុមហ៊ុន Google៕ ដោយ ៖ បញ្ញាស័ក្តិ