Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សព្វផ្សាយ​ទេសចរណ៍​ឥណ្ឌា នៅ​កម្ពុជា និង​ស្នើ​ឲ្យមាន​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​កម្ពុជា​ឥណ្ឌា​

spot_img

​​ភ្នំពេញ​៖ ក្រសួង​ទេសចរណ៍​កម្ពុជា និង​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា បាន​រៀបចំ​កម្មវិធី​សន្និសីទ​ផ្សព្វផ្សាយ​ទេសចរណ៍​ឥណ្ឌា នៅ​កម្ពុជា Incredible India Road Show 2018 ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​បន្ថែមទៀត ជាពិសេស​ស្នើ​ឲ្យមាន​ការតភ្ជាប់​ជើងហោះហើរ​ត្រង់ គឺជា​គន្លឹះ​ក្នុង​ការដោះស្រាយ​បញ្ហា នៃ​ការធ្វើ​ដំណើរ​របស់​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ​។​

​សន្និសីទ​ផ្សព្វផ្សាយ​ទេសចរណ៍​ឥណ្ឌា​នៅ​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ណាហ្គា​វើល​​មាន​​ការ​ចូល​​រួម​​​ពី​ក្រុមហ៊ុន​ទេសចរណ៍​មក​ពី​ឥណ្ឌា​ចំនួន ១៥​ក្រុមហ៊ុន និង​ក្រុមហ៊ុន​ទេសចរណ៍ និង​អាកាសចរណ៍​កម្ពុជា​ចំនួន ៧៩​ក្រុមហ៊ុន​បាន​មកជួប​ជុំ​គ្នា​ពិភាក្សា និង​ចាប់​ដៃគូ​ក្នុងការ​ធ្វើ​ធុរកិច្ច​ទេសចរណ៍​ជាមួយគ្នា ដើម្បី​រៀបចំ​កញ្ចប់​ទស្សនកិច្ច សម្រាប់​ទេសចរ​ទៅ​ទស្សនា​ឥណ្ឌា និង​ទេសចរ​ឥណ្ឌា​មក​ទស្សនា​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ច្រើន​បន្ថែមទៀត ក្រោម​វត្តមាន​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោកស្រី Rashmi Verma រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ឥណ្ឌា និង​លោកស្រី Manika Jain ឯកអគ្គរដ្ឋទូត​ឥណ្ឌា​នៅ​កម្ពុជា​។​

​កាលពី​ឆ្នាំ​២០១៦ ក្រោម​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​ការផ្លាស់ប្ដូរ និង​ផ្សព្វផ្សាយ​វប្បធម៌​ជាមួយគ្នា តាមរយៈ​ក្រសួង​ទេសចរណ៍ និង​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា ដោយ​បាន​រៀបចំ​ការសម្ដែង​សិល្បៈ​រាមាយណៈ ដោយ​ជោគជ័យ និង​បាន​រៀបចំ​ព្រឹត្តិការណ៍​យោ​ហ្គា (Yoga) ជា​រៀងរាល់ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​២០១៥ មកដល់​បច្ចុប្បន្ន​។ ឆ្នាំ​នេះ​ព្រឹត្តិការណ៍​យោ​ហ្គា នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​១៦ និង​១៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ និង​បាត់ដំបង ។​

​វិស័យ​ទេសចរណ៍ ជា​មាស​បៃតង ក៏​មាន​ការរីកចម្រើន​គួរ​ជាទី​មោទនៈ ហើយ​កំពុង​ក្លាយ​ជា​វិស័យ​អាទិភាព​ដ៏​សំខាន់​មួយ ក្នុង​ការកសាង​សេដ្ឋកិច្ចសង្គម ជាក់ស្តែង​ឆ្នាំ​២០១៧ កន្លងទៅ កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប​ចំនួន ៥,៦​លាន​នាក់ កើនឡើង​១១,៨​ភាគរយ ក្នុងនោះ​ទេសចរ​ឥណ្ឌា​មាន​ចំនួន​ជិត​៦​ម៉ឺន​នាក់ កើនឡើង​២៩,១​ភាគរយ ដោយឡែក​សម្រាប់​៣ ខែ​ដើមឆ្នាំ​២០១៨ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ចំនួន​ជាង​១,៧ លាន​នាក់ កើន​១៣,៩​ភាគរយ ក្នុងនោះ​ទេសចរ​ឥណ្ឌា​មាន​ចំនួន​ជាង ១​ម៉ឺន ៦​ពាន់​នាក់ កើនឡើង​១៧​ភាគរយ​។ ឆ្នាំ​២០១៨​នេះ កម្ពុជា​រំពឹង​នឹង​ទទួល​ទេសចរ​ឥណ្ឌា ប្រមាណ ៨ ម៉ឺន​នាក់​។ តាម​ការប៉ាន់ស្មាន នៅ​ឆ្នាំ​២០២០ កម្ពុជា​រំពឹងថា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិ ប្រមាណ​៧​លាន​នាក់ ហើយ​នៅ​ឆ្នាំ​២០២៥ ទទួល​បាន​ប្រមាណ​១០​លាន​នាក់ និង​នៅ​ឆ្នាំ​២០៣០ ប្រមាណ​១៥ លាន​នាក់ ដែល​នឹង​បង្កើត​ចំណូល​ជូន​ជាតិប្រមាណ​៥​ពាន់​លាន​ដុល្លារ បង្កើត​ការងារ​ប្រមាណ​ជាង​១​លាន​នាក់​។​

​លោក​រដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ទន្ទឹម​នឹង​ការកើនឡើង​ទេសចរ​ឥណ្ឌា​មក​កម្ពុជា ក្នុងនោះ​យើង​ឃើញថា ទេសចរ​កម្ពុជា​ដែល​ធ្វើដំណើរ​ទៅកាន់​ឥណ្ឌា ក៏​មាន​ចំនួន​កើនឡើង​គួរឲ្យ​កត់សម្គាល់​ផង​ដែរ ដោយ​ក្នុង​នោះ​ភាគច្រើន​ជា​ទេសចរ​បែប​សាសនា និង​សុខភាព​។ ដោយឡែក​ទេសចរ​ឥណ្ឌា​ដែល​មក​កម្ពុជា ភាគច្រើន​ជា​ទេសចរ MICE រួម​មាន​ទេសចរ​អាពាហ៍ពិពាហ៍ និង​ទេសចរ​បែប​សាសនា​។ ឥណ្ឌា​គឺជា​ទីផ្សារ​ដ៏​ធំ​មួយ​សម្រាប់​កម្ពុជា ក្រសួង​ទេសចរណ៍​កម្ពុជា និង​ក្រុម​សិល្បករ សិល្បការិនី​ចូលរួម សកម្មភាព​ផ្សព្វផ្សាយ​នានា​ជាច្រើន​ទៀត ដូចជា ចូលរួម Roadshow ចូលរួម​ពិព័រណ៍​ទេសចរណ៍ និង​រៀបចំ​ទទួល​ទស្សនកិច្ច FAM Trip ផងដែរ​។ ព្រម​ជាមួយ​នេះ​ក្រសួង​ទេសចរណ៍ នឹង​ជំរុញ​ទេសចរណ៍​សាសនា​រវាង​ប្រទេស​ទាំំង​ពីរ​ផង​ដែរ​។​

​លោក​រដ្ឋមន្ត្រី បាន​សំណូមពរ​ឲ្យមាន​ការតភ្ជាប់​ជើងហោះហើរ​ត្រង់ គឺជា​គន្លឹះ​ក្នុង​ការដោះស្រាយ​បញ្ហា នៃ​ការធ្វើ​ដំណើ​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។ ដូច​ច្នេះ​សូម​ស្នើ​សុំឲ្យ​មាន​ការហោះហើរ​ត្រង់ រវាង​គោលដៅ​ទាំងពីរ ឲ្យបាន​កាន់តែ​ឆាប់ ព្រោះ​ការតភ្ជាប់​ក្នុង​តំបន់​រវាង​ឥណ្ឌា និង​អាស៊ាន និង​គោលនយោបាយ​ឆ្ពោះ ទៅ​ទិស​ខាងកើត​នៃ​ប្រទស​ឥណ្ឌា ដោយ​គំរោង​ផ្លូវ​ល្បឿន​លឿន​ពី​ឥណ្ឌា​មក​ប្រទេស​ថៃ បាន​និង​ចាប់ផ្តើម​សាងសង់ ប៉ុន្តែ​កម្ពុជា​មិន​ស្ថិត​ក្នុង​គំរោង​នេះ​ទេ ដូចនេះ​ដើម្បី​ជំរុញ​កំណើន​លំហូរ​ទេសចរ​រវាង​កម្ពុជា និង​ឥណ្ឌា ការតភ្ជាប់​ជើងហោះហើរ​ត្រង់​គឺជា​កត្តា​គន្លឹះ​ជា​យុទ្ធសាស្ត្រ និង​សូម​ស្នើ​ឲ្យមាន​ការហោះហើរ​ត្រង់ រវាង​គោលដៅ​ទាំង​ពីរ​ឲ្យបាន​កាន់តែ​ឆាប់​។ ក្រសួងទេសចរណ៍​នឹង​សហការ​ជាមួយ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​ជំរុញ​ក្រុមហ៊ុន​អាកាសចរ​នៅ​កម្ពុជា​ចាប់ផ្តើម​ភ្ជាប់​ការហោះហើរ​ពី​កម្ពុជា​ទៅ​ឥណ្ឌា​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×