Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​សេដ្ឋកិច្ច ពិគ្រោះ​យោបល់ អំពី សេដ្ឋកិច្ច​ឌីជីថល និង​សហគ្រិនភាព​និង​នវានុវត្តន៍​

spot_img

​​ភ្នំពេញ​ ៖​ សិក្ខាសាលា “​សេដ្ឋកិច្ច​ឌីជីថល និង​សហគ្រិនភាព និង​នវានុវត្តន៍​” ជា​ឱកាស​ផង និង​ជា​លំ​ហាត់​មួយ​ផង ក្នុង​ការរៀនសូត្រ និង​ផ្លាស់ប្តូរ​ចំណេះដឹង ក៏ដូចជា ការប្រមែប្រមូល​ធាតុ​ចូល សម្រាប់​ឱ្យ​កម្ពុជា​ធ្វើ​ការគិតគូរ អំពី​ទស្សនាទាន បញ្ហា​ប្រឈម កាលានុវត្តន៍​ភាព យន្តការ និង​អាទិភាព​គោលនយោបាយ​ដែល​គួរ​ដាក់​ចេញ សម្រាប់​ត្រៀម​ខ្លួន​អនុវត្ត​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា នៅក្នុង​ក្របខ័ណ្ឌ នៃ​កិច្ចដំណើរការ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច ដែល​ធ្វើឡើង នៅ​ថ្ងៃ​ពុធ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​លោក វង្សី វិស្សុត រដ្ឋលេខាធិការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ជា​អធិបតីភាព ក្នុង​អង្គ​សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ បាន​ថ្លែងថា ទស្សនាទាន បញ្ហា​ប្រឈម កាលានុវត្តន៍​ភាព យន្តការ និង​អាទិភាព​គោលនយោបាយ​ដែល​គួរ​ដាក់​ចេញ សម្រាប់​ត្រៀម​ខ្លួន​អនុវត្ត​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា នៅក្នុង​ក្របខ័ណ្ឌ នៃ​កិច្ចដំណើរការ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច ឆ្ពោះទៅ​រក​គោលដៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ កម្ពុជា​ក៏​ត្រូវ​លើកកម្ពស់​សហគ្រិនភាព និង​នវានុវត្តន៍​ផងដែរ ដើម្បី​បង្កើន​ទ្រព្យសម្បត្តិ តម្លៃ និង​ការងារ​នៅក្នុង​សេដ្ឋកិច្ច​កម្ពុជា​បន្ថែម​ទៀត​។​

​ជារួម កម្ពុជា​សម្រេចបាន​នូវ​សមិទ្ធកម្ម​ល្អប្រសើរ ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម នៅក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​កន្លងមកនេះ ប៉ុន្តែ​ដើម្បី​អាច​ធានា​រក្សា​បាន​នូវ​ច​លន​ការ នៃ​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់​៧% ក្នុង​រយៈពេល​វែង​បាន​ត​ទៅ​មុខ​ទៀត កម្ពុជា​ត្រូវ​មាន​ការគិតគូរ​ថ្មី ដោយសារ​សេដ្ឋកិច្ច​មាន​ការអភិវឌ្ឍ​ដល់​កម្រិត​មួយ​ថ្មី ដែល​ខុស​ពី​២០​ឆ្នាំ​កន្លង​ទៅ​។​

​លោក វង្សី វិស្សុត បាន​បន្តថា សេដ្ឋកិច្ច​ឌីជីថល គឺជា​សេដ្ឋកិច្ច​មួយ​ដែល​ពឹងផ្អែក​ទៅលើ​បច្ចេកវិទ្យា​ឌីជីថល ដែល​បច្ចេកវិទ្យា​ឌីជីថល​នេះ នឹង​ជះ​ឥទ្ធិពល​ដល់​ការផលិត​ទំនិញ និង​សេវា ការ​ចែកចាយ និង​ការផ្គត់ផ្គង់ រួមទាំង​ការប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផងដែរ​។ ការចាប់យក​បច្ចេកវិទ្យា​ឌីជីថល​នេះ នឹង​ក្លាយ​ជា​កត្តា​គន្លឹះ និង​កត្តា​កំណត់​ចាញ់ឈ្នះ នៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ហើយ​ប្រទេស​ណា ដែល​មាន​សមត្ថភាព ចាប់​យក​បច្ចេកវិទ្យា​នេះ​បាន​ល្អ​ប្រសើរ​ជាង​គេ ប្រទេស​នោះ​នឹង​ក្លាយជា​អ្នកឈ្នះ​នៅក្នុង​ល្បែង​នេះ​។ ក្នុងន័យនេះ កម្ពុជា​យើង​ត្រូវ​រួមដៃគ្នា ទាំង​ជា​ស្ថាប័ន ទាំង​ជា​ធនធានមនុស្ស ដើម្បី​ពន្លឿន​ការអភិវឌ្ឍ​ឌីជីថល​នៅ​កម្ពុជា​ឱ្យ​អាច​រត់​ទាន់​គេ​នៅក្នុង​តំបន់​។ ដោយឡែក ពាក់ព័ន្ធ​នឹង បញ្ហា​សហគ្រិនភាព​វិញ គឺ​កន្លងមក​រាជរដ្ឋាភិបាល​បាន​ជួយ​ទ្រទ្រង់​ដល់​វិស័យ​នេះ​ជា​បន្តបន្ទាប់​។​

​តែ​រាជរដ្ឋាភិបាល​ប្រកាន់យក​នូវ​គោលការណ៍​ទីផ្សារ ហើយ​នឹង​មិន​ធ្វើ​អន្តរាគមន៍​ណាមួយ ដែល​ធ្វើឱ្យ​ខូច​ទៅដល់​គោលការណ៍​ទីផ្សារ​នោះទេ​។ នៅក្នុង​រយៈពេល​ខ្លី និង​វែង​ទៅមុខ​, ក្រៅ​ពី​ការបង្កើត​មូលនិធិ​គាំទ្រ​សហគ្រិនភាព និង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស​ហ​គ្រិន​ភាព រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​យន្តការ​គាំទ្រ​ជា​កញ្ចប់​ផ្សេងទៀត សម្រាប់​គាំទ្រ​ដល់​សហគ្រិនភាព ដូចជា​៖

​ការបង្កើត​ធនាគារ​សហគ្រាស​ធុន​តូច​និង​មធ្យម (SME Bank) ការបង្កើត​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​រីកចម្រើនរ​បស់ SME ការគិតគូរ​ទៅ​ដល់​ការកាត់បន្ថយ​ថ្លៃដើម នៅក្នុង​ការធ្វើ​ធុរកិច្ច​របស់ SME តាមរយៈ​ការកាត់បន្ថយ​ថ្លៃ​អគ្គិសនី និង​ដឹកជញ្ជូន រួម​ទាំង​ចំណាយ​លើ​បែបបទ​ច្បាប់ទម្លាប់ និង​ពន្ធដារ ព្រមទាំង​ប្រព័ន្ធ​នៃ​ការផ្លាស់ប្តូរ រំលែក​ចំណេះដឹង ជំនាញ ប​ច្ចក​វិទ្យា និង​បទពិសោធន៍​ផងដែរ​។​

​តាមរយៈ​ការធ្វើ​បទ​បង្ហាញ និង​មតិ​ពិភាក្សា​របស់​អង្គសិក្ខាសាលា​បាន​បង្ហាញឱ្យឃើញថា មូលដ្ឋាន​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​គាំទ្រ​ដល់​ការអនុវត្ត​សេដ្ឋកិច្ច ឌីជីថល​នៅ​កម្ពុជា​កំពុង​វិវឌ្ឍន៍ ទៅ​មុខ​ជា​បណ្តើរៗ ដោយ​ក្នុង​នោះ កម្ពុជា​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ទូរស័ព្ទ​ចល័ត និង​មាន​សេវា​អ៊ី​ន​ធើ​ណែ​ត​សមល្មម​សម្រាប់ គាំទ្រ​ដល់​សេដ្ឋកិច្ច​ឌីជីថល​។​

​មូលដ្ឋាន​នេះ​បាន​បង្កើត​ឱកាស​សម្រាប់​អាជីវកម្ម​ថ្មីៗ និង​ការច្នៃប្រឌិត​មួយចំនួន រួម​ទាំង​សហគ្រិនភាព​ឱ្យមាន​ការរីកចម្រើន​ជា​បណ្តើរៗ ស្រប​នឹង​និន្នាការ​ប្រទេស​ក្នុង​តំបន់​។ ក៏ប៉ុន្តែ​សមត្ថភាព​ចាប់យក និង​សកម្មភាព​នៃ​ការប្រើប្រាស់ បច្ចេកវិទ្យា​ឌីជីថល​នេះ​នៅមានកម្រិត​ទាប​នៅឡើយ មិន​ថា​នៅក្នុង​វិស័យ​សាធារណៈ ឬ​នៅក្នុង​វិស័យ​ឯកជន​ទេ​។ ទន្ទឹមនឹងនេះ​ការទទួលយក​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត ជំនាន់​ក្រោយ​មាន​ភាពយឺតយ៉ាវ ហើយ​ការទទួលយក​សេវា 4G វិញ កាន់តែ​មាន​អត្រា​ទាប​ថែមទៀត​។​

​ដោយឡែក អាត្រា​នៃ​ការប្រើប្រាស់​សេវា​អ៊ី​ន​ធើ​ណែ​ត​អចល័ត ដែល​អាច​មាន​សមត្ថភាព​បញ្ជូន​ទិន្នន័យ​ធំៗ​វិញ នៅ​មាន​កម្រិត​ទាប​នៅឡើយ​។ ម្យ៉ាងវិញទៀត ការវិនិយោគ​ដោយ​វិស័យ​ឯកជន ក្នុង​បច្ចេកវិទ្យា​ឌីជីថល​នេះ ក៏​មាន​ការយឺតយ៉ាវ​ផងដែរ ដែល​ឆ្លុះបញ្ចាំង​ពី​សម្ពាធ​នៃ​ការប្រកួតប្រជែង និង​បរិយាកាស វិនិយោគ ស្របពេល​ដែល​ការទទួលយក​បច្ចេកវិទ្យា​ឌីជីថល ដោយ​មជ្ឈដ្ឋាន​ធនាគារ​ហាក់​មាន​កម្រិត​ទាប​នៅឡើយ​។ លើសពីនេះ​ទៀត ការយល់ដឹង​អំពី​បច្ចេកវិទ្យា​ឌីជីថល​នៅក្នុង​ចំណោម​ប្រជាជន ជាពិសេស​នៅ​ទីជនបទ​នៅមានកម្រិត​ទាប​នៅឡើយ ក្នុងខណៈដែល​ការអប់រំ​ផ្នែក​នេះ នៅ​មាន​បរិមាណ​តិចតួច​នៅឡើយ​។ ក្នុងន័យនេះ ការយកចិត្តទុកដាក់ គួរតែ​ផ្តល់​អាទិភាព​លើ​រៀបចំ និង​ការវិនិយោគ​បន្ថែម​លើ​ហេ​ដ្ឋា​រចនាសម័ន្ធ​ឌីជីថល ព្រមទាំង​ការរៀបចំ និង​កែលំអរ​ក្របខ័ណ្ឌ​ច្បាប់​ចាំបាច់​នានា រួម​ទាំង​ការលើកទឹកចិត្ត​ផ្នែក​សារពើពន្ធ សម្រាប់​គាំទ្រ​ដល់​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×