Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​ឆ្នាំ​២០១៧ គម្រោង​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​៤៧​គម្រោង ទុនវិនិយោគ​៤៨៤​លាន​ដុល្លារ​

spot_img

​​ភ្នំពេញ ​៖ ក្នុង​ឆ្នាំ​២០១៧ គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បាន​សម្រេច​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ធ្វើ​ការវិនិយោគ​លើ​គម្រោង​ថ្មី​ចំនួន​៤៧ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​១១ ដែល​មាន​ទុន​វិនិយោគ​សរុប ៤៨៤​លាន​ដុល្លារ​អាមេរិក និង​ដែល​អាច​បង្កើត​ការងារ​បាន​ចំនួន ១៧.២៧៨​កន្លែង លើ​វិស័យ​មួយចំនួន​រួមមាន​៖ ការ​ដំឡើងរថយន្ត ម៉ូតូ កង់ ការផលិត​គ្រឿង​បង្គុំ​រថយន្ត គ្រឿងបន្លាស់​បរិក្ខារ​ពេទ្យ ម៉ូទ័រ​ខ្នាតតូច ម៉ាស៊ីន​ក្រឡឹង​គ្រប់​ប្រភេទ ឧបករណ៍​អគ្គិសនី សម្ភារៈ​ក្មេង​លេង សម្ភារៈ​កីឡា សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ និង​អាហារ​បំប៉ន​។​

​ក្នុង​វេទិកា​ចែករំលែក​បទពិសោធន៍​ស្តីពី កិច្ច​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ទីក្រុង​សិន​ជិន ដែល​រៀបចំឡើង​នៅ​វិមាន​រដ្ឋភិបាល​វត្ត​ភ្នំ នៅ​រសៀល​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៨ ​លោក នុត អ៊ុន​វ័ណរ៉ា អគ្គលេខាធិការរង​គណៈ​កម្មា​ធិ​ការវិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​លើកឡើង​ថា ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​អភិក្រម​សំខាន់​មួយ គឺ ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ត្រូវបាន​ចាត់ទុក​ថា ជា​យន្តការ​មួយ ក្នុងការ​កៀរគរ​វិនិយោគ​ផ្ទាល់​ពី​បរទេស និង​វិនិយោគឯកជន​ក្នុងស្រុក ដើម្បី​ដើរ​តួនាទី​បង្កើត​ការងារ​ជូន​ប្រជាជន និង​ជំរុញ​ការនាំចេញ​។

ក្នុង​នាម​ថ្នាក់ដឹកនាំ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ធ្វើ​ការគូសបញ្ជាក់​ពី​សារសំខាន់​នៃ​ការរៀបចំ​វេទិកា​នេះ ឡើង​ដែល​បាន​ផ្ដល់​ឱកាស​ដល់​អ្នក​ចូលរួម​ទាំងអស់ បាន​ទទួល​នូវ​ការចែករំលែក​បទពិសោធ​ន៍ ក្នុង​កិច្ចការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស ពី​អ្នកជំនាញ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​មាន​ភាព​ជោគជ័យ​បំផុត​របស់​ចិន គឺ​តំបន់​សេដ្ឋកិច្ច​ពិសេស​សិន​ជិន ដើម្បី​ស្វែងយល់​ពី​បទពិសោធន៍​ល្អៗ កត្តា​គួរ​ជៀងវាង​ផ្សេងៗ ក៏ដូចជា​ការទទួលបាន​នូវ​ពុទ្ធិ​ថ្មី និង​យុទ្ធសាស្ត្រ​គន្លឹះ​សម្រាប់​យកមក​អភិវឌ្ឍ​តំបន់ សេដ្ឋកិច្ច​ពិសេស​កម្ពុជា ជំរុញ​និង​ទាក់ទាញ​វិនិយោគិន​ចិន​ឱ្យ​មក​បណ្តាក់ទុន​បន្ថែម ព្រមទាំង​ចូលរួម​ពង្រឹង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ភាព​ជា​ដៃគូ​រវាង​ប្រទេស​កម្ពុជា និង​ចិន។​

​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​នូវ អនុក្រឹត្យ​ស្តីពី​ការបង្កើត និង​ការគ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស តាំងពី​ឆ្នាំ​២០០៥ ដែល​មក​ទល់​បច្ចុប្បន្ន​កម្ពុជា មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៣២ ត្រូវបាន​បង្កើតឡើង​ដោយ​អនុក្រឹត្យ និង​បាន​ផ្តល់​ឱកាស​ការងារ ដល់​ប្រជាពលរដ្ឋ​ចំនួន ១០៤.២៤១​នាក់​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×