ភ្នំពេញ ៖ អធិការនគរបាលខណ្ឌជ្រោយចង្វា បានបញ្ជាក់ថា ករណីខ្មែរឥស្លាមទាំង៤នាក់ ដែលរងការចោទប្រកាន់ថា បាននាំបក្ខពួកជាច្រើននាក់ ជិះទូកជាច្រើនគ្រឿងមកលួចកាត់ស្ពានដែកបេឡេឆ្លងកាត់ទន្លេសាប ដែលទើបសម្ពោធថ្មីៗនោះ ត្រូវបានដោះលែងឲ្យមានសេរីភាព និងវិលត្រឡប់ទៅផ្ទះវិញអស់ហើយ ដោយគ្មានការចោទប្រកាន់ សរសេរឯកសារសំណុំរឿងនោះទេនៅល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ។
លោក សៀម សត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វាបានថ្លែងថា មិនមានពាក្យបណ្ដឹងណាមួយនោះទេ ហើយដែកទាំងនោះ ក្រុមហ៊ុន OCIC ប្រមូលយកទៅវិញអស់ហើយ ។ បុរសខ្មែរឥស្លាមទាំង៤នាក់ ដែលមុជទឹករាវយកដែកសំណល់ពីការសាងសង់ស្ពានបេឡេ ហើយដែលនាំឲ្យមានភាន់ច្រឡំពេញទឹកពេញដីថា មានចោរទៅលួចកាត់ដែកស្ពានបេឡេនោះ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ។
លោកអធិការ បានបន្តថា ការដោះលែងឲ្យទៅផ្ទះវិញនេះ ដោយសារតែមិនមានពាក្យបណ្ដឹងណាមួយនោះទេ ហើយណាមួយរដ្ឋបាលសាលារាជធានីភ្នំពេញ ក៏បានស្នើឲ្យមានការដោះលែង និង មានអ្នកធានាផងដែរ ទើបខាងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា សម្រេចដោះលែងពួកគាត់ឲ្យទៅវិញដោយគ្មានលក្ខខណ្ឌអ្វីឡើយ ហើយដែកទាំងអស់ ដែលគេប្រមូលនោះ ត្រូវបានក្រុមហ៊ុន អូស៊ីអាយស៊ី ប្រមូលយកទៅវិញអស់ហើយ។ លោកបញ្ជាក់ថា ខ្មែរឥស្លាមទាំង៤នាក់ ក៏បានធ្វើកិច្ចសន្យា។
នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះ ទាំងអាជ្ញាធរ និងក្រុមហ៊ុន OCIC បានចេញមកបន្តប្រកាសឲ្យប្រជាពលរដ្ឋ ឈប់យល់ច្រឡំតទៅទៀតថា មានក្រុមចោរលួចទៅកាត់ដែកស្ពានបេឡេ ដែលទើបសម្ពោធដាក់ឲ្យប្រើប្រាស់ តាមពិតគ្មានទាល់តែសោះ ចំពោះហេតុការណ៍នេះ គឺមានមនុស្សមួយក្រុមដែលជាអ្នករើសអេតចាយ ទៅរើសកម្ទេចកម្ទីដែក នៅសេសសល់ពីការដ្ឋានស្ពានបេឡេ។
ចំណែករដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏បានប្រកាសថា “ដោយទទួលបានព័ត៌មាន ពីករណីលួចកាត់យកដែក នៅក្រោមស្ពានបេឡេឫស្សីកែវ នៅព្រឹកថ្ងៃទី៩ខែឧសភាឆ្នាំ២០១៨នេះ ក្រុមវិស្វករមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងវិស្វករការដ្ឋានរបស់ក្រុមហ៊ុន OCIC បានចុះពិនិត្យតួស្ពាននៅទីតាំងកន្លែងកើតហេតុ ឃើញថា មានករណីប្រជាពលរដ្ឋជិះទូកមកយកដែកដែលសេសសល់ពីការសំអាតការដ្ឋាន និងដែកការពារសុវត្ថិភាពការដ្ឋានក្នុងពេលសាងសង់កន្លងមក ដែលការដ្ឋានកំពុងរុះរើសំអាតដឹកចេញ ។ ចំពោះដែកបេឡេតួស្ពានទាំងមូល គឺមិនមានការបាត់បង់ ឬប៉ះពាល់ដល់គ្រោងដែកសំណង់ស្ពានឡើយ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជ្រាប និងសូមអញ្ជើញធ្វើចរាចរឆ្លងកាត់ជាធម្មតា”។
សូមបញ្ជាក់ថា នៅពាក់កណ្ដាលអាធ្រាត្រថ្ងៃទី៨ខែឧសភា មានការភ្ញាក់ផ្អើលមួយបានកើតឡើង ថាមានចោរមួយក្រុមធំជាខ្មែរឥស្លាម មានគ្នាយ៉ាងហោចណាស់ពី៣០ទៅ៥០នាក់ នាំគ្នាជិះទូកប្រមាណជា២០គ្រឿង មកលួចកាត់ដែកតួស្ពានបេឡេ ដែលសាលារាជធានីភ្នំពេញ ទើបតែសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ។ សមត្ថកិច្ចរកឃើញ និងសង្ស័យចុះអន្តរាគមន៍ឃាត់ខ្លួន៤នាក់ ទូក៣គ្រឿង និងម៉ូតូ១គ្រឿង ដើម្បីយកទៅសាកសួរជាច្រើនម៉ោង បានរកឃើញថា ពួកគេទាំងនោះ បានឆ្លៀតឱកាសមករើសកម្ទេចដែកស្ពាន ដែលនៅសេសសល់ ។
នារសៀលថ្ងៃអង្គារទី៨ ខែឧសភា ឆ្នាំ២០១៨ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មីមួយទៀតរបស់រាជធានីភ្នំពេញ គឺស្ពានដែកបេឡេឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដោយតភ្ជាប់រវាងផ្លូវជាតិលេខ៥ ចំណុចឃ្លាំងសាំងសូគីមិច ខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ តំបន់អភិវឌ្ឍន៍ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ សូមបញ្ជាក់ផងដែរថា ស្ពានបេឡេថ្មីនេះ មានទទឹងប្រវែង ១២ម៉ែត្រ និងបណ្ដោយប្រវែង ៦៥៥ម៉ែត្រ ហើយមិនអនុញ្ញាតឱ្យមធ្យោបាយទាំងឡាយណាដែលមានកម្ពស់លើសពី ២,៨ម៉ែត្រ និងទម្ងន់លើសពី៥តោន ឆ្លងកាត់បានឡើយ៕ ដោយ៖បញ្ញាស័ក្តិ