Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​លួច​កាត់​ដែក​ស្ពា​បេឡេ ដោះលែង​ខ្មែរឥស្លាម​ទាំង​៤​នាក់​ដោយ​គ្មាន​លក្ខខណ្ឌ​

spot_img

​ភ្នំពេញ​ ៖​ អធិការ​នគរបាល​ខណ្ឌ​ជ្រោយចង្វា បានបញ្ជាក់​ថា ករណី​ខ្មែរឥស្លាម​ទាំង​៤​នាក់ ដែល​រង​ការចោទប្រកាន់​ថា បាន​នាំ​បក្ខពួក​ជាច្រើន​នាក់ ជិះទូក​ជាច្រើន​គ្រឿង​មក​លួច​កាត់​ស្ពានដែក​បេឡេ​ឆ្លងកាត់​ទន្លេសាប ដែល​ទើប​សម្ពោធ​ថ្មីៗ​នោះ ត្រូវបាន​ដោះ​លែងឲ្យ​មាន​សេរីភាព និង​វិលត្រឡប់​ទៅ​ផ្ទះ​វិញ​អស់ហើយ ដោយ​គ្មាន​ការចោទប្រកាន់ សរសេរ​ឯកសារ​សំណុំរឿង​នោះ​ទេ​នៅ​ល្ងាច​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០១៨ ។​

​លោក សៀម សត្ថាវុធ អធិការ​នគរបាល​ខណ្ឌ​ជ្រោយចង្វា​បាន​ថ្លែងថា មិន​មាន​ពាក្យបណ្ដឹង​ណាមួយ​នោះ​ទេ ហើយ​ដែក​ទាំងនោះ ក្រុមហ៊ុន OCIC ប្រមូល​យក​ទៅ​វិញ​អស់ហើយ ។ បុរស​ខ្មែរឥស្លាម​ទាំង​៤​នាក់ ដែល​មុជទឹក​រាវ​យក​ដែក​សំណល់​ពី​ការសាងសង់​ស្ពាន​បេឡេ ហើយ​ដែល​នាំឲ្យ​មាន​ភាន់ច្រឡំ​ពេញ​ទឹក​ពេញ​ដី​ថា មាន​ចោរ​ទៅ​លួច​កាត់​ដែក​ស្ពាន​បេឡេ​នោះ ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ​ហើយ​។

​លោក​អធិការ បាន​បន្តថា ការដោះលែង​ឲ្យទៅ​ផ្ទះ​វិញ​នេះ ដោយសារតែ​មិន​មាន​ពាក្យបណ្ដឹង​ណាមួយ​នោះទេ ហើយ​ណាមួយ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ក៏​បាន​ស្នើ​ឲ្យមាន​ការដោះលែង និង មាន​អ្នកធានា​ផងដែរ ទើប​ខាង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា សម្រេច​ដោះលែង​ពួកគាត់​ឲ្យទៅ​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ឡើយ ហើយ​ដែក​ទាំងអស់ ដែល​គេ​ប្រមូល​នោះ ត្រូវបាន​ក្រុមហ៊ុន អូ​ស៊ី​អាយ​ស៊ី ប្រមូល​យក​ទៅ​វិញ​អស់ហើយ​។ លោក​បញ្ជាក់ថា ខ្មែរឥស្លាម​ទាំង​៤​នាក់ ក៏​បាន​ធ្វើ​កិច្ចសន្យា​។​

​នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ទាំង​អាជ្ញាធរ និង​ក្រុមហ៊ុន OCIC បាន​ចេញ​មក​បន្ត​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ ឈប់​យល់ច្រឡំ​តទៅទៀត​ថា មាន​ក្រុមចោរ​លួច​ទៅ​កាត់​ដែក​ស្ពាន​បេឡេ ដែល​ទើប​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់ តាម​ពិត​គ្មាន​ទាល់តែសោះ ចំពោះ​ហេតុការណ៍​នេះ គឺមាន​មនុស្ស​មួយក្រុម​ដែល​ជា​អ្នក​រើស​អេតចាយ ទៅ​រើស​កម្ទេចកម្ទី​ដែក នៅ​សេសសល់​ពី​ការដ្ឋាន​ស្ពាន​បេឡេ​។​

​ចំណែក​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ក៏​បាន​ប្រកាសថា “​ដោយ​ទទួលបាន​ព័ត៌មាន ពី​ករណី​លួច​កាត់​យក​ដែក នៅក្រោម​ស្ពាន​បេឡេ​ឫស្សីកែវ នៅ​ព្រឹក​ថ្ងៃទី​៩​ខែ​ឧសភា​ឆ្នាំ​២០១៨​នេះ ក្រុម​វិស្វករ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​វិស្វករ​ការដ្ឋាន​របស់​ក្រុមហ៊ុន OCIC បាន​ចុះ​ពិនិត្យ​តួ​ស្ពាន​នៅ​ទីតាំង​កន្លែង​កើតហេតុ ឃើញថា មាន​ករណី​ប្រជាពលរដ្ឋ​ជិះ​ទូក​មក​យក​ដែក​ដែល​សេសសល់​ពី​ការសំអាត​ការដ្ឋាន និង​ដែក​ការពារ​សុវត្ថិភាព​ការដ្ឋាន​ក្នុងពេល​សាងសង់​កន្លងមក ដែល​ការដ្ឋាន​កំពុង​រុះរើ​សំអាត​ដឹក​ចេញ ។ ចំពោះ​ដែក​បេឡេ​តួ​ស្ពាន​ទាំងមូល គឺ​មិន​មាន​ការបាត់បង់ ឬ​ប៉ះពាល់​ដល់​គ្រោង​ដែក​សំណង់​ស្ពាន​ឡើយ​។​

​អាស្រ័យហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ជ្រាប និង​សូម​អញ្ជើញ​ធ្វើចរាចរ​ឆ្លងកាត់​ជាធម្មតា​”​។

​សូមបញ្ជាក់​ថា នៅ​ពាក់កណ្ដាល​អាធ្រា​ត្រ​ថ្ងៃទី​៨​ខែ​ឧសភា មាន​ការភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ថា​មាន​ចោរ​មួយក្រុម​ធំ​ជា​ខ្មែរ​ឥស្លាម មាន​គ្នា​យ៉ាងហោច​ណាស់​ពី​៣០​ទៅ​៥០​នាក់ នាំគ្នា​ជិះទូក​ប្រមាណ​ជា​២០​គ្រឿង មក​លួច​កាត់​ដែក​តួ​ស្ពាន​បេឡេ ដែល​សាលា​រាជធានី​ភ្នំពេញ ទើបតែ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ។ សមត្ថកិច្ច​រកឃើញ និង​សង្ស័យ​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​៤​នាក់ ទូក​៣​គ្រឿង និង​ម៉ូតូ​១​គ្រឿង ដើម្បី​យក​ទៅ​សាកសួរ​ជាច្រើន​ម៉ោង បាន​រកឃើញថា ពួកគេ​ទាំងនោះ បាន​ឆ្លៀត​ឱកាស​មក​រើស​កម្ទេច​ដែក​ស្ពាន ដែល​នៅ​សេសសល់ ។​

នា​រសៀល​ថ្ងៃ​អង្គារ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៨ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​សមិទ្ធផល​ថ្មី​មួយទៀត​របស់​រាជធានី​ភ្នំពេញ គឺ​ស្ពានដែក​បេឡេ​ឫស្សីកែវ ឆ្លងកាត់​ទន្លេសាប ដោយ​ត​ភ្ជាប់​រវាង​ផ្លូវជាតិ​លេខ​៥ ចំណុចឃ្លាំង​សាំង​សូ​គី​មិច ខណ្ឌ​ឫស្សីកែវ និង​ផ្លូវជាតិ​លេខ​៦ តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។ សូម​បញ្ជាក់​ផង​ដែរ​ថា ស្ពាន​បេឡេ​ថ្មី​នេះ មាន​ទទឹង​ប្រវែង ១២​ម៉ែត្រ និង​បណ្ដោយ​ប្រវែង ៦៥៥​ម៉ែត្រ ហើយ​មិន​អនុញ្ញាត​ឱ្យ​មធ្យោបាយ​ទាំងឡាយណា​ដែល​មាន​កម្ពស់​លើសពី ២,៨​ម៉ែត្រ និង​ទម្ងន់​លើសពី​៥​តោន ឆ្លងកាត់​បាន​ឡើយ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×