Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី ជូរ ប៊ុន​អេង ៖ ស្ត្រី​ខ្មែរ​រងគ្រោះ​ភាគច្រើន នៅ​ប្រទេស​ចិន ខណៈ​ឆ្នាំ​២០១៧ ស្ត្រី​ខ្មែរ​៦០​នាក់​ត្រូវបាន​សង្គ្រោះ​

spot_img

​​ភ្នំពេញ ៖ ពាក់ព័ន្ធ​នឹង​ការអនុវត្ត​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ក្នុង​ការបង្ការ​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​ផែនការ​សកម្មភាព លោកស្រី ជូរ ប៊ុន​អេង បាន​លើកឡើង​ថា ស្ត្រី​ខ្មែរ​ច្រើនណាស់​ដែល​បាន​រងគ្រោះ និង​ជូ​ញ​ដូរ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ចិន ដូច្នេះ​ភាគី​កម្ពុជា និង​ចិន ស្វែងរក​ផែនការ​សម្រាប់​ជួយសង្គ្រោះ​ពួកគេ និង​ទប់ស្កាត់​ទង្វើ​នេះ​មិនឲ្យ​មាន​បន្តទៀត ។​

​លោកស្រី ជូរ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​អះអាងថា ស្ត្រី​ខ្មែរ​ដែល​ត្រូវបាន​គេ​ជូ​ញ​ដូរ និង​រងគ្រោះ​ច្រើន​ជាង​គេ នៅ​ប្រទេស​ចិន នា​ពេលកន្លងមក គឺ​ភាគច្រើន​ដោយសារ​ការរៀប​អាពាហ៍ពិពាហ៍​ប្រថុយប្រថាន និង​ផ្ទុយ​ពី​ឆន្ទៈ​។ លោកស្រី បន្តថា ក្រុម​ស្ត្រី​រងគ្រោះ​ទាំងនោះ ត្រូវបាន​អាជ្ញាធរ​កម្ពុជា និង​ចិន ជួយសង្គ្រោះ ឲ្យមក​ប្រទេស​កម្ពុជា​វិញ ប្រមាណ​ជិត​៦០​នាក់ កាលពី​ឆ្នាំ​២០១៧ ។​

​លោកស្រី ជូរ ប៊ុន​អេង បាន​ថ្លែង​បែបនេះ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ នៅ​សណ្ឋាគារ​ភ្នំពេញ មុន​នឹង​បើក​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​២ រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្តី​ពី​ភាព​រីកចំរើន​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ក្នុង​ការបង្ការ​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​ផែនការ​សកម្មភាព ។​

​លោកស្រី ជូរ ប៊ុន​អេង បាន​បន្តថា កិច្ចប្រជុំ​លើក​ទី​២ ជាមួយ​ភាគី​ចិន​នាពេលនេះ គឺជា​ការត្រួតពិនិត្យ​រួមគ្នា​លើ​កិច្ចសហប្រតិបត្តិការ ដែល​ក្រុម​អ្នកទទួល​បន្ទុក​អនុវត្តន៍​កិច្ចព្រមព្រៀង របស់​ប្រទេស​ទាំង​ពីរ បាន​និង​កំពុង​ធ្វើការ​ងារ​យ៉ាងសកម្ម ក្នុង​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ។​

​លោកស្រី បាន​បន្តថា កិច្ចព្រមព្រៀង​ទ្វេភាគី​នេះ គឺ​បាន​ធ្វើឡើង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​ត្រូវបាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី​១៣ ខែ តុលា ឆ្នាំ​២០១៦ នៅ​វិមាន​សន្តិភាព ក្រោម​អធិបតីភាព សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ស៊ី ជីន​ភីង ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។ កិច្ចប្រជុំ​លើក​ទី​២​នេះ គឺ​បាន​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​កម្ពុជា ចំនួន​បី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១០​ដល់​ថ្ងៃ​ទី​១២ ភាគី​កម្ពុជា​ដឹកនាំ​ដោយ លោកស្រី ជូរ ប៊ុន អេង និង​ភាគី​ចិន​ដឹកនាំ​ដោយ លោក ស៊ីន​ស៊ី​កូ អគ្គនាយករង​នាយកដ្ឋាន ស៊ើបអង្កេត​ព្រហ្មទណ្ឌ ក្រសួង​សន្តិសុខ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×