Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ៖ ប្រើ​គ្រប់​មធ្យោបាយ ទប់ស្កាត់​កុំឲ្យ​មាន ស្ត្រី​ខ្មែរ រៀបការ ជាមួយ​បុរស​ចិន ដោយ​ខុសច្បាប់​ទៀត​

spot_img

​​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ជំរុញ​គ្រប់​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​រដ្ឋាភិបាល​ចិន ត្រូវតែ​ធ្វើយ៉ាងណា រិះរក​គ្រប់​មធ្យោបាយ ទប់ស្កាត់​កុំឲ្យ​មាន​ករណី ស្ត្រី​ខ្មែរ រៀប​អាពាហ៍ពិពាហ៍ ជាមួយ​បុរស​ចិន ដោយ​ខុសច្បាប់​ទៀត ហើយ​គប្បី​រិះរក​យ៉ាងណា ណែនាំ​ដល់​ស្ត្រី​ទាំងនោះ កុំឲ្យ​ចាញ់បោក​មេខ្យល់​ទៀត​។​

​ថ្លែង​ប្រាប់​អ្នកយក​ព័ត៌មាន​ក្រោយ​ពី​កិច្ច​ជំនួប​សម្តេច​ក្រឡាហោម ស ខេង ជាមួយនឹង​ប្រតិភូ​ចិន លោកស្រី ជូរ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​លើកឡើង​ថា នៅ​ក្នុង​កិច្ច​ជំនួប សម្តេច​ក្រឡាហោម ស ខេង និង​ភាគី​ចិន បាន​យល់ស្រប​គ្នា ក្នុង​ការ​ឲ្យមាន​កិច្ចប្រជុំ​លើក​ទី​២ នៅ​ប្រទេស​កម្ពុជា ដើម្បី​ស្វែងរក​ដំណោះស្រាយ​បន្ថែម សម្រាប់​ជូ​យ​ដល់​ស្ត្រី​ខ្មែរ ដែល​ត្រូវបាន​ជួញដូរ និង​រងគ្រោះ នៅ​ប្រទេស​ចិន ដោយ​ការជួញដូរ​និង​រៀប​អាពាហ៍ពិពាហ៍ ដោយ​ខុសច្បាប់ ។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នា​ល្ងាច​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ បានអនុញ្ញាត​ឲ្យ​ប្រតិភូ​ចិន ដែល​ដឹកនាំ​ដោយ លោក​ចិន ស៊ី​ហ្គូ (CHEN SHIQU) អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ស៊ើបអង្កេត​ព្រហ្មទណ្ឌ ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ។​

​លោកស្រី​រដ្ឋលេខាធិការ បាន​បន្តថា លោក ចិន ស៊ី​ហ្គូ (CHEN SHIQU) បាន​ស្វាគមន៍​ជានិច្ច សម្រាប់​កិច្ច​សហប្រតិបត្តិការ ជាមួយ​កម្ពុជា ក្នុង​ការជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ ដែល​បាន​ចាញ់បោក​មេខ្យល់ ឲ្យ​រៀប​អាពាហ៍ពិពាហ៍ ជាមួយ​បុរស​ចិន ដោយ​ខុសច្បាប់ និង​ស្ត្រី​ខ្មែរ ដែល​បាន​រងគ្រោះ ពី​កត្តា​ផ្សេងៗ​នៅ​ប្រទេស​ចិន ។​

​លោក ចិន ស៊ី​ហ្គូ បាន​រំពឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន ស្តី​ពី​ភាព​រីកចម្រើន នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ក្នុង​ការបង្ការ​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​ផែនការ​សកម្មភាព​នេះ​នឹង​ទ​ទូល​បាន​ជោគជ័យ​ក្នុង​ការ​រិះរក​ផែនការ​បន្ថែម​សម្រាប់​ជួយ​ស្ត្រី​រងគ្រោះ​ទាំងនោះ ។ លោកស្រី ជូរ ប៊ុន​អេង បានឲ្យដឹងថា សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែង​អំណរ​អគុណ​យ៉ាងខ្លាំង​ចំពោះ​រដ្ឋាភិបាល​ចិន ដែល​បាន​ជួយ​សហការ​ក្នុង​ការជួយ​ទប់ស្កាត់ និង​ជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ​ដែល​រងគ្រោះ​នៅ​ប្រទេស​ចិន ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×