Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី​ស្នើ​អោយ​ស្ថាប័នរដ្ឋ​និង​ក្រុមហ៊ុន​ឯកជន ដាក់លូ​ប្រអប់​អោយបាន​ធំ នៅពេល​ធ្វើ​ផ្លូវ​ឆ្លងកាត់​ប្រឡាយ​ទួល​ពង្រ​២

spot_img

​ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួង ស្រេង​បាន​​ស្នើ​អោយ​ស្ថាប័នរដ្ឋ​និង​ក្រុមហ៊ុន​ឯកជន ដាច់ខាត​ត្រូវ​​ដាក់លូ​ប្រអប់​អោយ​បាន​ធំ នៅពេល​ធ្វើ​ផ្លូវ​ឆ្លងកាត់​ប្រឡាយ​ទួល​ពង្រ​២ មកកាន់​ស្ថាប័ន​និង​ក្រុមហ៊ុន​របស់​ខ្លួន​ប​ដើម្បី​ធ្វើ​យ៉ាងណា​កុំអោយ​ចរន្តទឹក​ស្ទះ ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ បណ្តាល​អោយ​លិចលង់​ផ្ទះ​ប្រជាពលរដ្ឋ​នោះ​។​

ការស្នើ​បែប​នេះ​របស់​អភិបាល​រាជធានី​ភ្នំពេញ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១០ ឧសភា ពោល​គឺ​ក្រោយពី​លោក​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​លទ្ធភាព​ត​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ភ្លើង​ឆេះរ​ទេះ​និង​បន្ត​ទៅ​ពិនិត្យ​មើល​ប្រឡាយ​ទួល​ពង្រ​២​នេះ​។ លោក​ថា ផ្លូវ​ចូល​ទៅ​កាន់​ស្ថាប័នរដ្ឋ ក្រុមហ៊ុន​និង​ផ្ទះ​ល្វែង​ដែល​ឆ្លងកាត់​ប្រឡាយ​ទួល​ពង្រ​២​នេះ​មាន​ចំនួន​៣៥ ទីតាំង ហើយ​ផ្លូវ​ឆ្លងកាត់​ប្រឡាយ​ទាំងនេះ​មិន​បាន​ដាក់លូ​អោយបាន​ត្រឹមត្រូវ​នៅឡើយ​ទេ ។ ដូច្នេះ​ទេ​លោក​ឃួង ស្រេង​បាន​​ស្នើ​អោយ​ស្ថាប័នរដ្ឋ​និង​ក្រុមហ៊ុន​ឯកជន​ទាំងអស់ ដាច់ខាត​ត្រូវ​ដាក់លូ​ប្រអប់​អោយបាន​ធំ ដើម្បី​រំដោះ​ទឹក​អោយបាន​លឿន​។​

ជុំវិញ​បញ្ហា​ប្រឡាយ​នេះ​លោក​អភិបាល​រាជធានី​ភ្នំពេញ​ក៏​បាន​បញ្ជាក់ថា នឹង​កោះ​ប្រជុំ​មួយ​នៅពេល​ឆាប់ៗ​នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​អោយបាន​ល្អ​។​

ប្រឡាយ​ទួល​ពង្រ​២ មាន​ប្រវែង ៦១១០​ម៉ែត្រ ទទឹង ៩​ម៉ែត្រ ចាប់ពី​ផ្លូវជាតិ​លេខ​៣ ដល់​ប្រឡាយ​បឹង​ហារ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ទៅ​ដល់​ព្រំប្រទល់​ខណ្ឌដង្កោ​។​ប្រឡាយ​នេះ​មាន​សារៈសំខាន់​លើ​កាត់បន្ថយ​នូវ​ការលិចលង់ នៅ​តំបន់​មុខ​សាលាក្តី​ខ្មែរក្រហម ផ្លូវជាតិ​លេខ​៤​។​

គួរបញ្ជាក់​ថា ក្នុង​គម្រោង​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ គឺ​បាន​ដាក់ចេញ​ជា​ផែនការ ដោយ​ឱ្យ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ធ្វើការ​សិក្សា​បច្ចេកទេស លើ​បញ្ហា​ដោះស្រាយ​ទឹក​លិច​ចំនួន ៥​គម្រោង លើ​ចំនួន ៥​តំបន់​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ឆ្នាំ​២០១៨​នេះ​។​

តំបន់​លិច​ទឹក​ទាំង​៥​កន្លែង​ដែល​ត្រូវ​ដោះស្រាយ​នេះ​រួមមាន​ទី​១-​តំបន់​ផ្លូវជាតិ​លេខ ៤ មុខ​សាលាក្តី​ខ្មែរក្រហម ដោយ​កំពុង​ជីក​ភ្ជាប់​ប្រឡាយ​ស្រប​ផ្លូវ​រថភ្លើង ប្រឡាយ​ជើងឯក និង​ប្រឡាយ​ទួល​ពង្រ​។​ទី​២-​តំបន់​មហាវិថី​សហព័ន្ឋរុស្ស៊ី ខាងជើង​ព្រលានយន្តហោះ​។

គម្រោង​ដាក់លូ​ប្រអប់​ក្នុង​សាច់​ផ្លូវ​តាំង​កសាង ចាប់ពី​មហាវិថី​សហព័ន្ឋរុស្ស៊ី​ទៅ​ភ្ជាប់​ប្រឡាយទួល​សំពៅ​និង​១​ខ្សែ​ទៀត​ទៅ​ភ្ជាប់​ប្រឡាយ​ចំការ​ឳ​ឡឹ​ក​។ ទី​៣-​តំបន់​ខាងត្បូង​និង​ខាងកើត​ព្រលានយន្តហោះ​។​គម្រោង​នឹង​ដាក់លូ​ប្រអប់​ទំហំ ៦.៨​ម៉ែត្រ និង ៤.៨​ម៉ែត្រ ដើម្បី​ដោះ​ទឹក​លិច​នៅ​ផ្លូវ ស ឡា ផ្លូវ ណ័រ​ប្រ៊ីត ផ្លូវ​ដួង ងៀប ភូមិ​ថ្មគោល ប្រឡាយ​លូ​៥ បុរី អូរ​បែកក្អម បុរី ស ឡា​។​ទី​៤-​គម្រោង​ស្ថាបនា​ប្រឡាយ​បេតុង​ស្ទឹងមានជ័យ និង​ផ្លូវ​អប​ប្រឡាយ​និង​ទី​៥-​គម្រោង​ស្តារ​លូ នៅក្នុង​ខណ្ឌ​ចំការមន ដូនពេញ ៧​មករា និង​ទួលគោក​។​

ដើម្បី​ដោះស្រាយ​បាន​នូវ​ការលិចលង់​នេះដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ដាក់ចេញ​ជា គម្រោង​សាងសង់​ស្ថានីយ៍​បូមទឹក​ថ្មី​ចំនួន​៤​កន្លែង​ទៀត​ផង​ដែរ ដូចជា នៅ​គឺ​ទី​១​ស្ថានីយ៍​បុរី​១០០​ខ្នង ទី​២​ស្ថានីយ៍​លូ ៥ ទី​៣​ស្ថានីយ៍​បឹងទំពុន និង​ទី​៤​ស្ថានីយ៍​ទួល​សំពៅ ដែល​បង្កើន​សមត្ថភាព​បូមទឹក​បាន​៣​ដង​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×