Sunday, October 17, 2021

នគរបាល​ក្រុងព្រះសីហនុ​ចាប់ខ្លួន​ជនសង្ស័យ ៤​នាក់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​បញ្ជូន​ទៅកាន់​តុលាការ​

​ខេត្ត​ព្រះសីហនុ​៖​សមត្ថកិច្ច​បង្ក្រាប​គ្រឿង​ញៀន នៃ​ស្នងការ​រដ្ឋា​ន​នគរបាល ខេត្ត​ព្រះសីហនុ បាន​បង្កើន​សកម្មភាព​ចុះ​ស្រាវជ្រាវ​មុខសញ្ញា​បទល្មើស​គ្រឿងញៀន ទាំង​នៅក្នុង​ទីប្រជុំជន រហូតដល់​ជនបទ ដើម្បី​ឈានទៅ​បង្ក្រាប​មុខសញ្ញា​ចែកចាយ និង​លក់​គ្រឿងញៀន ឲ្យ​ថយចុះ ដើម្បី​ផ្តល់​សេចក្តីសុខ ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​នីមួយៗ ឲ្យ​ស្របតាម​ការចង្អុលបង្ហាញ របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ពិសេស​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ុន សុផាត ស្នងការរង ទទួល​ផែន​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ សីហនុ បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី​១ ខែវិច្ឆិកា កម្លាំង​អធិការនគរបាល​ក្រុងព្រះសីហនុ បាន​ឃាត់ខ្លួន​ជនសង្ស័យ​មុខសញ្ញា​គ្រឿងញៀន​ចំនួន ៤​នាក់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​នេះ ចាត់ការ​តាម​នីតិវិធី​។​
​លោក​បន្តថា សកម្មភាព​ចុះបង្ក្រាប​មុខសញ្ញា​គ្រឿង​នេះ ដឹកនាំ​ដោយ លោក​អនុសេនីយ៍ឯក តាក រៀម អធិការរង​ក្រុងព្រះសីហនុ ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន មាន​ទីតាំងនៅ​ក្រុម​១៤ ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ ដោយ​បង្ក្រាបបាន ១​ករណី និង​ឃាត់ខ្លួន ជនសង្ស័យ ៤​នាក់​។​

​អធិការរង​ក្រុងព្រះសីហនុ លោក​អនុសេនីយ៍ឯក តាក រៀម បានបង្ហាញ​ឈ្មោះ​ជនសង្ស័យ​ទាំង ៤​នាក់​នោះ រួមមាន​៖ ឈ្មោះ ណុប មករា ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ​សន្តិសុខ CSP ចាប់បាន ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន ១​កញ្ចប់ ទូរស័ព្ទ​១ គ្រឿង​។ ឈ្មោះ តេង ហាក់​ហេង ភេទ​ប្រុស អាយុ ៣២ ឆ្នាំ មុខរបរ​កម្មករសំណង់​។ ឈ្មោះ អាន់ ធិ ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង ឈ្មោះ ដួង ល​ក្ខ័ ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។​

​លោក តាក រៀម បញ្ជាក់ថា សកម្មភាព​ចុះបង្ក្រាប​មុខសញ្ញា​គ្រឿងញៀន កាលពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៧ សមត្ថកិច្ច​ចាប់បាន​វត្ថុតាង​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ចំនួន ៥​កញ្ចប់​។ លោក​ថា បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៤​នាក់ រួមជាមួយ​វត្ថុតាង សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕ ដោយ​៖ សត្យា