Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​រៀបចំ​បុណ្យជាតិ​៖ មាន​ទូក​សរុប ២៧៤ បានមក​ចូលរួម​ប្រណាំង​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១៧​នេះ​

spot_img

​រាជធានី​ភ្នំពេញ​៖ មន្ត្រី​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ និង​សមត្ថកិច្ច​ចម្រុះ ប្រចាំការ​ការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់ ជូន ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ បាន​អះអាងថា ព្រះរាជ​ពិធីបុណ្យ​អុំទូក​រយៈពេល ៣​ថ្ងៃ ដែល​បានចាប់ផ្តើម នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​ដំណើរ​ការធម្មតា និង​រលូន ស្របតាម​កម្មវិធី ដែល​បាន​ព្រាងទុក​។ ប៉ុន្តែ​វេទិកា នៅមុខ​ព្រះបរមរាជវាំង ហាក់​ពុំ​សូវ​ឃើញ​មាន​ប្រជាពលរដ្ឋ​មក​ចូលរួម​ទស្សនាការ​ប្រ​ណាំ​ទូក ង ឲ្យ​បាន​ច្រើន​ចុះ​ករ​នោះទេ​។​

​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ បាន​ឲ្យ​ដឹងថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែល​បានចាប់ផ្តើម នៅ​ថ្ងៃទី​២ ខែវិច្ឆិកា នៅតាម​ដង​ទន្លេសាប ទល់មុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ មិនសូវមាន​ប្រជាពលរដ្ឋ​ទស្សនា​ទេ ប៉ុន្តែ​បាន​ដំណើរការ​ជាធម្មតា និង​មាន​សុវត្ថិ​ភាពល្អ​។​
​មន្ត្រី​រៀបចំ​បុណ្យជាតិ ស្នើ​មិន​បញ្ចេញ​ឈ្មោះ បាន​ព្យាករណ៍​ទុក​មុន​ថា បុណ្យអុំទូក​ឆ្នាំនេះ ទំនងជា​មិនសូវមាន​ប្រជាពលរដ្ឋ​មកពី​តាម​បណ្តា​ខេត្ត នៅ​ទូទាំងប្រទេស ធ្វើដំណើរ​មក​ចូលរួម​ទស្សនាការ​ប្រណាំងទូក នៅ​ទន្លេចតុមុខ មុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ ច្រើន​កុះករ​នោះទេ​។​

​ចំណែក កម្លាំង​សមត្ថកិច្ច​នគរបាល និង​កងរាជអាវុធហត្ថ ដែល​ប្រចាំការ នៅតាម​ច្រកចេញចូល នៅតាម​គោលដៅ​ជាយ រាជធានី​ភ្នំពេញ​មួយចំនួន មាន​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ និង​ផ្លូវជាតិ​លេខ ៥ ជាដើម បាន​ឲ្យ​ដឹងថា ថ្ងៃ​ដំបូង នៃ​ព្រះ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ ពិតជា​មិនសូវ​ឃើញ​មាន​រថយន្ត​ដឹក​ប្រជាពលរដ្ឋ មកពី​តាម​បណ្តា​ខេត្ត​នានា ចូល​រាជធានី​ភ្នំពេញ​ច្រើន​ទេ​។ ប៉ុន្តែ​បែរជា​មាន​ប្រជាពលរដ្ឋ ធ្វើដំណើរ​តាម​រថយន្ត​ច្រើន​បន្តកន្ទុយ​គ្នា បាន​ចាក​ចេញពី​រាជធានី​ភ្នំពេញ​មាន​ចំនួន​ច្រើន​ទៅវិញ​។​
​សមត្ថកិច្ច​ចម្រុះ ដែល​ប្រចាំការ​នៅតាម​គោលដៅ​នានា ចេញ និង​ចូលមក​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​ចាប់ផ្តើម ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ មិនមាន​ចរាចរណ៍​កកស្ទះ​ធ្ងន់ធ្ងរ​ឡើង ជាពិសេស​បញ្ហា​សន្តិសុខ គឺ​កម្លាំងចម្រុះ​គ្រប់​ស្ថាប័ន បាន​សហការគ្នា ពង្រឹង​សកម្មភាព​ល្បាត និង​ដាក់ពង្រាយ​ការពារ​សុវត្ថិភាព ជូន​ភ្ញៀវ​ជាតិ​អន្តរជាតិ ដែ ល​ចូលមក​ទស្សនា ការប្រណាំង​ទូក​នេះ មានការ​ទទួលខុសត្រូវ​ខ្ពស់​នៅតាម​គោលដៅ​នីមួយៗ ដោយ​មិនទាន់​ឃើញ​កើតមាន នូវ​បទល្មើស​ផ្សេងៗ គួរ​ឲ្យ​កត់សម្គាល់​នោះទេ​។​

​ព្រះរាជ​ពិធីបុណ្យ​អុំទូក ឬ​ប្រណាំងទូក ង មាន​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​អន្តរជាតិ បង្ហាញថា កម្មវិធី​ប្រណាំងទូក នៅតាម​ថ្ងៃ​នីមួយៗ ចាប់ផ្តើម​នៅ​ម៉ោង ១១​ព្រឹក រហូតដល់​ម៉ោង ៥ និង​៣០​នាទី នៅតាម​ដង​ទន្លេសាប មុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ​។ ការប្រណាំង​ទូក​នេះ មាន​ចំនួន ២​ជើង គូ​ដដែល ដោយ​គ្រាន់តែ​ដូរ​ខ្សែទឹក​ខាងក្នុង ឲ្យ​ទៅខាង​ក្រៅ និង​ខាងក្រៅ ដូរ​មក​ខាងក្នុង​។​

​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តេចយាង​ទត ការប្រណាំង​ទូក នៅមុខ​ព្រះបរមរាជវាំង និង​ព្រះរាជ​ប្រទាន​ភ្លើង​ទៀនជ័យ លើ​ប្រទីប​ព្រះបរមរាជវាំង នៅ​ម៉ោង ៦ និង ៣០​នាទី​ល្ងាច ដោយមាន​វត្តមាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ជា​ភរិយា ព្រមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ជាច្រើនរូប​ទៀត​អញ្ជើញ​ចូលរួម​។​

​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១៧​នេះ មាន​ប្រទីប​ចំនួន ១៣ គឺ​៖ ប្រទីប​ព្រះបរមរាជវាំង ប្រទីប​ព្រឹទ្ធសភា ប្រទីប​រដ្ឋសភា ប្រទីប​រាជរដ្ឋាភិបាល ប្រទីប​ក្រសួង​យុ​ត្តិ​ធ៌​ម ប្រទីប​ក្រសួងការពារជាតិ ប្រទីប​ក្រសួងមហាផ្ទៃ ប្រទីប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រទីប​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ប្រទីប​ក្រសួងពាណិជ្ជកម្ម ប្រទីប​ក្រសួងទេសចរណ៍ ប្រទីប​ក្រសួង​រ៉ែ និង​ឋា​ម​ពល និង​ប្រទីប​សាលា​រាជធានី​ភ្នំពេញ​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​អន្តរជាតិ បង្ហាញថា ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ មាន​ទូក​សរុប​ចំនួន ១៣៧​គូ ឬ​ស្នើ ២៧៤​ទូក នៅ​ទូទាំងប្រទេស​កម្ពុជា បានមក​ចូលរួម​ប្រកួតប្រជែង​៕ ដោយ ៖ សត្យា

spot_img
×