Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សហ​កម្ម និង​ពាណិជ្ជកម្ម​វៀតណាម ជំរុញ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម សំដៅ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​

spot_img

​ភ្នំពេញ​៖ អនុ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សហ​កម្ម និង​ពាណិជ្ជកម្ម នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​បញ្ជាក់​នូវ​ជំហរ​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កាន់តែ​រីកចំរើន​ថែម​ទៀត សំដៅ​សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម ប្រមាណ ៥០០០ លាន​ដុល្លារ​សហរដ្ឋ រវាង​ប្រទេស​កម្ពុជា​វៀតណាម​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ទីស្ដីការ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ទទួល​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ លោកដូ ថាំង​ហាយ អនុ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សហ​កម្ម និង​ពាណិជ្ជកម្ម នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​គណៈប្រតិភូ​អមដំណើរ ក្នុង​ការអញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ដើម្បី​ពិគ្រោះ និង​ពិភាក្សា​អំពី​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ជា​ពិសេស​ពិភាក្សា​លើ​ការជំរុញ​ផែនការ​សាងសង់​ផ្សារ​គំរូ (​ផ្សារ​ដា​) ឲ្យ​ចប់​ជា​ស្ថាពរ​នៅ​ចុងឆ្នាំ​២០១៨​។​

​លោក​រដ្ឋមន្ត្រី បាន​ស្វាគមន៍ និង​បាន​ជម្រាប​គណៈប្រតិភូ​វៀតណាម អំពី​ការរីកចំរើន​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​របស់​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​នាំមក​នូវ​សុខសន្តិភាព វិបុលភាព និង​វឌ្ឍនភាព​គ្រប់​ទីកន្លែង​។ ក្នុង​រយៈពេល ២​ទសវត្សរ៍​ចុងក្រោយ​នេះ កំណើន​សេដ្ឋកិច្ច​កម្ពុជា សម្រេច​បាន​គិត​ជា​មធ្យម ៧% រៀងរាល់ឆ្នាំ ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ ដូច​បាន​កំណត់​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​។​

​ជា​ការឆ្លើយតប លោក​អនុរដ្ឋមន្ត្រី ដូ ថាំង​ហាយ បាន​សម្ដែង​នូវ​ការកោតសរសើរ​ដល់​ការរីកចំរើន និង​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​។ លោក​ក៏​បាន​បញ្ជាក់​នូវ​ជំហរ​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កាន់តែ​រីកចំរើន​ថែម​ទៀត សំដៅ​សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម ប្រមាណ ៥០០០ លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច រវាង​ប្រទេស​ទាំង​ពីរ នៅ​បណ្ដា​ឆ្នាំ​ខាង​មុខ​។​

​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់បន្ថែម​ថា បច្ចុប្បន្ននេះ ព្រះរាជាណាចក្រ​កម្ពុជា កំពុង​ក្លាយជា​គោលដៅ​ដ៏​ទាក់ទាញ សម្រាប់​វិនិយោគិន​អន្តរជាតិ និង​ភ្ញៀវទេសចរ​គ្រប់​ជាតិ​សាសន៍​លើ​ពិភពលោក​។ បើ​តាម​របាយការណ៍រ​បស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បង្ហាញថា លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) មក​កម្ពុជា មាន​កំណើនថេរ​ក្នុង​រយៈពេល ៥​ឆ្នាំ​ចុងក្រោយ ពោល​គឺ​មាន​តម្លៃ​ចន្លោះ​ពី ១,៧​ប៊ីលាន ទៅ ២​ប៊ី​លាន​ដុល្លារ​សហ​អាមេរិក ហើយ​កាលពី​ឆ្នាំ ២០១៦ ប្រទេស​វៀតណាម បាន​ឈរ​នៅ​លេខ​រៀង​ទី​៣ ជាមួយ​ទុនវិនិយោគ ១៩២​លាន​ដុល្លារ​អាមេរិក គឺ​បន្ទាប់ពី​ប្រទេស​ចិន និង​រដ្ឋបាល​ពិសេស​ហុងកុង​។ កំណើន​នៃ​លំហូរ FDI ទាំងអស់នេះ បាន​បង្កើត​នូវ​ឱកាស​ការងារ​យ៉ាង​ច្រើន និង​ប្រាក់​ចំណូល​កាន់តែ​ខ្ពស់​សម្រាប់​ប្រជាជន ហើយ​នឹង​ប្រែក្លាយ​កម្ពុជា ឲ្យទៅ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​កម្រិត​ខ្ពស់ នៅ​ឆ្នាំ ២០៥០​។​

​ទន្ទឹមនឹងនេះ​ដែរ លោក​រដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​បាន​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់ ៤៤​ពាន់​លាន​ដុង ឬ ប្រមាណ​ជាង ២​លាន​ដុល្លារ​សហរដ្ឋអាមេរិក តាមរយៈ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ដើម្បី​សាងសង់​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​-​វៀតណាម​លើកដំបូង ឈ្មោះថា ផ្សារ​ដា នៅលើ​ផ្ទៃដី​ទំហំ ១៩.៦២៨​ម៉ែត្រការ៉េ (​មួយ​ម៉ឺន​ប្រាំបួន​ពាន់ ប្រាំមួយរយ​ម្ភៃ​ប្រាំបី ម៉ែត្រការ៉េ​) ស្ថិត​នៅក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ភាគី​ទាំងពីរ ប្ដេជ្ញា​ជំរុញ​ដោះស្រាយ​រាល់​បញ្ហា​នានា ដើម្បី​ការសាងសង់​ផ្សារ​គំរូ​នេះ ឲ្យ​ចប់​ជា​ស្ថាពរ​នៅ​ចុងឆ្នាំ​២០១៨៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×