Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកឃ្លាំ​មើល​សង្គម​​​ស្នើឲ្យក្រសួង​ពាក់ព័ន្ធ​ពិនិត្យឡើងវិញ​ ចំពោះ​ការផ្ទុះអាវុធ​ចាប់ខ្លួន​ពលរដ្ឋរង​គ្រោះ​ដីធ្លី​៤នាក់ ​ដាក់​ពន្ធនា​គារ ​របស់​កម្លាំង​រាជ​អាវុធ​ហត្ថ និងតុលា​ការ​ខេត្ត​ព្រះសីហនុ ​តាម​បណ្តឹងឧកញ៉ា ​តាន់ ​តាត់​​ និងឡុញ វណ្ណៈ(មានវីដេអូ)

spot_img

ខេត្តព្រះសីហនុ៖ អ្នកឃ្លាំមើល​ផែនការអភិវឌ្ឍសង្គម និង​អាជ្ញាធរមូលដ្ឋានឃុំអូរត្រេះ កំពុងតាម​ដានទៅលើការ​ចាប់​ខ្លួន និងឃុំខ្លួន​​ដាក់ពន្ធនាគារ​ប្រជា​ពលរដ្ឋក្រីក្រ​រង​គ្រោះ​ដីធ្លី​ចំនួន​៤​នាក់ ​រស់នៅ​សហគមន៍​អូរខ្សាច់​ ស្រុក​ស្ទឹង​ហាវ ​ របស់​​​កម្លាំង​កង​រាជអាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ តាម​បណ្តឹង​ លោក​​ឧកញ៉ា តាន់ ​តាត់ ​និង ឡុញ​ វណ្ណៈ ថា​មាន​ចំណុចឃុប​ឃិតមិន​ប្រក្រតី​ជា​ច្រើន ជាពិសេស​ផ្តោត​ទៅ​លើ​បណ្ណកម្មសិទ្ធិដីធ្លី​។

មន្ត្រី​សង្គម​ស៊ីវិល​ និងអាជ្ញាធរភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ បានសំណូមពរដល់ថ្នាក់ដឹកនាំនៅតាម​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ ពិសេសប្រមុខដឹកនាំ​រាជ​​​រដ្ឋាភិបាល ស្នើឲ្យពិនិត្យ​ និងស្រាវជ្រាវ​ឡើងវិញ ​ទៅ​លើ​បណ្ណកម្មសិទ្ធិដីធ្លី របស់លោក តាន់ តាត់ និងលោក ឡុញ វណ្ណៈ ដែលឈាន​ដល់ចាប់ខ្លួន ​និង​ឃុំខ្លួន​ពល​រដ្ឋ​ទាំង​៤នាក់ ​បញ្ជូនទៅដាក់​ក្នុង​ពន្ធនា​គារ​ខេត្ត​ព្រះសីហនុ ​កាល​ពីល្ងាច​ថ្ងៃអង្គារ៍​ ទី​៨ ខែឧសភា ឆ្នាំ​២០១៨ ដើម្បីឲ្យប្រាកដថា តើ​បណ្ណ​​កម្មសិទ្ធិ របស់លោកឧកញ៉ា តាន់ តាត់ និងលោក ឡុញ វណ្ណៈ បានបំពេញតាម​លក្ខខណ្ឌ​ច្បាប់ភូមិបាល នៃព្រះរាជាណា​ចក្រកម្ពុជា​ត្រឹ​មត្រូវ​ដែរ​ឬទេ​..?។

អ្នកស្រី ជាប សុធារី អ្នកសម្របសម្រួល​សមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ បង្ហាញទស្សន​ចំពោះ​សកម្មភាព របស់ កម្លាំង​កងរាជ​អាវុធ​ហត្ថ​​ខេត្តព្រះសីហនុ និងចៅក្រមស៊ើបសួរសាលាដំបូងខេត្តនេះ ដែលបាន​ចាប់​ពលរដ្ឋរង​គ្រោះដីធ្លី៤នាក់ ​និង​ឃុំខ្លួន​ដាក់​ពន្ធនាគារ ថា​ជារឿង​អយុត្តិ​ធ៌ម​ ឬមានចេតនាគំរាមធ្វើបាបពលរដ្ឋ​ ក្រីក្រ ដែល​កន្លង​មក​ពួកគាត់​បាន​តស៊ូរស់នៅ ​និង​អាស្រ័យផល ​នៅ​លើដី​បាន​កាប់​រាន​តាំង​ពីឆ្នាំ​១៩៩០ ប៉ុន្តែ​បែរ​​ជា​ត្រូវ​មន្ត្រី​មាន​អំណាច​ និង​ឧកញ៉ា​មានទ្រព្យ ​បាន​ឃុប​ឃិតជាមួយមន្ត្រីស្ថាប័ន​ជំនាញមួយចំនួន​​លួច​ធ្វើប្លង់​កម្ម​សិទ្ធិ​រំលោភ​យកទៅវិញ។

ផ្តើមពីបញ្ហានេះ អ្នកស្រី សុធារី បានសំណូមពរ​ដល់​ ឯកឧត្តម ឱម យ៉ិនទៀង ប្រធាន​អង្គ​ភាព​ប្រឆាំងអំពើពុក​រលួយ ពិសេសសម្តេច​អគ្គមហា​សេនាប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រ​កម្ពុជា ​ ឲ្យ​ជួយ​បញ្ជូនមន្ត្រីស្អាតស្អំចុះស៊ើបអង្កេត​ ទៅលើ​បណ្ណ​កម្មសិទ្ធិ ដែល​លោក​ឧកញ៉ា តាន់ ​តាត់ ​និង​លោក ​ឡុញ វណ្ណៈ ទទួល​បាន​​នៅ​ចំណុច​ភូមិ៤ ឃុំអូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ថាតើ​បាន​អនុវត្តត្រឹម​ត្រូវ​តាម​ច្បាប់​ភូមិ​បាល​ដែរឬទេ ព្រោះ​ដី​នៅតំបន់​មាន​ជម្លោះ​នោះ ត្រូវពលរដ្ឋមកកាប់រានតាំងពីឆ្នាំ​១៩៩០ និង​ជាដី​គម្រប​ព្រៃឈើ​​ឆ្នាំ​២០០២ ដែល​រដ្ឋា​ភិបាល​បម្រុងទុក។​

កាលពីល្ងាចថ្ងៃអាទិត្យ ទី៦ ខែឧសភា ឆ្នាំ​២០១៨ លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ បាន​បញ្ជា​កម្លាំង​ចំនួន២រថយន្ត ​​​ចុះ​ចាប់​ពលរដ្ឋចំនួន ៦នាក់ រស់នៅសហគមន៍អូរខ្សាច់ ភូមិ៤ ឃុំអូរ​ត្រេះ ដោយ​កាលណោះ ពលរដ្ឋអះអាងថា កម្លាំងកងរាជអាវុធហត្ថបានផ្ទុះអាវុធ និងចាប់ដាក់​ខ្នោះពួក​គេ​ដាក់​ខ្នោះ​ដៃ ​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មុនពេលបញ្ជូនបន្តទៅកាន់​សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ ទៅ​តាម​បណ្តឹង ​របស់​លោក តាន់ តាត់ និងលោក ឡុញ វណ្ណៈ ដែល​ជា​ឈ្មួញ​មាន​ទ្រព្យ​ស្តុក​ស្តម ហើយ​ត្រូវជាមនុស្សស្និទស្នាល​​រស់នៅ​ខេត្ត​ព្រះសីហនុ​​ជា​មួយ​គ្នា​។

បន្ទាប់​ពី​ត្រូវចៅក្រមបានសាក​សួរចប់ ​ពល​រដ្ឋរង​គ្រោះដីធ្លី​ចំនួន ៤នាក់ ក្នុងចំណោម ៦នាក់ ត្រូវ​ចៅ​ក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តព្រះសីហនុ លោក ឡូត ផារី សម្រេច​ចេញដីកា​បង្គាប់​ឲ្យឃុំខ្លួន​​ ដាក់​ក្នុងពន្ធនាគារ​ខេត្ត​ព្រះសី​ហនុ​ជា​បណ្តោះ​អាសន្ន កាលពីល្ងាចថ្ងៃ​ទី៨ ​ខែ​ឧសភា ឆ្នាំ​២០១៨ ចោទ​ពីបទ ​«ប្រើហឹង្សា​លើ​អ្នក​កាន់​កាប់​អចលន​វត្ថុ​ដោយ​សុចរិត​» ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ៤ ​ឃុំ​អូរត្រេះ ​ស្រុក​ស្ទឹងហាវ ​ខេត្ត​ព្រះ​សីហនុ ​កាលពី​ថ្ងៃទី​៦ ខែ​ឧសភា​ ឆ្នាំ​២០១៨។

មុនត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជូនខ្លួនពីតុលាការ ទៅឃុំខ្លួននៅពន្ធនាគារខេត្ត កាលពីល្ងាច​​ថ្ងៃ​ទី៨ ខែឧសភា ឆ្នាំ​២០១៨ អ្នកស្រី លុច ទូច ជាពលរដ្ឋរង​គ្រោះដីធ្លីម្នាក់ ស្ថិតក្នុងចំណោមពលរដ្ឋ​ ៤នាក់ ដែលត្រូវសាលាដំបូង​ចេញ​ដីកា​ឃុំខ្លួនក្នុងពន្ធនាគារ​ បាន​ចាត់​ទុក​ការសម្រេច របស់​ចៅក្រមស៊ើបសួរ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ថា​មាន​ភាព​អយុត្តិធ៌ម​សម្រាប់ពលរដ្ឋ​ពួក​គាត់​ និងបាន​ ​លើកដៃសំពះ​អំពាវនាវឲ្យ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ជួយ​រក​យុត្តិធ៌ម​ឲ្យ​មានសេរីភាព និង​មានសិទ្ធិកាន់កាប់ដីធ្លី​ដូច​ដើមវិញ។

សំណុំរឿងនេះដែរ ​សាធារណជន​ បង្ហាញចម្ងល់ថា តើសកម្មភាព របស់កម្លាំងកងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហនុ ​ដែល​ចុះផ្ទុះអាវុធ និងចាប់​ពលរដ្ឋ​មាន​ទំនាស់ដីធ្លី​ដាក់ខ្នោះ ​បញ្ជូនទៅកាន់សាលាដំបូងខេត្ត​​ ទៅតាមប​ណ្តឹង របស់​លោក​ឧកញ៉ា តាន់ តាត់ និងលោក ឡុញ វណ្ណៈ កាល​ពីថ្ងៃ​អាទិត្យ ទី៦ ខែឧសភា ឆ្នាំ​២០១៨ តើ​អាច​ចាត់​ទុក​ជាសកម្មភាព​​ផ្គើន​ ឬប្រមាថ​ ចំពោះ​បទបញ្ជា របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ​ឬទេ..?។ ព្រោះ​ថ្មីៗ​​នេះ សម្តេចតេជោ ហ៊ុន សែន​​ នាយករដ្ឋមន្ត្រី បានផ្តល់​អនុវសាសន៍​ទៅដល់​​មន្ត្រី​ក្រោម​ឱវាទ ​​នៅតាម​រាជ​ធានី​ខេត្ត​ទូទាំងប្រទេសកម្ពុជា ឲ្យ​បន្ត​សម្រប​​សម្រួល​ដោះ​ស្រាយ​វិវាទ​ដីធ្លី​​ជូនប្រជាពលរដ្ឋ ឬរវាងភាគីទំនាស់​ដោយ​សន្តិ​វិធី ​ហើយ​ជៀស​វាង​មិនត្រូវចាប់​ពលរដ្ឋ ឬអ្នក​មាន​ទំនាស់​ដីធ្លី​ដាក់​គុកច្រវ៉ាក់ជា​បន្ត​ទៀតនោះទេ​។

យ៉ាង​នេះក្តី​ គេកត់​សម្គាល់ថា សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ​មួយចំនួននៅខេត្តព្រះសីហនុ ពិសេសស្ថាប័ន​កងរាជ​អាវុធ​ហត្ថខេត្តនេះ មិន​ត្រឹម​មិនបាន​លើក​យក​​​ប្រសាសន៍​ របស់ សម្តេចតេជោ ហ៊ុន សែន ​ដើម្បីយកមកអនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាពប៉ុណ្ណោះទេ​ ប៉ុន្តែបែរ​ជា​ហាក់បាន​ផ្គើន​ចំពោះបទ​បញ្ជា របស់ សម្តេចនាយករដ្ឋ​មន្ត្រី​ទៅវិ​ញ​។

ត្រង់ចំណុចនេះ អ្នកឃ្លាំមើលសង្គម និងអាជ្ញាធរមូលដ្ឋានភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ក៏បាន​សំណូមពរដល់ ឯកឧត្តម ឱម យ៉ិន​ទៀង ​ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួងរៀប​ចំដែនដី នគរូប​នីយកម្ម និង​សំណង់ ពិសេស សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​បញ្ជូន​មន្ត្រី​ស្អាតស្អំ ​ឲ្យចុះស៊ើប​អង្កេត​ និងពិនិត្យ​ទៅ​លើប្លង់​កម្មសិទ្ធិ ដែល​ភាគី លោកឧកញ៉ា តាន់ តាត់ ​និង​លោក ឡុញ វណ្ណៈ បាន​ទទួល​នៅ​​ចំណុច​ដីមាន​ទំនាស់​ជាមួយប្រជាពលរដ្ឋ មានទីតាំងនៅ​ភូមិ៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ឲ្យ​បាន​ឆាប់ ដើម្បីរក​យុត្តិ​ធ៌ម​ជូន​ពលរដ្ឋរង​គ្រោះ​ដីធ្លី និង​រក​ឲ្យឃើញ​ ថាតើភាគី​ណា​មួយ​ជាម្ចាស់​ដីពិត​ប្រាកដ ឬជា​អ្នក​បាន​មករស់​នៅ​ និងអាស្រ័យផល លើ​ដី​​ ជាក់ស្តែង ស្របតាម​ច្បាប់ភូមិបាល របស់​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

យ៉ាងនេះក្តី ​អ្នកយកព័ត៌មាន​គេហទំព័រ www.com.khមិន​មានប្រភពទាក់ទង លោកឧកញ៉ា តាន់ តាត់ និង លោក ឡុញ វណ្ណៈ ដើម្បី​ស្នើការបំភ្លឺ​ជុំវិញ ពាក្យ​បណ្តឹង ​របស់​លោក ​ដែលឈាន​ដល់ប្តឹងកម្លាំងកង​រាជអាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ ឲ្យ​ចាប់​ពលរដ្ឋមាន​ទំនាស់​ដីធ្លី រស់នៅ​ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ​ ​និងត្រូវ​តុលា​ការចេញ​ដីការ​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ដាក់ពន្ធនា​គារ​បាន​ទេ នៅ​រសៀល​ថ្ងៃសៅរ៍ ទី​១២ ខែឧសភា ឆ្នាំ​២០១៨។ ​

​​

សំណុំរឿងដីធ្លី ដែលក្រុមអ្នកឃ្លាំមើលសង្គម និងពលរដ្ឋរងគ្រោះដីធ្លី បានចាត់ទុកថា មានភាព​អយុត្តិធ៌ម ចំពោះ​​ពលរដ្ឋ​ជាម្ចាស់​ដីពិត​ប្រាកដ និង​រស់នៅស្របតាមច្បាប់ភូមិបាល ហើយទទួលស្គាល់ពីអាជ្ញាធរមូល​ដ្ឋានភូមិ​ឃុំ​ផង​នោះបែ​ជា​ត្រូវជាប់គុកច្រវ៉ាក់។

អយុត្តិធ៌មនៅត្រង់ថា នៅពេលកងរាជអាវុធហត្ថខេត្តព្រហសីហនុ បានបញ្ជូន​ខ្លួនពល​រដ្ឋទាំង ៦នាក់ មក​កាន់​សាលា​ដំបូងខេត្ត ដើម្បី​សាកសួរ​លើ​សំណុំ​រឿងដីធ្លី ដែលប្តឹងដោយ លោកឧកញ៉ា តាន់ តាត់ និងលោក ឡុញ វណ្ណៈ ​បែរជាត្រូវ លោក ឡូត ផារី ចៅ​ក្រម​ស៊ើបសួរ នៃ​សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ ​បាន​ចេញ​ដីកា​បង្គាប់ ឲ្យឃុំ​ខ្លួន​ប្រជា​ពលរដ្ឋមានទំនាស់ដីធ្លី ចំនួន ៤នាក់ ​ក្នុងចំណោម ៦នាក់​ ​ឲ្យជាប់​ពន្ធនាគារ​​​បណ្តោះ​អាសន្ន ដោយ​​ចោទ​ពី​បទ «ប្រើហឹង្សា​លើអ្នកកាន់​កាប់​អចលនវត្ថុ​ដោយ​សុចរិត» ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ៤ ​ឃុំអូរ​ត្រេះ ​ស្រុក​ស្ទឹងហាវ ​ខេត្ត​ព្រះសីហនុ ​កាលពី​ថ្ងៃទី​៦ ខែ​ឧសភា​ ឆ្នាំ​២០១៨។

ដីកា​បង្គាប់ឲ្យឃុំខ្លួន ​មានចុះ​ហត្ថ​លេខា ​និង​បោះត្រា ​លោក ឡូត ផារី ចៅក្រម​ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្ត​ព្រះសីហនុ ​ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ​២០១៨ បានសម្រេច​៖ ​បញ្ជា​ជាឲ្យ​ភ្នាក់ងារមាន​សមត្ថកិច្ច ​នៃកម្លាំង​សាធារណៈ​ធ្វើការនាំខ្លួន​ជនត្រូវ​ចោទ​ឈ្មោះ លុច ទូច ហៅទូច ភេទស្រី ​ ឈ្មោះ ​កៅ ហេង ​ហៅចិក ភេទប្រុស ឈ្មោះ មែន ខេន ភេទ​ប្រុស ​និង​ឈ្មោះ ​ញ៉ាញ់ ជាតិ ភេទ​ប្រុស​ មាន​អាសយ​ដ្ឋាន​នៅ​ក្រុម៤ ភូមិ៤ ​ឃុំអូរត្រេះ ស្រុក​​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ។ ជនត្រូវ​ចោទទាំង ៤នាក់ ត្រូវ​​តុលា​ការ​បង្គាប់ ឲ្យ​នាំ​ខ្លួន​ទៅ​ដាក់​នៅ​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ ដោយ​អនុវត្តឲ្យ​បាន​ត្រឹម​​ត្រូវតាមនីតិវិធី​នៃ​ច្បាប់។ បង្គាប់​ឲ្យ​ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ ​ទទួល​ជនត្រូវចោទ និងឃុំ​ខ្លួនជន​ត្រូវ​ចោទ​ទាំង​ ៤នាក់ ​រហូត​ដល់​មាន​ដីកា​សម្រេច​​ផ្សេងពីនេះ និង​បង្គាប់​ឲ្យភ្នាក់​ងារ​ នៃកម្លាំង​សាធារណៈ​ទាំងអស់​​នៅពេល​បានឃើញ​ដីកានេះ ត្រូវសហការអនុវត្តឲ្យបានល្អ ក្នុង​ករណី​ចាំ​បាច់។​

​​មន្ត្រី​សង្គមស៊ីវិល ​​ដែល​តាម​ឃ្លាំមើល​សំណុំរឿងដីធ្លីខាងលើ សម្តែង​ការ​សោកស្តាយ​ នៅគ្រា​ ​លោក ឡូត ផារី ចៅ​ក្រម​ស៊ើប​សួរ​ នៃ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ បាន​សម្រេច​ចេញដីកា​បង្គាប់ឲ្យ​ឃុំខ្លួន​ពល​រដ្ឋក្រីក្រ​មាន​ទំនាស់​ដីធ្លីចំនួន ៤នាក់ ក្នុងចំណោម ៦នាក់ ដាក់​ពន្ធនាគារ ​ទៅតាមបណ្តឹង របស់​​ឧកញ៉ា តាន់ តាត់ និង លោក ឡុញ វណ្ណៈ ​ដែលជាអ្នកមានទ្រព្យ​ស្តុកស្តម នាខេត្តព្រះសីហនុ កាលពីល្ងាច​ថ្ងៃ​ទី៨ ខែឧសភា ឆ្នាំ​២០១៨។

អ្នក​ឃ្លាំមើល​ការអភិវឌ្ឍសង្គម ​បានកត់សម្គាល់ថា សកម្មភាពប្រើកម្លាំងប្រដាប់អាវុធ និងប្រើប្រព័ន្ធតុលាការ ដើម្បី​គំរាម​ចាប់​ខ្លួន​ប្រជា​ពលរដ្ឋ​មាន​ទំនាស់​​ដីធ្លី ដោយ​លើក​យក​ច្បាប់​ព្រហ្មទណ្ឌ​យកមកប្រើ​ ជា​ពិសេសបាន​អនុវត្ត​ទៅលើ​ពលរដ្ឋ​រង​គ្រោះ​ចំនួន ៤នាក់ រស់​នៅ​សហគមន៍​អូរ​ខ្សាច់​ ឃុំអូរ​ត្រេះ ស្រុកស្ទឹងហាវ​ខាងលើនេះ គឺ​បាន​កើត​មាន​ជា​ថ្មី​ទៀត នៅ​គ្រា​សកម្មភាព នៃតម្លៃ​ទិញ​លក់ដីនាខេត្តព្រះសីហនុ​ កំពុង​មាន​​មានតម្លៃហាង​ឆេង​​ខ្ពស់​។ ក្នុងនោះ​​​ភាគី​ឈ្មួញ​មាន​ទ្រព្យ និង​មាន​អំណាចមួយចំនួន ដែលកន្លងមកធ្លាប់ប្រើ​កម្លាំង​ប្រដាប់អាវុធ ពិសេស​កម្លាំង​កងរាជ​អាវុធ​ហត្ថ​ខេត្ត​​ព្រះ​សីហនុ និង​ប្រព័ន្ធ​តុលាការ​ជាដើម ដើម្បី​គម្រាម​ចាប់​ចង​ពល​រដ្ឋ​​ក្រីក្រ​មាន​ទំនាស់​ដីធ្លី​​គ្មានខ្នងបង្អែក​ ​ក៏បាន​កើត​មាន​ជាថ្មីទៀត​នាខេត្​ព្រះសីហនុ។​

ចំណុចនេះ សាធារណជន សង្កេត​ថា សកម្មភាព​ចាប់​ខ្លួន​ពល​រដ្ឋរង​គ្រោះដីធ្លី ៤នាក់ ដាក់ពន្ធនាគារ​ របស់​កម្លាំង​កង​រាជ​អាវុធហត្ថ​ ខេត្តព្រះសីហនុ តាម​​ពាក្យ​បណ្តឹង របស់ លោក​ឧកញ៉ា ​តាន់ តាត់ និង​លោក ​ឡុញ វណ្ណៈ គឺ​​កើត​មាន​​​​​ស្របពេល​ហាង​ឆេញ​ នៃការ​ទិញ​លក់ដី​នា​​ខេត្ត​ព្រះសីហនុ ​កំពុង​មាន​​តម្លៃ​​ខ្ពស់​​ ព្រោះ​បច្ចុប្បន្ន​នេះ ​​មាន​​អ្នក​វិនិ​យោគ​ទុនចិន​​ជាច្រើន បាន​​ចូល​មកបណ្តាក់ទុននា​​​មូលដ្ឋាន​នេះ​មាន​ចំនួន​ច្រើន និងបានទិញ ឬជួលដី ក្នុង​​តម្លៃ​ខ្ពស់​កប់​ពពក​​​៕

 

 

spot_img
×