Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ឃុំខ្លួន​ដាក់​ពន្ធា​គារ កូនប្រុស​ស្នងកា​រង​នគរបាល​ខេត្ត​ព្រៃវែង ដែល​ចាប់​បង្ខាំង​នារី​ម្នាក់ ទុក​រំលោភ​សេពសន្ថវៈ រួច​លក់​បន្ត​ទៅ​ឲ្យ​បុរស​ផ្សេង​

spot_img

​ព្រៃវែង ៖​ព្រឹក​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ចៅក្រម​ស៊ើបសួរ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់ ជា​កូនប្រុស​លោក​ឧត្ដមសេនីយ៍ត្រី ឌឹ​ម យ៉ា​រ៉ុប ស្នងកា​រង​នគរបាល​ខេត្ត​ព្រៃវែង ពីបទ អំពើ​រំលោភ​សេពសន្ថវៈ​ស្ថាន​ទម្ងន់ទោស​ដោយសារ​មធ្យោបាយ​ប្រើប្រាស់ បង្ខាំង​ដោយ​ខុសច្បាប់ និង​សញ្ចារកម្ម​ស្ថាន​ទម្ងន់ ទាក់ទង​ទៅនឹង​ជនរងគ្រោះ តាម​មាត្រា ២៤០​ចំណុច​១ មាត្រា​២៥៣​ចំណុច​៣ មាត្រា​២៨៩​នៃ​ក្រម​ព្រហ្មទណ្ឌ ព្រឹត្ត​នៅ​ភូមិ​រោង ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង កាលពី​ថ្ងៃ​ទី​១៧​ខែវិច្ឆិកា ឆ្នាំ​២០១៧ កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៨​។​

​លោក​សាំង សេរី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ទី​១២​ខែ​ឧសភា​នេះ បានបញ្ជាក់​ថា យោង​តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួ​រលេខ​១១៨​អ​ក​/​ព​វ​១៨ ចុះ​ថ្ងៃ​ទី​១២​ខែ​ឧសភា ឆ្នាំ​២០១៨ បានឃើញ​មាត្រា ២០៣ មាត្រា​២០៤ មាត្រា​២០៥ និង​មាត្រា​២០៦ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​។ បានឃើញ​ដីកា​សម្រេច​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​លេខ​១៥៨​ចុះ​ថ្ងៃ​ទី​១២​ខែ​ឧសភា​ឆ្នាំ​២០១៨​។ បាន​បញ្ជា​ឲ្យ​ភ្នាក់ងា​រមាន​សមត្ថកិច្ច​នៃ​កម្លាំង​សាធារណៈ​ធ្វើការ​នាំខ្លួន​ជន​ត្រូវ​ចោទ​ដែល​មាន​ឈ្មោះ​ឌឹ​ម មករា ទៅ​ពន្ធនាគារ ឬ​មណ្ឌល​ឃុំខ្លួន​ខេត្តព្រៃវែង ដោយ​អនុវត្តន៍​ឲ្យបាន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​។ លោក​ចៅក្រម ក៏​បាន​បង្គាប់​ឲ្យ​ប្រធាន​ពន្ធនាគារ ឬ​មណ្ឌល​ឃុំខ្លួន​ខេត្តព្រៃវែង ទទួល​ជននេះ និង​ឃុំ​ជន​នេះ​រហូតដល់​មាន​បទបញ្ជា​ថ្មី​សម្រេច​ផ្សេងៗ​ពីនេះ​។ លោក​ចៅក្រម ក៏​បាន​បង្គាប់​ឲ្យ​គ្រប់​ភ្នាក់ងារ​នៃ​កម្លាំង​សាធារណៈ​ទាំងអស់ នៅពេល​ត្រូវ​បាន​បង្ហាញ​ដីកា​នេះ​សហការ​អនុវត្តន៍​ឲ្យបាន​តាមច្បាប់​។​

​សូមបញ្ជាក់​ថា បន្ទាប់ពី​មាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្តិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដល់​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ និង​មាន​វិធាន​ផ្លូវច្បាប់ ប្រសិនបើ​រក​ឃើញ​បាន​ប្រព្រឹត្ត​ដូច​អ្វី​ដែល​ចោទប្រកាន់​ពី​បែកធ្លាយ​រឿងអាស្រូវ​កូនប្រុស​បង្កើត​របស់​ស្នងការរង ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង ដែល​ជា​មន្ត្រី​នគរបាល​ឋានន្តរស័ក្តិ​អនុសេនីយ៍ទោ បាន​រង​ការចោទប្រកាន់​ថា​បាន​ចាប់​បង្ខាំង​នារី​ម្នាក់​ទុក​រំលោភ​សេពសន្ថវៈ​រួច​លក់​បន្ត​ទៅ​ឲ្យ​បុរស​ផ្សេងទៀត​នោះ​។​

​លោក​ឧត្តសេនីយ៍ទោ ស្រេង ជា ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង បានឱ្យដឹងថា បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ជនរងគ្រោះ​ភ្លាម​លោក​បាន​សុំ​គោលការណ៍​ថ្នាក់លើ​នឹង​បា​ចាត់​កម្លាំង​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​ភ្លាមៗ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨​។ ជនសង្ស័យ​ឈ្មោះ ឌឹ​ម មករា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​រោង ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង​។ បន្ទាប់​ពី​ឃាត់ខ្លួន កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រៃវែង កាលពី​ថ្ងៃ​ទី​១១ ខែ​ឧសភា និង​បន្ត​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ចៅក្រម​ស៊ើបសួរ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រៃវែង បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ជនសង្ស័យ​ពីបទ អំពើ​រំលោភ​សេពសន្ថវៈ​ស្ថាន​ទម្ងន់ទោស​ដោយសារ​មធ្យោបាយ​ប្រើប្រាស់ បង្ខាំង​ដោយ​ខុសច្បាប់ និង​សញ្ចារកម្ម​ស្ថាន​ទម្ងន់​។​

​សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៨ នារី​រងគ្រោះ​ម្នាក់​ដាក់ពាក្យ​ប្ដឹង​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​កំពង់​ត្របែក ដោយ​ចោទប្រកាន់​មកលើ​បុរស​ម្នាក់​មាន​តួនាទី​ជា​មន្ត្រី​នគរបាល​ខេត្ត​ព្រៃវែង ឈ្មោះ ឌឹ​ម មករា ជា​មន្ត្រី​នគរបាល​ឋានន្តរស័ក្តិ​អនុសេនីយ៍ទោ ជា​កូនប្រុស​បង្កើត​របស់​លោក ឧត្ដមសេនីយ៍ត្រី ឌឹ​ម យ៉ា​រ៉ុប ស្នងការរង នៃ​ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង​។​
​នារី​រងគ្រោះ​បាន​ប្ដឹង​ចោទប្រកាន់​លើ ឈ្មោះ ឌឹ​ម មករា បង្ខាំង​ទុក និង​ចាប់រំលោភ​នាង​អស់​រយៈពេល​ជាង​៤​ខែ និង​គ្រោង​លក់​នាង​ឲ្យទៅ​ប្រុស​ផ្សេង​ទៀត ព្រមទាំង​គំរាមកំហែង​បាញ់សម្លាប់ ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×