Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម​៖​កងកម្លាំង​នគរបាលជាតិ​នៅតែ​ជា​កម្លាំង​ស្នូល​ឈាម​មុខ​ក្នុងការ​បំពេញ​តួនាទី​រក្សាបាន​នូវ​សុខសាន្ត​ជូន​ប្រជាពលរដ្ឋ​និង​សង្គមជាតិ​

spot_img

​​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា កងកម្លាំង​នគរបាលជាតិ នៅតែ​ជា​កម្លាំង​ស្នូល​ឈាម​មុខ​ក្នុង​ការបំពេញ​តួនាទី ធានារ៉ាប់រង​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម និង​រក្សាបាន​នូវ​សុខសាន្ត​ជូន​ប្រជាពលរដ្ឋ​និង​សង្គមជាតិ​។​

​ក្នុងឱកាស​រំលឹក​ទិវា​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៣ ថ្ងៃ​បដិសន្ធិ​កងកម្លាំង​នគរបាលជាតិ​កម្ពុជា (១៦​ឧសភា ១៩៤៥-១៦​ឧសភា​២០១៨) សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា ឆ្នាំ​២០១៧ និង​ដើមឆ្នាំ​២០១៨ កន្លងទៅ កងកម្លាំង​នគរបាលជាតិ​គ្រប់ផ្នែក គ្រប់​ថ្នាក់ បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់ ធ្វើការ​តស៊ូ ព្យាយាម​អត់ធ្មត់ ដោយបាន​ធ្វើ​ពលិកម្ម​គ្រប់បែបយ៉ាង​បំពេញភារកិច្ច​របស់ខ្លួន​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​បុព្វហេតុ​សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម និង​ការពារ​បាន​នូវ​ខឿន អធិបតេយ្យភាព​ជាតិ បូរណភាព​ទឹកដី ប្រឆាំង​ដាច់ខាត​រាល់​ការប៉ុនប៉ង​របស់​ពួក​អមិត្ត​ដើម្បី​ការពារជាតិ សាសនា ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​ស្របច្បាប់ ។ អនុវត្តន៍​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​និង​គោលការណ៍​ដឹកនាំ​របស់​ក្រសួងមហាផ្ទៃ កងកម្លាំង​នគរបាលជាតិ បាន​បង្កើត​នូវ​ស្នាដៃ​ធំៗ​ជាច្រើន​ជូន​សង្គមជាតិ ដោយបាន​ធ្វើជា​សេនាធិការ​ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាបបាន​នូវ​ឧ​បា​កល​សកម្មភាព​បដិវត្តន៍​ពណ៌ ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ទប់ស្កាត់បាន​អំពើ​ភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លងដែន ការពារ​ពិធីបុណ្យ​តូចធំ គណៈប្រតិភូ​ជាតិ អន្តរជាតិ ក៏ដូចជា​បណ្តា​គោលដៅ​នយោបាយ ការទូត សេដ្ឋកិច្ច​វប្បធម៌​។​ល​។​

​សម្តេច​ក្រឡាហោម បាន​បញ្ជាក់ថា មកដល់​បច្ចុប្បន្ននេះ សភាពការណ៍​ពិភពលោក​មាន​ការវិវត្ត​ន៍​ប្រែប្រួល ស្មុគស្មាញ​ឆាប់រហ័ស ហើយ​ពេលខ្លះ​បាន​គំរាមកំហែង​ដល់​តំបន់​មួយចំនួន​មាន​ព្រះរាជា​ណ​ចក្រ​កម្ពុជា​យើង​ផងដែរ​។ ជាមួយ​នោះ​ការរីក​រាលដាល​នៃ​អំពើ​ភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ ពិសេស​ការជួញដូរ​គ្រឿង​ញៀន បទល្មើស​បច្ចេកវិទ្យា អំពី​ជួញដូរ មនុស្ស​។​ល​។ នៅតែ​ជា​វិញ្ញាសា​ដែល​ត្រូវ​យកចិត្តទុកដាក់​គួបផ្សំ​នឹង​ចលនា​ឧទ្ទាម​ក្រៅច្បាប់ ដែល​ប៉ុនប៉ង​បំផ្លិចបំផ្លាញ​កិច្ចដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៃ​រដ្ឋសភា បញ្ហា​បទល្មើស​ព្រហ្មទណ្ឌ​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ អំពី​ហិង្សា​ក្នុង​គ្រួសារ គ្រោះថ្នាក់​ចរាចរ អគ្គិភ័យ បញ្ហា​ក្មេង​ទំនើង​។​ល​។ នៅតែ​បន្ត​កើតមានឡើង បង្កើតជា​បញ្ហា​ប្រឈម និង​ជា​ក្តីបារម្ភ​របស់​ប្រជាពលរដ្ឋនៅក្នុង​សង្គម​។​

​សម្តេច​ក្រឡាហោម បាន​បន្ថែមថា កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​បាន​តស៊ូ​ឆ្លងកាត់​ការលំបាក​គ្រប់យ៉ាង ឈរជើង​ការពារ​ព្រំដែន​ប្រកបដោយ​ស្មារតី​អង់អាច​ក្លាហាន និង​រក្សាបាន​តំបន់​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ ជាមួយ​នោះ​កងកម្លាំង​នគរបាល​ជំនាញ​បាន​បើក​ប្រតិបត្តិការ​យ៉ាងសកម្ម​ភ​ធ្វើ​ឲ្យ​បទល្មើស​ឧក្រិដ្ឋ បទល្មើស​គ្រឿងញៀន ការជួញដូរ​មនុស្ស មានការ​ថយចុះ​គួរ​ឲ្យ​គត់​សម្គាល់​។ ការពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ការសង្គ្រោះ​ហេតុការណ៍​អគ្គិភ័យ ការរៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សង្គម​ត្រូវបាន​លើកកម្ពស់ និង​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​រីកចម្រើន​បន្ថែមទៀត ដែល​បាន​កាត់បន្ថយ​នូវ​គ្រោះថ្នាក់ និង​មហន្តរាយ​នានា​ជាច្រើន ព្រមទាំង​បាន​អនុវត្តន៍​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​យុទ្ធនាការ ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ​ដូចជា យុទ្ធនាការ​ការពារ​ប​រិ​ស្ថាន​ធនធានធម្មជាតិ យុទ្ធនាការ​បង្ក្រាប​បទ​ល្មើស​នេសាទ ការលុបបំបាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អនាធិបតេយ្យ ការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ យុទ្ធនាការ​ដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍ និង​ការផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​។​ល​។ ជាពិសេស​ការពង្រឹង​តួនាទី​របស់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ជា​បង្អែក​នៃ​ការអនុវត្ត​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ការកែប្រែ​របៀបរបប​ការងារ​តាមបែប​នគរបាល​និង​សហគមន៍ លើកកម្ពស់​ប្រសិទ្ធភាព​បម្រើសេវា ចាំបាច់​ជូន​ប្រជាពលរដ្ឋ ដែល​កិច្ចការ​ទាំងនោះ ត្រូវបាន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​កោតសរសើ​រ គាំទ្រ មាន​ជំនឿ​ទុកចិត្ត​និង​បាន​ចូលរួម​សហការ​ច្រើនជាង​មុន​។​

​សម្តេច​ក្រឡា​ហោ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ” ក្នុងនាម​ក្រសួងមហាផ្ទៃ ខ្ញុំ​សូម​សម្តែង​នូវ​ការគាំទ្រ​កោតសរសើរ​យ៉ាង​ស្មោះស្ម័គ្រ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​មិ​ខ​ខ្លាច​នឿយហត់​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​នគរបាលជាតិ​ទូទាំងប្រទេស ដែល​បាន​បង្កើត​នូវ​សមិទ្ធផល​ដ៏​ធំធេង ហើយ​ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ប្រកបដោយ​មោទនភាព ព្រមទាំង​សូម​ចាត់ទុកថា​ជាការ​រួមចំណែក​យ៉ាង​ធំធេង ក្នុងការ​ធានា​នូវ​ខឿន​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ដែលជា​បុព្វបទ​ប្រកបដោយ​អាទិភាព និង​ជា​មូលដ្ឋានគ្រឹះ​បម្រើ​ឲ្យ​ការអភិវឌ្ឍ​ជាតិ​គ្រប់​វិស័យ​”៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×