Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្គម​ស៊ីវិល ស្នើ​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​អង្កេត​មន្ត្រី​ប្រចាំការ​នៅ​ច្រកទ្វារ​ចាំ​យាម ខេត្តកោះកុង ទាក់ទង​បទល្មើស​នាំចូល​ទំនិញគេចពន្ធ និង​ខូចគុណភាព

spot_img

​កោះកុង​៖ អ្នកឃ្លាំមើល​ផែនការ​អភិវឌ្ឍ​សង្គម និង​អាជីវករ​ប្រកប​របរ​លក់ដូរ នៅក្បែរ​ច្រកព្រំដែន​កម្ពុជា​ថៃ ខេត្តកោះកុង ជាថ្មី​ម្តងទៀត បាន​ទទូច​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់ជាតិ ពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជួយ​បញ្ជូន​មន្ត្រី​ចុះ​ស៊ើបអង្កេត ទៅលើ​សកម្មភាព របស់​មន្ត្រី​ស្ថាប័ន​ជំនាញ ប្រចាំការ​នៅ​ច្រកទ្វារ​ចាំ​យាម ដើម្បី​ឲ្យ​ប្រាកដថា តើ​មាន​មន្ត្រី​ជំនាញ​ស្ថាប័ន​ណាខ្លះ អាចមាន​ជាប់​ពាក់ព័ន្ធ នឹង​អំពើពុករលួយ ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ខូចគុណភាព​ចូល​តាម​ច្រកព្រំដែន​មួយ​នេះ​។

លោកឱម យ៉ិនទៀង (ឆ្វេង) គុណ ញ៉ឹម និង លោក ម៉ក់ ពេជ្ជរិទ្ជ (រូបស្តាំ)

​អ្នកឃ្លាំមើល​សង្គម​មួយចំនួន រួមមាន​៖ សមាគម​អាដហុក (Adhoc) និង​អង្គការ​លីកាដូ (Licadho)​ជាដើម បាន​ឲ្យ​អ្នកយកព័ត៌មាន cen.com.kh ប្រចាំខេត្ត​កោះកុង ដឹងថា ពួកគេ​បានទទួល​ព័ត៌មាន​ជុំវិញ​បទល្មើស​នាំចូល​ទំនិញគេចពន្ធ ឬ​ទំនិញ​ខូចគុណភាព​ត្រូវ​ឈ្មួញ​នាំចូល​ពី​ប្រទេស​ថៃ តាម​ច្រកព្រំដែន​ចាំ​យាម តាមផ្លូវ​សមុទ្រ និង​ច្រករបៀង​ផ្សេងៗ​ទៀត​ជា​បន្តបន្ទាប់​មកនេះ​។

​ពួកគេ​សង្ស័យថា ទំនិញគេចពន្ធ ឬ​សាច់​ស្រស់​ខូចគុណភាព ដែល​ឈ្មួញ​អាច​នាំចូល តាម​ច្រក​ចាំ​យាម និង​ច្រក​ផ្សេងៗ នា​ខេត្តកោះកុង ទំនងជា​ឈ្មួញ​ទាំងនោះ បាន​ត្រូវដង​ត្រូវផ្លែ​គ្នា ជាមួយ​សមត្ថកិច្ច​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ប្រចាំការ នៅតាម​ច្រក​នីមួយៗ ពិសេស​មន្ត្រី​ជំនាញ ប្រចាំការ​នៅ​ចក្រ​ទ្វារ​ចាំ​យាម​តែម្តង ជា​ថ្នូរ​ចែក​ផលប្រយោជន៍ ឲ្យ​គ្នា​ទៅវិញទៅមក ទើប​សមត្ថកិច្ច​មិន​បង្ក្រាប​។​

​លោក ញៀប សំអឿន អ្នក​សម្រួល​សមាគម​អាដហុក ប្រចាំខេត្ត​កោះកុង មានប្រសាសន៍ថា ទំនិញ​ដឹក​តាម​រទេះ ពិសេស​ដឹក​តាម​រថយន្ត​ធំៗ ដែល​បាន​ឆ្លងកាត់​ច្រក​ចាំ​យាម​រាល់ថ្ងៃនេះ គឺ​ភាគច្រើន​ទំនិញ​ទាំងនោះ មិន​ត្រូវបាន​មន្ត្រី​សាខាគយ និង​រដ្ឋាករ​ខេត្តកោះកុង និង​មន្ត្រី​កាំកុងត្រូល​ខេត្តកោះកុង ព្រមទាំង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត​ចុះ​ត្រួតពិនិត្យ ឲ្យ​បាន​ដិតដល់​ទេ​។​

​ផ្តើម​ពី​បញ្ហា​នេះ លោក ញៀប សំអឿន បានស្នើ​ដល់ លោក គុណ ញ៉ឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​លោក ម៉ក ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម ជាពិសេស លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឲ្យ​បញ្ជូន​មន្ត្រី​ចុះ​ស៊ើបអង្កេត ទៅលើ​សកម្មភាព របស់​មន្ត្រី​ប្រចាំការ នៅតាម​ច្រកព្រំដែន​ចាំ​យាម ខេត្តកោះកុង ដើម្បី​ឲ្យ​ប្រាកដថា តើ​អាចមាន​ជាប់​ពាក់ព័ន្ធ ការអនុញ្ញាត​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខូចគុណភាព ជា​ថ្នូរ​ទទួលបាន​សំណូក​ពុករលួយ​ពី​ឈ្មួញ​ល្មើស​ដែរ​ឬ​យ៉ាងណា​?​។​

​ត្រង់ចំណុច​នេះ លោក ញៀប សំអឿន បាន​កត់សម្គាល់ថា កន្លងមក​ទំនិញ ដែល​ឈ្មួញ​បាន​ដឹក​តាម​រថយន្ត​ធំៗ ចូល​តាម​ច្រកព្រំដែន​ចាំ​យាម មិនសូវ​ឃើញ​មាន​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ ដែល​ឈរ​ប្រចាំការ​នៅ​ច្រកទ្វារ​អន្តរជាតិ​កម្ពុជា​ថៃ​មួយ​នេះ ចុះ​ត្រួតពិនិត្យ​ទំនិញ​ទាំងនោះ​ឲ្យ​បានជា​ប្រចាំ និង​ត្រឹមត្រូវ​ទេ ដោយ​ឃើញ​មន្ត្រី​ស្ថាប័ន​ខ្លះ បាន​ឈរ​ចាំ​ទទួលយក​ត្រឹម​សំណូក​លុយកាក់ ដែល​ឈ្មួញ ឬ​ពាណិជ្ជករ​ទាំងនោះ នាំយកទៅ​បង់​ជូន​ស្ថាប័ន​នីមួយៗ ដែល​ឈរ​ប្រចាំថ្ងៃ នៅ​ច្រកទ្វារ​ចាំ​យាម ដោយ​មិនបាន​ត្រួតពិនិត្យ​ទំនិញ ដែល​ដឹក​តាម​រទេះ ពិសេស​រថយន្ត​ធំៗ​ទាំង​នោះទេ​។​

​បញ្ហា​នេះដែរ ប្រជាពលរដ្ឋ​រស់នៅ​ខេត្តកោះកុង មាន​របរ​លក់ដូរ​ចំណីអាហារ នៅក្បែរ​ច្រកទ្វារ​អន្តរជាតិ​កម្ពុជា​ថៃ ច្រក​ចាំ​យាម ក៏បាន​ឲ្យ​ដឹង​ដែរ​ថា មិនមែនជា​រឿង​ថ្មី​ទេ ដែល​មន្ត្រី​ស្ថាប័ន​ជំនាញ ប្រចាំការ​នៅ​ច្រកទ្វារ​ចាំ​យាម គ្រប់​ស្ថាប័ន រួមមាន​៖ មន្ត្រី​សាខាគយ និង​រដ្ឋាករ​ខេត្តកោះកុង និង​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​នេះ​ជាដើម បាន​ត្រូវដង​ត្រូវផ្លែ​គ្នា​ជាមួយ​ឈ្មួញ ឬ​ពាណិជ្ជ​ករទាំង​ខ្មែរ និង​ថៃ អនុញ្ញាត ឲ្យ​នាំចូល​ទំនិញគេចពន្ធ ឬ​សាច់​ស្រស់​ខូចគុណភាព​ជាដើម ចូល​តាម​ច្រក​ចាំ​យាម​ជា​បន្តបន្ទាប់​មកនេះ​។​

​អ្នកយកព័ត៌មាន cen.com.kh ប្រចាំខេត្ត​កោះកុង មិនទាន់​អាចទាក់ទង លោក ងុ​យ ជៀង ប្រធាន​ច្រកទ្វារ​អន្តរជាតិ​កម្ពុជា​ថៃ ខេត្តកោះកុង ដើម្បី​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់ ថា​មាន​បទល្មើស​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខូចគុណភាព នាំចូល​ពី​ប្រទេស​ថៃ ចូល​ម​កម្ពុជា តាម​ច្រកទ្វារ​ចាំ​យាម បានទេ តាម​ទូរស័ព្ទ នៅ​ថ្ងៃ​សុក្រ ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​យ៉ាងនេះ​ក្តី​កន្លងមក មន្ត្រី​ជំនាញ​ស្ថាប័ន​ខ្លះ ប្រចាំការ​នៅ​ច្រកទ្វារ​ចាំ​យាម ខេត្តកោះកុង មាន​មន្ត្រី​គយ និង​រដ្ឋាករ​ខេត្ត​ជាដើម បាន​បដិសេធន៍​ថា មិនបាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​លួច​នាំចូល​ទំនិញគេចពន្ធ ឬ​ទំនិញ​ខូចគុណភាព​នាំចូល​ពី​ប្រទេស​ថៃ ចូល​តាម​ច្រក​ចាំ​យាម និង​ច្រក​ផ្សេងៗ ដូច​ការចោទប្រកាន់​ទេ​។​

​ទោះជា​បែបណា​ក៏ដោយចុះ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ប្រចាំខេត្ត​កោះកុង បាន​អះអាងថា ធ្លាប់​ទទួល​បណ្តឹង​ពី​ប្រជាពលរដ្ឋ អំពី​សកម្មភាព​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​អាហារ​ស្រស់​ខូចគុណភាព ត្រូវ​ឈ្មួញ​នាំចូល​ពី​ប្រទេស​ថៃ​ចូល មក​កម្ពុជា តាម​ច្រក​ចាំ​យាម និង​តាមផ្លូវ​សមុទ្រ​ជាដើម​។ ទំនិញគេចពន្ធ​ទាំងនោះ​មានដូចជា​៖ ម៉ូតូ​សេរី​ទំនើបៗ សម្ភារៈ​សំណង់ សាច់​ស្រស់ ឬ​អាហារ​សមុទ្រ​ស្រស់ៗ គ្រឿងសម្អាង ភេសជ្ជៈ អាហារ​កំប៉ុង​គ្រប់​ប្រភេទ ដែល​ខូចគុណភាព ឬ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ជាពិសេស​គ្រឿង​អេ​ឡិច​ត្រូ​និច្ច​ជាដើម​។

​មន្ត្រី​សង្គម​ស៊ីវិល បាន​ដកស្រង់​សំដី ប្រជាពលរដ្ឋ​មក​បញ្ជាក់ថា រាល់​ការ​នាំចូល​ទំនិញ​ទាំង​គេចពន្ធ និង​គ្មាន​គុណភាព​ភាគច្រើន នៅតាម​ច្រកព្រំដែន​កម្ពុជា​ថៃ មាន​ច្រក​ចាំ​យាម​ជាដើម គឺមាន​ការអនុញ្ញាតិ​ជា​ចំហ ពី​មន្ត្រី​ស្ថាប័ន​ជំនាញ​មួយចំនួន ដែល​ឈរជើង​ប្រចាំការ នៅតាម​ច្រកព្រំដែន​នីមួយៗ ជា​អ្នក​បើកដៃ ឲ្យ​នាំចូល ទំនិញ​ទាំងនោះ ជា​ថ្នូរ​ទទួលបាន​សំណូក​លុយកាក់​ពី​ឈ្មួញ​ជាប្រចាំ​ថ្ងៃ និង​ប្រចាំខែ ទើប​គ្មាន​សកម្មភាព​បង្ក្រាប ឬ​ទប់ស្កាត់ ឲ្យ​មាន​ប្រសិទ្ធភាព​នាពេល​កន្លងមក​។​

​បញ្ហា​នេះដែរ លោក អ៊ិន គង់​ជិត អ្នកសម្របសម្រួល​អង្គ​ការ​លីកាដូ (Licadho) ប្រចាំខេត្ត​កោះកុង ក៏បាន​ស្នើ​ដល់​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ និង​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​ថ្នាក់ជាតិ ត្រូវបញ្ជូន​មន្ត្រី​ស្អាតស្អំ​ចុះ​ស៊ើបអង្កេត​សកម្មភាព របស់​មន្ត្រី​ស្ថាប័ន​ជំនាញ​ប្រចាំការ​នៅ​ច្រកទ្វារ​ចាំ​យាម​ខេត្តកោះកុង ដើម្បី​រក​ឲ្យ​ឃើញ​ការពិត ឈានទៅ​ផ្តល់​យុ​ត្តិ​ធ៌​ម​ជូន​អ្នកពាក់ព័ន្ធ​ឲ្យ​បាន​ឆាប់ ពិសេស​ឈានទៅ​ទប់ស្កាត់​អំពើពុករលួយ ដែល​អាច​នាំ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ​។​

លោក អ៊ិន គង់​ជិត សង្ស័យថា សកម្មភាព​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខូចគុណភាព នៅតាម​ច្រកទ្វារ បាន​រលូន​ទំនងជា​ទាល់តែ​មានការ​អនុញ្ញាត​ពី​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ទើប​ឈ្មួញ​ទាំងនោះ អាច​នាំចូល​ទំនិញ​ចេញពី​ប្រទេស​ថៃ ចូលមក​កម្ពុជា​តាម​ច្រកទ្វារព្រំដែន​ចាំ​យាម និង​ច្រក​ផ្សេងៗ​ទៀត ដោយ​គ្មាន​សមត្ថកិច្ច​ទប់ស្កាត់​។​

​យ៉ាងណា​ក៏ដោយចុះ កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៧ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក មីន រស្មី ស្នងការរង​នគរបាល​ខេត្តកោះកុង បាន​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប បទល្មើស​នាំចូល​សាច់មាន់ និង​ប្រហិត​ស្រស់ ពី​ប្រទេស​ថៃ​ចូលមក​ខេត្តកោះកុង ដោយ​ត្រៀម​ចែកចាយ និង​នាំចេញ​ទៅកាន់​ខេត្ត​មួយចំនួនទៀត ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​ទាក់​ស្កាត់​បាន​ទាន់ពេល និង​ដកហូត​ទំនិញ​ខុសច្បាប់​ចំនួន ១​ពាន់ ៦​រយ ៨៧​គីឡូក្រាម (១៦៨៧)​។ ក្នុងនោះ​សាច់មាន់​ខូចគុណភាព​មាន ១​ពាន់ ១​រយ ១៤​គីឡូក្រាម (១១១៤) និង​ប្រហិត​ខូចគុណភាព​មាន ៥​រយ ៦៤​គីឡូក្រាម (៥៦៤)​។ ក្រោយ​ការបង្ក្រាប ទំនិញ​ទាំងនេះ កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង បាន​ប្រគល់ជូន​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តកោះកុង យកទៅ​ដុត​បំផ្លាញចោល​៕ ដោយ​៖ សត្យា​


spot_img
×