Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​នៅ​មាន​ផ្ទៃដី​ដែល​រង​ផលប៉ះពាល់​ញ្ហា​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្ក្រាម​ប្រមាណ​២.០០០​គីឡូម៉ែត្រ​ការ៉េ​ទៀត​ដែល​ត្រូវ​បោសសម្អាត​

spot_img

​ភ្នំពេញ​៖ បញ្ហា​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្ក្រាម នៅ​កម្ពុជា គឺជា​លទ្ធផល​បន្សល់ទុក​ពី​ជម្លោះ​ផ្ទៃក្នុង និង​នៅក្នុង​តំបន់​ចាប់តាំងពី​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ​១៩៦០ រហូត​ដល់​ចុង​ឆ្នាំ​១៩៩៨​។ យោង​តាម​ការស្រាវជ្រាវ​ស្តីពី​ផលប៉ះពាល់​នៅ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ​២០០៨ ភូមិ​ចំនួន​៦.៤១៦​ស្នើ​នឹង​៤៦​ភាគរយ នៃ​ភូមិ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ផ្ទៃដី​ទំហំ​៤.៥៤៤​គីឡូម៉ែត្រ​ក្រឡា ត្រូវបាន​ចាត់ទុកជា​តំបន់​សង្ស័យថា​មាន​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។ មាន​ជន​រង​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​សរុប​ចំនួន​៦៤.៧២០​នាក់ ទាំង​យោធា និង​ជន​ស៊ីវិល ដែល​បាន​ធ្វើឲ្យ​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​សេដ្ឋ​កិច្ច​និង​សង្គម​។ នេះ​បើ​តាម​ទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​កម្ពុជា គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន ក្នុងឱកាស​បើក​សន្និបាតជាតិ​វិស័យ​បច្ចេកទេស​មីន ឆ្ពោះទៅ​រក​កម្ពុជា ឆ្នាំ​២០២៥ កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ។​

​លោក​បានប្តថា សន្និបាត​នេះ គឺជា​ឱកាស​សម្រាប់​ប្រតិបត្តិ​ករ និង​បុគ្គល​ដែល​បំរើ​ការងា​រលើ​វិស័យ​បោសសម្អាត​មីន​បាន​ជួបជុំ និង​ចែករំលែក​ភាពស្និទ្ធស្នាល ក៏ដូចជា បង្ហាញ​នូវ​សមិទ្ធផល ចេញ​ពី​ការខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​២៥​ឆ្នាំ ដោយ​បាន​រំដោះ​ផ្ទៃដី​ប្រមាណ​១.៧០០​គីឡូម៉ែត្រ​ការ៉េ ផ្តល់​នូវ​សុវត្ថិភាព​ក្នុង​ការរស់នៅ ការ​ប្រកបការងារ ការធ្វើដំណើរ និង​ការលេង​កីឡា​ជូន​ដល់​សហគមន៍​។​

​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រី​ស្តីទី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ព្រឹក​នេះ បាន​លើកឡើង​ថា កម្ពុជា​ពិតជា​បាន​ឆ្លើយតប​ទៅ​នឹង​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​រយៈពេល​២៥​ឆ្នាំ ដោយ​បាន​មើលឃើញ​ពី​ការ​ទទួល​ផល​ពី​ដី​ចំការ​មីន ទៅ​ជា​ដី​បង្កបង្កើន​ផល​យ៉ាងគំហុក​។ លើសពី​នេះ​ផ្ទៃដី​ដែល​បាន​រំដោះ​គ្រាប់មីន ឬ​គ្រាប់​សំណល់​មិនទាន់​ផ្ទុះ ពិតជា​បាន​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ការ​ចិញ្ចឹមជីវិត​យ៉ាង​ល្អ​ប្រសើរ​ផង​ដែរ​។​

​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បាន​សង្កត់ធ្ងន់ថា អ្វី​ដែល​សំខាន់​ចំពោះ​មុខ​របស់​រាជរដ្ឋាភិបាល គឺ​ការគិតគូ​ការអភិវឌ្ឍ ការរីកចម្រើន ការរក្សាបាន​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ​ជាង​ការ​គិតគូ​ពី​អតីតកាល​ដែល​កម្ពុជា បាន​រងគ្រោះ​ដោយសារ​មីន​ពី​ប្រទេស​ដទៃ​។​

​ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់​ថា មកទល់​ពេល​បច្ចុប្បន្ន​នេះ សម្រាប់​វិស័យ​សកម្មភាព​មីន រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​រហូត​ឈាន​ទៅដល់​ការកាត់បន្ថយ​ភាពក្រីក្រ នៅតាម​តំបន់ ដែល​ជា​ទីតាំង​សម្បូរ​ដោយ​គ្រាប់​មីន និង​សំណល់​ជាតិ​ផ្ទុះ​ក្នុង​សង្គ្រាម​។​

​លោក Nick Beresford នាយក​ប្រចាំ​ប្រទេស​នៃ​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ នៅ​កម្ពុជា បាន​មានប្រសាសន៍ថា កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ ប្តេជ្ញា​គាំទ្រ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ទី​១៨ របស់​ប្រទេស​កម្ពុជា គឺ​កម្ពុជា​មួយ​ដែល​គ្មាន​មីន​ឆ្នាំ​២០២៥ ។ នេះ​គឺជា​គោលដៅ​ដ៏​មាន​មហិច្ឆតា​មួយ​ដែល​យើង​នឹង​អាច​សម្រេចបាន​។ វា​បាន​រំលឹក​យើង​អំពី​សារសំខាន់​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្ត​នៅក្នុង​វិស័យ​នេះ​។ សកម្មភាព​មីន​បង្កើត​មូលដ្ឋានគ្រឹះ​ដែល​អាច​កសាង​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។ យើង​ត្រៀម​ខ្លួន​រួចជាស្រេច ដើម្បី​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​អាជ្ញាធរ​មីន ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ជា​ប្រវត្តិសាស្ត្រ​នេះ ដោយ​មាន​ការគាំទ្រ​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​រដ្ឋាភិបាល​អូស្ត្រាលី ស្វ៊ី​ស និង​កាណាដា​។ សន្និបាត​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​យើង​ឆ្លុះបញ្ចាំង រៀនសូត្រ និង​សម្រេច​បាន​ការងារ​នៅ​ឆ្នាំ​២០២៥ ។​

​រយៈពេល​២៥​ឆ្នាំ​កន្លងមកនេះ ប្រទេស​កម្ពុជា បានធ្វើការ​បោសសម្អាត​ផ្ទៃ​ដី​សង្ស័យ និង​កាត់បន្ថយ​គ្រោះថ្នាក់​បាន​យ៉ាងច្រើន​។ គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០១៧ ផ្ទៃដី​ទំហំ​១.៧០០​គីឡូម៉ែត្រ​ការ៉េ ត្រូវបាន​បោសសម្អាត គ្រាប់មីន ចំនួន​ប្រមាណ​១,២៥​លាន​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ចំនួន​ប្រមាណ​២,៧​លាន​គ្រាប់ ត្រូវ​បាន​កម្ទេច​ចោល​។ ទោះជា​យ៉ាងណាក្តី កម្ពុជា​នៅ​មាន​ផ្ទៃដី​ដែល​រង​ផលប៉ះពាល់​ប្រមាណ​២.០០០​គីឡូម៉ែត្រ​ការ៉េ​ទៀត​ដែល​ត្រូវ​បោសសម្អាត​។​

​ទោះបី​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូរ​អភិវឌ្ឍន៍​នានា បាន​ទទួលស្គាល់​វឌ្ឍនភាព​គួរ​ឱ្យ​កត់​ស​​ម្គាល់​ក្នុង​ការដោះ​មីន និង ស​.​ផ​.​ស នៅ​កម្ពុជា ក៏ដោយ យើង​បាន​ប៉ាន់ប្រមាណ​ថា ផ្ទៃ​ដី​ប្រហែល​២០០០​គីឡូម៉ែត្រ​ក្រឡា នៅ​មាន​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​ឡើយ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

    

spot_img
×