Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​រដ្ឋមន្ត្រី វេង សាខុន​៖ រដ្ឋាភិបាល​ឆេក នឹង​ផ្តល់​ការគាំទ្រ និង​ជួយ​ប្រទេស​កម្ពុជា អភិវឌ្ឍ​វិស័យ​កសិកម្ម​

spot_img

​​ភ្នំពេញ​៖​លោក​រដ្ឋមន្ត្រី វេង សាខុន ជឿជាក់ថា រដ្ឋាភិបាល​ឆេក នឹង​ផ្តល់​ការគាំទ្រ និង​ជួយ​ប្រទេស​កម្ពុជា លើ​ផ្នែក​បច្ចេកទេស​កសិកម្ម ការកែច្នៃ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ដើម្បី​ធ្វើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ឲ្យមាន​ការរីកចម្រើន​ថែម​ទៀត​។​

​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានអនុញ្ញាត​លោក Vlastimil TESAR ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណៈ និង​លោក Stepan VOJNAR ប្រធាន​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ប្រចាំ​ស្ថានទូត នៃ​សាធារណរដ្ឋ​ឆេក ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​នា​ទីស្តីការក្រសួង ។​

​លោកឧត្តមរ​ដ្ឋ​មន្ត្រី បាន​ថ្លែងថា លោក Vlastimil TESAR ដែល​បាន​អញ្ជើញ​មក​បំពេញបេសកកម្ម​នៅ​កម្ពុជា ក្នុង​បំណង​សិក្សា​ស្វែងយល់ អំពី​ការរីកចម្រើន​ពី​វិស័យ​កសិកម្ម​កម្ពុជា ពិសេស​ស្វែករក​ដៃគូ​វិនិយោគ​លើ​វិស័យ​នេះ នាពេល​អនាគត​។ រដ្ឋាភិបាល​ឆេក ដែលមាន​ចំណាប់​អារម្មណ៍​លើ​ការ វិនិយោគ​លើ​វិស័យ​នានា ជាពិសេស​វិស័យ​កសិកម្ម​នាពេល​អនាគត ហើយ​តាមរយៈ​ការវិនិយោគ​នេះ​។ លោក​រដ្ឋមន្ត្រី ក៏​សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា ចំណង​ការទូត មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ នឹង​ត្រូវបាន​ពង្រឹង​និង​ពង្រីក​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត នាពេល​អនាគត​។​

​លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​អំពី​ការរីកចម្រើន វិស័យ​កសិកម្ម​ជា​អាទិ៍​ផលិតកម្ម​ដំណាំ​ស្រូវ ដំឡូង​មី កៅស៊ូ ស្វាយចន្ទី ពោត ផលិតកម្ម​សត្វ​ពិសេស​គោ​យក​សាច់ និង​វិស័យ​វារីវប្បកម្ម ដែល​ក្រសួង​បាន​ចាត់ទុកថា ជា​ផលិតកម្ម​មាន​អាទិភាព​ក្នុង​ការនាំចេញ​។ ផ្ទុយទៅវិញ ចំពោះ​វិស័យ​កសិឧស្សាហកម្ម ការកែច្នៃ រាល់​ផលិតកម្ម​ទាំងអស់នោះ គឺ​នៅមានកម្រិត ដែល​កម្ពុជា​ត្រូវការ​ស្វែងរក​ជំនួយ ដៃគូ​អភិវឌ្ឍន៍ ឬ​ក្រុមហ៊ុន​ឯកជន​ធ្វើ​ការវិនិយោគ ដើម្បី​បង្កើន​តម្លៃ​បន្ថែម ឆ្លើយ​តម​តាម​ស្តង់ដារ ធានា​បាន​ទាំង​គុណភាព និង​សុវត្ថិភាព​នៃ​ទីផ្សារ​នាំចេញ​។​

​លោក វេង សាខុន បាន​បញ្ជាក់ទៀតថា ការជំរុញ​កំណើន​សេដ្ឋកិច្ច តាមរយៈ​ការបង្កើន​ផលិតភាព​ផលិតកម្ម​កសិកម្ម និង​ការកែច្នៃ គឺ​សមស្រប​តាម​និន្នាការ​សេដ្ឋកិច្ច ដែល​កម្ពុជា​ទទួលបាន​៧​ភាគរយ និង​ជា​ពិសេស​នោះ គឺ​ឆ្លើយតប​ទៅ​នឹង​សុ​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក្នុងការ​ប្រែក្លាយ​កម្ពុជា ឲ្យទៅ​ជា​ប្រទេស​មាន​ចំណូល មធ្យម​កម្រិត​ខ្ពស់​នា​ឆ្នាំ​២០៣០​។​

​លោក Vlastimil TESAR បាន​មើលឃើញ ចំពោះ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​។ សាធារណៈរដ្ឋ​ឆេក មាន​សក្តានុពល​យ៉ាង​ខ្លាំង លើ​វិស័យ​កសិកម្ម និង​ម្ហូបអាហារ ហើយ​ផលិតកម្ម​សត្វ គោ​យក​សាច់ និង​ទឹកដោះ ក៏​ជា​ប្រទេស​មួយ​ឈាន​មុខ​គេ​ផងដែរ​លើ​វិស័យ​នេះ​។​

​ក្នុងជំនួប​នោះ លោក Vlastimil TESAR ចង់​ទទួលយក​ការណែនាំ ចង្អុលបង្ហាញ​ពី​លោក​រដ្ឋមន្ត្រី​កសិកម្ម សិក្សា​ស្វែង​យល់​បន្ថែម​អំពី​សក្តានុពល​លើ​វិស័យ​កសិកម្ម​កម្ពុជា ឱកាស​និង​ស្វែង​ករក​ដៃគូ​វិនិយោគ​ធ្វើការ​កែច្នៃ​កសិផល និង​ធ្វើ​ការនាំចេញ ដោយ​ចាប់ពី​ការវិនិយោគ​កម្រិត​តូច​ដល់​កម្រិត​ធំ​។​

​តាមរយៈ​លទ្ធផល​នៃ​កិច្ចពិភាក្សា​នេះ លោក Vlastimil TESAR នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យអស់​លទ្ធភាព​ធ្វើ​យ៉ាងណា​ពង្រឹង និង​ពង្រីក​ចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ ឲ្យបាន​កាន់តែ​រឹងមាំ និង​ល្អប្រសើរ​ថែម​ទៀត ជាពិសេស​កិច្ចសហប្រតិបត្តិការ និង​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​នាពេល​អនាគត​៕ ដោយ​៖​បញ្ញា​ស័ក្តិ

spot_img
×