Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយក​ស៊ីម៉ាក់ ស្នើ​ឲ្យ​ចាត់​វិធា​ការ​លើ​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ដោះ​មីន​បរទេស ដែល​និយាយថា គ្រាប់​មីន​នៅ​ស្រុក​ខែ្មរ​ស្អុយ​អស់ហើយ ចុះ​ពួកវា​ចាំបាច់​បើក​NGO​នោះ​ធ្វើ​ស្អី​

spot_img

​​ភ្នំពេញ​៖ សម្តី​របស់​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ដោះ​មីន​បរទេស​ខ្លះ​នៅ​កម្ពុជា​និយាយ​រិះគន់​លើ​យន្តការ​ផែនការ​ដោះមីន របស់​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ថែមទាំង​លើកឡើងថា គ្រាប់​មីន​នៅ​កម្ពុជា​ស្អុយ និង​ខូចគុណភាព​អស់​ហើយ​នោះ ករណី​នេះ​ត្រូវបាន​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (​ស៊ីម៉ាក់​CMAC) នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ បាន​ចេញ​មក​ប្រតិកម្ម​ថា ប្រសិនបើ​គ្រាប់មីន និង​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​នៅ​កម្ពុជា ស្អុយ​អស់ហើយ​មែន​នោះ ហេតុអ្វី​ក៏​ពួក​វា​ចាំបាច់​បើក NGO នៅ​កម្ពុជា​ធ្វើ​អ្វី​? ហើយ​លោក​បាន​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធានការ​សមស្រប ចំពោះ​បុគ្គល​បរទេស​ទាំងនោះ​។​

​លោក ហេង រតនា បាន​បញ្ជាក់​ក្នុងផេក​ហ្វេស​ប៊ុក​ផ្លូវការ កាលពី​ល្ងាច​ថ្ងៃទី​១៦​ខែ​ឧសភា​នេះ​ថា “​ខ្ញុំ​តែងតែ​ឮ​មេដឹកនាំ​NGO​ដោះ​មីន​បរទេស​ខ្លះ​នៅ​កម្ពុជា (​ហើយ​ថ្ងៃនេះ ១៦ ឧសភា ២០១៨ លើកឡើង​ទៀត​) និយាយ​រិះគន់​យន្តការ​រៀបចំ​ផែនការ​ដោះមីន របស់​រាជរដ្ឋាភិបាល ដែល​មិន​សម​តាម​ចិត្ត​វា និង​បញ្ជាក់​ថា​គ្រាប់​មីន​នៅ​ស្រុក​ខែ្មរ​ស្អុយ ខូច​គុណភាព​អស់ហើយ តែ​ឃើញ​មុខ​ពួក​នេះ​ដដែលៗ នៅ​តែ​មក​ធ្វើការ​នៅ​ស្រុក​ខែ្មរ បើ​គ្រាប់មីន និង​គ្រាប់​សំណល់​ជាតិ​ផ្ទុះ វា​ស្អុយ​អស់ហើយ ពួក​វា​ចាំបាច់​បើក​NGO​នោះ​ធ្វើ​ស្អី​? តើ​ហេតុ​ស្អី​ឈាម​ប្រជាជន​ខែ្មរ នៅតែ​ហូរ ដោយ​គ្រាប់​មីន និង​គ្រាប់​ទាំងនោះ​។ បើ​វា​ស្អុយ​ហេតុ​អី ក្នុង​ឆ្នាំ​២០១៧ កន្លងមក មាន​គ្រាប់មីន​ផ្ទុះ​របួស​-​ស្លាប់ អ្នកដោះមីន​ជា​កូន​ខែ្មរ ក្នុង​អង្គការ​របស់​វា​នោះ អស់​៤-៥​នាក់ មិនទាន់​ទាន់​ស៊ើបអង្កេត និង​ដោះស្រាយ​ឱ្យបាន​សមស្រប​ផង​”​។​

​លោក ហេង រតនា បានបញ្ជាក់​ថា ជាក់ស្តែង​នៅ​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ក្នុង​សន្និបាតជាតិ​វិស័យ​សកម្មភាព​មីន អង្គការ NGO ដោះ​មីន​បរទេស​នោះ បាន​លើកឡើង​ដោយ​គ្មាន​មូលដ្ឋាន​ជាថ្មី​ម្តងទៀត ថា​គ្រាប់មីន​នៅ​កម្ពុជា​ស្អុយ និង​ខូចគុណភាព​អស់ហើយ​។ អគ្គនាយក​ស៊ីម៉ាក់ បាន​ចាត់ទុកថា ការបញ្ជាក់​បែប​នេះ​របស់​ពួកគេ គឺ​បំផ្លាញ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ងាយ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដោះមីន​ផង ដល់​ប្រជាពលរដ្ឋ​ខែ្មរ និង​បំពុល​ដៃគូ​អភិវឌ្ឍន៍​ផងដែរ​។ “​ខ្ញុំ​សុំឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បង្កើន​យកចិត្តទុកដាក់ និង​ចាត់​វិធានការ​សមស្រប ចំពោះ​បុគ្គល​បរទេស​បែបនេះ​។ ព្រោះ​វា​នាំ​ដល់​ការបំផ្លាញ គោលនយោបាយ របស់​រាជរដ្ឋាភិបាល ងាយ​បង្ក​គ្រោះថ្នាក់ ដល់​អ្នកដោះមីន​ផង ដល់​ប្រជាពលរដ្ឋ​ខែ្មរ និង​បំពុល​ដៃគូរ​អភិវឌ្ឍន៍​ផងដែរ​។ តើ​ពួកគេ​អាចដឹកនាំ​អង្គការ​ដោះ​មីន​នោះ​បាន​ឬទេ បើ​គេ​យល់ថា គ្រាប់មីន និង​គ្រាប់​ទាំងនោះ វា​ស្អុយ​អស់​ទៅ​ហើយ​នោះ​? ” លោក​អគ្គនាយក​ស៊ីម៉ាក់ បាន​បញ្ជាក់បន្ថែម​។​

​សូមបញ្ជាក់​ថា អង្គភាព​ស៊ីម៉ាក់ ក្នុង​រយៈពេល​២៥​ឆ្នាំ​ជាង​នេះ ធ្វើ​ការងារ​កម្ទេច​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ផ្ទុះ បាន​ជាង​២​លាន​៧​សែន​គ្រាប់ និង​ធ្វើ​ការងារ​សង្គម​ច្រើនណាស់ មិន​អាច​អធិប្បាយ និង​ដាក់​បង្ហាញ​ឱ្យអស់​សេចក្តី​ទេ​។ វិស័យ​មីន​ចូល​ដល់​ដំណាក់កាល​ថ្មី ហើយ​ដែល​ត្រូវ​ទម្លាក់​កម្ពស់ និង​ត្រៀម​រក​កន្លែង​ចុះចត​។ នេះ​ជា​ជោគជ័យ​ធំធេង​ណាស់ របស់​រាជ​រដ្ឋភិបាល ក្នុង​ការដឹកនាំ​រំដោះខ្លួន ពី​ឃាតករ​គ្មាន​ឈាម​ជា​សំណល់​ពី​សង្គ្រាម ដែល​បន្ត​បង្ក​ឱ្យ​ឈាម​ខែ្មរ​ហូរ ទឹកដី​ដ៏​ស្រស់​បវរ នៅតែ​បន្ត​ភ័យខ្លាច ដោយសារ​មរតក​នៃ​សង្គ្រាម​។​

​លោក ហេង រតនា បានបញ្ជាក់​ថា កម្ពុជា​មាន​បញ្ហា​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​មាន​៤​ប្រភេទ​សំខាន់​គឺ​៖ ១ គ្រាប់មីន មាន​គ្រាប់មីន​ប្រឆាំង​មនុស្ស និង​គ្រាប់​មីនតោន ហើយ​គ្រាប់​មីន​ប្រឆាំង​មនុស្ស ស្ថិតក្រោម​អនុសញ្ញា​អន្តរជាតិ ដែល​កម្ពុជា​ជា​រដ្ឋ​ភាគី​ដែរ និង​មាន​កាតព្វកិច្ច​បញ្ចប់​ត្រឹម​ឆ្នាំ​២០២៥​។ ឆ្នាំ​២០១៩ ខាង​មុខ​កម្ពុជា ត្រូវ​ដាក់​សំណើរ​ទៅ​អង្គការសហប្រជាជាតិ ដើម្បី​សុំ​ពន្យារពេល​ដល់​២០២៥​។ គ្រាប់មីន​តោន​មិន​ស្ថិតក្រោម​អនុសញ្ញា​ទេ​។​

២ គ្រាប់បែក​ចង្កោម កម្ពុជា​ទទួល​រងគ្រោះ​ប្រមាណ​ជាង​២៨​លាន​កូន​គ្រាប់បែក​ចង្កោម ដែល​កម្ពុជា​មិនមែន​រដ្ឋ​ភាគី​ទេ តែ​កម្ពុជា​កំពុង​ខិតខំ​បោសសំអាត​ដែរ​។ ៣ គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ គ្រប់​ប្រភេទ​ទាំង​គ្រាប់កាំភ្លើង​ធំ គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ និង​យុទ្ធភណ្ឌ​នានា​។ ៤ គ្រាប់បែក​ជា​អាវុធ​គីមី ដែល​នៅ​តាម​បណ្តា​ខេត្ត ជាប់​ព្រំដែន​វៀតណាម​មួយ​ចំនួន​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

     

spot_img
×