Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជំរុញ​ឲ្យ​អតីត​អនុប្រធាន​ក្រុមហ៊ុន​G.E ជួយ​ក្រុមយុវជន​វ័យក្មេង​មានគំនិត​កាន់តែ​ទូលំទូលាយ ក្នុង​ការដឹកនាំ​ក្រុមហ៊ុន ឬ​ការអភិវឌ្ឍ​

spot_img

​ភ្នំពេញ​៖ នៅ​វិមាន​សន្តិភាព រសៀល​ថ្ងៃ​ពុធ ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ជាមួយ​លោក John G Rice អតីត​អនុប្រធាន​ក្រុមហ៊ុន General Electric(G.E) សហរដ្ឋអាមេរិក បច្ចុប្បន្ន​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ក្នុងជំនួប​នោះ លោក John G Rice បាន​ថ្លែងថា កន្លងមក លោក​បាន​ធ្វើ​កិច្ចការ​ជាច្រើន​ពាក់ព័ន្ធ នឹង​វិស័យ​ថាមពល​នៅ​កម្ពុជា ហើយ​ក្រៅពី​នោះ​លោក​ក៏​បាន​ធ្វើ​សកម្មភាព​មនុស្សធម៌​ជាច្រើន ដូច​ជា​ការ​ផ្តល់​សម្ភារៈ បរិក្ខារ​ពេទ្យ​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត និង​ធ្វើ​ការងារ​ជាច្រើន​ទៀត​ខាង​វិស័យ​អប់រំ​ជួយ​ដល់​កុមារ​តូច​នៅ​កម្ពុជា​ជាដើម​។ លោក​បាន​សំដែង​នូវ​ក្តីរីករាយ ដែល​បាន​មកជួប​ជាមួយ​សម្តេច និង​បាន​ធ្វើ​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា កាលពីដើមឆ្នាំ​២០១៨ ក្នុង​ការជួយ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ស្វាគមន៍​ចំពោះ​បំណង​ដ៏​ល្អ របស់លោក លោក John G Rice ដែល​បាន​សហការ​ជាមួយ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ដែល​បាន​រៀបចំ​ឱ្យមាន​ការផ្លាស់ប្តូ​រទស្ស​ន​កិច្ច​ធនធានមនុស្ស ដូចជា​ការបញ្ជូន​មន្ត្រី​ខាង​វិស័យ​វេជ្ជសាស្ត្រ ពី​កម្ពុជា ទៅ​សហរដ្ឋអាមេរិក និង​បញ្ជូន​អ្នកជំនាញ​ពី​សហរដ្ឋអាមេរិក មក​បណ្តុះបណ្តាល​នៅ​កម្ពុជា​។ សម្តេច​បាន​មានប្រសាសន៍ថា មិន​ត្រឹមតែ​មន្ទីរពេទ្យ​កាល់ម៉ែត​នោះទេ ដែល​ត្រូវការ​បច្ចេកវិទ្យា​ទំនើប​, មន្ទីរពេទ្យ​ផ្សេងៗ​ទៀត​ក៏​ត្រូវការ បច្ចេកវិទ្យា​នេះដែរ​។​

​លោក John G Rice បាន​សន្យាថា នឹង​មក​កាន់​ប្រទេស​កម្ពុជា ជា​ញឹកញាប់​ក្នុងនាម​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ផ្តល់​នូវ​គំនិត​អភិវឌ្ឍន៍​ដល់​ប្រទេស​កម្ពុជា លើ​គ្រប់​វិស័យ​ទាំងអស់ ។ សម្តេច​ក៏​បាន​ណែនាំ​ឱ្យ​លោក John G Rice ធ្វើ​ការងារ​ជាមួយ​ប្រឹក្សា​សេដ្ឋកិច្ចជាតិ ដែល​មាន​លោក បណ្ឌិត អូន ព័ន្ធមុន្នីរ័ត្ន និង​មាន​សមាជិក​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ជាច្រើន​ទៀត​ដូចជា លោក ស៊ុន ចាន់ថុល ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​លោក​កន្លងមក ។​

​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ក៏បាន​ផ្តល់​អនុសាសន៍​ដល់​លោក John G Rice ក្នុងនាម​លោក​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ជាមួយ​យុវជន ពីព្រោះ​បច្ចុប្បន្ន យុវជន មាន​សមត្ថភាព​ច្រើន ជាពិសេស​លើ​ភាព​ជា​សហគ្រិន​វ័យក្មេង ដូច្នេះ សម្តេច​សូម​ឱ្យ​លោក​ជួយ​ជំរុញ ឱ្យមាន​ជា​ការរៀបចំ សិក្ខាសាលា ឬក៏​ជា​ការជួបជុំ​តុមូល ជាមួយ​ក្រុម​យុវជន​វ័យក្មេង​ទាំងអស់នោះ ដែលមាន​ជា​ការផ្លាស់ប្តូរ នូវ​សំណួរ ចម្លើយ ដើម្បី​ឱ្យ​ពួកគាត់ មានគំនិត កាន់តែ​ទូលំទូលាយ ជ្រៅជ្រះ ក្នុង​ការដឹកនាំ​ក្រុមហ៊ុន ឬ​ការអភិវឌ្ឍ​ផ្សេងៗ នៅក្នុង​ប្រទេស​កម្ពុជា​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×