Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​តួ​ក​គី​ថ្មី​ប្រចាំ​កម្ពុជា​សន្យា​ជំរុញ​វិស័យ​វិនិយោគ ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​

spot_img

ភ្នំពេញ ​៖ ​ឯកអគ្គរដ្ឋទូត​តួ​ក​គី​ថ្មី​ប្រចាំ​កម្ពុជា បាន​សន្យាថា នឹង​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឲ្យ​ទំនាក់ទំនង រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រឹងមាំ​ស៊ីជម្រៅ លើ​វិស័យ​វិនិយោគ ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ។​

​នៅ​វិមាន​សន្តិភាព ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ លោកស្រី អាយ​ដា អ៊ុន​លូ (Ayda Unlu) ឯកអគ្គរដ្ឋទូត​តួ​ក​គី​ថ្មី​ប្រចាំ​កម្ពុជា​។​

​នៅក្នុង​ជំនួប​នេះ លោកស្រី​Ayda Unlu បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​លោក​ប្រធានាធិបតី និង​លោក​នាយករដ្ឋមន្ត្រី​តួ​ក​គី ជូន​ចំពោះ សម្តេច​តេជោ ហើយ​លោក​ស្រី បាន​សម្តែង​នូវ​ការសប្បាយ​រីករាយ ដែល​បាន​មក​ធ្វើជា​ឯកអគ្គរដ្ឋទូត​តួ​ក​គី​ប្រចាំ​កម្ពុជា​នា​ពេល​នេះ​។​

​លោកស្រី​បាន​សន្យាថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យអស់​ពី​លទ្ធភាព ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​ទំនាក់ទំនង រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រឹងមាំ​ស៊ីជម្រៅ និង​កាន់តែ​ទូលាយ​ថែមទៀត​។ លោកស្រី បាន​មានប្រសាសនថា​វិស័យ​វិនិយោគ ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច គឺ​នៅមានកម្រិត​នៅ​ឡើយ​សម្រាប់​ប្រទេស​ទាំង​ពីរ​។ លោក​ស្រី​នឹង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការជួយ​ផ្សព្វផ្សាយ​ដល់​អ្នកវិនិយោគ​តួ​ក​គី ដើម្បី​ឲ្យ​ពួកគេ​មក​វិនិយោគ​នៅ​កម្ពុជា​។ ទន្ទឹមនឹងនេះ លោកស្រី បានបញ្ជាក់​ថា តួ​ក​គី​ក៏​មាន​ការចាប់អារម្មណ៍​លើ​វិស័យ​ទេសចរណ៍​និង​ការបើកឲ្យ​មាន​ការហោះ​ហើរ​ត្រង់​ពី​តួ​ក​គី​មក​កាន់​កម្ពុជា ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំង​២​ឲ្យ​កាន់តែ​រីកចម្រើន​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ស្វាគមន៍ និង​ថ្លែងអំណរគុណ ព្រមទាំង​អបអរសាទរ ចំពោះ​លោក​ស្រី Ayda Unlu ដែល​ត្រូវបាន​តែងតាំង ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៅ​កម្ពុជា​។ សម្តេច​តេជោក៏បាន​អរគុណ​លោក​ស្រី ចំពោះ​ការនាំ​ការសាកសួរ​សុខទុក្ខ ពី​សំណាក់​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​តួ​ក​គី ជូន​ចំពោះ​សម្តេច​។ សម្តេច​បាន​មានប្រសាសន៍ថា ប្រទេស​យើង​ទាំង​ពីរ​នៅ​ឆ្ងាយ​ពី​គ្នា​មែន ប៉ុន្តែ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ គឺ​មាន​ភាពជិតស្និទ្ធ​ល្អ ហើយ​ក្នុង​ន័យ​នេះ សម្តេច​ក៏​បាន​មានប្រសាសន៍​ដែរ​ថា សម្តេច​ពិតជា​មាន​បំណង ជំរុញ​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ លើ​គ្រប់​វិស័យ​ដូចដែល​លោកស្រី​បាន​ប្តេជ្ញា​ចិត្ត​នោះ​ដែរ​។​

​លើស​ពី​នោះ​ទៅ​ទៀត សម្តេចនាយក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់​ថា ការបើកឲ្យ​មាន​ការហោះ​ហើរ​ត្រង់​ពី​តួ​ក​គី​មក​កាន់​កម្ពុជា​ហើយ​នោះ គឺ​នឹង​បង្កើន​នូវ​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ នឹង​កាន់តែ​មាន​ការកើនឡើង ពិសេស​ទំនាក់ទំនងរ​វាង​ប្រជាជន និង​ប្រជាជន នឹង​មាន​ការកើនឡើង​ខ្លាំង​ឡើង​។​

​នៅក្នុង​ឱកាស​នោះ​ដែរ សម្តេច​តេជោ ហ៊ុន សែន បាន​ជូនពរ លោកស្រី Ayda Unlu ឲ្យទទួល​បាន​ជោគជ័យ​នៅក្នុង​បេសកកម្ម​ការទូត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ នៅក្នុង​ពេល​នេះ សម្តេច​តេជោ បាន​ស្នើសុំ​ឲ្យ​លោកស្រី​ជួយ​ធ្វើជា​តំណាង​ទូត​ខ្មែរ​នៅ​តួ​ក​គី​បណ្តោះ​អាសន្ន​សិន​ដើម្បី​ជួយ​ផ្សព្វផ្សាយ​កម្ពុជា​ទៅកាន់​តួ​ក​គី ទម្រាំ​មាន​ស្ថានទូត​ខ្មែរ​បើក​ជា​ផ្លូវការ​នៅ​ទីនោះ​។ នៅ​ក្នុង​កិច្ចពិភាក្សា​ព្រឹក​មិញ​នេះ សម្តេច​តេជោ លោក​បាន​មានប្រសាសន៍​អំពី​គម្រោង​ទៅ​ទស្សនកិច្ច​នៅ​តួ​ក​គី ហើយ​នៅពេល​នោះ​នឹង​ធ្វើ​ការសម្រេច​អំពី​ការបើក​ស្ថានទូត​កម្ពុជា​នៅ​ប្រទេស​តួ​ក​គី​តែម្តង​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×