កោះកុង៖ សមត្ថកិច្ចនគរបាលស្រុកថ្មបាំង បានឲ្យដឹងថា មានហេតុការណ៍រន្ទះបាញ់ បណ្តាលឲ្យស្លាប់មនុស្សចំនួន៥នាក់ និងរងរបួសម្នាក់ នៅម៉ោង៣រសៀលថ្ងៃទី១៧ ខែឧសភាឆ្នាំ២០១៨នេះ នៅចំណុចអូរទាពង ដែលកំពុងសាងសង់ផ្ទះថ្មី ស្ថិតក្នុងភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង បន្ទាប់ពីមានភ្លៀងធ្លាក់មួយធំ ដែលបង្កឲ្យផ្គរនិងរន្ទះ។
បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានបញ្ជាក់ថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅវេលាម៉ោង៣នាទីល្ងាច នៅចំណុច អូរទាពង ស្តិតក្នុងភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង មានករណីគ្រោះថ្នាក់ធម្មជាតិកើតឡើង ១ លើកគឺ រន្ទះបាញ់មនុស្សស្លាប់ចំនួន ៥នាក់ ស្រី២ នាក់ និងរបួសស្រាល ១ នាក់ស្រី ៖ ១- ឈ្មោះ សេម សាវឿន ភេទស្រី អាយុ ៣១ ឆ្នាំ ២- ឈ្មោះ សេម សឿន ភេទស្រី អាយុ ១៦ ឆ្នាំ ៣- ឈ្មោះ ទិល សារុណភេទប្រុសអាយុ៣៧ឆ្នាំ ត្រូវជាប្តីរបស់សេម សាវឿន ៤-ឈ្មោះ ផាន់ វ៉ាធី (កុមារា) អាយុ ៤ ឆ្នាំ អ្នកទាំងបួនរស់នៅភូមិ ច្រកឬស្សី ឃុំ ជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ៥-ឈ្មោះ ភិន ភឿន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅ ភូមិ ប្រឡាយ ឃុំ ប្រឡាយ ស្រុក ថ្មបាំង ខេត្តកោះកុង និង៦-ឈ្មោះ ធឿន ចាន់ថា ភេទ ស្រី អាយុ ១៤ ឆ្នាំ មានទីលំនៅភូមិ ច្រកឬស្សី ឃុំ ជំនាប់ ស្រុក ថ្មបាំង ខេត្តកោះកុង (រងរបួសស្រាល) បញ្ជូនមកព្យាបាល នៅមណ្ឌលសុខភាពស្រុកថ្មបាំង។ សម្ភារៈដែលខូចខាតរួមមាន ៖ ទូរស័ព្ទចំនួន ២ គ្រឿង ស្ពិកខ័រ (ធុងបាស) មួយគ្រឿង និង សត្វឆ្កែងាប់ចំនួន ៣ ក្បាល។
អ្នកដែលស្លាប់ទាំង ៥ នាក់ នោះមាន ២នាក់ ជាប្តីប្រពន្ធ និង ៣ នាក់ទៀត គ្រួសារផ្សេងៗគ្នា ។ ជនរងគ្រោះទាំងអស់ បានទៅជួយលើកផ្ទះអ្នកភូមិទាំងអស់គ្នា។
សមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុប្រជាពលរដ្ឋ រងគ្រោះទាំងនោះកំពុងជួយសង់ផ្ទះថ្មីអ្នកនៅក្នុងភូមិ ក៏មានភ្លៀងធ្លាក់និងរន្ទះបាញ់តែម្តង៕ ដោយ៖បញ្ញាស័ក្តិ