Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំងឺ​អេដស៍ នៅ​ឃុំ​រកា ទទួលបាន​ការយកចិត្ត​ទុកដាក់ ហើយ​មួយចំនួន​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​រហូត​ដល់​ស្លាប់​

spot_img

បាត់ដំបង​៖ ករណី​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំងឺ​អេដស៍ នៅ​ឃុំ​រកា លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ថ្លែង​ជំរុញ​ឲ្យ​មន្ត្រី​គ្រប់​ផ្នែក នៃ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង បន្ត​ពង្រឹង និង​យកចិត្តទុកដាក់ មើលថែទាំ​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​ជំងឺ​អេដស៍ នៅ​ឃុំ​រកា ស្រុក​សង្កែ ឲ្យបាន​ល្អ​បន្ថែមទៀត​។​

​រសៀល​ថ្ងៃ ព្រហស្បតិ៍​ទី ១៧ ខែ​ឧសភា ឆ្នាំ​២០១៨ ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ ដោយ​ជំងឺ​អេដស៍ នៅក្នុង​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង ក្រោម អធិបតីភាព លោក វង សូ​ត រដ្ឋមន្ត្រី ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទារ និង​លោក ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​។​

​លោក វង សូ​ត បាន​បន្ថែមថា ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ​ជំងឺ​អេដស៍ នៅ​ឃុំ​រកា ចំនួន​២៦៩​នាក់ ស្មើនឹង​១២០​គ្រួសារ ជា​ករណី ដែល​ត្រូវ យកចិត្តទុកដាក់​ខ្ពស់​បំផុត និង​ត្រូវ​មើលថែទាំ លើ​សុខភាព​របស់​ពួកគាត់​ឲ្យបាន​ល្អ តាមដាន​ពី​សុខភាព និង​ភាព​ខ្វះខាត​របស់ ប្រជាពលរដ្ឋ និង​ជួយ​ឲ្យបាន​ទាន់​ពេលវេលា តាម​ដែល​អាច​ធ្វើបាន ទោះ​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​។​

​លោក ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា កន្លងមក រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​ជំរុញ និង​បង្កលក្ខណៈ​ងាយស្រួល​ទៅ​ដល់​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​បាត់ដំបង ក្នុង​ការអនុវត្ត​តួនាទី ភារកិច្ច ដ៏​មាន​សារសំខាន់ ស្របតាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ក្នុង​ការលើកកម្ពស់​ស្ថានភាព​សង្គម​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង ដោយ​ផ្សារភ្ជាប់​ទៅ​នឹង​ផលប្រយោជន៍ និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​រួម​មាន ជនរងគ្រោះ និង​ងាយ​រងគ្រោះ ជនពិការ ជនអនាថា ជន​ចាស់ជរា​គ្មាន​ទីពឹង កុមារកំព្រា កុមារ​ងាយ​រងគ្រោះ អតីតយុទ្ធជន និង​អតីត​និវត្តជន​ជាដើម ជាពិសេស​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​នៅ​ឃុំ​រកា​នេះ​។​

​ជាមួយគ្នា​នោះ លោក គឹម តេង ប្រធាន​មន្ទីរ​សង្គមកិច្ច​ប្រចាំ​ខេត្ត​បាត់ដំបង បានឲ្យដឹងថា ការដោះស្រាយ​ករណី​ព្រឹត្តិការណ៍ ដ៏​គួរឲ្យ​រន្ធត់ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំងឺ​អេដស៍ នៅ​ឃុំ​រកា​ចំនួន​២៦៩​នាក់ ស្មើនឹង​១២០​គ្រួសារ ជា​ករណី​ដែល​ត្រូវ យកចិត្តទុកដាក់​ខ្ពស់​បំផុត​។ កន្លង​មក​មន្ទីរ​សង្គម​កិច្ច​ខេត្តបាត់ដំបង បាន​សហការ​ដោយផ្ទាល់ ជាមួយ​រដ្ឋបាល​ខេត្ត​បាត់ដំបង ចូលរួម​ឧបត្ថម្ភ គាំទ្រ​ជា​បន្តបន្ទាប់ ស្រប​ជាមួយ ការយកចិត្តទុកដាក់​ឧបត្ថម្ភ​គាំទ្រ ពី​រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត ស្រុក ឃុំ ភូមិ អង្គភាព អង្គការ ដៃគូ​ពាក់ព័ន្ធ រួម​នឹង​ស្បៀង​សម្ភារ និង​ថវិកា​មួយចំនួន​ផង​ដែរ​។​

​បច្ចុប្បន្ននេះ ក្រសួង​សុខាភិបាល បាន​ពង្រឹង​យន្តការ រៀបចំ​មណ្ឌល​សុខភាព នៅ​ឃុំ​រកា​នេះ​ឡើង​វិញ ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​បម្រើ​សេវា​សុខភាព ជូន​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ឲ្យបាន​ទាន់​ពេលវេលា​។​

​បុគ្គលិក​សុខាភិបាល នៃ​មណ្ឌល​សុខភា​រកា បាន​ថ្លែងថា បញ្ហា​សុខភាព​របស់​អ្នក​ផ្ទុកមេរោគ​អេដស៍​នៅ​ឃុំ​រកា បាន​ល្អ​ប្រសើរ​ជាង​កាល​ពី​ឆ្លង​មេរោគ​ពីដំបូង គឺ​ពួកគាត់​មាន​សុខភាព​ប្រហាក់ប្រហែល​នឹង​ពលរដ្ឋ​ដែល​មាន​សុខភាព​ធម្មតា ដោយ​ពួកគាត់​មក​ទទួល​ថ្នាំ​ពន្យារ​ទៅ​លេប​ដោយ​ទៀងទាត់​។​

​អ្នកភូមិរ​កា​ជិត បី​រយ​នាក់​បាន​ផ្ទុក​មេរោគ​អេដស៍ ហើយក៏​មាន​អ្នក​ជំងឺអេដស៍​មួយចំនួន បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ រហូត​ស្លាប់​ជាច្រើន​នាក់​ផងដែរ​។ ករណីនេះ ជា​ការឆ្លង​រីក​រាលដាល​ធំ​បំផុត​នៅ​កម្ពុជា​ដោយសារតែ​ការធ្វេសប្រហែស​របស់​គ្រូពេទ្យ​ដែល​គ្មាន​សញ្ញាបត្រ​ម្នាក់​។ ចៅក្រម​សាលាដំបូង​ខេត្ត​បាត់ដំបង កាលពីដើម​ខែ​ធ្នូ ឆ្នាំ​២០១៥ សម្រេច​ផ្ដន្ទាទោស​លោកគ្រូ​ពេទ្យ យ៉ែម ជ្រិន ដាក់ពន្ធនាគារ ២៥​ឆ្នាំ ពាក់ព័ន្ធ​ការចម្លង​មេរោគ​អេដស៍​ដល់​អ្នកភូមិ​រកា​។​

​ក្រុម​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ភូមិ​រកា បាន​ថ្លែងថា ពួកគាត់​លេបថ្នាំ​ពន្យារ​អាយុជីវិត​តាម​បញ្ជា​របស់​គ្រូពេទ្យ​ជា​រៀងរាល់ថ្ងៃ មិន​ដែល​ខកខាន​ឡើយ​។ បើ​ទោះជា​យ៉ាងនេះ​ក្ដី ពួកគាត់​អំពាវនាវ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ចុះសួរសុខទុក្ខ ព្រមទាំង​ផ្ដល់​ស្បៀងអាហារ និង​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ​ដល់​ពួកគាត់​ឲ្យបាន​រៀងរាល់ខែ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×