Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​រាជធានី​នឹង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​នៅ​ខណ្ឌមានជ័យ​ដើម្បី​សម្រួល​ចរាចរ​និង​រំដោះ​ការលិចលង់​ជូន​ប្រជាពលរដ្ឋ​

spot_img

​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​គ្រោង​នឹង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​នៅក្នុង​ខណ្ឌ​មានជ័យ ដើម្បី​សម្រួល​ចរាចរ​និង​រំដោះ​ការលិចលង់​ជូន​ប្រជាពលរដ្ឋ ខណៈពេល​ដែល​តំបន់​នេះ ពិសេស​នៅក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ទី​២ និង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ការដោះស្រាយ​កង្វល់​របស់​បងប្អូន​ប្រជាព​ល​រដ្ឋ​មិនទាន់​បាន​ល្អ​ប្រសើរ​ឡើយ​។​

ការ​ដាក់​ចេញ​ជា​គម្រោង​ថ្មី​ទៀត​នេះ បាន​បង្ហាញ​អោយ​ដឹង កាលពី​ព្រឹក​ថ្ងៃទី​១៨ ឧសភា ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ ក្រោម​អធិបតីភាព​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​រិះរក​វិធី​ថ្មីៗ​ទៀត ក្នុង​ការដោះស្រាយ​បញ្ហា​ចរាចរ​និង​ការលិចលង់​ជូន​ប្រជាពលរដ្ឋ​។​

លោក​ឃួង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា ខណ្ឌមានជ័យ ពិសេស​នៅក្នុង​សង្កាត់​ស្ទឹង​​មានជ័យ​ទី​១ ទី​២ និង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣​មាន​​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​មិនទាន់មាន​គ្រប់គ្រាន់ ឆ្លើយតប​ទៅនឹង​ការចង់បាន​របស់​ប្រជាពលរដ្ឋ​នូវឡើយ​ទេ ពិសេស​ប្រព័ន្ធ​លូ និង​ផ្លូវ នាំ​អោយ​ពិបាក​ក្នុងការ​ធ្វើ​ដំណើរ​និង​ប្រឈម​នឹង​ការ​លិច ។​លោក​បន្តថា ទោះបីជា​យ៉ាងណាក្តី​តំបន់​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​ស្ថាបនា​លូ​មេ មួយចំនួន ហើយ​ដើម្បី​ដោះស្រាយ​លើ​បញ្ហា​លិចលង់​នេះ​។​

គួរបញ្ជាក់​ថា នៅ​តំបន់​ស្ទឹងមានជ័យ រដ្ឋបាល​រាជធានី បាន​នឹង​កំពុង​ស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ​​មាន​ប្រវែង​១៤៩៨​ម៉ែត្រ ដោយ​ចាក់​បេតុង​បុក​ស៊ី​ផាយ ទទឹង​៨​ម៉ែត្រ ដោយ​គម្រោង​នេះ បែងចែក​ជា​៤​តំណាក់កាល ។ ក្នុងនោះ​តំណាក់កាល​ទី​១ មាន​ប្រវែង​៣២៦​ម៉ែត្រ សងខាង​ប្រឡាយ​សរុប​ប្រវែង​៦៥២​ម៉ែត្រ ។​

គួរ​បញ្ជាក់​ទៀត​ថា ប្រឡាយ​ស្ទឹងមានជ័យ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​ធ្វើ​ការអភិវឌ្ឍ​នេះ​ឆ្លងកាត់​ខណ្ឌ​ចំនួន​២ គឺ​ខណ្ឌ​មានជ័យ​និង​ខណ្ឌ​សែន សុខ ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​និង​រង​ផលប៉ះពាល់​ប្រឡាយ​នេះ​ចំនួន​៥៦២​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់​នេះ​នឹង​ទទួលបាន​ដី​ទំហំ​៤​គុណ​នឹង​៦​ម៉ែត្រ​ជា​កម្មសិទ្ធិ​ស្របច្បាប់​នៅ​ហ្នឹង​កន្លែង​តែ​ម្តង​។​

ប្រឡាយ​ស្ទឹងមានជ័យ បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការនាំ​ទឹក​ទំលាក់​ចូល​ទៅ​បឹងទំពុន​។ ជា​គម្រោង​តួ​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ទំហំ​៨​ម៉ែត្រ​​ចិញ្ចើម​២ ម៉ែត្រ សាងសង់​ផ្លូវ​បេតុង​ទទឹង​៦​ម៉ែត្រ ផ្លូវ​មុខ​ផ្ទះ​៥​ម៉ែត្រ ដី​នៅ​សល់​មុខផ្ទះ​១​ម៉ែត្រ​កន្លះ​និង​ក្រោយ​ផ្ទះ​កន្លះ​ម៉ែត្រ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×