ស្ទឹងត្រែង៖ បុរសជនជាតិខ្មែរឥស្លាមម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់បង្កទំនាស់ ជាមួយនឹងប្រពន្ធ ហើយត្រូវឪពុកក្មេកខឹងខ្លាំងពេក ចាក់សម្លាប់ដោយកំបិតចុងស្រូច ជាច្រើនកន្លែង។
ហេតុការណ៍បង្កអំពើហឹង្សាក្នុងគ្រួសារ ហើយត្រូវឪពុកក្មេក ចាក់សម្លាប់នោះ បានកើតឡើងនៅវេលាម៉ោង១៨.៣០នាទី ថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចអូររំពេ ភូមិវាលពោធិ៍ ឃុំអន្កុងភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ាត់ វណ្ណា ភេទប្រុស អាយុ២៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិវាលពោធិ៍ ឃុំអន្លុងភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ជនសង្ស័យត្រូវជាឪពុកក្មេក ឈ្មោះកូប អែល រស់នៅភូមិឃុំជាមួយគ្នាបានរត់គេចខ្លួនបាត់ បន្ទាប់ពីចាក់សម្លាប់កូនប្រសារបស់ខ្លួនឱ្យស្លាប់។ យោងតាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលាកើតហេតុខាងលើ ជនរងគ្រោះបានឈ្លោះប្រកែកជាមួយប្រពន្ធ ដែលមានសញ្ជាតិខែ្មរឥស្លាមដូចគ្នា រហូតនាងស្រែកទ្រហោយំ ទ្រហឹងពេញផ្ទះ។ គាប់ជួនពេលនោះ ឪពុកបង្កើតរបស់នាង ក៏ត្រឡប់មកពីថ្វាយបង្គំវិញ ឮសូរសំឡេងកូនស្រីយំស្រែកបែបនេះ ក៏ចូលទៅមើល និងសួរនាំ ស្រាប់មានការប្រវាយប្រតប់ ជាមួយនឹងដន្លងស្រីទៅវិញ ហើយជនរងគ្រោះ ឃើញឪពុកក្មេក និងម្តាយបង្កើត ប្រវាយប្រតប់គ្នាបែបនេះ ក៏បានស្ទុះចូលទៅឃាត់ ពេលនោះស្រាបតែឪពុកក្មេក ទាញយកកាំបិតចុងស្រួច មកចាក់ទៅលើកូនប្រសាជាច្រើនកាំបិត បណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង។
លោក សែម ស៊ីថា អធិការស្រុកថាឡាបរិវ៉ាត់ បានឲ្យដឹងថា ជនរងគ្រោះមានស្នាមរបួសជាច្រើនកន្លែង លើដងខ្លួន បន្ទាប់ពីឪពុកក្មេក ចាក់នឹងកាំបិតចុងស្រួច ដោយសារកាន់ជើងកូនស្រីរបស់គាត់ គ្រាដែលកំពុងឈ្លោះប្រកែក ជាមួយកូនប្រសា។ លោក បានបន្តថា បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងតាមរកចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោស តាច្បាប់ ឯសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារសាច់ញាតិចាត់ចែង ធ្វើបុណ្យតាមប្រពៃណីសាសនាឥស្លាម៕ ដោយ៖បញ្ញាស័ក្តិ