Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​កម្មករ​និយោជិត​ទទួល​សេវា​ព្យាបាល​ឥតគិតថ្លៃ ប​.​ស​.​ស​បាន​ចេញ​សេចក្តីជូនដំណឹង ហើយ​ចេញ​សេចក្តីបំភ្លឺ​ដោយ​ខ្លួនឯង​បញ្ជាក់​ឲ្យ​កាន់តែ​ច្បាស់​

spot_img

​ភ្នំពេញ​៖ ដើម្បី​កាត់បន្ថយ​បែបបទ នៃ​ការជូនដំណឹង​ហានិភ័យ​ការងារ របស់​និយោជក​មក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ក្នុងពេល​ដែល​កម្មករ​និយោជិត​មាន​បញ្ហា​សុខភាព និង​ដើម្បី​រួមចំណែក​ជំរុញ​ឲ្យ​ការផ្ដល់​សេវា​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ដ្រ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ងាយស្រួល​ជាង​មុន ប​.​ស​.​ស កាលពី​ថ្ងៃ​ទី​១៧​ឧសភា បាន​ចេញ​សេចក្តីជូនដំណឹង​មួយ ហើយ​នៅ​ថ្ងៃទី​១៨​ឧសភា ប​.​ស​.​ស​ក៏​បាន​ចេញ​សេចក្តីបំភ្លឺ​មួយ​ផ្សេងទៀត លើ​ក្នុងន័យ​បញ្ជាក់​ឲ្យ​កាន់តែ​ច្បាស់​លើ​សេចក្តី​ជូន​ខ្លួនឯង​បន្ថែម​ទៀត​។​

​ប​.​ស​.​ស សង្ឃឹមថា “​និយោជក ម្ចាស់​សហគ្រាស គ្រឹះស្ថាន និង​កម្មករ​និយោជិត យល់ដឹង​កាន់តែច្បាស់ និង​សហការ​អនុវត្តឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​”​។​

​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) បានប្រកាសថា រាល់​ស្ថានភាព​របស់​កម្មករ​និយោជិត ដែល​មាន​អាការៈ ខ្សោយ វិលមុខ ទន់ដៃទន់ជើង ញ័រ​ទ្រូង ពិបាក​ដកដង្ហើម និង​ថប់​អារម្មណ៍ ដែល​បណ្តាល​មក​ពី​ខ្វះ​ជាតិ​ស្ករ ក្នុង​ឈាម ឬ​ខ្វះ​សារធាតុ​អ៊ីយ៉ុង​ក្នុង​ឈាម មានដូចជា កាល់ស្យូម សូ​ដ្យូ​ម ប៉ូ​តា​ស្យូម ម៉ាញ៉េ​ស្យូម ដែល​ជា​ទូទៅ និយោជក ឬ​កម្មករ​និយោជិត យល់ថា ជា​ស្ថានភាព​សន្លប់​ជា​បុគ្គល ក្នុង​កន្លែងធ្វើការ ឬ​ម៉ោង​ធ្វើការ ហើយ​ចាត់ទុកថា ករណីបែបនេះ ជា​គ្រោះថ្នាក់​ការងារ​។​

​ក្នុង​សេចក្តីជូនដំណឹង ចុះ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៨ លោក អ៊ុក សម​វិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​នាយក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម បាន​គូសបញ្ជាក់ថា ចាប់ពី​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៨ រាល់​ស្ថានភាព​របស់​កម្មករ និយោជិត ដូច​បាន​រៀបរាប់​ខាងលើ ប​.​ស​.​ស ចាត់ទុកថា ជា​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន​របស់​បុគ្គល មិនមែន​បណ្តាលមកពី​ការងារ ឬ​បរិយាកាស​កន្លែងធ្វើការ​ទេ​។ ដូច្នេះ​កម្មករ និយោជិត​ទាំងអស់ ត្រូវ​ទទួល​ការព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ ក្រោម​របប​សន្តិសុខ​សង្គម ផ្នែក​ថែទាំ​សុខភាព​វិញ​។​
​ក្នុងករណី​មាន​កម្មករ និយោជិត សន្លប់​ច្រើន​នាក់ ឬ​សន្លប់​តៗ​គ្នា នៅក្នុង​សហគ្រាស គ្រឹះស្ថាន ដែល​បណ្តាល​មកពី​បរិយាកាស​ក្នុង និង​ក្រៅ សហគ្រាស​គ្រឹះស្ថាន ឬ​តានតឹង​អារម្មណ៍ ភ័យ​ស្លន់ស្លោ តៗ​គ្នា​។​ល​។ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ចាត់ទុកថា ជា​គ្រោះថ្នាក់​ការងារ និង​ទទួលបាន​ការព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ ក្រោម​របប​សន្តិសុខ​សង្គម ផ្នែក​ហានិភ័យ​ការងារ​។ និយោជក ឬ​ម្ចាស់​សហគ្រាស គ្រឹះស្ថាន ត្រូវមាន​កាតព្វកិច្ច​បញ្ជូនក​ម្មករ និយោជិត​របស់ខ្លួន ទៅ​សង្គ្រោះ​បឋម នៅ​គិលានដ្ឋាន​សហគ្រាស​របស់ខ្លួន ឬ​ទៅ​មូលដ្ឋាន​សុខាភិបាល ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប​.​ស​.​ស​។

បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ប​.​ស​.​ស​បាន​ប្រកាសថា កាលពី​ឆ្នាំ​២០១៧ មាន​កម្មករ និយោជិត ដួលសន្លប់​ចំនួន ១.១៦០ នាក់​។ ចំនួន​កម្មករ​កាត់ដេ​រ​ដួលសន្លប់​នេះ បាន​ថយចុះ បើ​ធៀប​នឹង​ឆ្នាំ​២០១៦​។ កម្មករ​កាត់ដេរ ដួលសន្លប់ ថយ​ចុះ​នៅ​ឆ្នាំ​២០១៧ ដោយសារតែ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ណែនាំ​ដល់​រោងចក្រ ត្រូវ​រៀបចំ​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ខ្យល់​ចេញ​ចូល​ឱ្យ​បាន​ត្រឹមត្រូវ ទុកដាក់​សម្ភារៈ និង​វត្ថុធាតុដើម ឱ្យមាន​សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព ជា​ពិសេស​ត្រូវ​ដាក់​ឱ្យ​មាន​ឧបករណ៍​ស្តង់​កម្ដៅ​នៅ​កន្លែងធ្វើការ ដើម្បី​ងាយស្រួល​ក្នុង​ការតាមដាន ការវិវត្តន៍​នៃ​កម្ដៅ​នៅក្នុង​រោងចក្រ ជាដើម​។ ជាមួយគ្នា​នោះ របាយការណ៍​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ប​.​ស​.​ស ដែល​ចំណុះឲ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានបង្ហាញ​ថា មូលហេតុ នាំឲ្យ​មាន​កម្មករ​កាត់ដេរ ដួលសន្លប់ នៅក្នុង​រោងចក្រ​សហគ្រាស ដោយសារ​មកពី​បញ្ហា​ក្លិន​គីមី នៅក្នុង​រោងចក្រ ទីតាំង​រោងចក្រ មិន​មាន​បរិយាកាស​ល្អ ចង្អៀត ផ្នែក​ចិត្តសាស្ត្រ​សង្គម ករណី​កម្មករ​ស្លុត​ដួល​តាម​គ្នា បញ្ហា​មេកានិច ស្របពេល​សុខភាព​កម្មករ​មាន​ស​ភាពទន់ខ្សោយ ដោយសារ​ការ​សម្រាក​មិន​គ្រប់គ្រាន់ ការ​ហូប​អាហារ​មិន​ទៀងទាត់ និង​អាហារ​គ្មាន​ជីវជាតិ ជាដើម​។​ចុងក្រោយ​នេះ កាលពីដើមឆ្នាំ​២០១៨ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បានដាក់​បញ្ជា ណែនាំ​ឲ្យ​ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ បង្កើត​ក្រុមការងារ ហើយ​សិក្សា ស្រាវជ្រាវ​ពី​ករណី​កម្មករ​កាត់ដេរ ដួលសន្លប់ នៅ​ពេល​ធ្វើការ នៅក្នុង​រោងចក្រ​សហគ្រាស ដើម្បី​ស្វែងរក​ដំណោះស្រាយ​។ ប៉ុន្តែ​មក​ដល់​ខែ​ឧសភា ឆ្នាំ​២០១៨ នេះ ការសិក្សា​ស្រាវជ្រាវ​នោះ មិន​ទាន់​ចេញ​ជា​លទ្ធផល​បែប​ណា​នៅឡើយ​ទេ​។​

​ប៉ុន្តែ​នៅ​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៨ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម (​ប​.​ស​.​ស​) បាន​សេចក្ដីបំភ្លឺ​លើ​ចំពោះ​សេចក្តីជូនដំណឹង​របស់​ខ្លួនឯង​បន្ថែម​ទៀត​ថា គ្រប់​ពេល​ដែល​កម្មករ​និយោជិត​មាន​បញ្ហា​សុខភាព ទោះជា​បញ្ហា​ពាក់ព័ន្ធ​នឹង​ការងារ ឬ​មិន​ពាក់ព័ន្ធ​នឹង​ការងារ​ក្ដី ក៏​នៅតែ​ទទួលបាន​សេវា​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ដ្រ​ដោយ​ឥត​បង់ថ្លៃ​ពី ប​.​ស​.​ស​។​

​សេចក្ដីបំភ្លឺ​បន្ថែម​នេះ ប​.​ស​.​ស ក៏​បាន​ពន្យល់​បន្ថែម​ពី សេចក្ដីជូនដំណឹង ដែល​ចុះ​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៨ ក្នុង​គោលបំណង ធ្វើឲ្យ​កាន់តែ​ងាយស្រួល​ចំពោះ​កម្មករ​និយោជិត នៅពេល​មាន​បញ្ហា​សុខភាព ក្នុង​ការ​ទៅ​ទទួល​សេវា​ព្យាបាល និង​ថែ​ទាំង​សុខភាព ដោយ​ពុំ​ចាំបាច់​ជូនដំណឹង អំពី​ហានិភ័យ​ការងារ​នោះ​ឡើយ ពោល​កម្មករ​និយោជិក អាច​ទៅ​ទទួល​សេវា​គ្រប់ពេល ដោយ​ឥត​បង់ថ្លៃ​។​
​ដើម្បី​កាត់បន្ថយ​បែបបទ​នៃ​ការជូន​ដំណឹង​ហានិភ័យ​ការងារ របស់​និយោជក​មក ប​.​ស​.​ស ក្នុងពេល​ដែល​កម្មករ​និយោជិត​មាន​បញ្ហា​សុខភាព និង​ដើម្បី​រួមចំណែក​ជំរុញ​ឲ្យ​ការផ្ដល់​សេវា​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ដ្រ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ងាយស្រួល​ជាង​មុន​។​

​ប​.​ស​.​ស សង្ឃឹមថា និយោជក ម្ចាស់​សហគ្រាស គ្រឹះស្ថាន និង​កម្មករ​និយោជិត យល់ដឹង​កាន់តែច្បាស់ និង​សហការ​អនុវត្តឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×