Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​វិវាទ​ដីធ្លី រវាង​ពលរដ្ឋ ជាមួយ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​លី យ៉ុង​ផាត់ នៅ​ខេត្ត​កោះកុង ក្រសួង​ដែនដី ប្រកាស​ចុះ​ពិនិត្យ និង​ដោះស្រាយ រហូត​ដល់​បញ្ចប់​

spot_img

​ភ្នំពេញ​៖ បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​រងគ្រោះ​ជាង​៣០០ គ្រួសារ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​លី យ៉ុង​ផាត់ នៅ​ខេត្ត​កោះកុង ដែល​បាន​ឡើងមក​តវ៉ា រឿង​ដីធ្លី​ជាថ្មី នៅ​រាជធានី​ភ្នំពេញ តាំងពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​១៨​ឧសភា ដើម្បី​ស្វែងរក​អន្តរាគមន៍​ពី ក្រសួង​រៀបចំ​ដែនដី​នោះ ហើយក៏​មាន​ការរារាំង​ពី​សមត្ថកិច្ច​ខណ្ឌ​ចំការមន និង​សមត្ថកិច្ច​ខណ្ឌ​មានជ័យ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៨ បាន​ចេញ​សេចក្តីប្រកាស​មួយ​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​តវ៉ា​នោះ​ថា ខ្លួន​នឹង​សហការ ជាមួយ​អាជ្ញាធរ​ខេត្ត​កោះកុង ចុះ​ពិនិត្យ និង​ដោះស្រាយ ករណី​វិវាទ​ដីធ្លី រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ចំនួន​២ នៅ​ខេត្ត​កោះកុង ចាប់ពី​ថ្ងៃ​ចន្ទ សប្តាហ៍​ក្រោយ រហូត​ដល់​បញ្ចប់​។​

​សេចក្តីប្រកាស​របស់​ក្រសួង​រៀបចំ​ដែនដី បានបញ្ជាក់​ថា យោងតាម​លិខិត​លេខ​២០៥/១៨ ល​.​ស និង​លិខិត​លេខ​២០៦/១៨ ចុះ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៨ របស់​រដ្ឋបាល​ខេត្ត​កោះកុង សំណូមពរ​របស់​ក្រុម​ប្រជាពលរដ្ឋ ៣១៦​គ្រួសារ ស្ថិតនៅ​ស្រុក​ស្រែអំបិល ស្រុក​បុ​ទុម​សាគរ ខេត្ត​កោះកុង និង​សំណូមពរ​របស់​ក្រុម​ប្រជាពលរដ្ឋ ១៧០​គ្រួសារ ស្ថិតនៅ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន Koh Kong Plantation Co.,Ltd និង​ក្រុមហ៊ុន Koh Kong Sugar Industry Co.,Ltd ក្រសួង​រៀបចំ​ដែនដី នគ​រូប​នី​កម្ម និង​សំណង់ បាន​ចាត់​ក្រុមការងារ​ចុះ​សហការ​ជាមួយ​ក្រុម​ការងារ​របស់​អាជ្ញាធរ​ខេត្ត​កោះកុង ដើម្បី​ពិនិត្យ​អត្តសញ្ញាណ​អ្នក​កាន់កាប់​ដី ពាក់ព័ន្ធ​នឹង​វិវាទ​ខាង​លើ ចាប់ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៨ រហូត​រួចរាល់​ជា​ស្ថាពរ ឈាន​ទៅ​ដល់​ដោះស្រាយ​បញ្ចប់​។​

​នា​ព្រឹក​ថ្ងៃទី​១៨​ខែ​ឧសភា​ប្រជាពលរដ្ឋ​មកពី​ខេត្ត​កោះកុង​ដែល​កំពុង​ទាមទារ​សំណង​ក្នុង​ជម្លោះ​ដីធ្លី​ជាង​១​ទសវត្សរ៍​មក​ហើយ​នោះ ត្រូវ​បាន​ប៉ះទង្គិច​គ្នា និង​រុញច្រាន​ពី​សំណាក់​កងសន្តិសុខ ខណៈពេល​ដែល​ពួកគាត់​ព្យាយាម ដើរ​ហែរ​ក្បួន​ឆ្ពោះទៅ ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់​។ អ្នក​តវ៉ា​មួយចំនួន កំពុង​ពរ​កូនតូច​នៅជាប់​នឹង​ខ្លួន អំឡុង​ពេល​ប៉ះទង្គិច​គ្នា​។​

​សមាជិក​សហគមន៍​ជាង​២០០​នាក់ ដែល​តំណាងឱ្យ​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​នៅ​ក្នុង ឃុំ​ជីខ​លើ ឃុំ​ជីខ​ក្រោម និង​ឃុំ​ដង​ពែង នេះ បានដាក់​ញត្តិ​ជូនទៅ​មន្ត្រី​ពាក់ព័ន្ធ​របស់​ក្រសួង កាលពី​ថ្ងៃ​ទី​១៧​ឧសភា​រួចមកហើយ និង​បន្ត​ស្នាក់នៅ​ក្នុង​វត្ត​សាមគ្គី​រង្សី នៅពេល​យប់​។ លុះដល់​ព្រឹក​ថ្ងៃទី​១៨​ឧសភា​នេះ នៅ​ពេល​អ្នក​ទាំងនោះ ព្យាយាម​ដើរ​ត្រឡប់​ឆ្ពោះទៅ​ក្រសួង​រៀបចំ​ដែន​ដី​វិញ ក្នុង​ចម្ងាយ​ប្រមាណ​ជា​៥​គីឡូម៉ែត្រ ស្រាប់តែ​កងសន្តិសុខ និង​នគរបាល​ប្រហែល​ជាង​៤០​នាក់ បាន​បិទផ្លូវ​និង​រុញច្រាន​ពួកគាត់ ដែល​ជា​ការរំលោភ​បំពាន​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការជួបជុំ និង​តវ៉ា​ដោយ​សន្តិវិធី​។ ប្រហែលជា​៤​ម៉ោង​ក្រោយមក ទើប​ពួកគាត់​ត្រូវបាន​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើ​រ​បន្ត ខណៈ​ដែល​កម្លាំងប្រដាប់អាវុធ និង​កង​សន្ដិសុខ​ប្រមាណ​១០០​នាក់ ត្រូវបាន​ដាក់ពង្រាយ​នៅតាម​ផ្លូវ ដែល​ពួកគាត់​ធ្វើ​ដំណើរ​នោះ​។​

​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ប្រជាពលរដ្ឋ​ទាំងនេះ បានដាក់​ញត្តិ​ជូនទៅ​អាជ្ញាធរខេត្ត​និង​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​សំណង​សមរម្យ ដោយសារ​ការបាត់បង់​ដីធ្លី តាំងពី​ឆ្នាំ​២០០៦ ជុំវិញ​ការផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ពីរ ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ស្ករអំពៅ​ថៃ KSL ក៏ដូចជា​លោក​ឧកញ៉ា លី យ៉ុង​ផាត់​។​

​ប្រជាពលរដ្ឋ​មួយចំនួន​នៃ​សហគមន៍​ទាំងនេះ បាន​ទទួល​សំណង កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា កន្លង​ទៅ​ថ្មីៗ​នេះ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×