Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃ​២០​ឧសភា ត្រូវកំណត់ជាទិវាជាតិនៃការ​ចងចាំ លើកតម្កើងការគោរពវិញ្ញាណក្ខន្​ធនិងការធ្វើបុណ្យ​ឧទ្ធិសដល់ជនរងគ្រោះ និង ជាថ្ងៃឈប់សម្រាកសាធារណៈ

spot_img

ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៨ មន្ត្រីរាជការ អាជ្ញាធរ​ដែនដី ប្រជាពលរដ្ឋ សិស្ស និស្សិត ប្រមាណ​ជា ១.០០០ នាក់ បាន​នាំ​គ្នា​ធ្វើ​ពិធី​បង្សុកូល រាប់​បាត​ព្រះសង្ឃចំនួន២០៧អង្គ នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក ដើម្បី​ឧទ្ទិស​កុសល ដល់​ប្រជាពលរដ្ឋ ដែល​បាន​ស្លាប់ ក្នុង​របប​ខ្មែរក្រហម​។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងលោកម៉ប់ សារិន អ​នុប្រធានប្រចាំការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ។

យោងតាមអនុក្រឹត្យស្តីពីទិវាជាតិនៃការចងចាំ ដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ បានសម្រេចថា ត្រូវបានកំណត់យកថ្ងៃទី២០ខែឧសភា ជារៀងរាល់ឆ្នាំ ជា ទិវាជាតិនៃការចងចាំ ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៃព្រះរាជាណចក្រកម្ពុជា សម្រាប់ជាការរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ដើម្បី ៖ លើកតម្កើងការគោរពវិញ្ញាណក្ខន្ធនិងការធ្វើបុណ្យឧទ្ធិសដល់ជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកតម្កើងការរំលឹកដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូរ របស់ជនរងគ្រោះ ទោះជានៅរស់ ឬបានបាត់បង់ជីវិតក៏ដោយ ប៉ះប៉ូវការឈឺចាប់ផ្លូវចិត្ត និងផ្នែកសង្គមដល់ជនរងគ្រោះ និងក្រុមគ្រួសារ ចូលរួមក្នុងផ្សះផ្សាជាតិ និងជំរុញឲ្យមានសុខដុមនីយកម្ម ក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅ ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឲ្យកើតមានឡើងសាជាថ្មី។ ទោះយ៉ាងណាអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំជា ទិវាជាតិនៃការចងចាំនេះ ត្រូវបានកំណត់ ជាថ្ងៃឈប់សម្រាកសាធារណៈ ហើយប្រជាពលរដ្ឋគ្រប់រូប ត្រូវបានផ្ដល់ឱកាស ឲ្យរៀបចំពិធីតាមជំនឿ សាសនា ឬទំនៀមទម្លាប់របស់ខ្លួន ក្នុងគោលបំណងឧទ្ធិសវិញ្ញាណក្ខន្ធជូនជនរងគ្រោះ។

ថ្ងៃ​២០ ឧសភា ជា​ទិវា​ចង​ចាំ មិន​អាច​បំភ្លេច​បាន នូវ​សោកនាដកម្ម​ខ្លោចផ្សា ក្នុង​របប​ខ្មែរក្រហម ដែល​បាន​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ ជិត ៣ លាន​នាក់ ក្នុង​រយៈពេល ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ​។ ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បង្សុកូល រាប់បាត្រ ប្រគេន​ព្រះសង្ឃ នៅ​មជ្ឈមណ្ឌល​ប្រល័យ ពូជសាសន៍ ជើងឯក ថ្ងៃ​២០​ឧសភា ជា​ប្រវត្តិសាស្ត្រ ដែល​ប្រជាជន​កម្ពុជា​យើង នៅ​តែ​ចង​ចាំ​ទុក មិន​អាច​បំភ្លេច​បាន​ឡើយ នូវ​សម័យកាល​នរកអវិចី ដែល​បាន​កើតឡើង យ៉ាង​ស្រស់​ៗ នៅ​លើ​ទឹកដី​នៃ មាតុភូមិ​កម្ពុជា អស់​រយៈពេល ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ នោះ​គឺ​របប​កម្ពុជា​ប្រជាធិបតេយ្យ ប្រល័យពូជសាសន៍​។

ការ​ជួបជុំ​គ្នា​របស់​យើង​នៅ​ទី​នេះ គឺ​ដើម្បី​រំលឹក​នូវ​គុណូបការៈ របស់​បញ្ញវ័ន្ត អ្នក​ស្នេហា​ជាតិ និង​ប្រារព្ធ​ពិធី​បង្សុកូល​រាប់បាត្រ ប្រគេន​ព្រះសង្ឃ ឧទ្ទិស​មហាកុសល ជូន​ដល់​ដួងវិញ្ញាណ​របស់ លោក​អ្នក​ទាំងនោះ នៅ​ទី​នេះ ក៏​ដូច​ជា​នៅ​ទូ​ទាំង​ប្រទេស​។ សូម​ដួងវិញ្ញាណ​លោក​អ្នក​ទាំងនោះ អនុមោទនា​ទទួលយក និង​សូម​បាន​ស្ថិត​នៅ​ក្នុង​សុគតិភព ជា​រៀង​រហូត​តទៅ​។

តាម​សក្ខីកម្ម​ជាក់ស្តែង បាន​បញ្ជាក់​ថា ក្រុម​ជន​ដែល​បាន​ធ្វើការ​ប្រទូស្ត​រាយ នឹង​ព្រះ​ត្រៃសរណគមន៍ ពេល​ស្លាប់​វិញ មិន​បាន​ទទួល​កិត្តិយស​ទេ មាន​ជា​អាទិ៍ ខ្មោច ប៉ុ​ល​ពត សុ​ន​សេន តា​ម៉ុ​ក អៀង​សារី ជាដើម​។ ចំំ​ណែ​ក​មេដឹកនាំ​ជាន់ ខ្ពស់​របស់​ពួក​គេ ទោះបី​មាន​វ័យចាស់​ជរា​យ៉ាងណា​ក្តី ក៏​ត្រូវ​រង​នូវ​អកុសល ពិបាក​កើតជា​សត្វ​ប្រែ​ត សត្វ​នរក​ក្នុង​អបាយភូមិ យ៉ាង​លំបាក​វេទនា ទាំង​ក្នុង​ជាតិ​នេះ និង​បណ្តា​ជាតិ ត​ៗ​ទៅ​មុខ​ទៀត​។

កន្លង​មក តុលាការ​ខ្មែរក្រហម បាន​បញ្ចប់​សំណុំរឿង លេខ​០០១ ដែល​ទណ្ឌិត កាំ​ង ហ្គេ​ច​អ៊ា​វ ហៅ ឌុ​ច ត្រូវ​បាន​ផ្តន្ទាទោស ដាក់គុក​អស់​មួយ​ជីវិត​។ ប​ច្ចុ​ប្បុ​ន្ន សាលាក្តី បាន​បញ្ចប់​កិច្ច​ដំណើរការ នីតិវិធី​លើ​សំណុំរឿង លេខ​០០២ -០១ ដែល​ចេញ​សាលក្រម ដោយ​អង្គ​ជំនុំជម្រះ​សាលាដំបូង ហើយ​កំពុង​រៀង​ចំ​ដំណើរការ ដើម្បី​ជំនុំជម្រះ ក្នុង​សំណុំរឿង​០០២-០២ ប្រឆាំង​នឹង​ជនជាប់ចោទ​ពីរ​រូប​គឺ នួន​ជា និង ខៀវ​សំ​ផ​ន ជា​បន្ត​ទៀត​។

មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍ ជើងឯក គឺជា​ទិវា​ចង​ចាំ មិន​អាច​បំភ្លេច​បាន នៃ​របប​ប៉ុ​ល​ពត ដែល​បាន​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ យ៉ាង​សាហាវឃោរឃៅ​។ តាម​រយៈ​ការ​សម្តែង​សិល្បៈ បង្ហាញ​ពី​ទិដ្ឋភាព​ខ្លោចផ្សា នៃ​ការ​កាប់សម្លាប់ ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​របប​ខ្មែរក្រហម គឺ​ដូច​គ្នា​ទៅ​នឹង​អ្វី ដែល​កើតឡើង​នៅ​ក្នុង​របប ប៉ុ​ល ពត យើង​មិន​អាច​បំភ្លេច​បាន ថ្ងៃ​២០​ឧសភា នោះ​ទេ យើង​ចង់អោយ​អ្នក​ទាំងអស់​គ្នា ទាំង​ប្រជាពលរដ្ឋ​កម្ពុជា និង​បរទេស បានឃើញ​នូវ​ទុក្ខ សោក​ខ្លោចផ្សា ដែល​ប្រជាពលរដ្ឋ បាន​ឆ្លងកាត់​កន្លង​មក​។

នៅ​ក្នុង​ឱកាស​នេះ​ដែរ សារ​ជា​ច្រើន បាន​សម្តែង​ចេញពី​ទឹកចិត្ត ប្រជាពលរដ្ឋ​ដោយ ស្នើ​សុំ​អោយ​អន្តរជាតិ​ទាំងអស់ មេត្តា​ផ្តល់​យុត្តិធម៌ ដល់​ប្រជាជន​កម្ពុជា​ទាំងមូល មាន​ន័យ​ថា សុំ​ឲ្យ​ព​ន្លឿ​ន​តុលាការអន្តរជាតិ ដែល​កំពុង​ដំណើរការ បច្ចុប្បន្ន​នេះ ក្នុង​ប្រទេស​កម្ពុជា ដើម្បី​កាត់ទោស​ពួក​អតីត មេដឹកនាំ​ខ្មែរក្រហម អោយ​បាន​ចប់​ឆាប់​ៗ និង​ដើម្បី​ជា​មេរៀន ទុក​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ ដោយ​មិន​ត្រូវ​អោយ​របប​បែប​នេះ កើតឡើង​សារ​ជា​ថ្មី​ទេ​។

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជ សាសន៍​ជើងឯក​នោះ មានការ​សម្តែង​ល្ខោន បង្ហាញ​ពី​ការ​ចូល​កាន់កាប់​អំណាច នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ពួក​កងទ័ព​អាវ​ខ្មៅ បាន​ជម្លៀស​ប្រជាពលរដ្ឋ ចេញពី​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ និង​បាន​កាន់កាប់​របប​វាល​ពិឃាដ អស់​រយៈ ពេល ៣ ឆ្នាំ ៨​ខែ ២០​ថ្ងៃ ហើយ​បាន​កាប់សម្លាប់​ប្រជាពលរដ្ឋ​ជិត ២ លាន​នាក់​។ ផ្ទាំងទស្សនីយភាព​នោះ បាន​បង្ហាញ​ពី​ការ​ដួល​រលំ​ទៅ​វិញ នៃ​របប​ខ្មែរក្រហម នា​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៧៩ ព្រមទាំង​ចាប់​អតីត​មេដឹកនាំ​ខ្មែរ ក្រហម យក​ទៅ​កាត់ទោស តាម ច្បាប់​ផង​ដែរ​។

លោកយាយ​ម្នាក់ ដែល​ជា​អ្នក​ធ្លាប់​រង​គ្រោះ​ក្នុង​របប​ខ្មែរក្រហម ដែល​បាន​មក​ចូលរួម ក្នុង​ទិវា​ចង​ចាំ​មិន​អាច​បំភ្លេច បាន ២០ ឧសភា បាន​មាន​ប្រសាសន៍​សម្តែង នូវ​ទុក្ខវេទនា ក្នុង​របប​ខ្មែរក្រហម​ថា និង​គាំទ្រ​ការ​អភិវឌ្ឍ​ប្រទេស មាន ការ​រីក​ចម្រើន ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គ​មហា​ទាំង​បី និង​គាំទ្រ​ការ​កាត់ទោស ពួក​អតីត​មេដឹកនាំ​ខ្មែរក្រហម​។

របាយការណ៍​បូក​សរុប អំពី​ឧក្រិដ្ឋកម្ម​នៃ​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត អៀង សារី ខៀវ សំ​ផ​ន ក្នុង​ថ្ងៃ​ទី​២០ ខែឧសភា​ឆ្នាំ​១៩៩១ បាន​សរសេរ​ថា​សភាជាតិ “​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​” បាន​អនុម័ត​ក្នុង​សម័យប្រជុំ លើក​ទី​៥ នីតិកាល​ទី​១ ថ្ងៃ​ទី​១៥ ដល់​១៨ ខែសីហា ឆ្នាំ​១៩៨៣ យក​ថ្ងៃ​២០ ឧសភា ជា “​ទិវា​ចងកំហឹង​” ចំពោះ​បន​ប្រល័យ​ពូជ សាសន៍ ប៉ុ​ល ពត អៀង សារី ខៀវ សំ​ផ​ន​និង​ជា​ថ្ងៃ​ដែល បន​ប្រល័យ​ពូជ សាសន៍ បាន​ចាប់ផ្តើម​អនុវត្ត​គោលការណ៍ ប្រល័យពូជសាសន៍​យ៉ាង​ចំហ និង​យ៉ាង​ឃោរឃៅ ព្រៃផ្សៃ​ចំពោះ​ប្រជាជន​ទូ​ទាំង​ប្រទេស​។

ក្នុង​នោះ របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ជា​ផ្លូវការ​ថា ប្រជាជន​ទូ​ទាំង​ប្រទេស ប្រមាណ ៣.៣១៤.៧៦៨ នាក់​ត្រូវ​បាន​បាត់បង់​ជីវិត ក្រោម​របប​ដ៏​សាហាវឃោរឃៅ ជាទី​បំផុត ក្នុង​ចុង​សតវត្សរ៍​ទី​២០​។ របាយការណ៍​បូក​សរុប​នោះ ក៏​បាន​សរសេរ​ថា​“​ឧក្រិដ្ឋកម្ម​ដ៏​ធ្ងន់ធ្ងរ និង​សោកនាដកម្ម ដែល​ប្រជាជន​កម្ពុជា ទទួល​រង​គ្រោះ ជាង​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ ក្រោម​របប​ប្រល័យពូជសាសន៍ ជា​ទុក្ខ​លំបាក​របស់​ប្រជាជន​កម្ពុជា គ្មាន​អ្នកនិពន្ធ ជាតិ​និង​អន្តរជាតិ​ណា អាច​សរសេរ​រៀបរាប់ បានឱ្យ​អស់​ឡើយ​”​។

ការ​អនុម័ត​ដោយ​រដ្ឋសភា ក្នុង​ឆ្នាំ​១៩៨៣ បាន​កំណត់​យក​ថ្ងៃ​២០ ឧសភា ជា “​ទិវា​ចងកំហឹង​” ពួក​កុ​ម្មុ​យ​និ​ស្ត​ខ្មែរ ក្រហម បាន​កំណត់​យក​ថ្ងៃនេះ ជា​ថ្ងៃ​អបអរ​កំណើត​សហករណ៍ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក នៅ​ក្នុង​សង្គម​កម្ពុជា​។ សៀវភៅ​ថ្នាក់​ទី​២ បោះពុម្ពផ្សាយ​លើក​ទី​១ ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​បោះពុម្ពផ្សាយ ក្នុង​ឆ្នាំ​១៩៧៦ បាន​សរសេរ​ថា “​សហករណ៍​យើង បាន​ចាប់កំណើត នៅ​ថ្ងៃ​ទី ២០ ខែឧសភា ឆ្នាំ​១៩៧៣ ក្នុង​ភ្លើងសង្គ្រាម​បដិវត្តន៍​ដ៏​សន្ធោរ​សន្ធៅ ប្រជាជន​យើង​បាន​វាយ​ឈ្នះ ចក្រពត្តិ​អា​មេ​រិ​ក និង ពួក​អា​ក្បត់ជាតិ ហើយ បាន​ជីក រំលើង​ឫសគល់​វណ្ណៈ​សក្តិភូមិ​ម្ចាស់​ដី និង​នាយទុន រំដោះទឹកដី និង​ប្រជាជន​ទាំងស្រុង នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ ១៩៧៥”​។

ចន្លោះ​ខែសីហា ឆ្នាំ​១៩៨៣ ដល់​ខែធ្នូ ឆ្នាំ​១៩៨៥ ប្រជាជន​ដែល​រួច​ពី​ស្លាប់​ចំនួន ១.១៦៦.៣០៧ នាក់ ក្នុង​ខេត្ត​ចំនួន​១៥ បាន​ធ្វើ​ញត្តិ​រួម​គ្នា ចំនួន​១.២៥០ ដែល​ក្នុង​ញត្តិ​ទាំងនោះ បាន​រ៉ាយរ៉ាប់​ពី​ចំនួន សមាជិក​ដែល​បាន​ស្លាប់​ក្រោម​របប​ខ្មែរក្រហម​។ ថ្វី​ដ្បិតតែ​ញត្តិ​ទាំងនោះ មាន​សណ្ឋាន​ដូច​ៗ​គ្នា “​ដែល​ស្តែង​បញ្ជាក់​ពី​ការ​រៀបចំ​ឡើង ដោយ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​” ដើម្បី​គាំទ្រ​សេចក្តីសម្រេច​របស់ សម័យប្រជុំ​សភា​លើក​ទី​៥ នីតិកាល និង​ស្នើ​សុំ​ឱ្យ​អង្គការសហប្រជាជាតិ បណ្តេញ​បន ប៉ុ​ល ពត អៀង សារី ចេញពី​កៅអី​អង្គការសហប្រជាជាតិ យ៉ាងណា​ក៏​ដោយ ការ​ពិតជា​សំខាន់​ស្ថិត​នៅ​ត្រង់​ថា ប្រជាជន​ជាង មួយ​លាន​នាក់ ដែល​តំណាង​ឱ្យ​ជន​រង​គ្រោះ​ទូ​ទាំង​ប្រទេស ដែល​បាន​ចាក​ផុត​ពី​សេចក្តីស្លាប់ ក្រោម​របប​ប្រល័យពូជសាសន៍ បាន​អំពាវនាវ​ដល់​អន្តរជាតិ​ថា របប​ខ្មែរក្រហម បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ព្រៃផ្សៃ មក​លើ​ប្រជាជាតិ​កម្ពុជា​ទាំងមូល ហើយ​ទាមទារ​ឱ្យ​មានការ​ស្វែងរក​យុត្តិធម៌​ពិត ប្រាកដ​មួយ​ដល់​កម្ពុជា​។

ជា​អកុសល ញត្តិ​ទាំង​អស់នេះ ពុំ​ត្រូវ​បាន​ផ្ញើ​ជូន​ទៅ​ដល់ អង្គការសហប្រជាជាតិ​ទេ ហើយ​ការ​ទាមទារ​រក​យុត្តិធម៌ ពុំ​ត្រូវ​បាន​អើពើ​សោះឡើយ​។​ផ្ទុយ​ទៅ​វិញ របប​ខ្មែរក្រហម បន្ត​ទទួល​ជោគជ័យ នៅ​ក្នុង​យុទ្ធនាការ​អំពាវនាវ ឱ្យ​បណ្តា​ប្រទេស​ជា​ច្រើន លើ​ឆាក​អន្តរជាតិ ឱ្យ​គាំទ្រ​ដល់​រដ្ឋាភិបាល​របស់​ខ្លួន ដោយ​ឈរ​លើ​ហេតុផល​ថា ប្រទេស​កម្ពុជា នា​ពេល នោះ ត្រូវ​បាន​ឈ្លានពាន ដោយ​ប្រទេស​វៀតណាម​។

ទោះបីជា ទិវា​២០ ឧសភា និង​ញត្តិ​ទាំងនោះ ត្រូវ​បាន​អ្នកវិភាគ​បស្ចិមប្រទេស យល់​ថា ជា​ការ​រៀបចំ​ឡើង ដោយ​របប​ថ្មី (​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​រដ្ឋ​កម្ពុជា​) ដើម្បី​បម្រើ​នយោបាយ​របស់​ខ្លួន​ក៏​ដោយ ក៏​ការ​ពិត​មួយ​ដ៏​សំខាន់ ដែល​ពុំ​អាច​ប្រកែក​បាន មក​ទល់​ពេល​នេះ​គឺថា ប្រជាជន​កម្ពុជា បាន​បន្ត​ការ​ពុះពារ​ស្រែក ប្រាប់​ពិភពលោក រហូត​ដល់​ថ្ងៃ ដែល​មាន​កិច្ចព្រមព្រៀង ទី​ក្រុងប៉ារីស ខែតុលា ឆ្នាំ​១៩៩១ ថា​របប​ខ្មែរក្រហម​បាន​ប្រព្រឹត្ត ឧក្រិដ្ឋកម្ម​ដ៏​ព្រៃផ្សៃ​បំផុត នៅ​ក្នុង​សតវត្សរ៍​ទី​២០ កន្លង​មកនេះ ហើយ​ក្រាញននៀល ក្នុង​ការ​ទាមទារ​រក​យុត្តិធម៌ ជូន​គ្រួសារ និង​ញាតិ សន្តាន​របស់​ខ្លួន និង​ក្រើនរំលឹក​ប្រាប់​ប្រជាជន​កម្ពុជា ឱ្យ​ចង​ចាំ​អតីតកាល​ដ៏​ឈឺចាប់​នេះ និង​ទប់ស្កាត់​ឱ្យ​បាន​កុំឱ្យ​របប​បែប​នេះ កើតឡើង​សា​ជា​ថ្មី តាម​រយៈ​ទិវា​ចងកំហឹង ថ្ងៃ​២០ ឧសភា នេះ​។

ចាប់តាំងពី​ឆ្នាំ​១៩៩២​មក មក​ទល់​នឹង​ពេល​នេះ​ការ​ប្រារឰ​ទិវា “​ចងកំហឹង​” នេះ​ត្រូវ​បាន​បាត់​រូបភាព ជា​សាធារណៈ ឬ​មាន​កម្រិត​តូច ហើយ​ភាគច្រើន​ប្រារឰ​ឡើង ដោយ​ស្ងៀមស្ងាត់ នៅ​ក្នុង​រង្វង់​គណបក្ស​ប្រជាជន​តែ​ប៉ុណ្ណោះ​។ នេះ​ទំនងជា​ដោយសារ​ការ​ផ្លាស់​ប្តូរ នយោបាយ​ចំពោះ​របប​ខ្មែរក្រហម ដែល​ពេល​នោះ បាន​ក្លាយជា​ភាគី​នយោបាយ ស្របច្បាប់​នៃ​កិច្ចព្រមព្រៀង ក្រុងប៉ារីស ហើយ​ថ្មី​ៗ​នេះ​ទៀត សក្តានុពល​នយោបាយ និង​យោធា​ខ្មែរក្រហម បាន​ចុះ​ខ្សោយ ក៏​ប៉ុន្តែ​ការ​អះអាង​ថា ការ​ថមថយ​ចុះ​នៃ​ទំហំ​នៃ​ទិវា​នេះ បញ្ជាក់​ថា ប្រជាជន​កម្ពុជា បាន​បំភ្លេច​នូវ​ការ​ឈឺចាប់​ដោយសារ​របប​នេះ ពុំ​មែន​ជា​ការ​ត្រឹមត្រូវ​ឡើយ​។

ថ្វី​ដ្បិតតែ​ប្រជាជន​កម្ពុជា​គ្រប់​រូប មមាញឹក​នឹង​កិច្ចការ ឬ​ប្រកប​របរ​ចិញ្ចឹមជីវិត​ជា​ធម្មតា ក៏​ប៉ុន្តែ ភាព​ព្រៃផ្សៃ​របស់​ពួក​ខ្មែរក្រហម ដែល​បាន​ប្រព្រឹត្ត​លើ​ក្រុម​គ្រួសារ​ខ្លួន នៅ​តែ​ដក់​ជាប់ នៅ​ក្នុង​ជម្រៅ​ចិត្តជា​និច្ច​។ ភស្តុ​តាង​ជាក់ស្តែង ដូច​ជា គុក​មន្ទីរ​សន្តិសុខ រណ្តៅ​សាកសព ពុំ​ទាន់​បាត់​ស្លាកស្នាម​ពី​ភូមិដ្ឋាន​របស់​ជន​រង​គ្រោះ នៅឡើយ​ទេ​។ ប្រជាជន​កម្ពុជា នឹង​បន្ត​រស់នៅ​តែ​រូប​កាយ ក៏​ប៉ុន្តែ​វិញ្ញាណ​របស់​ខ្លួន នឹង​ជាប់​ឃុំឃាំង​ក្នុង​អតីតកាល​ជា​រៀង​រហូត ប្រសិនបើ​ពុំ​បាន​ផ្តល់​យុត្តិធម៌ ពិតប្រាកដ​មួយ​។

បូជនីយដ្ឋាន​តម្កល់​អដ្ឋិធាតុ មាននៅ​ស្ទើរ​គ្រប់​ស្រុក​ទាំងអស់ ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​បញ្ជាក់​ប្រាប់​ថា ជន​រង​គ្រោះ នៅ​តែ​ចង់បាន​”​យុត្តិធម៌​”​។ សំណួរ​ភាគច្រើន ដែល​មីង មា អ៊ំ​ស្រី អ៊ំ​ប្រុស លោកតា លោក យាយ​ជា​ច្រើន ដែល​មិន​អាច​រៀបរាប់​ឈ្មោះ​អស់ ដែល​បាន​ធ្លាប់​ជួប​សំណេះសំណាល នៅ​តាម​បណ្តា​ភូមិ​ស្រុក តែង​សួរ​ស្ទើរតែ​ដូច​ៗ​គ្នា​ថា “​ខ្ញុំ​ចង់ឱ្យ​ពួក “​មេដឹកនាំ​” ខ្មែរក្រហម ឆ្លើយ​ប្រាប់​ថា ហេតុ​អ្វី​បាន ជា​សម្លាប់​មនុស្ស​រាប់​លាន​នាក់​ដូច្នេះ ឬ​ហេតុ​អ្វី​បានជា​ខ្មែរក្រហម សម្លាប់ ប្តី​ខ្ញុំ ឬ​កូន​ខ្ញុំ”៕ដោយ៖បញ្ញាស័ក្តិ

 

 

spot_img
×