Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណាត់​ផ្លូវជាតិ​៥ ពី​ព្រែក​ក្តាម ដល់​ខេត្ត​ពោធិ៍សាត់​ប្រវែង ១៣៥,២៤​គីឡូម៉ែត្រ ត្រូវ​ស្តារឡើងវិញ​

spot_img

​​កណ្តាល ៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​បញ្ជា​គ្រឿងចក្រ​បើក​ការដ្ឋាន​សាងសង់​កំណាត់​ផ្លូវជាតិ​៥ ដែល​មាន​ប្រវែង ១៣៥,២៤​គីឡូម៉ែត្រ ចាប់​ពី​ព្រែក​ក្តាម​ខេត្ត​កណ្តាល ដល់​ធ្លា​ម្អម ខេត្ត​ពោធិ៍សាត់ ក្រោម​ហិរញ្ញប្បទាន​សម្បទាន ពី​រដ្ឋាភិបាល​ជប៉ុន នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​។​

​លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ថ្លែងថា គម្រោង​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៥ ឆ្លងកាត់​ខេត្ត​ចំនួន​៣ រួមមាន ខេត្ត​កណ្តាល ប្រវែង ៤,២៥​គីឡូម៉ែត្រ​, ខេត្ត​កំពង់ឆ្នាំង ប្រវែង ៩៣,៥៤​គីឡូម៉ែត្រ​, និង​ខេត្ត​ពោធិ៍សាត់ ប្រវែង ៣៧,៤៥​គីឡូម៉ែត្រ​។ កំណាត់​ផ្លូវ​នេះ ត្រូវ​ចំណាយ​ថវិកា​សរុប​ប្រមាណ ២៦១​លាន​ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​មីន យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ និង​ពន្ធអាករ ហើយ​និង​ត្រូវ​ប្រើ​រយៈពេល​សាងសង់​ចំនួន​៤៨​ខែ គិត​ចាប់ពី​ខែ​មេសា ឆ្នាំ​២០១៨ រហូតដល់​ខែ​មីនា ឆ្នាំ​២០២២​។ កម្ពុជា សូម​អរគុណ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​ចូលរួម​ជួយ​កសាង និង​អភិវឌ្ឍន៍​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​។​

​ក្នុងឱកាស​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់ កំណាត់​ផ្លូវជាតិ​លេខ​៥​នាពេលនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី មាន​មោទនភាព​ចំពោះ​សមិទ្ធផល ដែល​កើតចេញ​ពី​ទំនាក់ទំនង​មិត្តភាព​ល្អ រវាង​កម្ពុជា​-​ជប៉ុន ដែល​បាន​ផ្តល់​ហិរញ្ញប្បទាន​សម្បទាន​ដើម្បី ស្ថាបនា​និង​ធ្វើឲ្យ​ប្រសើរឡើង​នូវ​កំណាត់​ផ្លូវជាតិលេខ​៥​នេះ​។​

​គម្រោង​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ផ្លូវជាតិលេខ​៥​នេះ គឺ​កើតឡើង​ក្នុង​ទំនាក់ទំនង​រវាង​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង លោក Shinzo Abe នាយករដ្ឋមន្ត្រី​ជប៉ុន ក្នុងពេលដែល សម្តេច​តេជោ បាន​អញ្ជើញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​កន្លងមកនេះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​ជប៉ុន ដែល​កន្លងមក​តែងតែ​ផ្តល់​នូវ​ជំនួយ ដល់​កម្ពុជា លើ​ការសាងសង់​ផ្លូវ ស្ពាន និង​វិស័យ​ផ្សេងៗ​ទៀត​។ ប្រទេស​ជប៉ុន​នឹង​ជួយ​កសាង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​នេះ​ជា​ដំណាក់កាលៗ​ចាប់ពី​ទីក្រុង​ភ្នំពេញ​រហូត​ដល់​ខេត្ត​បន្ទាយមានជ័យ ព្រំដែន​កម្ពុជា​-​ថៃ​។ ផ្លូវជាតិ​លេខ​៥​នេះ​ពិត​មាន​សារសំខាន់​ណាស់​សម្រាប់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ទៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ដូចជា ខេត្ត​កណ្តាល​, កំពង់ឆ្នាំង​, ពោធិ៍សាត់​, បាត់ដំបង និង​បន្ទាយមានជ័យ (​ប៉ោយ​ប៉ែត​) ជាពិសេស គឺ​នឹង​បាន​រួមចំណែក​ក្នុង​ការបំរើ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​រីកចម្រើន​ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​រំលឹក​ពី​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ដែល​ពី​អតីតកាល​កម្ពុជា​បាន​ឆ្លង កាត់​សង្គ្រាម​រាំ​រ៉ៃ​រាប់​ទាំង​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ដែល​បាន​កាប់សម្លាប់​មនុស្ស និង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងស្រុង​។ សម្តេច​តេជោ បាន​មានប្រសាសន៍ថា នៅ​ថ្ងៃ​ទី ២០ ឧសភា ដែល​កម្ពុជា​ចាត់ទុកជា​ថ្ងៃ​ទិវា​ជាតិ នៃ​ការចង់ចាំ ដែល​ធ្វើឡើង​កាល​ពី​ម្សិលមិញ​នេះ គឺជា​ថ្ងៃ​មួយ​ដែល ប៉ុលពត​ប្រកាស​នូវ​ភាពជោគជ័យ​របស់​ខ្លួន ក្នុងការ​ធ្វើ​បដិវត្តន៍ និង​ធ្វើទុក្ខបុកម្នេញ ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់​បាត់បង់​ជីវិត​រាប់​លាន​នាក់​។ ដោយ​ស្មារតី ៧​មករា បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រួចផុត​ពី​សេចក្តីស្លាប់ និង​បន្ត​កសាង​ការអភិវឌ្ឍ​ប្រទេសជាតិ​បាន​រីកចម្រើន​ដល់​សព្វថ្ងៃនេះ​។​

​ជាថ្មី​ម្តងទៀត សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​បង្កលក្ខណៈ​ងាយស្រួល​ដល់​គណបក្ស​នយោបាយ​នានា​ក្នុង​ការចុះឈ្មោះ​ជា​បេក្ខភាព​ក្នុង​ការបោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​ត្រូវ​ផ្តល់ឱកាស​ឲ្យ​បក្ស​នយោបាយ​ទាំងអស់​នោះ​បាន​ធ្វើ​សម្មភាព​ភាព​នយោបាយ ដូចជា​ការចុះ​ជួប​សកម្មជន​របស់​ខ្លួន​ជាដើម​។​

​សម្តេ​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រួមគ្នា​ថែរក្សា​សន្តិភាព​ឲ្យបាន​គង់វ​ង្ស ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ ព្រោះថា​បើ​គ្មាន​សន្តិភាព គឺ​មិន​មាន​ការអភិវឌ្ឍ​ឡើយ​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​ពលរដ្ឋ​និង​រាជរដ្ឋាភិបាល​ជប៉ុន ដែល​បាន​ចូលរួមចំណែក​ក្នុង​ការអភិវឌ្ឍន៍​ប្រទេស កម្ពុជា ក្នុងនោះ​រួម​ទាំង​ជំនួយ​ស្ពាន​មិត្តភាព​កម្ពុជា​អ្នក​លឿង (​ហ្សឺ​បាសា​) និង ស្ពាន​គី​ហ្សូ​ណា​កំពង់ចាម ដែលជា​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​។ រីឯ​ផ្លូវជាតិ​លេខ​៥​នេះ​ជា​ជំនួយ​ហិញ្ញប្បទាន​សម្បទាន​របស់​មិត្តជ​ប៉ុន ដែល​កម្ពុជា​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

       

spot_img
×