Sunday, September 19, 2021

បង្កើន​សមត្ថភាព​មន្ត្រី​គយ ក្នុង​ការពង្រឹង ប្រសិទ្ធភាព​ការប្រមូល​ចំណូល​

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ បានបញ្ជាក់​ថា ការបង្កើន​សមត្ថភាព​មន្ត្រី​គយ មាន​សមត្ថកិច្ច​លើ​ការងារ​ចំណាត់ថ្នាក់​ទំនិញ និង​ការបង្កើត​មន្ទីរពិសោធន៍​គយ ពិតជា​បាន​រួមចំណែក យ៉ាង​សំខាន់​ក្នុង​ការពង្រឹង ប្រសិទ្ធភាព​ការប្រមូល​ចំណូល របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​នា​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សាន់វ៉េ រាជធានី​ភ្នំពេញ មាន​ប្រារព្ធ​ពិធី​បើក​សិក្ខាសាលា​ស្តីពី​មន្ទីរពិសោធន៍​គយ និង​ការធ្វើ​ចំណាត់ថ្នាក់​ទំនិញ​របស់​អង្គការ​គយ​ពិភពលោក ក្រោម​អធិបតីភាព លោក នួន ច័​ន្ធ​រិទ្ធ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និង​ដោយ​មាន​ការចូលរួម​ពី​លោក Kaoru OMOTO អ្នកជំនាញការ​ផ្នែក​ការ​ចំណាត់ថ្នាក់​ទំនិញ និង​មន្ទីរពិសោធន៍​គយ​នៃ​អង្គការ​គយ​ពិភពលោក លោក Takahiro TAKAHASI អ្នកជំនាញការ​នៃ​មន្ទីរពិសោធន៍​គយ​ជប៉ុន លោក Ken OKAMOTO អ្នក​គីមីវិទ្យា​នៃ​មន្ទីរពិសោធន៍​គយ​ជប៉ុន និង​មន្ត្រី​គយ​និង​ដ្ឋា​ក​រនៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។​

​លោក នួន ច័​ន្ធ​រិទ្ធ បាន​ថ្លែងថា សិក្ខាសាលា​នេះ មាន​រយៈពេល​ប្រាំ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨ ត្រូវបាន​រៀបចំឡើង​ដោយ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា សហការ​ជាមួយ​អង្គការ​គយ​ពិភពលោក ក្នុង​គោលបំណង​បង្កើន​សមត្ថភាព​ដល់​មន្ត្រី​បច្ចេកទេស​ពាក់ព័​ន្ធ​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ លើ​ការងារ​ចំណាត់​ថ្នាក់​ទំនិញ និង​ការរៀបចំ​គម្រោង​បង្កើត​មន្ទីរពិសោធន៍​គ​យ​នៅ​កម្ពុជា នាពេល​អនាគត​។ គួរបញ្ជាក់​ថា សិក្ខាសាលា​នេះ​គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ជំនួយ​បច្ចេកទេស​ដល់​ប្រទេស​ជា​សមាជិក ក្នុង​ការអនុវត្ត​គោលនយោបាយ​កៀរគរ​ចំណូល​ដំណាក់កាល​ទី​៣ (Revenue Package Phase III) របស់​អង្គការ​គយ​ពិភពលោក​។​

​ក្នុង​សុន្ទរកថា​បើក លោក នួន ច័​ន្ធ​រិទ្ធ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រគ​យ​ពិភពលោក​ដែល​បាន​ឆ្លើយតប​ជា​វិជ្ជមាន​ចំពោះ​សំណើ​របស់​កម្ពុជា ដោយ​បាន​ផ្តល់​ជំនួយ​បច្ចេកទេស​ក្នុងពេល​ដែល​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា កំពុង​ត្រូវការ​ទាំង​ធនធានមនុស្ស​និង​ធនធាន​ស្ថាប័ន ដើម្បី​អភិវឌ្ឍ​ខ្លួន​ឲ្យក្លាយ​ជា​ស្ថាប័ន​ទំនើប​ប្រកបដោយ​វិជ្ជាជីវៈ ស្រប​តាម​ការវិវដ្តដ៏​ឆាប់រហ័ស​នៃ​ការធ្វើ​ពាណិ​ជ្ជកម្ម​អន្តរជាតិ ក៏​ដូចជា​ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​នៅក្នុង​តំបន់​និង​ពិភពលោក​។​

​លោក​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ក៏​បាន​គូសបញ្ជាក់​ផងដែរ​ពី​តួនាទី​សំខាន់​របស់​រដ្ឋបាល​គ​យ​ក្នុង​ការប្រមូល​ចំណូល​សម្រាប់​ថវិកា​ជាតិ ដែល​បាន​ចូលរួម​ចំណែក​មួយ​ភាគ​ធំ​នៃ​ចំណូល​សារពើពន្ធ​សរុប​។ ការបង្កើន​សមត្ថភាព​មន្ត្រី​គយ​មាន​សមត្ថកិច្ច​លើ​ការងារ​ចំណាត់​ថ្នាក់​ទំនិញ និង​ការបង្កើត​មន្ទីរពិសោធន៍​គយ ពិតជា​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការពង្រឹង​ប្រសិទ្ធភាព​ការប្រមូល​ចំណូល​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដែល​បន្ត​ស្ថិតនៅ​ជា​ការងារ​អាទិភាព​របស់​អគ្គនាយកដ្ឋាន។​

​ទន្ទឹមនេះ លោក​ក៏​បាន​លើកឡើង​ផងដែរ​ថា សិក្ខាសាលា​នេះ គឺជា​ឱកាស​ល្អ​សម្រាប់​សិក្ខាកាម​ទាំងអស់ ដើម្បី​បាន​ស្វែងយល់ និង​បង្កើន​ចំណេះដឹង តាមរយៈ​ការពិភាក្សា ផ្លាស់ប្តូរ​មតិ​យោបល់​ដោយ​ផ្ទាល់​ជាមួយ​ក្រុម​ជំនាញការ របស់​អង្គការ​គយ​ពិភពលោក​៕ ដោយ​៖​បញ្ញា​ស័ក្តិ​