Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកច្បាប់មកពីក្រុម​មេធាវី​យុត្តិធ៌ម​ជិត​ដប់នាក់ ស្ម័គ្រ​ចិត្ត​ការ​ពារ​ក្តី​ជូន​ពលរដ្ឋ​រងគ្រោះ​ដីធ្លី៤នាក់ ​ ដើម្បី​តទល់​បណ្តឹង ​របស់​​ឧកញ៉ា ​តាន់ តាត់​ និង​លោក ឡុញ វណ្ណៈ ​អ្នកមាន​ទ្រព្យដ៏ល្បី​នាខេត្តព្រះសីហនុ

spot_img

ខេត្ត​ព្រះសីហនុ៖ អ្នក​ឃ្លាំ​មើលផែន​ការអភិវឌ្ឍ​សង្គម​ប្រចាំខេត្តព្រះសីហនុ ​បានឲ្យដឹង​នៅថ្ងៃអង្គារ៍ ទី​២២ ខែ​ឧសភា​ ឆ្នាំ​២០១៨ថា មានអ្នក​ច្បាប់​ស្ម័គ្រចិត្តមកពី ក្រុម​មេធាវី​យុត្តិធ៌ម និង​សហការីជិត​ដប់នាក់បាន​ដាក់​ពាក្យ​ស្នើ​សុំ​ការពារ​ក្តីជូន ប្រធាន​សាលាដំបូង​ខេត្តព្រះសីហនុ ដើម្បីស្នើ​ការពារក្តីជូន ប្រជា​ពល​រដ្ឋរង​គ្រោះ​ដីធ្លី​ចំនួន ៤នាក់ បន្ទាប់ពី​ត្រូវបាន ​លោក​ ឡូត​ ផារី ចៅ​ក្រម​ស៊ើប​សួរសាលាដំបូង​ខេត្ត​នេះ ​សម្រេច​ចេញដីកា​ឃុំខ្លួន​ដាក់​ពន្ធ​នាគារ ​កាល​ពីថ្ងៃទី​៨ ​ខែឧសភា ឆ្នាំ​២០១៨ ​ទៅតាម​បណ្តឹង ​របស់ លោក​ឧកញ៉ា ​តាន់ តាត់​ និង​លោក ឡុញ វណ្ណៈ​ ក្រោយ​​ពេល​ការ​សាកសួរអស់​ពេល​ ២ថ្ងៃរួច​មក​។

លោក​ស្រី ជាប សុធារី អ្នកសម្រប​សម្រួលសមាគមអាដហុក ​ប្រចាំខេត្តព្រះសីហនុ មានប្រសាសន៍នៅថ្ងៃទី២២ ខែ​ឧសភា​ថា ក្រុមអ្នកច្បាប់ស្ម័គ្រចិត្ត​ទាំងនោះរួមមាន៖ មេធាវី ស៊ុយ ឈុនហាក់ មេធាវី ព្រុំ សុវណ្ណារ៉ា, មេធាវី ច័ន្ទ តារាមុនន្ទ ,មេធាវី សេង សុវណ្ណារី, មេធាវី ស៊ុយ សុខុន, មេធាវី ស៊ុយ សុវណ្ណបញ្ញា, មេធាវី ជ្រា ឈុនឡេង, មេធាវី អ៊ិន សុខប៉ូ និង​មេធាវី ហួត លីហួរ។

លោក​ស្រីបន្តថា ក្រុមមេធាវី​ខាងលើ គឺជាសមាជិក គណៈមេធាវី នៃព្រះរាជា​ណាចក្រ​កម្ពុជា មាន​ការិយា​ល័យ ក្រុម​មេធាវី​យុត្តិធ៌ម និងសហការី ដែលមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ។ លោកស្រី ជាប សុធារី ​បាន​ឲ្យ​ដឹង​ថា ក្នុងចំណោមមេធាវី​​ខាងលើ ក៏មានមេធាវីមួយចំនួន ក៏ ជាធ្វើ​ជា​មេធាវី ឲ្យរាជរដ្ឋា​ភិបាល​ផងដែរ។

មន្ត្រី​ឃ្លាំ​មើល​សង្គម​ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ​ការចូលខ្លួនមកជួយតតាំង ឬជួយ​ការពារក្តីជូនប្រជា​ពល​រដ្ឋ​ក្រីក្រ​រង​គ្រោះដីធ្លីចំនួន ៤នាក់ រស់​នៅ​សហគមន៍​អូរខ្សាច់ ​ស្រុក​ស្ទឹងហាវ​នាឱកាស​នេះ គឺ​កើមាន​ក្រោយពេល ដែល​ពលរដ្ឋរងគ្រោះខាងលើ ត្រូវ​​ភាគី​ទំនាស់​ គឺ​លោក​ឧកញ៉ា ​តាន់ តាត់ និង​លោក ​ឡុញ វណ្ណៈ ​បានប្តឹង​កម្លាំង​កង​រាជអាវុធហត្ថខេត្ថឲ្យចាប់ខ្លួន ហើយ​​ក្រោយ​មកត្រូវ​ចៅក្រម​ស៊ើបសួរ សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ ​លោក ឡូត ផារី ​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ដាក់​ពន្ធនាគារ​​កាល​ពីល្ងាច​ថ្ងៃទី៨ ខែឧសភា ឆ្នា​២០១៨។

ផ្តើមពី​បញ្ហានេះ លោកស្រី ជាប សុធារី ក្នុងនាមអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម ប្រចាំខេត្តព្រះសីហនុ បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យពិនិត្យឡើងវិញ​ ចំពោះការ​ចាប់ខ្លួន​ពលរដ្ឋរងគ្រោះដីធ្លីចំនួន ​៤នាក់ ​ដោយ​កម្លាំង​រាជ​អាវុធ​ហត្ថខេត្តព្រះសីហនុ ដែលក្រោយមក ត្រូវសាលាដំបូង​ខេត្តនេះ សម្រេច​ចេញដីកា​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារបណ្តោះអាសន្ន ​តាម​បណ្តឹង ​របស់​លោកឧកញ៉ា ​តាន់ ​តាត់ និងលោក ឡុញ វណ្ណៈ ជាឈ្មួញដី​មាន​ទ្រព្យ​ដ៏ល្បីរស់នៅខេត្តព្រះសីហនុជាថ្មីឡើងវិញ។

​​សំណុំរឿងនេះ ​លោកស្រី ជាប ​សុធារី ​បានឲ្យដឹង​ថា បច្ចុប្បន្នមាន​អ្នកច្បាប់​ជិត​ដប់នាក់​ មកពី​ក្រុមមេធាវីយុត្តិធ៌ម និង​សហការី បានដាក់​ពាក្យ​សុំការ​ពារក្តី ​ជូនពល​រដ្ឋ​រង​គ្រោះដី​ធ្លី​ទាំង​៤​នាក់ ​ដើម្បីតទល់បណ្តឹង របស់ឈ្មួញ​ដីដ៏ល្បី​ល្បាញ ប្រចាំ​ខេត្ត​ព្រះសីហនុ គឺ​លោក​ឧកញ៉ា តាន់ ​តាត់ និង​លោក ឡុញ វណ្ណៈ ដើម្បីឈាន ទៅផ្តល់​យុត្តិ​ធ៌ម​តាម​ប្រព័ន្ធ​តុលាការ ​ជូនប្រជា​ពលរដ្ឋរង​គ្រោះ​ និងជាអ្នក​អាស្រ័យផល​លើដីជាក់ស្តែង​។

សំណុំរឿងនេះ ក្រុមមន្ត្រី​ឃ្លាំមើលសង្គម ​មន្ត្រីរាជការ​ថ្នាក់ទាប ​ពិសេស​ប្រជាពល​រដ្ឋក្រីក្រ​ភាគច្រើន រស់នៅខេត្ត​ព្រះ​សីហនុ បាន​ចាត់ទុក​ការ​ចាប់​ខ្លួន​​ពលរដ្ឋក្រីក្រ​រង​គ្រោះ​ដីធ្លី​ចំនួន ​៤​នាក់ ​រស់នៅ​សហគមន៍​អូរខ្សាច់​ ស្រុក​ស្ទឹង​ហាវ ​ របស់​​​កម្លាំង​កង​រាជអាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ទាំង​តក់ក្រហល់ ទៅតាម​បណ្តឹង ​របស់ លោក​ឧកញ៉ា​ តាន់ ​តាត់ ​និង លោក ឡុញ​ វណ្ណៈ ថា​មាន​ភាព​​មិន​ប្រក្រតីជាច្រើនចំណុច​។

អ្នក​ឃ្លាំមើលសង្គម បានដកស្រង់សំដី ប្រជាពលរដ្ឋរងគ្រោះដីធ្លីទាំង ៤នាក់ នាឱកាសបាន​ចូលជួប​សួរ​សុខ​ទុក្ខ​​ក្នុងពន្ធនាគារ ដោយ​ជនរងគ្រោះ​ទាំងនោះ នៅតែទទូច​សំណូមពរដល់ថ្នាក់ដឹកនាំក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ ជា​ពិសេស ​សម្តេចអគ្គមហា​សេនាបតីតេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យជួយ​បញ្ជូន​មន្ត្រី​ចុះ​ស្រាវជ្រាវ និង​​ពិនិត្យ​​​ទៅ​លើ​សកម្មភាព​​ចាប់ខ្លួន ​និងឃុំខ្លួន​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ទាំង ៤នាក់ ​ដាក់​ពន្ធនា​គារ​​ដើម្បី​ផ្តល់​យុត្តិធ៌ម​ជូន​ពួក​គាត់។ ជាងនេះ ពលរដ្ឋរងគ្រោះទាំង​ ៤នាក់ ដែលកំពុងជាប់ក្នុងពន្ធនាគារ ក៏ស្នើដល់ ឯកឧត្តម ជា សុផារ៉ា រដ្ឋ​មន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឯកឧត្តម ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំងអំពើពុករលួយ ​ជាពិសេស ​សម្តេចតេជោ ហ៊ុន សែន ឲ្យជួយ​ពិនិត្យ​ទៅលើ​ការឃុបគ្នា​ចេញ​ប្លង់​កម្ម​សិទ្ធិ​ដីធ្លី ផ្តើមដោយ​បុគ្គលជា​មន្ត្រីមួយ​ចំនួន​នៅក្នុង​ស្ថាប័នពាក់ព័ន្ធ​​ជូន​ លោកឧកញ៉ា តាន់​ តាត់ និង​លោក ​ឡុញ វណ្ណៈ ថាតើបាន​អនុវត្តត្រឹម​ត្រូវ​តាម​ច្បាប់​ភូមិបាល ​នៃព្រះរាជា​ណាចក្រ​កម្ពុជាដែរឬទេ?។ ​ហើយ​ថា​ករណីនេះ​ ​បើរក​ឃើញ​កំហុស​ឆ្គង គឺត្រូវនាំខ្លួន​អ្នក​ជាប់​ពាក់​ព័ន្ធ​ការចេញ​បណ្ណកម្ម​សិទ្ធិដីធ្លី​នៅ​ចំណុចភូមិ៤ ឃុំ​អូរត្រេះ ស្រុកស្ទឹង​ហាវ ​ខេត្តព្រះសីហនុ ​ទៅផ្តន្ទាទោស​តាម​ច្បាប់។

បន្ថែមលើនេះ លោកស្រី ជាប សុធារី មន្ត្រីសមាគមអាដហុក ប្រចាំខេត្តព្រះសីហនុ បានដាក់​ការ​សង្ស័យ​ទៅលើ​សកម្មភាព​តល់​ក្រហល់ របស់ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រះសីហនុ និងសាលាដំបូងខេត្តនេះ ដែល​​ចាប់​ខ្លួន ​និង​ឃុំខ្លួន​ពលរដ្ឋរង​គ្រោះដីធ្លី ៤នាក់ ដាក់​ពន្ធនាគារ កាលពីថ្ងៃទី​៨ ខែឧសភា ថា​មានភាព​​អយុត្តិ​ធ៌ម និងអាច​មាន​​ការ​​ឃុប​ឃិតគ្នា។

លោកស្រី​ចាត់ទុកស​កម្មភាព​ចាប់ពលរដ្ឋក្រីក្រទាំង ៤នាក់ ដាក់ពន្ធនាគារ​ខាង​លើថា ជាការគំរាមកំហែង និង​ធ្វើ​បាប​ពលរដ្ឋ​ ដែល​ហ៊ានចេញមុខ​​តស៊ូមតិ​ទាមទារ​សិទ្ធិ​កាន់កាប់ដី​ របស់ខ្លួន​បានកាប់​រាន​តាំង​ពីឆ្នាំ​១៩៩០ មក​នោះ ប៉ុន្តែបែរ​ជាត្រូវ​​ឧកញ៉ា​មានទ្រព្យ​​ធន បានឃុប​ឃិត​ជាមួយមន្ត្រី​ខិល​ខូចមួយ​ចំនួន លួច​ធ្វើប្លង់​កម្មសិទ្ធិ​រំលោភ​យក និងបានប្រើកម្លាំងកងរាជអាវុធហត្ថ និងប្រើប្រព័ន្ធតុលាការ ដើម្បីគំរាម​ចាប់​ម្ចាស់ដី​ពិត​ប្រាកដ​ដាក់​គុក​ទៅ​វិញ។

បញ្ហានេះ ​លោក​ស្រី ជាប សុធារី ​ក្នុងមានអ្នកឃ្លាំមើលសង្គម បាន​ស្នើ​ដល់ឯកឧត្តម ឱម យ៉ិនទៀង ប្រធាន​​អង្គ​ភាព​ប្រឆាំង​អំពើពុក​រលួយ ​ឯកឧត្តម ជា សុផារ៉ា ​រដ្ឋមន្ត្រីក្រសួងរៀប​ចំដែនដី ពិសេស សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឲ្យ​ជួយ​ស៊ើប​អង្កេត​ ទៅលើ​បណ្ណ​កម្មសិទ្ធិ ដែល​លោក​ឧកញ៉ា តាន់ ​តាត់ ​និង​លោក ​ឡុញ វណ្ណៈ ទទួល​បាន ​​នៅ​ចំណុចដីក្នុង​​ភូមិ៤ ឃុំអូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ថាតើ​បាន​អនុវត្តត្រឹម​ត្រូវ​តាម​ច្បាប់​ភូមិ​បាល​ដែរឬ​ទេ? ព្រោះ​ដីនៅតំបន់​មាន​ជម្លោះ​នោះ គឺ​ស្ថិតក្នុងបរិវេណដីគម្រប​ព្រៃឈើ​​ឆ្នាំ​២០០២ ដែលរាជរដ្ឋា​ភិបាល​បម្រុង​ទុក​នាពេលកន្លងមក​។ ជាងនេះ​ទៀត ក៏មិន​ដែល​ឃើញ​មាន​វត្ត​មាន​ លោក​ឧកញ៉ា តាន់ តាត់ និងលោក ឡុញ វណ្ណៈ ​បង្ហាញ​វត្ត​មាន​នៅ​លើដី​ទំនាស់​នោះ​ដែរ​នាពេល​កន្លងមក។

កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ​២០១៨ លោក ហេង ប៊ុនទី មេបញ្ជា​ការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បាន​បញ្ជា​កម្លាំង​ចំនួន ២រថយន្ត ​​ចុះ​ចាប់​ពលរដ្ឋចំនួន ៦នាក់ រស់នៅសហគមន៍អូរខ្សាច់ ភូមិ៤ ឃុំអូរត្រេះ ស្រុក​ស្ទឹង​ហាវ ដែលកាល​ណោះ​កម្លាំងកងរាជអាវុធហត្ថ​បានផ្ទុះអាវុធ និង​ចាប់ពលរដ្ឋដាក់​ខ្នោះ ​បញ្ជូន​ភ្លាមៗ​មក​កាន់​បញ្ជា​ការ​ដ្ឋាន​កងរាជ​អាវុធហត្ថខេត្ត មុន​បញ្ជូនបន្តទៅកាន់​សាលា​ដំបូងខេត្តព្រះសីហនុ ទៅតាមបណ្តឹង ​របស់លោក តាន់ តាត់ និង​លោក ឡុញ វណ្ណៈ ដែល​ជា​សេដ្ឋីមាន​ទ្រព្យ​ស្តុកស្តម ហើយ​ត្រូវជា​មិត្តភ័ក្រ​ស្និទ​ស្នាល រស់នៅ​ខេត្ត​ព្រះសីហនុ​ជាមួយគ្នា​។ បន្ទាប់​ពី​ត្រូវតុលាការសាក​សួររួច ​ពល​រដ្ឋរង​គ្រោះដីធ្លី​ចំនួន ៤នាក់ ក្នុងចំណោម ៦នាក់ ក៏ត្រូវ​ លោក ឡូត ផារី ចៅ​ក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តព្រះសីហនុ សម្រេច​ចេញដីកា​បង្គាប់​ឲ្យឃុំខ្លួន​​ ដាក់​ក្នុង​ពន្ធនាគារ​ខេត្តនេះ​ជា​បណ្តោះ​អាសន្ន កាលពីល្ងាចថ្ងៃ​ទី៨ ​ខែ​ឧសភា ​ ដោយចោទ​ពីបទ ​«ប្រើហឹង្សា​លើ​អ្នក​កាន់​កាប់​អចលន​វត្ថុ​ដោយ​សុចរិត​» ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ៤ ​ឃុំ​អូរត្រេះ ​ស្រុក​ស្ទឹងហាវ ​ខេត្ត​ព្រះ​សីហនុ ​កាលពី​ថ្ងៃទី​៦ ខែ​ឧសភា​ ឆ្នាំ​២០១៨។

មុនពេល​ត្រូវកម្លាំងកងរាជអាវុធហត្ថ នាំខ្លួនពីសាលាដំបូងខេត្តព្រះសីហនុ បញ្ជូនទៅដាក់ពន្ធនាគារ ស្ត្រីវ័យ​ចំណាស់ ដែលមានសក់ស្កូវសំពោង ឈ្មោះ លុច ទូច ជាពលរដ្ឋរងគ្រោះដីធ្លីម្នាក់ ស្ថិតក្នុងចំណោមពលរដ្ឋ​ ៤នាក់ ​ដែលមាន​ឈ្មោះ​ត្រូវជាប់គុកច្រវ៉ាក់ បាន​ចាត់ទុកដីកា​សម្រេច របស់ លោក ឡូត ផារី ចៅ​ក្រមស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ថា​មាន​ភាព​អយុត្តិធ៌ម​សម្រាប់​ពួកគាត់ និងបាន​​ដង្ហោយរក​ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ ឲ្យជួយរកយុត្តិធ៌ម​រួចផុតពីការ​ចោទប្រកាន់ និង​​មាន​សិទ្ធិ​កាន់​កាប់ដីធ្លី​​​ធ្លាប់​រស់នៅ​ដូចដើមវិញ។

សំណុំរឿងនេះ ​សាធារណជនមួយចំនួន ក៏មានចម្ងល់ទៅលើសកម្មភាព របស់កម្លាំងកងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហនុ ​ដែលបញ្ជូន​កម្លាំង​ទាំងតក់​ក្រហល់ ​ចុះបាញ់គំរាម​ប្រជាពលរដ្ឋ និងចាប់​ដាក់ខ្នោះ ​បញ្ជូនភ្លាមៗ ទៅកាន់​សាលា​ដំបូងខេត្ត​​ ទៅតាមប​ណ្តឹង របស់​លោក​ឧកញ៉ា តាន់ តាត់ និង​លោក ឡុញ វណ្ណៈខាងលើ តើអាច​ជា​សកម្ម​ភាព​​ផ្គើនចំពោះ​បទបញ្ជា ឬអនុសាសន៍ របស់​ សម្តេចតេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ឬយ៉ាងណា..?។ ព្រោះថា កន្លងមកថ្មីៗនេះ សម្តេច​ បានផ្តល់​អនុវសាសន៍​ទៅដល់​​មន្ត្រី​ក្រោម​ឱវាទ ​​នៅ​តាម​រាជ​ធានី​ខេត្ត​នានា ឲ្យបន្ត​សម្រប​សម្រួល​ដោះ​ស្រាយ​វិវាទ​ដីធ្លី​​រវាងភាគី​ទំនាស់​ដោយ​សន្តិវិធី ​និង​ជៀស​វាង​ប្រើ​កម្លាំង​ប្រដាប់​អាវុធ បាញ់គំរាមចាប់​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ដាក់​គុកច្រវ៉ាក​ ដោយហិង្សា​ជា​បន្ត​ទៀត​​។

ផ្តើមពីបញ្ហានេះ ​អ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម មន្ត្រីរាជការថ្នាក់ទាប និងប្រជាពលរដ្ឋក្រីក្រីរង​គ្រោះដីធ្លីនា​ខេត្តព្រះសីហនុ បានសំណូមពរ​ដល់ សម្តេច ហ៊ុន សែន ប្រមុខដឹក​នាំរាជ​រដ្ឋាភិបាល ឲ្យជួយ​បញ្ជូនមន្ត្រី​ជំនាញ​ឯករាជ្យ ​ចុះអង្កេត​ទៅ​លើស​កម្មភាព​ការងារ របស់ ​លោក ​ហេង ប៊ុន ទី មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ខេត្ត​​ព្រះសី​ហនុ ដែល​បញ្ជូន​កម្លាំងចុះ​ចាប់​ពលរដ្ឋរងគ្រោះដីធ្លី​ដាក់ខ្នោះ​ទាំងតក់​ក្រហល់ ទៅ​តាម​បណ្តឹង របស់ ​លោក​ឧកញ៉ា ​តាន់ ​តាត់ និង​លោក ឡុញ វណ្ណៈ ​ថាតើ​បានអនុវត្ត​ត្រឹមត្រូវ​តាមនីតិ​វិធីច្បាប់​ដែរឬទេ ឬ​មួយ​ក៏ជា​ការ​ឃុប​ឃិត​ជួយ​គ្នា​តាម​របៀប​បក្សពួក​និយម ឬជួយគ្នាយើង…?

ករណី​នេះ អ្នកឃ្លាំមើលសង្គម និងប្រជា​ពលរដ្ឋភាគច្រើនរស់នៅ​ខេត្តព្រះសីហនុ បាន​កត់សម្គាល់ថា សកម្មភាព របស់ លោក ហេង ប៊ុនទី ​មេបញ្ជា​ការ​កងកម្លាំង​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុនាពេលបច្ចុប្បន្ននេះ ហាក់​មិន​បាន​​ខ្វល់​ចំពោះ​បទ​បញ្ជា របស់ ​សម្តេច​តេជោ ​ហ៊ុន សែន ​ជានាយក​រដ្ឋមន្ត្រី​​​ ដែល​បាន​ផ្តល់​អនុ​សាសន៍​ដល់​មន្ត្រី​រាជ​ការកងកម្លាំងប្រដាប់អាវុធ​គ្រប់ស្ថាប័ន ​ត្រូវ​រួមសហការ​គ្នា​បំរើរាស្ត្រ ឬប្រជាពលរដ្ឋ​ក្នុងមូល​ដ្ឋាន​ឲ្យបាន​ទន់ភ្លន់ និង​ត្រូវ​ជៀស​ឲ្យផុត​ពីរូប​ភាព​គំរាម​កំហែង​ផ្សេងៗ​ ដែលសម្តេចបានរំលឹក​ជា​បន្ត​បន្ទាប់​មក​នោះ​ទេ។ ផ្ទុយទៅវិញ លោក ហេង ប៊ុនទី ហាក់​បាន​​ផ្គើន​ចំពោះបទ​បញ្ជា ​របស់​សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី​​​ទៅវិញ​ ដោយ​បានបញ្ជាកម្លាំងក្រោមឱវាទចាប់​ពលរដ្ឋរង​គ្រោះដីធ្លី ​តាម​បណ្តឹងឈ្មួញ​មានទ្រព្យ​ទាំងតក់ក្រហល់ទៅវិញ​។

 ​ទោះជាបែបនេះក្តី គេហទំព័រ www.cen.com.kh មិន​ទាន់អាច​ទាក់ទង​ លោក ហេង ប៊ុនទី និង​លោកឧកញ៉ា តាន់ ​តាត់ ព្រមទាំង លោក ឡុញ វណ្ណៈ ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ពាក្យ​បណ្តឹង ដែលឈាន​ដល់​ កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ បញ្ជូនកម្លាំងចុះ​ចាប់​ពលរដ្ឋ​មានទំនាស់ដីធ្លី ​រស់នៅ​ភូមិ៤ ​ឃុំអូរត្រេះ ​ស្រុកស្ទឹងហាវ​ កាល​ពីថ្ងៃ​ទី៦ ​ខែ​ឧសភា ​និងក្រោយ​មក​ត្រូវឃុំខ្លួន​ដាក់ពន្ធនាគារ​ នៅ​ល្ងាចថ្ងៃ​ទី៨ ​ខែឧសភា ឆ្នាំ​២០១៨បាន​ទេ ​នៅ​ថ្ងៃ​អង្គារ៍ ទី២២ ខែឧសភា ឆ្នាំ​២០១៨។

យ៉ាងនេះក្តី សំណុំ​រឿងដីធ្លីខាងលើនេះ​ ត្រូវ​​សាលាដំបូង​ខេត្ត​ព្រះសីហនុ ​​សម្រេច​​ចេញ​ដីកា​បង្គាប់ ឲ្យឃុំខ្លួន​ពល​រដ្ឋ​មាន​ទំនាស់ដីធ្លី​ចំនួន​៤នាក់ ​ក្នុង​ចំណោម​៦នាក់​ ​ឲ្យជាប់​ពន្ធនា​គារ​​​បណ្តោះអាសន្ន ​​ចោទពីបទ «ប្រើ​ហឹង្សា​លើអ្នក​កាន់​កាប់​អចលន​វត្ថុ​ដោយ​សុចរិត»​

ដីកា​បង្គាប់ឲ្យឃុំខ្លួន ​មានចុះ​ហត្ថ​លេខា ​និង​បោះត្រា ​លោក ឡូត ផារី ចៅក្រម​ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្ត​ព្រះសីហនុ ​ចុះថ្ងៃ​ទី៨ ខែឧសភា ឆ្នាំ​២០១៨ បានសម្រេច​៖ ​បញ្ជា​ជាឲ្យ​ភ្នាក់ងារមាន​សមត្ថកិច្ច ​នៃកម្លាំង​សាធារណៈ​ធ្វើការនាំខ្លួន​ជនត្រូវ​ចោទ​ឈ្មោះ លុច ទូច ហៅទូច ភេទស្រី ​ ឈ្មោះ ​កៅ ហេង ​ហៅចិក ភេទប្រុស ឈ្មោះ មែន ខេន ភេទ​ប្រុស ​និង​ឈ្មោះ ​ញ៉ាញ់ ជាតិ ភេទ​ប្រុស​ មាន​អាសយ​ដ្ឋាន​នៅ​ក្រុម៤ ភូមិ៤ ​ឃុំអូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ។ ជនត្រូវ​ចោទទាំង ៤នាក់ ត្រូវ​​តុលា​ការ​បង្គាប់ ឲ្យ​នាំ​ខ្លួន​ទៅ​ដាក់​នៅ​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ ដោយ​អនុវត្តឲ្យ​បានត្រឹម​ត្រូវតាមនីតិវិធី​នៃ​ច្បាប់។​

ដីកាសម្រេចនេះ ទាំងមន្ត្រីរាជការថ្នាក់ទាប សហគមន៍​ពលរដ្ឋរងគ្រោះដីធ្លី និងសាធារណជនភាគច្រើន រស់នៅ​ខេត្ត​ព្រះសីហនុ ​បង្ហាញការ​សោក​ស្តាយ និងហួសចិត្ត​ បន្ទាប់ពីទទួលបានព័ត៌មានមកថា លោក ឡូត ផារី ចៅ​ក្រមស៊ើប​សួរ​ នៃ​សាលា​ដំបូង​ខេត្តព្រះសីហនុ បាន​សម្រេច​ចេញដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ពល​រដ្ឋក្រីក្រ​រងគ្រោះដីធ្លី​ចំនួន ៤នាក់​ដាក់​ពន្ធនាគារ ​ទៅតាមបណ្តឹង របស់​ឧកញ៉ា តាន់ តាត់ និង លោក ឡុញ វណ្ណៈ ជា​អ្នកមាន​ទ្រព្យ​​ស្តុកស្តម នៅខេត្តព្រះសីហនុ កាលពីល្ងាច​ថ្ងៃអង្គារ៍ ទី៨ ខែឧសភា ឆ្នាំ​២០១៨។

ត្រង់​ចំណុចនេះ ​អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍសង្គម និងសាធារណជនមួយចំនួន បានកត់សម្គាល់​ថា សកម្មភាព​ប្រើ​កម្លាំង​ប្រដាប់​អាវុធ និង​ប្រព័ន្ធតុលា​ការ ដើម្បីចាប់ខ្លួន​ប្រជា​ពលរដ្ឋ​ ដែល​តស៊ូមតិដោយសន្តិវិធី​​លើ​លើ​វិវាទីដីធ្លី នា​​ខេត្តព្រះសីហនុ ដោយលើក​យក​ច្បាប់​ព្រហ្មទណ្ឌ​មក​អនុវត្ត​ ជាពិសេស​បានអនុវត្តទៅលើប្រជា​ពលរដ្ឋ​រង​គ្រោះ​ចំនួន​៤នាក់ រស់​នៅ​សហ​គមន៍​អូរ​ខ្សាច់​​ខាងលើនេះ គឺបាន​កើត​មាន​ជា​ថ្មីទៀត នៅ​គ្រា​តម្លៃ​ទិញ​លក់​ដី​នាខេត្ត​ព្រះ​សី​ហនុ​ កំពុង​ត្រូវប៉ាន់ ឬមាន​ហាង​ឆេងខ្ពស់កប់ពពក។ ​​​​ដូចជាករណីបណ្តឹង របស់ ​លោកឧកញ៉ា តាន់ ​តាត់ និង​លោក ឡុញ វណ្ណៈ ​ជាអ្នកមាន​ទ្រព្យ​ដ៏ល្បីនៅមូលដ្ឋាននេះ បាន​ប្តឹង​ពល​រដ្ឋ​រង​គ្រោះ​ដីធ្លី​នៅ​សហគមន៍​អូរខ្សាច់ ដែល​ត្រូវ​កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្តព្រះសីហនុ បញ្ជូន​កម្លាំង​ចុះ​ចាប់​ខ្លួន​​ពលរដ្ឋភ្លាមៗ ​ហើយ​ក្រោយ​មក​​ត្រូវ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ​ចេញ​ដីកា​ឃុំខ្លួន​ពល​រដ្ឋ​ចំនួន ៤នាក់ ដាក់​ពន្ធនាគារ​ កាល​ពីថ្ងៃ​ទី​៨ ​ខែឧសភា ឆ្នាំ​២០១៨ ជាឧទាហរណ៍ស្រាប់​។

សំណុំរឿដីធ្លីនេះ ក៏បាន​កើត​មាន​​​​​ស្រប​ពេល​ហាង​ឆេញ​ទិញ​លក់​ដី​នៅ​ខេត្តព្រះសីហនុ ​កំពុង​មាន​តម្លៃ​​ខ្ពស់កប់​ពពក បន្ទាប់ពី​​មូលដ្ឋាន​នេះ មាន​​អ្នក​វិនិ​យោគ​ទុនចិន​​ច្រើន​កុះករ បាន​ចូល​មក​​​មូលដ្ឋាន​នេះ​ និង​ហ៊ានទិញ ឬជួល​ដី ដើម្បី​ធ្វើ​អាជីវ​កម្ម​លើជំនួញ​ផ្សេងៗ ក្នុងតម្លៃខ្ពស់​​ ​និង​មិន​ធ្លាប់​មាន​ពីមុនមក​៕

 

spot_img
×