Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្រេច​ផ្អាក​ការងារ មន្ត្រី​ប៉ូលីស​ម្នាក់​ដែល​ទះកំផ្លៀង​ស្ត្រី​ជិះ​ម៉ូតូ មិន​ពាក់​មួកសុវត្ថិភាព ជា​បណ្តោះអាសន្ន​

spot_img

​ភ្នំពេញ ៖ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ បាន​ចេញ​លិខិត​សម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន ចំពោះ​លោក​អនុសេនីយ៍ទោ កៅ សំអុល ជា​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ការសម្រេច​ផ្អាក​ការងារ​មន្ត្រីនគរបាល ឋាន្តរស័ក្តិ​អនុសេនីយ៍​ទោនេះ ត្រូវបាន​លោកស្នងការ​លើកឡើងថា មូលហេតុ​គឺ ដោយសារ​នគរបាល​រូ​ន​នេះ បញ្ចេញ​អាកប្បកិរិយា ឬ​ពាក្យសម្តី​គ្មាន​សីលធម៌ អមនុស្សធម៌ ខ្វះ​សុជីវធម៌ ដែល​ជា​ហេតុ​ធ្វើឲ្យ​បាត់បង់​កិត្តិយស សេចក្តីថ្លៃថ្នូរ​របស់​ន​គរ​បាល​ជាតិ​។​

ក្នុង​លិខិត​បង្គាប់ការ ស្តីពី ការផ្អាក​ការងារ​បណ្តោះអាសន្ន មន្ត្រីនគរបាល​ជាតិ ចុះ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨ លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ សម្រេច​ថា សា​ម៉ី​ខ្លួន ត្រូវ​មក​បង្ហាញ​មុខ​នៅ​ការិយាល័យ​បុគ្គលិក រៀង​រាល់​ម៉ោង​ធ្វើការ ដើម្បី​កែប្រែ​កំហុស​ឆ្លង និង​រង់ចាំ​ការសម្រេច​ជាថ្មី​។ រីឯ​ប្រាក់ខែ​របស់​ប៉ូលិស​នេះ ត្រូវ​បង្វែ មក​បើក​ជា​សាច់ប្រាក់​ឲ្យ​សាម៉ីខ្លួន​រៀងរាល់ខែ​។​

​សូម​រម្លឹកថា សកម្មភាព​របស់​ក្រុមនគរបាល ឈរជើង​នៅ​កែង​ផ្សារ​អូឡាំពិក ដែល​ប្រើប្រាស់​ហិង្សា ដោយ​ទះកំផ្លៀង លើ​ស្ត្រី​ម្នាក់ ជិះ​ម៉ូតូ​បញ្ច្រាសទិស និង​មិន​ពាក់មួក​សុវត្ថិភាព ត្រូវបាន​គេ​ថត​បង្ហោះ​តាម​ហ្វេ​សប៊ុក កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៨​។ អ្នកប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក បាន​ចែកចាយ​ឃ្លីប​វីដេអូ ដែល​មាន​រយៈពេល​ជិត ១​នាទី​នោះ ហើយ​រិះគន់​លើ​មន្ត្រី​នគរបាល​ជាខ្លាំង​។​

​នៅ​ល្ងាច​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៨ មន្ត្រីនគរបាល​ប៉ុស្តិ៍ ដែល​ទះកំផ្លៀង​លើ​ស្ត្រី​អ្នកជិះ​ម៉ូតូ​នោះ ត្រូវ​បាន​ហៅ​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ មន្ត្រីនគរបាល​នោះ បាន​សុខចិត្ត​ធ្វើ​លិខិត​សុំ​ទោស​លើ​ស្ត្រី​អ្នកបើកបរ​ម៉ូតូ​ខុសច្បាប់​នោះ​។​

​ឃ្លីប​វិដេអូ ដែល​គេ​បង្ហោះ បង្ហាញថា ស្ត្រី​អ្នកបើកបរ​ម៉ូតូ បាន​ល្មើសច្បាប់ ដោយ​ជិះ​ម៉ូតូ​បញ្ច្រាស​ផ្លូវ​ផង និង​មិន​ពាក់មួក​សុវត្ថិភាព​ផង​។ ស្ត្រី​នោះ ថែមទាំង​ជេរប្រមាថ​សមត្ថកិច្ច និង​មិន​ព្រម​ចុះ​ពីលើ​ម៉ូតូ​ថែម​ទៀត​។​

​ក៏​ប៉ុន្តែ​ច្បាប់​មាន​។ បើ​ស្ត្រី​នោះ ល្មើសច្បាប់ គឺ​ត្រូវ​ផាកពិន័យ ឬក៏​ផ្តន្ទាទោស​តាមច្បាប់​។ តែ​សមត្ថកិច្ច មិន​ត្រូវ​ប្រើ​ដៃជើង សូម្បី​តែ​ហិង្សា​ដោយ​ពាក្យ​សម្តី ឈ្លោះប្រកែក​គ្នា ក៏​ប៉ូលិស​មិន​ត្រូវ​ប្រើ​លើ​អ្នកដំណើរ​ទាំងឡាយណា ដែល​ល្មើសច្បាប់​នោះដែរ​។​

​ដូច្នេះ​វិធានការ​របស់​ស្នងការ​លើ​ប៉ូលិស​ស័ក្តិ​២​នេះ ជា​ការព្រមាន​ដល់​មន្ត្រីនគរបាល​ផ្សេងទៀត ត្រូវតែ​ជៀសវាង​កំហុស ដែល​មហាជន​មិន​ចូលចិត្ត ហើយ​បើសិនជា​អ្នកដំណើរ​ល្មើសច្បាប់​ណា រឹងទទឹង ត្រូវអនុវត្ត​តាម​ច្បាប់ ដោយ​អញ្ជើញ​អ្នកបើកបរ​នោះ អែប​ចិញ្ចើមផ្លូវ ហើយ​លើកស្ទួ​ចដឹក​ឡាន​ម៉ូតូ​នោះ ទៅកាន់​ទីស្នាក់ការ​មន្ត្រី​នគរបាល ហើយ​ដោះស្រាយ​តាមច្បាប់ ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×