Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រក​លុយ​ទិញ​ថ្នាំញៀន​ជក់ ដោយ​ចេញ​ឆក់​សម្រេចបាន​១៦​ដង ត្រូវ​អាវុធហត្ថ​ភ្នំពេញ​បង្ក្រាប​បាន​

spot_img

​ភ្នំពេញ​៖​ចោរឆក់​២​នាក់ ត្រូវបាន​សមត្ថកិច្ច ការិយាល័យ​បទល្មើស ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ បន្ទាប់​ពី​កម្លាំង​ល្បាត មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​បាន នៅ​ចំណុច​ផ្លូវ​លេខ​៥១ កែង​ផ្លូវ​១០៨ សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨ ។ ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការក្រុង​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។​

​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ជនសង្ស័យ​២​នាក់ ១/​ឈ្មោះ ធឹ​ម បូរ៉ាណ ហៅ​បារាំង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ២/​ឈ្មោះ សុខ វណ្ណៈ​ច័ន្ទ​ភារុន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រួម​ជា​រួម​បក្ខពួក​២​នាក់​ទៀត ឈ្មោះ ស្កា​យ និង​ឈ្មោះ រ៉ុង បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ជនរងគ្រោះ ឈ្មោះ អែល សំណាង កាលពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រមាណ ១៦​និង​៣០​នាទី ខណៈ​ដែល​ជនរងគ្រោះ​កំពុង​ដើរ​ហាត់ប្រាណ​នៅ​ចំណុច កើតហេតុ ខាងលើ ធ្វើឲ្យ​ភ្ញាក់ផ្អើល​ដល់​កម្លាំងល្បាត​អាវុធហត្ថ​ខណ្ឌ​ដូនពេ​ញ ធ្វើការ​ប្រដេញ និង​ឃាត់ខ្លួន​បាន​០២​នាក់ រួមជាមួយ​ម៉ូតូ​១​គ្រឿង ម៉ាក ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1GL-5480 និង​ដកហូត កាបូបស្ពាយ​មួយ​មាន​ទូរស័ព្ទ​ចំនួន​៣​គ្រឿង ប្រគល់​ជូន​ជនរងគ្រោះ​វិញ​។​

​តាម​វិធានការ​ជំនាញ​របស់​ក​ង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​បាន​សារភាពថា នៅ​ថ្ងៃកើតហេតុ​ពួកគេ​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង បាន​ធ្វើដំណើរ​តាម​ដងផ្លូវ​ដើម្បី​រក​ឱកាស​ឆក់​វត្ថុ​មានតម្លៃ​ផ្សេងៗ ក្នុង​រាជធានី​ភ្នំពេញ លុះដល់​ចំណុច​កើតហេតុ​ច​ខាងលើ ស្រាប់តែ​ឃើញ​ស្ត្រី​២​នាក់​ដើរ​ឆ្លងផ្លូវ ហើយ ស្ត្រី​ម្នាក់​មាន​ស្ពាយ​កាបូប ឃើញ​ដូច​នោះ​ពួកខ្លួន​ក៏​ជិះ​ម៉ូតូ​ទៅ​ក្បែរ រួច​ក៏​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​នោះ បានសម្រេច​ជិះ​គេចខ្លួន ស្រាប់តែ​ជន​រងគ្រោះ​បាន​ស្រែកឆោ​រឡោ ធ្វើឲ្យ​ភ្ញាក់ផ្អើល​ដល់​កម្លាំងល្បាត​អាវុធហត្ថ​ខណ្ឌ​ដូនពេ​ញ ធ្វើការ​ប្រដេញ និង​ឃាត់ខ្លួន​បាន​០២​នាក់ រួមជាមួយ​ម៉ូតូ​១​គ្រឿង ឯ​បក្ខពួក​២​នាក់​ទៀត បាន​ជិះ​គេចខ្លួនបាត់​។​

​ជនសង្ស័យ​ដែល​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​បាន បាន​សារភាព​បន្ថែមថា ដោយ​រយៈកាល​ប្រហែល​៦​ខែ កន្លងមក​នេះ​ពួកគេ​បាន​ជាប់​ប្រើប្រាស់​គ្រឿងញៀន ហើយ​ពុំ​មាន​លុយ​ទិញ​ថ្នាំញៀន​ជក់​តាម​តម្រូវការ ទើប ពួកគេ​ចេញ​ធ្វើ​សកម្មភាព​ឆក់​វត្ថុ​មាន​តម្លៃ​ពី​ជនរងគ្រោះ​តាម​ដងផ្លូវ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដោយ ពួកគេ​ធ្វើ​សកម្មភាព​ឆក់​បាន​សម្រេច ប្រមាណ​១៥​លើក​មក​ហើយ ទើប​តែ​លើក​ទី​១៦​នេះ ក៏​ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​ឃាត់ខ្លួន​បាន​តែ​ម្តង​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ផ្តន្ទា​ទាស​តាម​នីតិវិធី​ច្បាប់ ឯ​ជនសង្ស័យ​២​នាក់​ទៀត ឈ្មោះ ស្កា​យ និង​ឈ្មោះ រ៉ុង សមត្ថកិច្ច​កំពុង​ធ្វើ​ការស្រាវជ្រាវ​ស្វែងរក ចាប់ខ្លួន​បន្ត​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×