Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​មាន​រមណីយដ្ឋាន​ទេសចរណ៍​ជិត ៤០០​កន្លែង​, សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ ៥៦​កន្លែង​

spot_img

​​ភ្នំពេញ​៖ កម្ពុជា​មាន​រមណីយដ្ឋាន​ទេសចរណ៍​សរុប​ជិត ៤០០​កន្លែង ដែល​ត្រូវបាន​ចុះបញ្ជី​ផ្លូវការ ដោយ​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត និង​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​ចំនួន ៥៦​កន្លែង ព្រម​ជាមួយ​កន្លែង​មាន​សក្តានុពល​ទាក់ទាញ​ទេសចរ​ជាច្រើន​ទៀត ដែល​បាន​និង​កំពុង​រៀបចំ​ទទួលភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​នៅ​ទូទាំង​ប្រទេស​។​

​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ចលនា​ប្រឡងប្រណាំង​រមណីយដ្ឋាន​ទេសចរណ៍​គំរូ​លើក​ទី​២ អម​ជាមួយ​ចលនា​ប្រឡងប្រណាំង​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​គំរូ​លើក​ទី​១ នា​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ភ្នំពេញ លោក​ជា បូរ៉ា រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ បានឲ្យ​ដឹង​ដែរថា អង្គការ​ទេសចរណ៍​ពិភពលោក បាន​កត់សម្គាល់​នូវ​និន្នាការ​ទេសចរណ៍​ពិភពលោក រួមមាន​ដូចជា​៖ ភ្ញៀវទេសចរ​ងាក​មក​ចាប់អារម្មណ៍​នូវ​ដំណើរ​កម្សាន្ត​ផ្សងព្រេង ដែល​មាន​ការរៀបចំ​ច្បាស់លាស់ (Curated Adventure) ជាង​ការ​ផ្សងព្រេង​បែប​ធម្មជាតិ​។ ការថតរូប​ចល័ត ដោយ​ប្រើប្រាស់​ទូរស័ព្ទ​ឆ្លាត​វៃ និង​ចែករំលែក​ជាមួយ​មនុស្ស​ជុំវិញខ្លួន ដោយ​ប្រើប្រាស់​បណ្តាញ​សង្គម ដូចជា Facebook, Tweeter, Line, Snapchat ជាដើម ដែល​ជំរុញ​ឲ្យ​ពួកគេ​ធ្វើដំណើរ​ទៅរក​រមណីយដ្ឋាន​ទេសចរណ៍​ថ្មីៗ​។ ការដើរ​កម្សាន្ត​ម្នាក់ឯង តែ​មិនមែន​ជា​ទេសចរណ៍​បែប​សំ​ពាយ ដើម្បី​ស្វែងយល់ និង​ស្វែងរក​គោលដៅ​ទេសចរណ៍​ថ្មីៗ បំពេញ​បំណងប្រាថ្នា​របស់​ខ្លួនឯង​។ ការរៀបចំ​កន្លែង​ស្នាក់នៅ​ប្រកប​ដោយ​ភាពកក់ក្តៅ​មាន​ផា​សុកភាព​តែ មិន​ចំណាយ​ច្រើន និង​ប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ ដូច​ជា​ការ​រចនា​ដោយ​មិន​ប្រើ​ម៉ាស៊ីនត្រជាក់ តែ​មាន​ខ្យល់​ចេញចូល​គ្រប់​គ្រាន់។​

ការជំរុញ​ការប្រើប្រាស់​កសិកម្ម​ខ្នាត​តូច​បែប​បរិស្ថាន ដូច​ជា​ការ​ដាំ​ដើមឈើ​ឲ្យបាន​ច្រើន​នៅក្នុង​រមណីយដ្ឋាន ការដាំ​ផ្កា បន្លែ និង​ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ភ្ញៀវទេសចរ​ជាដើម​។​

​លោក ជា បូរ៉ា បាន​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ ពិសេស​កម្លាំង​សមត្ថកិច្ច ត្រូវ​ធានាឲ្យបាន​នូវ​សន្តិសុខ​សុវត្ថិភា​ព និង​ភាព​ពេញចិត្ត​ជា​អតិបរមា​ជូន​ភ្ញៀវ​ទេសចរ​ទាំងនោះ​។ កំណើន​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា មិន​អាច​កាត់ផ្តាច់​បាន​ពី​អន្តរ​ទំនាក់ទំនង​រវាង​វិស័យ​ទេសចរណ៍ វប្បធម៌ និង​បរិស្ថាន ដែល​ជា​ប្រភព​សក្តានុពល​ដ៏​ទាក់ទាញ​សម្រាប់​ទេសចរណ៍​កម្ពុជា ក្នុងន័យនេះ រាជរដ្ឋាភិបាល​បន្ត​ប្តេជ្ញាចិត្ត​ក្នុង​ការ​បន្ត​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ឲ្យ​ប្រកបដោយ​ចីរភាព និង​ការទទួលខុសត្រូវ និង​ធ្វើឲ្យ​វិស័យ​ទេសចរណ៍​ជា​មាស​បៃត​ង​ពិតប្រាកដ ដែល​ជា​កត្តា​គន្លឹះ និង​ជា​មូលដ្ឋាន​ចូលរួម​ចំណែក​ធានា​ចីរភាព​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា និង​ជា​មូលដ្ឋាន​ទ្រទ្រង់​ដល់​ការធ្វើសមាហរណកម្ម​កម្ពុជា​ក្នុង​តំបន់ និង​ពិភពលោក ក៏​ដូច​ជា​ការ​ត្រៀមលក្ខណ​សម្បត្តិ​របស់​កម្ពុជា ក្នុង​ការសម្រេច​ឱ្យបាន​នូវ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ឆ្នាំ​២០៣០ របស់​អង្គការសហប្រជាជាតិ​។​

​ទោះជា​យ៉ាងណា ក៏​ការគ្រប់គ្រង​គោលដៅ​ទេសចរណ៍ នៅ​តែ​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​មួយចំនួន ជាពិសេស​ការគ្រប់គ្រង​សំរាម​នៅ​តែ​ជា​បញ្ហា​ស្មុគស្មាញ​នៅ​តាម​គោលដៅ​ទេសចរណ៍​មួយ​ចំនួន ហើយ​រមណីយដ្ឋាន​ទេសចរណ៍​ភាគច្រើន​ស្ថិតនៅក្រោម​ការ គ្រប់ គ្រង​របស់​រដ្ឋ ដែល​ការអភិវឌ្ឍ​មាន​លក្ខណៈ​យឺតយ៉ាវ ហើយ​រមណីយដ្ឋាន​ទេសចរណ៍​មួយចំនួនទៀត ពុំទាន់​មាន​ការវិនិយោគឲ្យ​បានពេ​ញ​លេញ​នៅឡើយ​។​

​ដោយឡែក សម្រាប់​ការអភិវឌ្ឍ​សហគមន៍​ទេសចរណ៍ ក៏​ទាមទារ​ឲ្យមាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​ថែរក្សា​ការពារ និង​អភិរក្ស​ធនធាន​វប្បធម៌ ធម្មជាតិ និង​ផ្សព្វផ្សាយ​សកម្មភាព​សហ​គ​មន៍​ទេសចរណ៍​នៅ​កម្ពុជា ដែល​ទទួលបាន​នូវ​ការគាំទ្រ​ពី​សំណាក់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃគូរ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ​នានា ធានា​ឲ្យ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។​

​លោក ជុ​ក ជំនោ​រ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ នៃ​ក្រសួង​ទេសចរណ៍ បាន​បញ្ជាក់បន្ថែម​ថា បច្ចុប្បន្ន សហគមន៍​ទេសចរណ៍​មួយ​ចំនួន​ដែល​មាន​ការរៀបចំ​បាន​ល្អ​ស្រប​តាម​ស្តង់ដា​សហគមន៍​ទេសចរណ៍​កម្ពុជា និង​ស្តង់ដា​សហគមន៍​ទេសចរណ៍​អាស៊ាន មាន​ដូចជា​សហគមន៍​ជី​ផាត់ នៅ​ខេត្ត​កោះកុង សហគមន៍​ចំបក់ នៅ​ខេត្ត​កំពង់ស្ពឺ សហគមន៍​កោះ​ទ្រង់ នៅ​ខេត្ត​ក្រចេះ សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ នៅ​ខេត្ត​បន្ទាយមានជ័យ សហគមន៍​អា​រ៉ែ​ង ខេត្តកោះកុង​ជាដើម​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×