Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គាំទ្រ​បង្កើត​យុទ្ធនាការ​រួមគ្នា​កាត់បន្ថយ​ថង់ប្លាស្ទិក ខណៈ​វា​បាន​បង្ក​ផល​ប៉ះ​ពាល់​ដល់​បរិស្ថាន សុខភាព​មនុស្ស​សត្វ​

spot_img

​ភ្នំពេញ​៖ ដើម្បី​អបអរសាទរ​ទិវា​បរិស្ថាន​ជាតិ និង​ទិវា​បរិស្ថាន​ពិភពលោក ៥ មិថុនា ឆ្នាំ​២០១៨ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព បាន​លើកទឹកចិត្ត​ឱ្យ​មន្ត្រី​ជំនាញ ភាគី​ពាក់ព័ន្ធ និង​ដៃគូ រួម​គ្នា​បង្កើត​ព្រឹត្តិការណ៍​យុទ្ធនាការ​កាត់បន្ថយ​ថង់ប្លាស្ទិក​នៅ​កម្ពុជា​។​

​ខណៈ​នៅ​ប្រទេស​កម្ពុជា​នៅពេល​ទិញ​សម្ភារៈ​ផ្សេងៗ ថង់ប្លាស្ទិក ត្រូវបាន​ម្ចាស់​អា​ជី​កម្ម​ផ្តល់ជូន​អតិថិជន​ដោយ​ឥតគិតថ្លៃ​។ ការស្រាវជ្រាវ​បង្ហាញ​យ៉ាងច្បាស់​ថា ថង់ប្លាស្ទិក​បង្ក​ផលប៉ះពល់​ដល់ប​រិ​ស្ថាន សុខភាព​មនុស្ស​សត្វ និង​ជីវចម្រុះ​ផ្សេងៗ​។ មន្ត្រី​ជាន់ខ្ពស់​ផ្នែក​បរិស្ថាន​លើកឡើងថា ការកាត់បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទិក​ជា​ជំរើស​ដ៏​ល្អ​មួយ ប៉ុន្តែ​ទាមទារ​ឲ្យមាន​ការយល់ដឹង​និង​ការចូលរួម​ពី​សំណាក់​ពលរដ្ឋ​គ្រប់រូប​។​

​នៅក្នុង​កិច្ចប្រជុំ​ជាមួយ ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​មកពី​គ្រប់​អគ្គនាយកដ្ឋាន​នៃ​ក្រសួង​បរិស្ថាន និង​ដៃគូ​អភិវឌ្ឍន៍ នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨ លោក សាយ សំ​អាល់ បាន​គាំទ្រ​ចំពោះ​យុទ្ធនាការ​រួមគ្នា​កាត់បន្ថយ​ប្លា​ស្ទិក ដើម្បី​ជំរុញ​ការអនុវត្ត​អនុក្រឹត្យ​លេខ​១៦៨ របស់​រាជរដ្ឋាភិបាល​ស្តីពី​ការគ្រប់គ្រង​ថង់ប្លាស្ទិក ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព តាមរយៈ​ការលើកទឹកចិត្ត ឱ្យមាន​ការចូលរួម ពិ​វិស័យ​ឯកជន ក៏ដូចជា​ដើម្បី​អបអរសាទរ ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក​ឆ្នាំ​២០១៨ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨ ខាង​មុខ​ផង​ដែរ​។​

​លោក សៅ សុភាព នាយកខុន្ទកាល័យ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន បានបញ្ជាក់​ថា ក្រសួង​បរិស្ថាន​កំពុង​ពិនិត្យ ពិភាក្សា​ជាមួយ​មន្ត្រី​ជំនាញ ពាក់ព័ន្ធ​ដើម្បី​ត្រៀម​រៀបចំ​សកម្មភាព​ឆ្លើយតប​នឹង​គំនិត​ផ្តួចផ្តើម របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដូច​មាន​សកម្មភាព​លម្អិត​ដូចជា​៖ ១- ត្រៀម​បង្កើត​យុទ្ធនាការ​រួមគ្នា​កាត់បន្ថយ​ប្លា​ស្ទិក រួម​ទាំង​ការបង្កើត​ស្លាក​សញ្ញា​សាមញ្ញ​មួយ សម្រាប់​សម្គាល់​យុទ្ធនាការ​នេះ ២- សហការ​ជាមួយ​សភាពាណិជ្ជកម្ម និង​បណ្តាញសារព័ត៌មាន ព្រមទាំង​នៅក្នុង​គេហទំព័រ និង​ផេក​ហ្វេ​សបុក​របស់​ក្រសួង​បរិស្ថាន ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ​ជា​សាធារណៈ ឲ្យបាន​ទូលំទូលាយ​ទៅលើ​ព្រឹត្តិការណ៍​នានា នៃ​យុទ្ធនាការ ៣- បង្កលក្ខណៈ ឱ្យ​ម្ចាស់​អាជីវកម្ម​ចុះឈ្មោះ ចូលរួម​បញ្ឈប់​ការផ្តល់​ថង់ប្លាស្ទិក​ដោយ​ឥតគិតថ្លៃ ទៅ​កាន់​អតិថិជន ៤- ម្ចាស់​អាជីវកម្ម ដែល​បាន​ចុះឈ្មោះ ទទួលបាន​ការផ្សព្វផ្សាយ​តាម​គេហទំព័រ​នៃ​យុទ្ធនាការ​ជា​ផ្លូវការ និង​មាន​សិទ្ធ​ទទួលបាន​ផ្លាកសញ្ញា​រង្វាន់​លើកទឹកចិត្ត ពី​ក្រសួង​បរិស្ថាន​ផងដែរ​។​

ជាមួយគ្នានេះ​ដែរ​លោក សៅ សុភាព បាន​បញ្ជាក់​ដែរ​ថា យុទ្ធនាការ​រួមគ្នា​កាត់បន្ថយ​ប្លា​ស្ទិក ជាក់ស្តែង​គឺ​ចាប់ផ្តើម​ចាប់ពី​ការ​ប្រារព្ឋ​ទិវា​បរិស្ថាន​ជាតិ និង​ទិវា​បរិស្ថាន​ពិភពលោក ឆ្នាំ​២០១៨ នៅ​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន​សែន ផ្សារ​ដើមថ្កូវ រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨​។ ក្នុងឱកាស​នោះ​ក្រសួង​បរិស្ថាន​គ្រោង​ផ្តល់​វិញ្ញាបនបត្រ​ទទួលស្គាល់​ការផ្តួចផ្តើម​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស​ថង់ប្លាស្ទិក ជូន​ម្ចាស់​ផ្សារ​ទំនើប​មួយចំនួន ដែល​បាន​អនុវត្តន៍​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ស្តីពី​ការគ្រប់គ្រង​ថង់ប្លាស្ទិក​ផងដែរ​។​

​អ្នកស្រាវជ្រាវ​ផ្នែក​បរិស្ថាន​លើកឡើងថា កម្ពុជា ត្រូវ​ហាមប្រាម​កុំឲ្យ​ប្រើប្រាស់​ថង់ប្លាស្ទិក និង​ត្រូវ​ដំឡើង​ពន្ធ ចំពោះ​ការ​នាំចូល​ថង់ប្លាស្ទិក និង​ត្រូវ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យដឹង​ពី​ផលប៉ះពាល់រ​បស់ថង់​ប្លា​ស្ទិ​ក ក្នុងន័យ​ការពារ​កុំឲ្យ​មាន​ផលវិបាក​ចំពោះ​ជីវភាព​រស់នៅ​របស់​ប្រជាជន ចំណែក​នាបច្ចុប្បន្ន​នៅតាម​ផ្សារ​ទំនើប មិន​ត្រូវបាន​អនុញ្ញាតឲ្យ​ប្រើប្រាស់​នោះទេ ហើយ​បើ​អ្នក​ទិញ​ទំនិញ ទាមទារ​យក​ថង់ប្លាស្ទិក​ពី​អ្នក​លក់​នោះ អ្នកលក់​នឹង​គិត​តម្លៃ​បន្ថែម​ទៀត​លើ​តម្លៃ​មុខទំនិញ​។​

​គេ​សង្កេតឃើញថា ថង់ប្លាស្ទិក​មាន​ភាពងាយស្រួល​ប្រើ ស្រាល មិន​ជ្រាប​ទឹក និង​មាន​តម្លៃថោក ហើយ​លក់​ចេញ​ជា​គីឡូក្រាម​។ ម្ល៉ោះហើយ ការប្រើ​ថង់ប្លាស្ទិក ក្លាយ​ជា​ទម្លាប់​សាមញ្ញ​នៃ​ជីវភាព​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​កម្ពុជា​។​

​ថង់​បរិស្ថាន ឬ​ថង់​ក្រណាត់ ត្រូវបាន​ក្រសួង​បរិស្ថាន លក់​ចេញ​នៅលើ​ទីផ្សារ​។ គេ​សង្កេតឃើញថា នៅ​តាម​ផ្សារ​ទំនើប​មួយ​ចំនួន​ក្នុង​ក្រុង​ភ្នំពេញ ដាក់លក់​ថង់​ក្រណាត់​ដែរ ប៉ុន្តែ​តម្លៃ​ក្នុង​ថង់​មួយ​រាង​ថ្លៃ​បន្តិច ធ្វើឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​មានជី​វ​ភាព​ក្រីក្រ មិន​ហ៊ាន​ទិញ​ថង់​បរិស្ថាន​ប្រើ​ឡើយ​។​

​ថង់ប្លាស្ទិក​បណ្ដាល​ឲ្យ​ស្ទះប្រព័ន្ធ​លូបង្ហូរទឹក ក្លាយ​ជា​សំរាម​រាយប៉ាយ​នៅតាម​ដងផ្លូវ និង​ធ្វើឲ្យ​ទីលាន​ចាក់សំរាម​ងាយ​ពេញ​យ៉ាង​ឆាប់រហ័ស​។ នៅ​ភ្នំពេញ​មាន​សំរាម​រហូតដល់ ១៧.៨០០​តោន​។ ប្រការនេះ ត្រូវ​មាន​ការចូលរួម​កាត់បន្ថយ​ការប្រើ​ថង់ប្លាស្ទិក និង​មិន​ត្រូវ​បោះ​សំរាម​ចោល​ផ្ដេសផ្ដាស​នោះទេ​។​

​មាត្រា​៤៨ នៃ​អនុក្រឹត្យ​ស្ដីពី​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ចែងថា បុគ្គល​ដែល​ធ្វើការ​ទុកដាក់ វេច​ខ្ចប់ ឬ​ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង​ទីប្រជុំជន លាយឡំ​ជា​មួយ​សំណល់​រឹង​ឧស្សាហកម្ម សំណល់​វេជ្ជសាស្ត្រ ឬ​សំណល់​គ្រោះថ្នាក់ ត្រូវ​ទទួលពិន័យ​អន្តរការណ៍​ជា​ប្រាក់​ចំនួន ៥​សែន​រៀល​សម្រាប់​អាជីវកម្ម​សិប្បកម្ម មន្ទីរពេទ្យ និង​សម្ភព ៨​សែន​រៀល​សម្រាប់​រោងចក្រ សហគ្រាស ក្រុមហ៊ុន និង ១​លាន​រៀល​សម្រាប់​ក្រុមហ៊ុន​សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម​សំណល់​រឹង​ទីប្រជុំជន​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×